ប្រេសិត​ពិសេស UN ស្នើ​ឱ្យ​មេដឹកនាំ​មីយ៉ាន់ម៉ា​ដោះលែង​អ្នកទោស​នយោបាយ​និង​បញ្ឈប់​អនុវត្តទោស​ប្រហារជីវិត

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UN Special Procedures)

មន្ត្រីជាន់ខ្ពស់មួយរូប​របស់​អង្គការ​សហប្រជាជាតិ (UN) នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ បានជំរុញមេដឹកនាំយោធា​មី​យ៉ាន់ម៉ា​ដោះលែងនិង​បញ្ឈប់​ការ​អនុវត្តទោស​ប្រហារ​ជីវិត​លើ​អ្នក​ទោស​នយោបាយ​នានា ក្នុង​អំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនដែលធ្វើឡើងនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រេសិតពិសេស​របស់​​អង្គការ​សហប្រជាជាតិ លោកស្រី Noeleen Heyzer បានធ្វើដំណើរមកដល់ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអង្គារ ដែលត្រូវបានស្វាគមន៍​ដោយ​មន្ត្រី​ក្រសួង​ការបរទេស មុនពេលជួបប្រជុំជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីថ្ងៃពុធ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ​ដែលចេញដោយអង្គការ​សហប្រជាជាតិ ប្រេសិតពិសេសរូបនេះបានលើក​ឡើង​ថា៖ «ដំណើរទស្សនកិច្ចមួយនេះ គឺធ្វើឡើងដើម្បីបង្ហាញពីការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ និងស្នើឱ្យមានវិធានការជាក់ស្តែងចាំបាច់នានា ដើម្បីកាត់បន្ថយជម្លោះ និងការរងទុក្ខវេទនារបស់ប្រជាជន»។

ជាមួយគ្នានេះ លោកស្រី Noeleen Heyzer ក៏បានជំរុញដល់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាផ្អាកការអនុវត្តទោសប្រហារជីវិតនាពេលអនាគត ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកជំនាញសេដ្ឋកិច្ច លោក សន ថឺនែល (Sean Turnell) ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាចាប់ឃុំឃាំងកាលពីឆ្នាំមុន ខណៈលោកស្រីក៏បានស្នើសុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដោយផ្ទាល់ផងដែរ។

ទាក់ទិននឹងករណីនេះ លោកស្រីថា៖ «ខ្ញុំចង់មានឱកាសជួបជាមួយលោកស្រី [អ៊ុងសាន ស៊ូជី] ឱ្យបានឆាប់តាមដែលអាច​ធ្វើទៅបាន ខណៈលោកស្រីគឺជាភាគីពាក់ព័ន្ធដ៏សំខាន់សម្រាប់ការសន្ទនារបស់ខ្ញុំជាមួយគ្រប់ភាគីពាក់ព័ន្ធ»។

ទោះជាយ៉ាងណា ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា លោក​ Zaw Min Tun ថាខ្លួននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជួបអ្នកដែលមានបទចោទប្រកាន់ក្នុងប្រទេសឡើយ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី បច្ចុប្បន្នត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសប្រមាណជា២០​ករណី ដែលក្នុងនោះរួមមាន បទរំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩ បទទទួលសំណូក រំលោភការសម្ងាត់រដ្ឋ បទចោទទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត និងបទចោទធ្ងន់ធ្ងរមួយ​ចំនួន​ទៀត ដែលអាចនឹងជាប់ពន្ធនាគារសរុបរហូតដល់រយៈពេលប្រមាណជា១៩០​ឆ្នាំ បើ​តុលា​ការ​កឃើ​ញថា លោ​ក​ស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ