ពលរដ្ឋថា ព្រៃ​នៅ​សហគមន៍​ឧត្ដមស្រែពស់​នៅ​តែ​មាន​ការ​ឈូសឆាយ បើ​ទោះ​អភិបាល​ខេត្តកំពង់ស្ពឺ​ធ្លាប់​សន្យា​ការពារ

ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិ បានអះអាងថា ព្រៃឈើ​នៅតំបន់នេះនៅតែរកការកាប់បំផ្លាញ និងឈូសឆាយ បើទោះបីជាអភិបាលខេត្តកំពង់ស្ពឺធ្លាប់បានសន្យាថានឹងការពារ​ព្រៃនៅតំបន់នោះក៏ដោយ។​

ប្រជាពលរដ្ឋរស់នៅក្បែរ​​សហគមន៍ព្រៃឧត្តមស្រែពស់ លោក សយ សាត អាយុ​៧១ឆ្នាំ​ ប្រាប់វីអូឌី​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា កាលពីដើមខែសីហា ថ្មីៗនេះ ​អភិបាល​ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​ទៅ​​ពិនិត្យ​នៅតំ​បន់​​ព្រៃ​មេត្តាធម្មជាតិ និងបានសន្យាជាមួយប្រជាសហគមន៍ថា នឹងស្វែង​រកដំណោះស្រាយក្នុងការ​​ការពារ​ព្រៃឈើនៅតំបន់នោះ កុំ​ឱ្យ​មានការ​ឈូស​ឆាយបន្ថែមទៀត។

តែយ៉ាងណា លោកថា ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន សកម្មភាពនៃការ​កាប់បំផ្លាញព្រៃឈើ​ពីសំណាក់ក្រុមទាហាននៅតែបន្ដកើតឡើងដដែល ក្នុងនោះ ព្រៃឈើប្រហែល៣ហិកតានៅសាលាបុណ្យខាងលិច ត្រូវបានកាប់បំផ្លាញស្ទើរទាំងស្រុង។

លោកថា៖ «បាន​កាប់​បំផ្លិច​បំផ្លាញ​បន្ដទៀត កន្លែងដែលឯកឧត្តម វ៉ី សំណាង ចូលទៅក្រោមម្លប់​ជ្រៃនោះ មាន​ពុទ្ធរូបជាច្រើន​អង្គ ឥលូវគេកាប់​បំផ្លាញ​ជា​វាល​រហោលអស់ហើយ»។

ប្រជាសហគមន៍រូបនេះបន្ថែមថា ចាប់តាំងពីមានការឈូសឆាយដោយក្រុមទាហាន «ង៧០» ក្នុងតំបន់នេះ លោក​មិនទាន់ឃើញអភិបាលខេត្តមានចំណាត់ការច្បាស់លាស់ណាមួយនោះទេ។ ករណីនេះ លោកបានស្នើទៅអាជ្ញាធរខេត្តជាថ្មី ក្នុងការពន្លឿន​ការដោះស្រាយបញ្ហា​នេះ​ឱ្យ​បានឆាប់។

ព្រះតេជគុណ ព្រុំ សុជាតិ ចៅអធិការវត្ត​មេត្តាធម្មជាតិ មានថេរដីកាថា ​បដិមា​ព្រះពុទ្ធ​​ដែលស្ថិត​នៅ​​ក្រោម​ដើម​​ជ្រៃ ​ដែលអភិបាលខេត្តបានចុះទៅពិនិត្យនោះ ​បានរងការ​បំផ្លាញ​កាលពីដើមសប្តាហ៍នេះ ​ហើយព្រៃ​ដែលមានដើមឈើធំៗនៅ​ជាប់ជើងភ្នំ​​ ដែលជាជម្រកសត្វ​ ក៏លែងមានទៀតដែរ​ ដោយសារតែការឈូសឆាយដីព្រៃពីសំណាក់ក្រុមទាហាន​នោះ។

ព្រះអង្គបន្ត​ថា៖ «​បើសម្រាប់អាត្មា ឃើញ​ទង្វើអសីលធម៌ ឬទង្វើមិនសមហេតុសមផលអស់ហើយ មិន​ដឹងត្រូវធ្វើយ៉ាងម៉េចទេ […] បើខ្មែរនិយាយគ្នាមិនត្រូវ បើសង្ឃឹមលើច្បាប់ មិនដឹងច្បាប់ជាអ្វី បើសង្ឃឹមលើព្រះធម៌​ ងងឹតឈឹង ដូចរស់នៅក្នុងភពងងឹតអ៊ីចឹង បើសីលធម៌ធ្លា​ក់​ចុះអ៊ីចឹង»។

អភិបាលខេត្តកំពង់ស្ពឺ​ លោក វ៉ី សំណាង ​បានលើកឡើងថា ​​ទោះបីជា​លោក​បានចុះទៅព្រៃមេត្តាធម្មជាតិនេះ​ ដើម្បី​ជំរុញកុំ​​ឱ្យ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​ទៀតក្ដី​ តែ​លោកនៅតែមិនអាចហាម​ក្រុមទាហានបាននោះ​ទេ។

លោកបានគូសបញ្ជាក់​ថា៖ «​មិនដឹងមូលហេតុ​អីផង​ ប្រហែលគេចង់បានដីហើយ​មើលទៅ​ ប្អូន​មិនសួរអ្នកកាប់​​? ពូចង់ការពារហ្នឹងហើយ​ បើអ្នកកាប់​នៅបន្តកាប់ ​យើងមានស្អីធ្វើក្រៅពីហ្នឹង​ ពូអ្នកការពារ តែជនខិលខូចនៅតែកាប់​ អាហ្នឹងយើងធ្វើម៉េច? តែ​វិធានការ​មាន​តែការអនុវត្តច្បាប់ហ្នឹង​ បន្តកំណត់យាមការព្រំដីសហគមន៍របស់យើងឱ្យបានច្បាស់លាស់សិន​»។

តែយ៉ាងណា អភិបាលខេត្តរូបនេះបញ្ជាក់ថា រដ្ឋបាលខេត្តបានដាក់លិខិតមួយច្បាប់​ទៅក្រសួង​បរិស្ថានរួចហើយ ដើម្បីស្នើសុំកំណត់ព្រំដីសហគមន៍ព្រៃមេត្តាធម្មជាតិនេះ​ឱ្យ​បាន​ជាក់លាក់។ លោកសង្ឃឹមថា នឹងទទួលបានចម្លើយពីក្រសួងនៅសប្តាហ៍ក្រោយ។

លោកថា​៖ «​អាងទៅលើ​ព្រំមិនអ៊ីចឹង?​ ហើយ​បើមិនមានព្រំផង តើដីយើងនៅណា?​ ចេះតែចង្អុលទៅ ចង្អុលមក ទាហានថា​ដីគាត់​ សហគមន៍ថាដីគាត់​ យើងមានតែឯកសារយកពីក្រសួងបរិស្ថាន​មក​ កន្លែងណាជាដីរបស់សហគមន៍ កន្លែងណាជាដីរបស់ទាហាន​ អាហ្នឹងបានដឹងថានរណាជាដីរបស់នរណា​»។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា យល់​ថា ការសន្យាស្វែងរកដំណោះស្រាយរបស់អភិបាល​ខេត្ត ហាក់​នៅ​មិនទាន់មានប្រសិទ្ធភាពនៅឡើយ ខណៈ​ការកាប់បំផ្លាញព្រៃឈើ​នៅតែ​បន្ដកើតឡើង។ លោកថា ករណី​នេះអាចប្រហែលមកពីអភិបាលខេត្តមិនមានឥទ្ធិពល​ណា​មួយ​ក្នុងការ​ប្រាប់ទៅក្រុមហ៊ុនទាហាន​កុំឱ្យ​ឈូសឆាយ។

ទោះយ៉ាងណា លោកបានជំរុញដល់​​រដ្ឋាភិបាលត្រូវ​ដោះស្រាយករណីនេះជូន​ប្រជាពលរដ្ឋឱ្យ​មានតម្លាភាព និង​ប្រគល់ដីព្រៃនៅតំបន់នោះឱ្យ​ប្រជាសហគមន៍ការពារវិញ។

លោកថា៖ «មធ្យោបាយដែលអាចដោះស្រាយបានមានតែរដ្ឋាភិបាលខ្លួនឯងផ្ទាល់ ត្រូវដោះស្រាយឱ្យពលរដ្ឋវិញមក ដីហ្នឹងឱ្យសហគមន៍វិញមក ឱ្យសហគមន៍ការពារទៅ […] វាសមល្មមនឹងទុកព្រៃឈើដែលនៅសេសសល់ ដើម្បីនឹងឱ្យពលរដ្ឋបានគាត់អាច​ការពារបន្ដទៅ ព្រោះវាជាប្រយោជន៍សង្គមយើងទាំងអស់គ្នាទេ រដ្ឋាភិបាលគួរតែគិតគូរឡើងវិញ ក្នុងការផ្ដល់ដីទៅឱ្យអ្នកនេះអ្នកនោះជាដើម»។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​បង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរតវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ៕


កែតម្រូវ៖ ឈ្មោះ សាត ផា ទៅជា សយ សាត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ