ស្រីលង្កា​នឹង​ដក​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ក្នុង​សប្ដាហ៍​នេះ

លោក Ranil Wickremesinghe​ និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពេល​លោកចាក​ចេញ​ពី​ព្រះវិហារ​ពុទ្ធសាសនា ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២២។ (REUTERS/ Dinuka Liyanawatte)

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន (State of emergency) ដែលដាក់ចេញកាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ នឹងមិនត្រូវបន្តឡើយក្នុងសប្ដាហ៍នេះ ខណៈការតវ៉ានានាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសថមថយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

លោក រ៉ានីល វីក្រេមេស៊ីងហ្កេ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន (State of emergency) កាលពីថ្ងៃទី១៨ ខែកក្កដា [ដែលគ្រោងនឹងបញ្ចប់ក្នុងសប្ដាហ៍នេះ] ខណៈរដ្ឋបាលរបស់លោកព្យាយាម​លុបបំបាត់​ភាពច​លាចល​ក្នុង​សង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលកំពុងតែកើតឡើងនៅក្នុងប្រទេស។

ទោះជាយ៉ាងណា ថ្លែងក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅទីក្រុងកូឡុំបូ ការិយាល័យរបស់ប្រធានាធិបតីស្រីលង្ការូប​នេះបានឱ្យដឹងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន​នឹងត្រូវដកចេញវិញក្នុងសប្ដាហ៍នេះ។

ប្រទេសស្រីលង្កា ក្នុងរយៈពេលចុងក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ច​ដ៏អាក្រក់បំផុតមួយ ខណៈ​ការតវ៉ានានាតាមដងផ្លូវក៏បានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ ស្របពេលដែលទុនបម្រុងអន្តរជាតិ​របស់ប្រទេសស្ថិតក្នុងកម្រិតទាប ដែលបានបង្កឱ្យប្រទេសមួយនេះ​ជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរសម្រាប់ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ