មីយ៉ាន់ម៉ា​គ្រោង​នាំចូល​ប្រេង​ពីរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (ក្រសួងការបរទេសរុស្ស៊ី/ការចែកចាយតាមរយៈ REUTERS)

អ្នកនាំពាក្យ​របបយោធាមីយ៉ាន់ម៉ាមួយរូបបានឱ្យដឹងថា ប្រទេសរបស់ខ្លួនគ្រោងនឹងនាំចូលប្រេងឥន្ធនៈ​ពីរុស្ស៊ី ដើម្បីកាត់បន្ថយការព្រួយបារម្ភដែល​បង្កឡើងដោយបញ្ហានៃការផ្គត់ផ្គង់និងការកើនឡើងនៃតម្លៃ ស្របពេលដែលពិភពលោកកំពុងមានវិបត្តិថាមពល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធម្សិលមិញ អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា លោក​ Zaw Min Tun បានលើកឡើងថា៖ «យើងបានទទួលការអនុញ្ញាតឱ្យធ្វើការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ដោយសារតែវាមានគុណភាព និងតម្លៃទាប»។

ទាក់ទិននឹងករណីនេះ លោកបន្តថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានពិភាក្សាអំពីបញ្ហាប្រេង និងឧស្ម័ន ក្នុងអំឡុងពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី កាលពីខែមុន ខណៈមីយ៉ាន់ម៉ា​ក៏នឹង​ពិចារណា​លើ​ការ​រុក​រក​ប្រេង​រួម​គ្នា​ក្នុង​ប្រទេសរបស់ខ្លួន ​ជាមួយ​នឹង​រុស្ស៊ី និង​ចិនផងដែរ។

បើតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការដឹកជញ្ជូនប្រេងឥន្ធនៈពីរុស្ស៊ីមកកាន់មីយ៉ាន់ម៉ានេះ នឹងត្រូវចាប់ផ្តើមពីខែកញ្ញាខាងមុខនេះតទៅ។

គួរបញ្ជាក់ថា ក្រៅពីធ្លាក់ចូលក្នុងភាពច្របូកច្របល់​ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាច​មកគ្រប់គ្រងមក ប្រទេសមីយ៉ាន់ម៉ា ក៏រងនូវផលប៉ះពាល់ខ្លាំងដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈផងដែរ ខណៈប្រេងសាំងបច្ចុប្បន្ននៅក្នុងប្រទេសមានតម្លៃចន្លោះពី២ ៣០០ទៅ ២ ៧០០គីយ៉ាត (kyat) [ស្មើនឹងប្រមាណ១ ដុល្លារ] ក្នុងមួយលីត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ