មេអង្គរក្ស​នាយករដ្ឋមន្រ្តី​ទទួលស្គាល់​ថា​កូនចៅ​ខ្លួន​បាន​វាយ​អ្នកកាសែត និង​ប្រកាស​ស្វាគមន៍​ឱ្យ​អ្នកកាសែត​ចូលថត​នៅ​តំបន់ភ្នំតាម៉ៅ

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៤ និងបើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ (ក្រសួងការពារជាតិ)

មេអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ថ្លែងទទួលស្គាល់ថា កូនចៅរបស់លោកដែលកំពុងបំពេញការងារនៅតំបន់ភ្នំតាម៉ៅ ពិតជាបានប្រើអំពើហិង្សាវាយអ្នកកាសែត និងយុវជនខ្មែរថាវរៈ ប្រាកដមែន។ ការប្រកាសទទួលស្គាល់នេះ បន្ទាប់ពីមានអ្នកសារព័ត៌មានវីអូឌីម្នាក់ក្នុងចំណោម៥នាក់ និងយុវជនខ្មែរថាវរៈម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទះកំផ្លៀង ដាល់លើផ្ទៃមុខ និងទាត់ ក្នុងពេលពួកគេចុះយកព័ត៌មាន ថតរូប និងវីដេអូ នៅតំបន់ភ្នំតាម៉ៅ ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឱ្យបញ្ឈប់ការឈូសឆាយព្រៃ និងដាំដើមឈើឡើងវិញនៅទីនោះ។

កាលពីថ្ងៃទី១៦ ខែសីហា អ្នកសារព័ត៌មាន វីអូឌី ចំនួន៥នាក់ និងក្រុមយុវជនខ្មែរថាវរៈ ចំនួន៤នាក់ បានចូលទៅកាន់តំបន់ភ្នំតាម៉ៅ។ ក្នុងពេលកំពុងដើរយកព័ត៌មាននិងថតរូប ពួកគេត្រូវបានកងអង្គរក្សលោក ហ៊ុន សែន ចោមរោមសួរនាំនិងហាមឃាត់មិនឱ្យថត រហូតឈានដល់ប្រើហិង្សាវាយអ្នកកាសែតនិងក្រុមយុវជន មុននឹងចាប់បញ្ជូនខ្លួនពួកគេទាំង៩នាក់ទៅសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកបាទី រយៈពេលជាង៧ម៉ោង។

លោក ហ៊ីង ប៊ុនហៀង ទទួលស្គាល់ថា ពិតជាមានហេតុការណ៍នេះកើតឡើង ប៉ុន្តែលោកថា ដើមហេតុឈានដល់ការប្រើហិង្សា គឺបណ្ដាលមកពីអ្នកទាំង៩នាក់នោះមិនបន្ទន់ឥរិយាបថជាមួយអាជ្ញាធរ ខណៈអាជ្ញាធរគ្រាន់តែសួរនាំធម្មតាប៉ុណ្ណោះ។

លោក ហ៊ីង ប៊ុនហៀង ថា៖ «វាអត់មានរឿងអីគួរឱ្យសំខាន់ផង! គ្រាន់តែគេសួរថាមកតាមផ្លូវវត្តហ្នឹង មកពីណាវិញ? មកតាមផ្លូវមិនមក? គ្រាន់តែប៉ុណ្ណឹងហ្នឹង ខ្វែងគំនិតតែប៉ុណ្ណឹងទេ។ [កងអង្គរក្សបានវាយអ្នកសារព័ត៌មាន VOD មួយកំផ្លៀង?] អត់ទេ! [មកពី] ប្អូនហ្នឹងក៏គាត់ណាស់ដែរ! គាត់ឱ្យគេវាយ តាមពិតគាត់ឱ្យគេវាយ ហើយប្រើពាក្យមិនសមរម្យ»។

ទោះជាបែបនេះក្ដី អ្នកសារព័ត៌មានបានព្យាយាមពន្យល់ទៅកាន់កងអង្គរក្សថា ទីតាំងតំបន់ភ្នំតាម៉ៅ គឺជាតំបន់សាធារណៈ មិនមែនជាតំបន់ហាមឃាត់ ហើយកន្លងទៅ ពួកគេក៏ធ្លាប់ទៅយកព័ត៌មាន ផ្តិតយករូបថតនិងវីដេអូដែរ ហើយទីតាំងផ្លូវដែលពួកគេបានធ្វើដំណើរនោះ ក៏ពួកគេធ្លាប់បានដើរពីមុនមកដែរ មិនមានការហាមឃាត់នោះឡើយ។

ត្រង់ចំណុចនេះ នៅពេលវីអូឌីសួរលោក ហ៊ីង ប៊ុនហៀង ថាហេតុអ្វីបានជាមានការហាមឃាត់អ្នកកាសែតចូលតំបន់នោះថតរូប មេអង្គរក្សរូបនេះឆ្លើយបដិសេធនូវការលើកឡើងនេះ ហើយថាតាមពិតមានការបើកទូលាយ និងគ្មានការរឹតត្បិតអ្វីឡើយ។

យ៉ាងណា មុននឹងត្រូវបានដោះលែងមកវិញ នៅយប់ថ្ងៃដដែលនោះ អ្នកសារព័ត៌មាននិងក្រុមយុវជនទាំង៩នាក់ត្រូវបានអាជ្ញាធរខេត្តតាកែវតម្រូវឱ្យផ្តិតមេដៃលើកិច្ចសន្យាដែលអាជ្ញាធរបានរៀបចំ ទាំងដែលពួកគាត់មិនបានប្រព្រឹត្តកំហុស ឬបំពានវិជ្ជាជីវៈសារព័ត៌មាន​សោះឡើយ។

កិច្ចសន្យាដែលមានស្នាមមេដៃអ្នកសារព័ត៌មាន និងយុវជនទាំង៩នាក់នោះ បញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ក្រុមការងារបានបង្ហោះកាមេរ៉ាដ្រូនក្នុងបំណងពិនិត្យមើលស្ថានភាពដាំកូនឈើ ក្នុងតំបន់ឈូសឆាយភ្នំតាម៉ៅ ជាទីតាំងកងកម្លាំងអង្គរក្សដាំកូនឈើ ដោយពុំបានសុំការអនុញ្ញាត ហើយត្រូវបានកងអង្គរក្សហៅមកណែនាំ។

កិច្ចសន្យាសរសេរដោយដៃនោះបញ្ជាក់ថា៖ «សម្រាប់អ្នកសារព័ត៌មាន VOD បើថ្ងៃក្រោយមានការបង្ហោះកាមេរ៉ាដ្រូននៅតំបន់ហាមឃាត់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ បើថ្ងៃក្រោយក្រុមយើងខ្ញុំចុះផ្សាយព័ត៌មានមិនពិត បំភ្លៃការពិត និងបង្កភាពញុះញង់ឱ្យមានភាពចលាចល យើងសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន»។

នៅពេល វីអូឌី សង្ខុញសួរអំពីការហាមឃាត់ថតរូបនៅតំបន់ភ្នំតាម៉ៅ លោក ហ៊ីង ប៊ុនហៀង បញ្ជាក់ថា ទីតាំងភ្នំតាម៉ៅមិនមានការហាមឃាត់ថតរូបនោះទេ ហើយលោកថែមទាំងប្រកាសថា ទីតាំងនោះមិនមានអ្វីជាអាថ៌កំបាំងឡើយ និងថាអ្នកកាសែតអាចទៅកាន់ទីនោះបាន។

លោក ហ៊ីង ប៊ុនហៀង បញ្ជាក់បន្ថែមថា៖ «[លោកពូ ក្រុមការងារគាត់ថាម្សិលមិញ គាត់ទៅធ្វើបច្ចុប្បន្នភាពរបៀបថាចង់ដឹងការដាំកូនឈើ។] មកៗ! ជួបពូសិនមក ចូល[តាម]ខាងមុខៗ ចូលផ្លូវមុខៗ ផ្លូវហ្នឹង [ផ្លូវអ្នកកាសែត និងយុវជនចូល] គ្រឿងចក្រកំពុងឈូសឆាយគ្រោះថ្នាក់ អាប៊ុលផងអីផង ពេញទឹកពេញដី។ ដល់ពេលប្អូនៗក្មួយៗមកតាមផ្លូវវត្តហ្នឹង ភ្ញាក់ទាំងអស់គ្នា ចេញពីព្រៃមក ម៉ែអើយ ស្មានតែរឿងអី ហើយអាគ្នានេះ [ក្រុមអង្គរក្ស] ក៏ភ័យនោះ [អ្នកកាសែត និងយុវជន] ក៏ភ័យ។ ដល់នោះមកទៀត ប្រើពាក្យវាប៉ះតិចតួច អត់អីទេ ចោលទៅ កុំយកទុកក្នុងខ្លួនអី! បាទចោលចុះ អត់អីទេ ពូនៅឈរហ្នឹង មកថ្មើរណាក៏បានដែរ។ [អ៊ីចឹងមានន័យថាគាត់មកលើកក្រោយថតទៅលែងមាន…] មកថតម៉េចថតទៅ បើម៉ាទូលាយថតម៉េចថតទៅ»។   

មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ករណីកងអង្គរក្សនាយករដ្ឋមន្រ្តីប្រើហិង្សាលើអ្នកកាសែតនេះ លោកថា ស្ថាប័នសាម៉ីនិងក្រុមយុវជនអាច​ប្ដឹងទៅស្ថាប័នពាក់ព័ន្ធ​ ដើម្បីពង្រឹងការអនុវត្តច្បាប់និងទំនួលខុសត្រូវ ខណៈជនបំពានច្បាប់ត្រូវតែទទួលទោសទៅតាមច្បាប់។  

លោកថ្លែងកត់សម្គាល់ថា នៅបរិវេណភ្នំតាម៉ៅដែលមានបញ្ហាកើតឡើង តាមពិត អ្នកសារព័ត៌មាន VOD ធ្លាប់ចុះយកព័ត៌មានបង្ហោះដ្រូនយកទិដ្ឋភាពតំបន់ឈូសឆាយនោះជាសាធារណៈនាពេលកន្លងមក ដូចជាពេលផ្តើមឈូសឆាយជាដើម ដោយមិនមានការហាមឃាត់ឡើយ ទើបតែមានការរឹតត្បិតកាលពីថ្ងៃទី១៦ ខែសីហា ប៉ុណ្ណោះ។

យ៉ាងណា លោកចាត់ទុកការប្រើប្រាស់ហិង្សារបស់កងអង្គរក្សថាជាការដើរប្រាសចាកពីតួនាទីរបស់ខ្លួន រំលោភបំពានសេរីភាពអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ដែលតាមពិតពួកគេមានសិទ្ធិក្នុងការតាមដានផ្សព្វផ្សាយពីកិច្ចការពារធនធានធម្មជាតិ។

បែបនេះក្ដី លោកថា បើទោះមានការចាប់ខ្លួនក្រោមហេតុផលណាមួយ ក៏គួរបញ្ជូនទៅមន្ត្រីជំនាញដើម្បីបន្តនីតិវិធី មិនមែនប្រើហិង្សាបែបនេះឡើយ។

លោកថា៖ «កងអង្គរក្ស ថ្នាក់ដឹកនាំទៅទៀត គួរតែមានឥរិយាបថល្អ អនុវត្តដោយមានក្រមសីលធម៌ដែលជាកងកម្លាំង ហើយគួរតែធ្វើការងារដោយប្រកាន់នូវវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែខ្ពស់ទៅទៀត ពីព្រោះបើមិនអនុវត្តដូច្នេះទេ ដូចជាការប្រើហិង្សាហ្នឹង វាប៉ះពាល់ដល់ប្រមុខរដ្ឋាភិបាលផង ក៏ប៉ះពាល់ដល់កងកម្លាំងផ្សេងៗទៀតដែរដែលគេអនុវត្តតួនាទីបានត្រឹមត្រូវ»

ចំណែកនាយក​ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត ចាត់ទុកទង្វើប្រើ​ហិង្សារបស់កម្លាំងកងទ័ពទៅលើអ្នកសារព័ត៌មាន VOD និងសកម្មជនបរិស្ថាន ដោយគ្រាន់តែពួកគេថតរូបនៅទីសាធារណៈនៃបរិវេណភ្នំតាម៉ៅ ថាជាការគំរាមកំហែង និងបំបាក់ស្មារតី​របស់ពលរដ្ឋដែលមានភាពសកម្មក្នុងការចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិនៅភ្នំតាម៉ៅទៅកាន់មហាជន។

លោកថា៖ «នៅពេលដែលចេញជាសារគំរាមកំហែង រូបភាពបែបគំរាមកំហែងអ៊ីចឹង វាហាក់ដូចជាធ្វើឱ្យ​មានការផ្អាក រំញោចទឹកចិត្តរបស់អ្នកសារព័ត៌មានផ្សេងទៀត ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ ដែលគាត់មានទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ ចង់ចូលរួមឃ្លាំមើល ក៏ដូចជាតាមដានការអភិវឌ្ឍនានាដែលធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិ»។

លោកបន្តថា៖ «ហើយគឺវាប៉ះពាល់ដល់សេរីភាពសារព័ត៌មានទាំងមូលក្នុងប្រទេសកម្ពុជា ដែលយើងដឹងហើយថា នៅក្នុងស្ថានភាពបច្ចុប្បន្នមានរបាយការណ៍ជាច្រើនបន្តបន្ទាប់ ដែលបង្ហាញថាស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាហ្នឹងកំពុងតែមាននូវការធ្លាក់ចុះ។ អ៊ីចឹងនៅពេលដែលមានការគំរាមកំហែងជាបន្តបន្ទាប់ ហើយឈានដល់ការប្រើហិង្សាទៅលើអ្នកសារព័ត៌មានទៀតសោត គឺវាធ្វើឱ្យស្ថានភាពសេរីភាព លំហសារព័ត៌មានយើងហ្នឹង គឺវាកាន់តែមានស្ថានភាពអាក្រក់»។

អ្នកសារព័ត៌មាន VOD មួយរូបដោយមិនបញ្ចេញឈ្មោះ អះអាងថា លោកត្រូវបានកងអង្គរក្សមួយរូបដែលស្លៀកពាក់ស៊ីវិលទះកំផ្លៀងថ្ពាល់ឆ្វេងមួយដៃពេញទំហឹង។ លោកថា ការប្រើហិង្សានេះ គឺបន្ទាប់ពីលោកបានថតរូបកងអង្គរក្សដទៃទៀតដែលកំពុងដណ្តើមយកឧបករណ៍ដ្រូនពីអ្នកសារព័ត៌មាន VOD ២រូបផ្សេងទៀត។

លោកបានហៅការប្រើហិង្សាលើរូបលោកនេះ ជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា។

នាយក​ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត អះអាងថា ស្ថាប័នរបស់ខ្លួនកំពុងបន្តនីតិវិធីជាមួយភាគីពាក់ព័ន្ធ ​និងកំពុងចងក្រងព័ត៌មានលម្អិតលើករណីហិង្សានេះជាមួយអង្គការជាតិ-អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ