រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ដែល​ហ៊ាន​តវ៉ា​ពាក់ព័ន្ធ​ការ​រុះរើ​សំណង់​ខុសច្បាប់​នៅ​តំបន់អង្គរ

លោក ជា សុផារ៉ា ចុះពិនិត្យមើលសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ជា សុផារ៉ា)

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ព្រមាន​ចាប់​ខ្លួន​ជន​ណាដែ​ល​ហ៊ាន​ចេញ​មុខ​តវ៉ាដោយហិង្សា​ ពាក់​ព័ន្ធ​កា​រ​រុះ​រើ​​សំណង់​​នៅតំបន់​អង្គរ ខណៈក្រសួងរកឃើញថាមានសំណង់ខុសច្បាប់ជាង៨ ៤០០ករណី ក្នុងតំបន់​រមណីយដ្ឋានអង្គរ គិតពីឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន។

ការថ្លែងព្រមាន​នេះធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណ​អ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ម្សិលមិញ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា លើកឡើងថា ក្រសួងរកឃើញ​សំណង់ខុសច្បាប់នៅតំបន់អង្គរ ចំនួន៨ ៤៤៨ករណី គិតចាប់ពីឆ្នាំ២០១៩ ដល់ពាក់កណ្តាល​ឆ្នាំ២០២២​នេះ ក្នុ​ង​នោះ ឆ្នាំ២០១៩ រកឃើញ៩០៦ករណី, ឆ្នាំ២០២០ មាន៣ ០២៨ករណី, ឆ្នាំ ២០២១ មាន២ ៤៣២ករណី និង៦ខែ ឆ្នាំ២០២២នេះ មាន២ ០៨០ករណី។ លោកបន្តថា រដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យមានសំណង់ខុសច្បាប់ទាំងនោះទេ។ លោកបានហៅសំណង់ទាំងនោះថាជា «សំណង់ដ៏គួរឱ្យខ្មាសអៀន»

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដីរូបនេះថែមទាំងព្រមានចាត់វិធានការច្បាប់ ឬចាប់ខ្លួនបុគ្គលណាដែលហ៊ានចេញមុខតវ៉ាគ្រប់រូបភាពពាក់ព័ន្ធការរុះរើសំណង់នេះផងដែរ។

លោក ជា សុផារ៉ា ថ្លែងថា៖ «រួចតិចប៉ុណ្ណឹងទៅ ស្រាប់តែមានចលនា មានបាតុកម្ម ពូថៅ កាំបិត តវ៉ា​ឯ​លិច ឯកើត! ប៉ះកន្លែងណា ខ្ញុំចាប់ត្រង់ហ្នឹង! ប៉ះណាចាប់ហ្នឹងៗ។ ពីមុនកាំភ្លើងពេញ តែ​ភ្នំពេញ​ផង ប្រមូល​ច្រក​បាវ​បាន ឥលូវនេះគឺប្រហែលជាអ្នកដែលក្លាហានមិនទាន់មាន។ ខ្ញុំ​មក​ឈរ ប្រឈមមុខ​នៅ​ក្នុងការដោះស្រាយគ្រប់រូបភាពនៅខេត្តសៀមរាប អាហ្នឹងប្រកាសឱ្យហើយ»។

លោកបានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានចាត់ការលើជនដែលសង់សំណង់ទាំងនោះ ដោយ​ថា «អ្នកណាធ្វើ អ្នកនោះត្រូវរុះរើចេញ»

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដីរូបនេះថា រមណីយដ្ឋានអង្គរជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានចំណូលច្រើនណាស់ ពោលគឺរកបាន១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការការពាររមណីយដ្ឋាននេះ។

បើតាមលោក ជា សុផារ៉ា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ ធ្លាប់ចេញលិខិតព្រមាន​២លើករួចមកហើយ ពាក់ព័ន្ធបញ្ហានៅតំបន់អង្គរ ពោលគឺចាប់ពីឆ្នាំ២០១៧មក ខណៈរដ្ឋាភិបាល​មិន​​ចង់​ឱ្យមា​ន​ការ​ព្រមានជាលើកទី៣ទេ។ លោកក៏បានណែនាំទៅ​អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើរបាយការណ៍ពីវឌ្ឍនភាព បច្ចុប្បន្នភាពនៃកិច្ចការរបស់ខ្លួន ដើម្បីបង្ហាញដៃគូគាំទ្រថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការថែរក្សារមណីយដ្ឋានអង្គរ។

ពលរដ្ឋរស់នៅសង្កាត់គោក​​ចក ក្រុងសៀមរាប អ្នកស្រី អ៊ុង ចាន់លី ថ្លែង​ប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែសីហា​នេះថា គាត់​មានដីមួយកន្លែងដែលនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីតំបន់អង្គរ។ យ៉ាងណា អ្នកស្រីថា គាត់ពុំអាចសង់ផ្ទះនៅលើដីនោះបានទេ បើទោះគាត់បានទិញដីនោះ និងមានប្លង់កម្មសិទ្ធិក៏ដោយ។ អ្នកស្រីថា អាជ្ញាធរមិនបានបញ្ជាក់អ្វីច្បាស់លាស់ដល់គាត់ឡើយ ដោយគ្រាន់តែប្រាប់ថា នោះជាដីរបស់អាជ្ញាធរអប្សរា មិនអនុញ្ញាតឱ្យមានការសង់អ្វីឡើយ។

អ្នកស្រីបានគូសបញ្ជាក់ថា៖ «យើងកាន់ទាំងប្លង់ឱ្យគេមើលទៀត! [អាជ្ញាធរឆ្លើយតបយ៉ាងណា?] គេថារឿងដីអប្សរា គេអត់ឱ្យសាងសង់ថ្មីទេ។ គេថាឱ្យយើងដាក់ច្បាប់ តែដាក់អត់បានផង ដាក់ស្នើសុំសាងសង់ ដាក់ទៅ គេបដិសេធ ផ្ញើមកវិញថាអត់បានទេ។ [ខាងណាដែលថាអត់បាន បដិសេធ?] អ្នកខាងអប្សរាហ្នឹងឯង! ដាក់ទៅច្រកចេញចូលតែមួយ [ខាងណាដែលថាតម្រូវឱ្យដាក់ច្បាប់?] ច្បាប់ហ្នឹងសូម្បីតែខាងអប្សរា ក៏គេប្រាប់ឱ្យយើងដាក់ច្បាប់ដែរ។ នៅតែរង់ចាំ ឆ្ងល់តែអ៊ីចឹងឯង! ឱ្យធ្វើម៉េចបាន បើវាអ៊ីចឹង? ប្រជាពលរដ្ឋដូចខ្ញុំមិនដឹងថាត្រូវធ្វើម៉េច បើគេឱ្យដាក់ច្បាប់ តែដាក់ច្បាប់ ដាក់អត់បាន ដល់យើងធ្វើខ្ទម គាត់រុះរើ»។

ស្រ្តីពិការភ្នែកវ័យ៥២ឆ្នាំរូបនេះ សំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយពិនិត្យពីករណីដីរបស់គាត់ដែលមានប្លង់ត្រឹមត្រូវ ដើម្បីអាចសង់ផ្ទះតូចមួយរស់នៅ ខណៈបច្ចុប្បន្នដីនោះគាត់អាចត្រឹមដាំបន្លែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ មន្ត្រីសម្របសម្រួលសមាគមការ​ពារសិទ្ធិមនុស្ស​អាដហុកប្រចាំខេត្តសៀមរាប លោក ច័ន្ទ ចំរើន បានជំរុញឱ្យ​ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយឱ្យបានទូលំទូលាយទាក់ទិនករណីរុះរើសំណង់ខុសច្បាប់នេះ ​និង​អនុវត្តដោយស្មើភាពគ្នាចំពោះមុខច្បាប់។

លោកថា៖ «បើសិនជាតំបន់ហ្នឹង យើងរកឃើញថាមានអ្នកដែលបានសាងសង់ទៅខុសច្បាប់ អ៊ីចឹងអ្នកដទៃទៀត ទោះបីឋានៈវណ្ណៈប៉ុនណាក៏ដោយ ក៏ត្រូវតែរុះរើចេញទាំងអស់។ ត្រូវរុះរើស្មើគ្នា មានន័យថាអនុវត្តស្មើគ្នា។ ការអនុវត្តច្បាប់ជាវិធានការចាំបាច់ណាស់ ប៉ុន្តែយើងក៏ត្រូវមើលដែរ បើសិនជាអ្នកនោះក្រីក្រ លំបាក បើសិនជាគាត់រស់នៅយូរហើយ ឬក៏អាជ្ញាធរអាចពិនិត្យមើលលើលទ្ធភាពជាក់ស្តែង លក្ខណៈពិសេសណាមួយ ដែលអាចជួយសម្របសម្រួលប្រការណាបាន»។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២២នេះ ឱ្យដឹងថា យុទ្ធនាការ​ចុះវាស់វែង​កំណត់​និយាមកាក្បាលដីនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោកឆ្នាំ​១៩៩២ ដែល​មានទំហំ៤០១គីឡូម៉ែត្រការ៉េ និង​ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈ​របស់​រដ្ឋដែល​ត្រូវ​រក្សាការពារដាច់ខាត។

សេចក្ដីប្រកាសដដែលនេះបន្ត​ថា កម្ពុជា​ក្នុង​នាម​រដ្ឋ​សមា​ជិក មាន​ភារ​កិច្ច​រក្សាការ​ពារ​តំបន់​រមណីយ​ដ្ឋាន​អង្គរដែល​ជា​មរតក​កេរដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏​ដូចជា​តម្លៃ​ជា​សកល​នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។

ប្រភព​ដដែលបន្ត​ទៀត​​ថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាស​មួយចំនួន​បាន​​សាង​​សង់សំណង់​​ខុស​​ច្បាប់​​រាប់​​រយ​​ករណី បន្ថែម​​ពី​លើករណី​សំណង់​ខុស​ច្បាប់​ជា​ច្រើន​ទៀត​ដែល​បានរំលោភ​បំពាននាពេលកន្លងមក ក្នុងតំបន់ការពារ​នៃរមណីយដ្ឋានអង្គរ។

ក្រសួង​ថា៖ «សំណង់ខុសច្បាប់អស់​ទាំង​នេះត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត»។

ក្រសួងរៀបចំដែនដី បន្ថែមថា ក្រុ​មការងារតម្រង់​ទិស​​នឹង​​ពិនិត្យ​លទ្ធ​ភាព​ផ្តល់​ដី​នៅ​តំបន់អភិ​វឌ្ឍន៍​រុន​តាឯក សម្រាប់​​ដោះ​ស្រាយ​​ជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាននូវទីតាំងលំនៅថ្មី ហើយ​អ្នកដែលនៅ​បន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ