វ៉ាក់សាំង​៣០ម៉ឺន​ដូស និង​ឱសថ​ជាង​៨០ម៉ឺន​គ្រាប់ ត្រូវ​បាន​ផ្ដល់​ឱ្យ​កម្ពុជា​សម្រាប់​បង្ការ​និង​ព្យាបាល​ជំងឺ​កូវីដ-១៩

យូនីសេហ្វបានដឹកជញ្ជូនឱសថប្រឆាំងមេរោគ Molnupiravir ចំនួន ៨២៦ ៥៦០គ្រាប់ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ UNICEF Cambodia)

វ៉ាក់សាំងកូវីដ-១៩ ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសអេស៉្បាញ និងឱសថប្រឆាំងមេរោគកូវីដ-១៩ ប្រភេទ Molnupiravir ចំនួនជាង៨២​ម៉ឺន​គ្រាប់ ដែលជាជំនួយរបស់អង្គការយូនីសេហ្វ ត្រូវបានផ្ដល់ជូនកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការបង្ការនិង​ព្យាបាលជំងឺកូវីដ-១៩។

កាលពីថ្ងៃម្សិលមិញនេះ កម្ពុជាបានទទួលនូវឱសថប្រឆាំងមេរោគ Molnupiravir ចំនួន៨២៦ ៥៦០គ្រាប់សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលការផ្គត់ផ្គង់ឱសថទាំងនេះគ្រប់គ្រាន់សម្រាប់ព្យាបាលមនុស្សចំនួន២០ ៦៦៤នាក់ដែលឆ្លងមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយនៅក្នុងទំព័រហ្វេស​ប៊ុករបស់អង្គការ​យូនីសេហ្វ​។

ប្រភពដដែលបន្តថា ឱសថទាំងនេះបានមកដល់កម្ពុជា ក្រោមជំនួយយន្តការផ្គត់ផ្គង់​បរិក្ខារហិរញ្ញ​ប្បទាន​នៃ​យូនីសេហ្វ (ACT-A Supplies Facility (“ACT-A SFF”) ដោយមានការចូលរួមចំណែក​ថវិកា​ពីរដ្ឋាភិបាលកាណាដា ហើយការដឹកជញ្ជូនឱសថទាំងនេះជាចំណែកមួយនៃការគាំទ្រជាបន្តបន្ទាប់​របស់​យូនីសេហ្វ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩នៅ​កម្ពុជា។

ស្របពេលគ្នានេះដែរ រដ្ឋាភិបាលនិងប្រជាជន​អេស៉្បាញ ក៏បានផ្តល់ជំនួយ​ជាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន៣០ម៉ឺនដូស​ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់ការ​ឆ្លង​រាល​ដាលជំងឺផ្លូវដង្ហើមមួយនេះនៅកម្ពុជា​។

ក្នុង​ពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសអេស៉្បាញ​ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែសីហានេះ ភារធារីស្ដីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ​ប្រចាំ​កម្ពុជា លោកស្រី គ្រីស្ទីណា អាហ្វៀឡា (Christina Aguilar) បានថ្លែងថា ការ​ផ្ដល់ជំនួយ​វ៉ាក់​សាំង​កូវីដ-១៩ ចំនួន៣០ម៉ឺនដូសនេះ ជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ រួមនឹងកិច្ចប្រតិបត្តិការនៃវិធានការការពារជនស៊ីវិលនៃសហភាពអឺរ៉ុបផង​ដែរ។

លោកស្រីក៏​បាន​សាទរ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែលបានគ្រប់គ្រងការ​ឆ្លងរាលដាលជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ហើយត្រូវបានទទួលការកោតសរសើរយ៉ាងទូលំទូលាយផងដែរ។

លោក​ស្រីបន្ថែមថា៖ «សម្រាប់អេស្ប៉ាញនេះ គឺជាកិត្តិយសណាស់ដែលយើងបានគាំទ្រដល់ប្រជាជនកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងធានាសុវត្ថិភាពជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា បូករួមទាំងជនបរទេសផងដែរ»។

ក្នុងពិធីនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជារលកនៃការ​ឆ្លង​ជំងឺកូវីដ-១៩នៅបន្តកើតមាន​ ក៏កម្ពុជា​អាច​បើក​ដំណើរ​ការ​​​ប្រទេសឡើង​វិញលើ​គ្រប់វិស័យ ដែលសមិទ្ធផលនេះសម្រេចបានតាមរយៈការចាក់វ៉ាក់សាំង ដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ ចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាល និងជាពិសេសបញ្ចៀសបាននូវការឈឺធ្ងន់និងការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ។

លោកបន្ថែមថា ជាក់ស្ដែងកម្ពុជាមិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត៤ខែចុងក្រោយនេះ រាប់តាំងពីខែមេសា ឆ្នាំ២០២២ មកដល់ថ្ងៃនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហានេះ កម្ពុជាបាន​បន្តរកឃើញករណីឆ្លងថ្មីចំនួន២៣នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន៣៨នាក់។

ក្រសួងបន្តថា គិត​មកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៧ ៣៤៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន១៣៤ ០៥២នាក់ និងករណីស្លាប់មានចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ