តើ វ៉ាន់ឆាឡឺម ជានរណា?

ពីឆ្វេង៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) និងលោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ (Wanchalearm Satsaksit) លោក ឃ្លាំង ហួត អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងមុខ៖ លោកវ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ (Wanchalearm Satsaksit) និងលោកឃ្លាំង ហួត (រូបភាព៖ Michael Dickison)

ដោយ៖ VOD និង Prachatai

នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ Sam* (សំ) កំពុងតែចម្អិនអាហារពេលល្ងាចរបស់គាត់ នៅលើអាគារអាផាតមិន (Apartment) មួយក្នុងក្រុងភ្នំពេញ ខណៈនោះស្រាប់តែអ្នកធ្វើការនៅអាគារម្នាក់បានរត់បានមកប្រាប់គាត់ថា៖​ «បុរសមានមាឌធំៗបានចាប់យកបុរសពាក់វ៉ែនតា ឈ្មោះ តារ ចូលទៅក្នុងឡាន។ គេមានកាំភ្លើង»។​

«តារ» គឺជាឈ្មោះហៅក្រៅដែល «វ៉ាន់​ឆាឡឺម សាត​ស័ក្តិសិទ្ធ» បានប្រើ គេស្គាល់ថាលោកជាសកម្មជននយោបាយថៃល្បីម្នាក់ដែលរស់នៅលើអាគារដ៏ស្កឹមស្កៃជាប់មាត់ទន្លេនោះដូចគ្នា មុនលោកត្រូវគេជឿថាត្រូវបានគេចាប់ពង្រត់នៅថ្ងៃដដែល មុននោះបន្តិច នៅលើវិថីខាងក្រោមអាគារអាផាតមិន។ ក្រុមអ្នកការពារសិទ្ធិមនុស្សកត់សម្គាល់ថា លោកជាជនរងគ្រោះទី៩ នៃការបាត់ខ្លួនដោយបង្ខំ ចាប់តាំងពីមេដឹកនាំថៃបច្ចុប្បន្នបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នៅឆ្នាំ២០១៤មក។ 

ក្រោយពីរកមិនឃើញតម្រុយណាមួយរបស់លោក វ៉ាន់ឆាឡឺម ទាំងក្នុងនិងក្រៅអាគារនៅយប់ថ្ងៃទី៤​ ខែមិថុនា Sam​ បានប្រាប់ទៅអ្នកជិតខាងឱ្យហៅទូរសព្ទ មិនមែនទៅប៉ូលិសមូលដ្ឋានទេ តែទៅលោក ឃ្លាំង ​ហួត ដែលជាជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយនៅពេលនោះ លោកកាន់តំណែងជាអភិបាលខណ្ឌជ្រោយចង្វារ ជាខណ្ឌដែលអាគារខុនដូមេគង្គហ្កាឌិន (Mekong Garden) មានទីតាំងស្ថិតនៅ។ 

ប៉ុន្មានម៉ោងក្រោយមក បុរសប៉ុន្មាននាក់ក្នុងសម្លៀកបំពាក់ធម្មតា ដែល Sam និយាយថា ពួកគេអាចជាប៉ូលិសឬទាហានបានមកដល់អាគារមេគង្គហ្កាឌិន និងបានបើកសោរចូលក្នុងអាផាតមិនរបស់លោក វ៉ាន់ឆាឡឺម។ បុរសម្នាក់ក្នុងចំណោមអ្នកឯទៀតដែលស្គាល់ថាធ្វើការឱ្យលោក ឃ្លាំង ហួត បានប្រាប់ឱ្យអ្នករស់នៅក្នុងអាគារនោះ៣នាក់ ឱ្យយកសម្ភារសំខាន់ៗ ឧបករណ៍អេឡិចត្រូនិច និងឯកសារចេញពីបន្ទប់របស់ វ៉ាន់ឆាឡឺម។ អ្នកទាំង៣បានធ្វើតាម ហើយបានយកសម្ភារនោះឱ្យទៅមនុស្សរបស់លោក ឃ្លាំង ហួត។​

អាផាតមិនរបស់លោកវ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ (Wanchalearm Satsaksit) នៅខុនដូ Mekong Gardens ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ជាថ្ងៃដែលគាត់ត្រូវបានចាប់ពង្រត់។
របស់របរដែលបន្សល់ទុកក្នុងអាផាតមិនរបស់លោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ (Wanchalearm Satsaksit) នៅខុនដូ Mekong Gardens ក្នុងរាជធានីភ្នំពេញ រួមទាំងទឹកអាល់កុលបាញ់សម្លាប់មេរោគដែលមានស្លាកសញ្ញាគណបក្សភឿថៃផងដែរ។

បន្ទាប់ពីមានការចាប់ពង្រត់ ជនជាតិថៃនិរទេសខ្លួនដែលកំពុងនៅកម្ពុជា ដោយមិនចង់ឱ្យមានការលាតត្រដាងនិងអាចក្លាយជាអ្នកបាត់ខ្លួនបន្ទាប់ លោក Ben* (ប៊ែន) ដែលជាមិត្តចាស់របស់លោក វ៉ាន់ឆាឡឺម ពេលនោះកំពុងស្ថិតនៅប្រទេសថៃ បានទទួលនូវការហៅទូរសព្ទចូលជាច្រើនដងពីជនជាតិថៃនិរទេសខ្លួននៅភ្នំពេញ សួរលោកថាតើគេគួរធ្វើបែបណាទៀតចំពោះសម្ភារសេសសល់លោក វ៉ាន់ឆាឡឺម។

Ben និងអ្នកនិរទេសខ្លួនជឿថា ឧបករណ៍ដែលនៅសេសសល់ទាំងនោះមានផ្ទុកនូវព័ត៌មានផ្ទាល់ខ្លួនអំពីសកម្មជនថៃឯទៀតដែល វ៉ាន់ឆាឡឺម បានជួយឬបានទាក់ទង និងដោយសារតែសង្កេតឃើញថា កាលពីថ្មីៗប៉ុន្មានឆ្នាំមុននោះ សកម្មជនប្រឆាំងថៃមួយចំនួននៅប្រទេសឡាវបានបាត់ខ្លួន Ben និយាយថា គាត់មានការបារម្ភថា ព័ត៌មាននៅលើឧបករណ៍របស់ វ៉ាន់ឆាឡឺម អាចនឹងនាំឱ្យមានការបាត់ខ្លួនអ្នកផ្សេងៗទៀតនៅកម្ពុជា។ 

Ben បានប្រាប់ Prachatai និង VOD ថា៖ «គ្រប់គ្នាសួរខ្ញុំថា តើគេគួរធ្វើអ្វីទៀត​?​ ខ្ញុំនិងអ្នកនិរទេសខ្លួនឯទៀតដឹងថា តារ ជាអ្នកជួយអ្នកផ្សេងៗ ដូច្នេះច្បាស់ជាមានឯកសារច្រើន [នៅក្នុងនោះ]»។

Ben បន្តថា៖ «ពីដំបូង ខ្ញុំប្រាប់ពួកគេថាឱ្យកម្ទេចចោល [សម្ភាររបស់លោក វ៉ាន់ឆាឡឺម]។ គេសួរខ្ញុំធ្វើយ៉ាងម៉េច! ម្នាក់ថាគួរតែបោះចូលក្នុងទន្លេមេគង្គនៅក្រោយអាគារហ្នឹង។ ប៉ុន្តែដោយខ្លាចគេអាចស្រង់យកមកវិញបាន ខ្ញុំក៏បានប្រាប់ថា ដើម្បីកុំឱ្យយកមកវិញបាន មានតែដុតចោល»។

ការសម្រេចចិត្តដ៏រហ័ស ដើម្បីលាក់ភស្តុតាងពាក់ព័ន្ធនឹងការរស់នៅរបស់លោក វ៉ាន់ឆាឡឺម នៅកម្ពុជា គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលធ្វើឱ្យប្រវត្តិរបស់សកម្មជនរូបនេះមានភាពមិនច្បាស់លាស់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ការស៊ើបអង្កេតរបស់អាជ្ញាធរថៃពុំមានការរីកចម្រើនសោះ ចំណែកអាជ្ញាធរកម្ពុជាវិញថា «បានបញ្ចប់ការស៊ើបអង្កេត» លើរឿងក្ដីនេះហើយ បើទោះបីមានសំណួរជាច្រើនចំពោះវីដេអូពីកាមេរ៉ាសុវត្ថិភាព CCTV បង្ហាញរថយន្តតូយូតា (Toyota Highlander SUV) បោះពួយចេញពីអាគារមេគង្គហ្កាឌិន ដែលទំនងលោក វ៉ាន់ឆាឡឺម ស្ថិតនៅខាងក្នុងនោះ និងមានលិខិតឆ្លងដែនខ្មែរ និងកុងធនាគារដែលមានឈ្មោះខ្មែរ «សុខ ហេង» ដែលសន្មតថាជារបស់លោក វ៉ាន់ឆាឡឺម។

រូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញពីយានជំនិះដែលត្រូវបានអះអាងថា ពាក់ព័ន្ធនឹងទង្វើចាប់ពង្រាត់ដែលត្រូវបានគេសង្ស័យថាបានប្រព្រឹត្តទៅលើលោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីក្រុងភ្នំពេញ បង្ហោះផ្សាយដោយ Prachatai។

យ៉ាងណាក៏ដោយ​ ការជឿថាមានការបំផ្លាញនូវភស្តុតាងបានបង្ហាញពន្លឺនូវទិដ្ឋភាពលាក់បាំងនៃជីវិតរបស់លោក វ៉ាន់ឆាឡឺម លើសពីបុគ្គលសាធារណៈ ដែលជាអ្នកអត្ថាធិប្បាយនយោបាយតាមអនឡាញ។ នៅក្នុងបទសម្ភាសជាមួយមិត្តភក្តិ អ្នកជិតខាង និងអតីតមិត្តរួមការងារ និងរូបភាពនៅលើបណ្ដាញសង្គមបានបង្ហាញនូវទំនាក់ទំនងដោយផ្ទាល់របស់គាត់ជាមួយឥស្សរជននយោបាយទាំងនៅប្រទេសថៃ​និងកម្ពុជា និងតួនាទីសំខាន់របស់គាត់នៅក្នុងបណ្ដាញសម្ងាត់ជនជាតិថៃនិរទេសខ្លួនដែលរស់នៅប្រទេសកម្ពុជា អ្នកខ្លះជឿថាព័ត៌មានដែលលោក វ៉ាន់ឆាឡឺម មានទាំងនោះ អាចធ្វើឱ្យពួកគេស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។

យោងតាមលោកស្រី ស៊ីថានុន សាត់ស័ក្តិសិទ្ធ ជាបងស្រីរបស់លោក វ៉ាន់ឆាឡឺម ថាបើសិនជាពុំមានការលេងខូចណាមួយនៅពីក្រោយការបាត់ខ្លួននេះទេ ម៉្លេះពុំចាំបាច់មានការសម្អាតបន្ទប់ ពុំចាំបាច់កម្ទេចចោលនូវវត្ថុសម្ភាររបស់គាត់នោះទេ។ 

លោក ស៊ុនណៃ ផាស៊ុក (Sunai Phasuk) អ្នកស្រាវជាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights​​​ Watch) ថា «អ្វីដែលកើតឡើងជុំវិញករណីរបស់លោក វ៉ាន់ឆាឡឺម បានគាស់នូវកណ្ដឹងរោទ៍ថា នេះគឺពិតជាខុសយ៉ាងធ្ងន់ធ្ងរ»​

លោកបន្ថែមថា៖ «រឿងនេះមានការបិទបាំង មានការបង្វែរ ហើយអ្នកណាដែលពាក់ព័ន្ធជាមួយករណីនេះ គឺមានឥទ្ធិពលសម្បើមគ្រប់គ្រាន់ដើម្បីអាចបិទបាំងរឿងនេះបានទាំងស្រុង ដែលពុំអនុញ្ញាតឱ្យការពិតបានឃើញនូវពន្លឺ​»។ 

អ្នកជ្រោមជ្រែងជនជាតិថៃនិរទេសខ្លួន

លោក វ៉ាន់ឆាឡឺម ជាបុគ្គលម្នាក់ក្នុងចំណោមសកម្មជនថៃឯទៀតដែលត្រូវបានកោះហៅនៅក្នុងឆ្នាំ២០១៤ ​​ដោយក្រុមប្រឹក្សាយោធាថៃដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងគណបក្សភឿថៃរបស់លោកស្រី តាមរយៈរដ្ឋប្រហារ។ លោក វ៉ាន់ឆាឡឺម បានគេចខ្លួនមកកម្ពុជា ជាជាងបង្ហាញខ្លួនឬរង់ចាំការចាប់ខ្លួន។ 

បន្ទាប់ពីបានមកដល់កម្ពុជា លោកបានចាប់ផ្ដើមបង្កើតមិត្តភាពជាមួយបុគ្គលមានទ្រព្យសម្បត្តិ និងបុគ្គលដែលមានឥទ្ធិពលនយោបាយនៅកម្ពុជា។

Ben ឱ្យដឹងថា៖ «គាត់អាចរាប់អានអ្នកណាក៏បាន។ ចាប់ពីអ្នកភូមិ ទៅឥស្សរជន […] នេះជាចរិតពិតរបស់គាត់ នៅពេលគេស្គាល់គាត់ គេស្រឡាញ់អត្តចរិតគាត់ និងនាំគាត់ទៅផឹកស៊ី និងនិយាយពីការងារ»។

ដោយសារតែការមានទំនាក់ទំនង សកម្មជនប្រឆាំងថៃដែលចង់បានដោយក្រុមយោធា បានសុំជំនួយពីគាត់ដើម្បីរត់ចេញមកប្រទេសកម្ពុជា។ យោងតាមលោក Ben ថាលោក វ៉ាន់ឆាឡឺម បានជួយផ្ដល់យោបល់ពួកគេ ដើម្បីឆ្លងដែនចូលមកកម្ពុជា និងរបៀបនៃការបន្លំខ្លួន។ 

លោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ នៅក្បែរអាងទឹកក្នុងបរិវេណខុនដូ Mekong Gardens ក្នុងទីក្រុងភ្នំពេញ ក្នុងកម្រងរូបថតចេញពីវីដេអូថតដោយមិត្តភក្តិលោក កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោក Ben និយាយថា បន្ទាប់ពីរស់នៅប្រទេសកម្ពុជាបានប៉ុន្មានឆ្នាំ នៅពេលដែលជនជាតិថៃនិរទេសខ្លួនណាមួយពុំអាចត្រលប់ទៅផ្ទះវិញបានឆាប់ៗនោះទេ លោក វ៉ាន់ឆាឡឺម ក៏បានកើតគំនិតចង់វិនិយោគជំនួញផ្សេងៗ ដើម្បីជួយទ្រទ្រង់ការរស់នៅរបស់ពួកគេ។ 

ក្នុងចំណោមនោះ វ៉ាន់ឆាឡឺម បានបង្កើតភោជនីយដ្ឋានបែបថៃមួយដែលបើកដំណើរការនៅក្បែរអាគារមេគង្គហ្កាឌិន ដើម្បីបង្កើតជាមុខរបរ និងចិញ្ចឹមជីវិតជនជាតិថៃភៀសខ្លួននៅទីនោះ។ 

Kyle* (ខៃល៍) ជាសកម្មជនប្រឆាំងថៃម្នាក់ ដែលរស់នៅលើអាគារមេគង្គហ្កាឌិន បានប្រាប់ថា លោកនិងអ្នកនិរទេសខ្លួនឯទៀតបានធ្វើការនៅភោជនីយដ្ឋាននោះ ដើម្បីកុំឱ្យខ្លួនទំនេរពេក និងដើម្បីបានចំណូលបន្ថែម ក្រៅពីប្រាក់ប្រចាំខែដែលផ្ដល់ដោយមនុស្សរបស់លោក ឃ្លាំង ហួត។ Kyle ថា​ទុនដំបូងដែលបើកដំណើរការជំនួញនេះ គឺបានពីលោក វ៉ាន់ឆាឡឺម។

មួយខែមុនលោក វ៉ាន់ឆាឡឺម បានបាត់ខ្លួន Kyle ថាមានបុរសមានកំពស់ខ្ពស់ មាឌស្ដើង បានចាប់ផ្ដើមបង្ហាញខ្លួននៅផ្លូវថ្មើរជើងទល់មុខនឹងហាងជារៀងរាល់រសៀលឬពេលល្ងាច ប៉ុន្តែពុំដែលចូលមកខាងក្នុងដើម្បីទិញអាហារទេ។ Kyle ពុំអាចចំណាំបានបុរសម្នាក់នោះទេ ហើយក៏គ្មាននរណាម្នាក់នៅក្នុងហាងបាននិយាយជាមួយគាត់ដែរ តែក្រោយពីលោក វ៉ាន់ឆាឡឺម បានបាត់ខ្លួន គាត់ពុំដែលឃើញបុរសម្នាក់នោះមកទៀតនោះទេ។

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ អ្នកនាង Sitanan Satsaksit ដែល​ជា​បងស្រី​របស់​លោក វ៉ាន់ ឆា​ឡឺម មក​ដាក់​ភស្តុតាង​បន្ថែម និង​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​បន្ត​ករណី​ប្អូនប្រុស​អ្នកនាង​បាត់ខ្លួន​នៅ​កម្ពុជា កាលពី​ថ្ងៃទី០៤ ខែមិថុនា។ (ជន ចាន់​រ៉ែ​ន)

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅពីរថ្ងៃមុនលោក វ៉ាន់ឆាឡឺម ត្រូវបានគេចោទថាត្រូវបានគេចាប់ពង្រត់ Kyle បានរំឭកឡើងវិញថា ខណៈខ្លួនកំពុងរៀបចំរូបមន្តគុយទាវសម្រាប់ហាង លោក វ៉ាន់ឆាឡឺម​ បានផ្ញើសារមួយមកថា គាត់កំពុងតែតានតឹង។ 

«ខ្ញុំប្រហែលជាមានបញ្ហាធ្ងន់ធ្ងរហើយ បញ្ហាដ៏អាក្រក់មួយ។ តែមិនអីទេ! កុំខ្វល់ពីវាអី! ខ្ញុំនឹងជួយការងារឯងនៅក្នុងហាងគុយទាវរាល់ថ្ងៃ» វ៉ាន់ឆាឡឺម បានសរសេរ។ 

តែ Kyle ពុំបានសួរបញ្ជាក់លម្អិតថាបញ្ហានោះជាអ្វីនោះឡើយ។ 

នៅថ្ងៃទី៤ ខែមិថុនា នៅអំឡុងម៉ោង៤ល្ងាច មួយម៉ោងមុនលោក វ៉ាន់ឆាឡឺម ត្រូវបានគេជឿថាត្រូវបានចាប់ពង្រត់ វ៉ាន់ឆាឡឺម បានផ្ញើរូបមន្ត្តធ្វើគុយទាវឱ្យទៅ Kyle និងបាននិយាយលេងសើចពីឈ្មោះនៃមុខម្ហូប។ 

គាត់ក៏បានលើកឡើងពីបញ្ហារបស់គាត់ថាខ្ចីលុយពីមិត្តភក្តិមិនបាន ដើម្បីគាំទ្រការបណ្ដាក់ទុនអាជីវកម្មរបស់គាត់បន្ដ។ 

ពាក្យប៉ុន្មានម៉ាត់នោះជាអ្វីដែល Kyle បានឮជាលើកចុងក្រោយពីលោក វ៉ាន់ឆាឡឺម។

ពួកម៉ាកផឹកស៊ីរបស់លោកអភិបាល

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំនេះ លោកស្រី ស៊ីថានុន បានបង្ហោះរូបភាមួយនៅលើហ្វេសបុក ដែលនៅក្នុងរូបនោះមានប្អូនប្រុសរបស់គាត់ឈរក្បែរបុរសម្នាក់ទៀតដែលមានវ័យចាស់ជាង ​នៅខាងមុខផ្ទៃទឹក។ រូបនោះបានបង្ហាញបុរសពីរនាក់ញញឹម ដៃកាន់ក្ដាមបង្ហាញមកកាន់កាមេរ៉ា។ បុរសម្នាក់នោះគឺជាលោក ឃ្លាំង ហួត អតីតអភិបាលខណ្ឌជ្រោយចង្វារ​។ តាមប្រភពចំនួនប្រាំបានប្រាប់ថា លោក ឃ្លាំង ហួត គឺជាអ្នកដែលមានតួនាទីជួយជនជាតិថៃនិរទេសខ្លួនមកកម្ពុជា ក្រោយពីរដ្ឋប្រហារនៅឆ្នាំ២០១៤។ ប្រភពចំនួន៣បានប្រាប់ថា លោក ឃ្លាំង ហួត តែងតែជួបលោក វ៉ាន់ឆាឡឺម ផឹកស៊ីជាច្រើនដងក្នុងមួយឆ្នាំ។ 

Kyle ថាគាត់បានជួបលោក ឃ្លាំង ហួត ក្រោយពីបានផ្លាស់ប្ដូរមករស់នៅក្នុងអាគារមេគង្គហ្កាឌិន គាត់ថាលោកអភិបាលបានជួយអ្នកនិរទេសខ្លួនជនជាតិថៃឱ្យបានកន្លែងស្នាក់នៅនៅក្រុងភ្នំពេញ ផ្ដល់ថវិកាជាប្រចាំ និងនាំពួកគេចេញទៅញ៉ាំអាហារនិងផឹកស៊ី។ 

នៅពេលដែលជនជាតិថៃនិរទេសខ្លួនណាមួយឈឺ និងត្រូវជួបដុកទ័រ «លោកនាយកនឹងយកចិត្តទុកដាក់ចំពោះយើង និងផ្គត់ផ្គង់ការចំណាយ បើសិនវាជារឿងធំដុំ» Kyle និយាយសំដៅដល់លោក ឃ្លាំង ហួត។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាជំនួយការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ (Wanchalearm Satsaksit)ដែលត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០២០។

Ekapob Laura ជាជនជាតិថៃនិរទេសខ្លួនម្នាក់ទៀតដែលចង់បានដោយរដ្ឋាភិបាលថៃ លោកត្រូវបានគេចោទពីបទរិះគន់ព្រះមហាក្សត្រថៃ និងបានមករស់នៅប្រទេសកម្ពុជាប៉ុន្មានខែ នៅឆ្នាំ២០១៤។​ លោកថា លោក ឃ្លាំង ហួត បានចំណាយលើថ្លៃម្ហូបអាហារ អ៊ីនធឺណិត និងការស្នាក់នៅ។ តែយ៉ាងណា Ekapob ថាការផ្ដល់ឱ្យទាំងនេះបានមកដោយមានលក្ខខណ្ឌ ដោយគាត់អាចចំណាយពេលក្រៅកន្លែងស្នាក់នៅបាននៅក្នុងម៉ោងកំណត់ដោយលោក ឃ្លាំង ហួត ប៉ុណ្ណោះ ហើយអ្នកភៀសខ្លួនថៃដទៃទៀតនឹងឆែកមើលទូរសព្ទរបស់គាត់ ដើម្បីមើលឱ្យច្បាស់ថាលោកពុំបានចែករំលែកទីតាំងកន្លែងស្នាក់នៅទៅអ្នកផ្សេងឯទៀត។

Ekapob និយាយថា៖ «ខ្ញុំមិនចាំបាច់ធ្វើអ្វីនោះទេ មានគេផ្ដល់អាហារឱ្យខ្ញុំ មានគេផ្ដល់ប្រាក់ដល់ខ្ញុំ តែវាពុំមានអនាគតនោះទេ។ នេះប្រហែលជាជីវិតដែលមនុស្សជាច្រើនស្រមៃចង់បាន មិនចាំបាច់ធ្វើការតែមានលុយចាយ ប៉ុន្តែនេះមិនមែនជាជីវិតដែលខ្ញុំចង់បាននោះទេ»។

នៅពេលលោក Ekapob និងសង្សារបានរត់ចេញពីទីកន្លែងស្នាក់នៅដែលគេដឹងថាជារបស់ លោក ឃ្លាំង ហួត ក្រោយរស់នៅបានប៉ុន្មានខែ លោក ឃ្លាំង ហួត បានព្យាយាមបញ្ចុះបញ្ចូលឱ្យគាត់ត្រឡប់មកវិញ។ 

«ហៅទូរសព្ទមកខ្ញុំ នៅពេលដែលអ្នកទំនេរ។ កុំភ្លេចណា នេះជារឿងបន្ទាន់» លោក ឃ្លាំង ហួត បានប្រាប់ទៅ Ekapob ជាភាសាថៃ នៅក្នុងសម្លេងថតទុកមួយដែល VOD និង Prachatai បានស្ដាប់ឮ។

យ៉ាងណា Ekapob បានបដិសេធមិនត្រលប់ទៅវិញ ឬប្រាប់ពីទីតាំងរបស់លោកទេ។ ក្រោយពីបានលាក់ខ្លួននៅខាងក្រៅទីក្រុងភ្នំពេញនាចុងឆ្នាំ២០១៤ បន្ទាប់មកលោកនិងសង្សារ​ក៏ត្រូវបានផ្ដល់នូវសិទ្ធិជ្រកកោននៅប្រទេសណូវែលហ្សេឡង់ (New Zealand) ដែលពួកគេកំពុងរស់នៅសព្វថ្ងៃជាមួយកូនៗចំនួន៣នាក់។

Ekapob ថា៖ «លោក ឃ្លាំងហួត ខឹងដែលគាត់ពុំអាចលូកដៃក្នុង [កិច្ចការសុំសិទ្ធិជ្រកកោន] ដើម្បីឱ្យការដាក់ពាក្យរបស់ខ្ញុំត្រូវបានច្រានចោល។ គាត់ព្យាយាមប្រាប់ខ្ញុំកុំទៅទីណា នៅជាមួយខ្ញុំទីនេះហើយ ប្រាប់ខ្ញុំមកអ្វីដែលមិនទាន់ពេញចិត្ត តើចង់បានប្រាក់ប៉ុន្មាន ប្រាប់ខ្ញុំមក។ [តែ] នៅពេលនោះ ខ្ញុំមិនចង់បានប្រាក់នោះទេ ខ្ញុំចង់បានអនាគត»។

បើតាមលោក Sunai Phasuk នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោកថា លោក ឃ្លាំង ហួត មានតួនាទីសំខាន់ ដើម្បីដឹងអំពីជនជាតិថៃណាភៀសខ្លួនមកនៅភ្នំពេញដែលបានធ្វើទង្វើណាមួយបំពានលក្ខខណ្ឌនៃការស្នាក់នៅរបស់ពួកគេ។ 

Sunai និយាយថា៖ «ការស្នាក់នៅរបស់ជនជាតិថៃភៀសខ្លួន និងអ្វីៗដែលពួកគេធ្វើ គឺស្ថិតក្រោមការឃ្លាំមើលរបស់គាត់។ មិនថារឿងល្អ​ឬអាក្រក់ អ្វីដែលកើតឡើងទៅលើជនជាតិថៃទាំងនោះ​ គាត់គួរតែដឹង!​ ហើយពុំមានអ្វីធ្ងន់ធ្ងរពេកនោះទេ ចំពោះការចាប់ពង្រត់ទាំងថ្ងៃសុទ្ធតែអាចកើតឡើងបាន បន្ទាប់មកជនល្មើសអាចគេចខ្លួនបាត់»។ 

នៅក្នុងបទសម្ភាសមួយ លោក ឃ្លាំង ហួត ដែលក្លាយជាអភិបាលរងរាជធានីភ្នំពេញ នៅខែកក្កដានេះ បានបដិសេធថាលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក វ៉ាន់ឆាឡឺម។

គាត់និយាយថា៖ «ខ្ញុំស្គាល់ជនជាតិថៃច្រើនណាស់ រាប់រយនាក់ឯណោះ»។

លោក ឃ្លាំង ហួត ថាបានជួបលោក វ៉ាន់ឆាឡឺម នៅពេលដែលសកម្មជនរូបនេះបានមកប្រទេសកម្ពុជា ក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ លោកបានបដិសេធអធិប្បាយបន្ថែមអំពីការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម លោកថាមិនពាក់ព័ន្ធនឹងកិច្ចការអនុវត្តច្បាប់នោះទេ គ្រាន់តែដឹងរឿងបាត់ខ្លួននេះតាមសារព័ត៌មានប៉ុណ្ណោះ។ 

យ៉ាងណា លោក ឃ្លាំង ហួត ថាប៉ូលិសបានសាកសួរគាត់ខ្លះៗដែរ ក្រោយលោក វ៉ាន់ឆាឡឺម បានបាត់ខ្លួន ហើយគាត់បានបង្ហាញចម្ងល់ទាក់ទងនឹងរឿងនេះដែរថា «គ្មាននរណាម្នាក់ធ្វើ [ចាប់ពង្រត់] ទាំងកណ្ដាលវាលដូច្នេះទេ។ អ្វីដែលកើតឡើងចំពោះលោក វ៉ាន់ឆាឡឺម កុំគិតថាវាជារឿងនយោបាយទាំងអស់នោះ វាអាចជារឿងផ្ទាល់ខ្លួនផងដែរ»។ 

លោក ឃ្លាំង ហួត បានបដិសេធអំពីតួនាទីរបស់លោកក្នុងការជួយដល់អ្នកនិរទេសខ្លួនជនជាតិថៃ។

គាត់និយាយថា៖ «ខ្ញុំអត់មានលទ្ធភាពជួយពួកគេទេ ខ្ញុំមានលុយពីណាជួលកន្លែងឱ្យគេនៅ»។​

ផ្ទុយពីអ្វីដែលលោក ឃ្លាំង ហួត បានលើកឡើង បុរសចូលនិវត្តន៍ម្នាក់ដែលរស់នៅក្នុងខណ្ឌតែមួយនៃអាគារដែល Ekapob បានស្នាក់នៅ បាននិយាយថា គាត់បានជួបជនជាតិថៃភៀសខ្លួនមួយចំនួននៅក្នុងតំបន់នោះ ក្រោយប្រទេសថៃមានរដ្ឋប្រហារនៅឆ្នាំ២០១៤ ហើយជនជាតិថៃទាំងនោះបានស្នាក់នៅលើអាគារកម្ពស់៤ជាន់ដែលស្គាល់ថាជារបស់លោក ឃ្លាំង ហួត។ បុរសចូលនិវត្តន៍នោះបាននិយាយថា មនុស្សធ្វើការឱ្យលោក ឃ្លាំង ហួត មកមើលអាគារនេះជារៀងរាល់ខែ។

ទំនាក់ទំនងរវាងលោក ឃ្លាំង ហួត និងលោក វ៉ាន់ឆាឡឺម និងជនជាតិថៃនិរទេសខ្លួនផ្សេងទៀត ពុំមែនជារឿងតែម្យ៉ាងដែលលោក ឃ្លាំង ហួត ព្យាយាមនិយាយសម្រាលនោះទេ។ 

លោក ឃ្លាំង ហួត បានចែកចាយរូបថតខ្លួនលោក និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅលើគណនី Instagram របស់លោក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។
ប៉ុន្មានសប្ដាហ៍ក្រោយមក លោក ឃ្លាំង ហួត បានចែករំលែករូបថតមួយសន្លឹកទៀតជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

នៅលើគណនីបណ្ដាញសង្គមផ្លូវការរបស់លោកបានបង្ហាញនូវរូបថតមួយចំនួនដែលថតរវាងគាត់និងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មេចលនាអាវក្រហមថៃ និងលោកស្រី យីងឡាក់ ដែលអ្នកទាំងនោះត្រូវបានគេដកចេញពីអំណាចតាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០០៦។ សកម្មជនប្រឆាំងថៃដែលបានចាកចេញមកប្រទេសកម្ពុជាក្រោយរដ្ឋប្រហារ រួមទាំងលោក វ៉ាន់ឆាឡឺម គឺជាអ្នកគាំទ្រចលនាអាវក្រហម និងមានទំនាក់ទំនងជាមួយគណបក្សភឿថៃរបស់លោក ថាក់ស៊ីន។ 

លោក ឃ្លាំង ហួត បានទទួលស្គាល់ថា លោកបានជួបលោក ថាក់ស៊ីន ពីរដង ប៉ុន្តែលោកថា ពុំស្គាល់គ្នាជិតដិតនោះទេ។ លោកថាបានជួបលោក ថាក់ស៊ីន ដោយចៃដន្យ​ នៅហុងកុង នៅពេលដើរហាងទិញអីវ៉ាន់ជាមួយគ្រួសារ និងបានសុំថតរូបជាមួយលោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ដែលសកម្មភាពនេះ លោកថាក៏បានធ្វើជាមួយបុគ្គលល្បីឬថ្នាក់ដឹកនាំផ្សេងទៀតដែរ។

លោក ឃ្លាំង ហួត ថា៖ «នៅពេលខ្ញុំដើរលេង និយាយរឿងថតរូប ខ្ញុំហ្នឹងស្ដេច[ថតរូប]ហើយ»។ 

រូបភាពមួយចំនួនដែលបង្ហោះនៅលើបណ្ដាញអ៊ីនស្តាក្រាម (Instagram) របស់លោក ឃ្លាំង ហួត នៅឆ្នាំ២០១៥ បានបង្ហាញពីរូបថតលោកទាំងពីរ [លោក ឃ្លាំង ហួត និងលោក ថាក់ស៊ីន] និងមួយសន្លឹកទៀតជារូបរបស់បុរសពីរនាក់ [លោក ឃ្លាំង ហួត និងលោក ថាក់ស៊ីន] ជាមួយនឹងគ្រួសារបស់ពួកគេ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅទីលានវាយកូនហ្គោល ក្នុងរូបថតមួយសន្លឹកបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ឃ្លាំង ហួត កាលពីឆ្នាំ២០១២។

រូបមួយសន្លឹកដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ឃ្លាំង ហួត នៅឆ្នាំ២០១២ បានបង្ហាញពីរូបបុរសថតជាក្រុម រួមទាំងលោក ឃ្លាំង ហួត លោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងទីតាំងវាយកូនហ្គោលមួយ ដែលទំនងជាក្លឹបកូនហ្គោល​ Royal Brunei Golf and Country Club។​

ប៉ុន្តែលោក ឃ្លាំង ហួត បានសួរថា៖ «មានបញ្ហាអីជាមួយរូបហ្នឹង»?

រយៈពេល២ម៉ោងក្រោយបទសម្ភាស រូបនោះពុំអាចមើលឃើញជាសាធារណៈបានទៀតនោះទេនៅលើទំព័រហ្វេសបុករបស់លោក ឃ្លាំង ហួត។ 

មានរូបរាប់សិបសន្លឹកដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ឃ្លាំង ហួត នៅក្នុងឆ្នាំ២០១២ បានបង្ហាញរូបគាត់ជាមួយបុគ្គលនយោបាយថៃជាច្រើន រួមទាំងថ្នាក់ដឹកនាំចលនាអាវក្រហម អតីតសមាជិកសភា និងរដ្ឋមន្រ្តីមកពីគណៈរដ្ឋមន្ត្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

លោក ឃ្លាំង ហួត ថា៖ «ខ្ញុំជាមនុស្សចូលចិត្តផឹក មនុស្សដែលចូលចិត្តផឹកមានមិត្តច្រើន កុំទៅឆ្ងល់រឿងហ្នឹង»។

លោកបន្តថា៖ «ជនជាតិខ្មែរអាចមានមិត្តជាមួយបរទេសបាន កុំតែរឿងនយោបាយ! ខ្ញុំជួបជាមួយក្រុមអាវក្រហម ព្រោះខ្ញុំចូលចិត្តពាក់ពណ៌ក្រហមដែរហ្នឹង»។ 

អមជាមួយនឹងរូបថតបង្ហាញពីលោក ឃ្លាំង ហួត និងលោក វ៉ាន់ឆាឡឺម នៅជាមួយគ្នានៅក្នុងការបង្ហោះរបស់លោកស្រី ស៊ីថានុន លោកស្រីបានដាក់ចំណងជើងលើការបង្ហោះនោះថា «វាមិនទាន់ចប់ទេ យើងនឹងលេងល្បែងថ្មីឆាប់ៗ»។ 

យ៉ាងណា លោកស្រីបានបដិសេធមិនអធិប្បាយបន្ថែម។

ភ្នាក់ងារឱ្យគណបក្សភឿថៃ

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ស៊ីថានុន សាត់ស័ក្តិសិទ្ធ (Sitanun Satsaksit) បានបង្ហោះរូបថតប្អូនប្រុសរបស់លោកស្រី គឺលោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ (Wanchalearm Satsaksit) អង្គុយនៅលើរថភ្លើងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នៅលើហ្វេសប៊ុក និងបានជូនពរថ្ងៃខួបកំណើតអតីតនាយករដ្ឋ មន្រ្តីថៃរូបនេះ។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ស៊ីថានុន បានបង្ហោះរូបមួយសន្លឹកទៀត ដែលបានទាក់ទាញចំណាប់អារម្មណ៍ចំពោះទិដ្ឋភាពនៃជីវិតរបស់លោក វ៉ាន់ឆាឡឺម ដែលមានភាពស្រពេចស្រពិលក្រោយលោកបានបាត់ខ្លួន។ រូបភាពនោះបានបង្ហាញរូបលោកជាមួយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

ទោះបីលោក វ៉ាន់ឆាឡឺម ត្រូវបានគេស្គាល់ថាជាអ្នករិះគន់ឡកឡឺយរឿងនយោបាយតាមអនឡាញ និងជាអ្នករិះគន់របបយោធា តាមប្រភពចំនួន៤បាននិយាយថា លោកក៏មានទំនាក់ទំនងស៊ីជម្រៅនៅក្នុងចលនាអាវក្រហម និងក្នុងគណបក្សភឿថៃ។

យោងតាមលោកស្រី ស៊ីថានុន លោក វ៉ាន់ឆាឡឺម បានធ្វើការឱ្យអភិបាលក្រុងបាងកកបច្ចុប្បន្ន លោក ឆាត់ឆាត​ ស៊ីទីផាន់ (Chadchart Sittipunt) កាលលោកនៅជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ក្រោមរដ្ឋាភិបាលអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីឆ្នាំ២០១២ ដល់២០១៤។ លោកវ៉ាន់ឆាឡឺម ត្រូវបានគេស្គាល់នៅក្នុងរង្វង់គណបក្សភឿថៃ ថាបានជួយរៀបចំរូបភាពមួយដែលលោក Chadchart ដើរដោយជើងទទេជាមួយសម្លៀកបំពាក់ហាត់កីឡា រូបដែលត្រូវបានគេផ្សាយតាមអនឡាញនៅឆ្នាំ២០១៣ និងចាប់ផ្ដើមសុះសាយឡើងវិញជាថ្មីទៀត នៅពេលដែលលោកធ្វើយុទ្ធនាការបោះឆ្នោតអភិបាលក្រុងនៅឆ្នាំនេះ។ លោក Chadchart ពុំទាន់ឆ្លើយតបចំពោះការសុំផ្ដល់ការអធិប្បាយនៅឡើយ។

Ben ជាមិត្តភក្តិរបស់លោក វ៉ាន់ឆាឡឺម ដែលបានផ្ដល់យោបល់ឱ្យដុតចោលនូវវត្ថុ ទ្រព្យសម្បត្តិផ្សេងៗរបស់លោក វ៉ាន់ឆាឡឺម ក្រោយពីលោកត្រូវបានបាត់ខ្លួន ក្នុងបំណងដើម្បីការពារនូវសុវត្ថិភាព និយាយថា លោក វ៉ាន់ឆាឡឺម ត្រូវបានគេឱ្យប្រឹក្សាយោបល់ទៅកាន់បេក្ខជនមកពីគណបក្សភឿថៃម្នាក់ ទៅលើគោលនយោបាយភាពចម្រុះនៃយេនឌ័រនៅក្នុងឆ្នាំ២០១៣ ហើយលោក វ៉ាន់ឆាឡឺម ក៏ជាក្រុមអ្នកគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់លោក Chadchart ផងដែរ ដែលក្រោយមក តុលាការធម្មនុញ្ញថៃបានរកឃើញថា គម្រោងនេះខុសច្បាប់នៅឆ្នាំ២០១៤។ 

នុតទីហ្កា វ៉ូរ៉ាទុនយ៉ាវីត​ (Nuttigar Woratunyawit) សកម្មជនថៃម្នាក់ដែលភៀសខ្លួនចេញពីប្រទេស ក្រោយត្រូវបានចោទប្រកាន់ពីបទនាំឱ្យមានការបះបោរ និងបរិហារកេរ្តិ៍ព្រះមហាក្សត្រ​ថៃ ដោយសារការចំអកឡកឡាយនៅលើទំព័រហ្វេសបុក។ លោកថា វ៉ាន់ឆាឡឺម គឺជាអ្នកចាប់ផ្ដើមម្នាក់ដែលបង្កើតបណ្ដាញសកម្មជនអាវក្រហមតាមអនឡាញ និងគណបក្សភឿថៃ ដើម្បីប្រឆាំងនឹងគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (People’s Democratic Reform Committee) ដែលបានបង្កើតឡើងដោយក្រុមស្ដាំនិយមគាំទ្រស្ដេចនៅក្នុងឆ្នាំ២០១៣ ដើម្បីទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់។ 

រយៈពេល២ឆ្នាំក្រោយលោក វ៉ាន់ឆាឡឺម ត្រូវបានបាត់ខ្លួន គណបក្សភឿថៃដែលមានអាសនៈជាង១ភាគ៥នៅក្នុងសភាថៃ ពុំបានបង្ហាញនូវសកម្មភាពណាមួយដើម្បីស៊ើបអង្កេត ឬទាមទារឱ្យមានការចាប់អារម្មណ៍ចំពោះការបាត់ខ្លួនលោក វ៉ាន់ឆាឡឺម នោះទេ នេះបើតាមលោក Sunai Phasuk​ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។​

លោក Sunai និយាយថា៖ «ខ្ញុំដឹងថាគាត់មានការចូលរួមនៅក្នុងរង្វង់ខាងក្នុងនៃគណបក្សភឿថៃ និងជាហេតុដែលលោកស្គាល់អ្នកដែលមានតួនាទីធំៗនៅក្នុងបណ្ដាញស៊ីណាវ៉ាត្រា»។

ប៉ុន្តែលោក Sunai ថាវាហាក់ដូចជាគ្មាននរណាម្នាក់មានឆន្ទៈនិយាយអំពីទិដ្ឋភាពនៃប្រវត្តិការងាររបស់លោក វ៉ាន់ឆាឡឺម នោះទេ សូម្បីតែគណបក្សភឿថៃខ្លួនឯង បើទោះជាគណបក្សនេះ និងលោក វ៉ាន់ឆាឡឺម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធក៏ដោយ។

គាត់បន្ថែមថា៖ «ខ្ញុំពុំឃើញមានការខិតខំប្រឹងប្រែងណាមួយពីថ្នាក់ដឹកនាំ[គណបក្ស]ភឿថៃ ដើម្បីជួយជ្រោមជ្រែងការស៊ើបអង្កេតនេះទេ»។

អ្នកនាំពាក្យគណបក្សភឿថៃ លោកស្រី ធីរ៉ារ៉ាត់ សំរឹតវ៉ានីត (Theerarat Samretwanit) បាននិយាយនៅក្នុងខែកក្កដាថា គ្មាននរណាម្នាក់នៅក្នុងគណបក្សមានព័ត៌មានអំពីតួនាទីរបស់លោក វ៉ាន់ឆាឡឺម នៅក្នុងបក្សនោះទេ។

Sunai បានបន្ថែមទៀតថា ការពិតមួយដែលលោក វ៉ាន់ឆាឡឺម មានលិខិតឆ្លងដែនខ្មែរ បានបង្ហាញថា «លោកច្បាស់ជាមានតំណែងខ្ពស់ណាមួយក្នុងបណ្ដាញរបស់[គណបក្ស]ភឿថៃ ទើបអាចទទួលបាននូវការយកចិត្តទុកដាក់ពិសេសនេះ»។

អ្នកស្រាវជ្រាវរូបនេះនិយាយថា៖ «មិនមែនអ្នកនិរទេសខ្លួនអាវក្រហមគ្រប់គ្នាមានលិខិតឆ្លងដែនកម្ពុជានោះទេ មានឈ្មោះខ្មែរ និងអាចចេញចូលកម្ពុជាដោយសេរី ដូចដែលវ៉ាន់ឆាឡឺមបានធ្វើ។ លោកធ្វើដំណើរដោយសេរី អ៊ីចឹងតើលោកមានតួនាទីអ្វីទៅ? និងតើនរណាជួយរៀបចំធ្វើលិខិតឆ្លងដែនកម្ពុជារបស់លោក?»

អ្នកស្រី ស៊ីថានុន (កណ្តាល) និងសកម្មជនផ្សេងទៀតថតរូបនៅមុខស្ថានទូតកម្ពុជានៅទីក្រុងបាងកក កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបានស្នើសុំព័ត៌មានថ្មីៗពីស្ថានទូតស្តីពីការស៊ើបអង្កេតលើការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម។ (Yiamyut Suthichaya/Prachatai)

ចំពោះឧទាហរណ៍ដ៏ល្អមួយដែលនិរទេសជនថៃមានលិខិតឆ្លងដែនខ្មែរនោះ គឺលោកស្រី យីងឡាក់ ដែលត្រូវបានគេជឿថាបានប្រើប្រាស់លិខិតឆ្លងដែនខ្មែរ ដើម្បីចាកចេញពីកម្ពុជា នៅឆ្នាំ២០១៧។ 

លោកស្រី ស៊ីថានុន ថាមានមិត្តភក្តិរបស់លោក វ៉ាន់ឆាឡឺម ដែលគិតថា គណបក្សភឿថៃបានជួយជ្រោមជ្រែងអ្នកស្រី ដើម្បីស្វែងរកចម្លើយជុំវិញការបាត់ខ្លួនប្អូនប្រុសរបស់គាត់។ 

លោកស្រីបាននិយាយថា៖ «នេះធ្វើឱ្យខ្ញុំខឹងជាខ្លាំង ព្រោះខ្ញុំមិនធ្លាប់បានទទួល [ការជួយ] អ្វីនោះទេ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់មកអះអាងថាខ្លួនជួយខ្ញុំនោះទេ។ គេមិនដែលនិយាយសូម្បីតែសុំទោស អ៊ីចឹងគេមកជួយខ្ញុំយ៉ាងម៉េច?»

មនុស្សឆ្កួតនិងសាមញ្ញម្នាក់

ក្រោយពីថ្ងៃដែលមិត្តភក្តិនិងអ្នកជិតខាងរបស់លោក វ៉ាន់ឆាឡឺម បានសម្រេចបំផ្លាញនូវរបស់របររបស់គាត់ មកដល់ពេលបច្ចុប្បន្ន អ្នកដែលធ្លាប់ធ្វើការ និងរួមរស់នៅជាមួយបានព្យាយាមលាក់បាំងនូវទំនាក់ទំនងជាមួយគាត់ ជាជាងចេញមុខមកបង្ហាញនូវភស្តុតាងដើម្បីចង្អុលបង្ហាញថាគាត់នៅទីណា។

ជាមួយនឹងព័ត៌មានតិចតួចដែលមានកាលពី២ឆ្នាំមុន គ្រួសារលោក វ៉ាន់ឆាឡឺម ពុំបានទទួលព័ត៌មានថ្មីនោះទេពីអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ នេះបើតាមមេធាវីរបស់លោកស្រី ស៊ីថានុន។ នៅខែកក្កដា អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោក ខៀវ សុភ័គ បាននិយាយថា «ពុំមានតម្រុយថ្មីនោះទេ» ហើយខាងអ្នកអនុវត្តច្បាប់មូលដ្ឋាន «បានបាត់នូវតម្រុយហើយ»

អ្នកនាំពាក្យរូបនេះថា រូបភាពលោក វ៉ាន់ឆាឡឺម ដែលបានចេញផ្សាយកាលពីមុននោះគឺកាត់ត ហើយខាងអាជ្ញាធរក៏ពុំអាចរកឃើញនូវឯកសារណាមួយបញ្ជាក់ពីការស្នាក់នៅលើអាគារដែលថាលោកបានបាត់ខ្លួននោះទេ។ 

នៅឯប្រទេសថៃវិញ លោក Rangsiman Rome អ្នកនាំពាក្យគណបក្សប្រឆាំង (គណបក្សឈានទៅមុខ ​ឬ Move Forward Party) បាននិយាយថា គណបក្សលោកតាមរយៈសភាបានសាកសួរពីជោគវាសនារបស់លោក វ៉ាន់ឆាឡឺម ដូចជា​ការ​កោះហៅ​ប៉ូលិស​មកបង្ហាញសក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​សភា​ តែពុំមានលទ្ធផល​។

លោកថា៖ «ការឆ្លើយតបពីខាងរដ្ឋាភិបាល គឺពិតជាគួរឱ្យខកចិត្តណាស់ ហើយយើងពុំឃើញមានការខិតខំប្រឹងប្រែងឬការរីកចម្រើនណាមួយទាល់តែសោះ»។

ដូច្នេះ បន្ទុកនៃការរក្សាស្ថានភាពរបស់លោក វ៉ាន់ឆាឡឺម ក្នុងស្មារតីសាធារណជន ត្រូវធ្លាក់ទៅលើលោកស្រី ស៊ីថានុន ដែលត្រូវបានចោទប្រកាន់ថាបានបំពានលើវិធានការរឹតបន្តឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ ខណៈដែលលោកស្រីកំពុងតស៊ូមតិសម្រាប់ប្អូនប្រុស ហើយក៏ត្រូវបានញ្ចូលទៅក្នុងបញ្ជីតាមដារបស់ប៉ូលិសដែលប្រើដើម្បីតាមដានសកម្មជនផងដែរ។

លោកស្រីថា៖ «ខ្ញុំមានការខឹងសម្បារផងដែរ ពីព្រោះរដ្ឋាភិបាលធ្វើព្រងើយចំពោះរឿងនេះ និងមិនចង់ធ្វើអ្វីទាំងអស់ ហើយវាក៏បានបង្ហាញផងដែរថា ខ្លួនមានការពាក់ព័ន្ធតាំងពីដំបូង»។

អ្នកផ្សេងទៀតដែលបានលើកឡើងអំពីការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម ត្រូវបានទទួលទោស។ សកម្មជននិសិត្ស Parit Chiwarak និង Jutatip Sirikhan ដែលរៀបចំការតវ៉ានៅបាងកក ក្រោយពីលោក វ៉ាន់ឆាឡឺម បានបាត់ខ្លួន ត្រូវបានតុលាការថៃកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ ១០ ០០០ បាត (២៨០ដុល្លារ) ចំពោះការបំពានលើការរឹតបន្តឹងលើករណីជំងឺកូវីដ-១៩។

លោក Phattaranit Yaodam បុគ្គលិកនៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងលោក​ Pornpen Khongkachonkiet នាយកមូលនិធិឆ្លងវប្បធម៌ ព្រមទាំងសកម្មជនផ្សេងទៀត ត្រូវបានប៉ូលិសថៃពិន័យនៅខែសីហាឆ្នាំ២០២១ ដោយត្រូវបានចោទថាធ្វើឱ្យរំខានដល់ការធ្វើចរាចរណ៍ និងបំពានច្បាប់ភាពស្អាតស្អំសាធារណៈ ក្រោយពីបានលើកឡើងពីករណីលោក វ៉ាន់ឆាឡឺម នៅក្នុងកិច្ចពិភាក្សាមួយចំពោះការបាត់ខ្លួនដោយបង្ខំរបស់លោក វ៉ាន់ឆាឡឺម នៅក្នុងខែកក្កដា។ 

Sam អ្នកដែលធ្លាប់រស់នៅលើអាគារមេគង្គហ្កាឌិន និយាយថា លោកចង់ឱ្យសាធារណជនបន្តនិយាយពីលោក វ៉ាន់ឆាឡឺម។

Sam បាននិយាយដោយទឹកភ្នែករលីងរលោងថា៖ «ប្រសិនបើគាត់ស្លាប់ ខ្ញុំសូមឱ្យគាត់បានកើតនៅកន្លែងល្អ យើងបានតស៊ូដើម្បីគាត់ ចង់ឱ្យគាត់ឈ្នះ យើងមិនបានបោះបង់គាត់នោះទេ»។

Nuttigar ដែលបានស្គាល់ វ៉ាន់ឆាឡឺម កាលនៅធ្វើការក្នុងគណបក្សភឿថៃ និងបានបន្តទាក់ទងជាមួយគ្នាក្រោយ វ៉ាន់ឆាឡឺម បានចាកចេញមកកម្ពុជា បាននិយាយផងដែរថា នាងមានក្ដីសង្ឃឹមថា មនុស្សជាច្រើននឹងមិនភ្លេចគាត់ទេ និងមិនភ្លេចទេនូវវាសនាមួយដែលគាត់បានជួប។

«កុំភ្លេចថាគាត់ជានរណា គាត់ជាមនុស្សឆ្កួត និងសាមញ្ញម្នាក់ ដែលត្រូវបានមើលឃើញថាជាការគំរាមកំហែងដោយរដ្ឋអំណាច រហូតដល់ពេលមួយដែលគេកម្ចាត់គាត់ចោល— ដូច្នេះកុំឱ្យមានទៀត វ៉ាន់ឆាឡឺម ទី២ ទី៣ ឬទី៤»៕  


  1. កំណត់ចំណាំ៖ ឈ្មោះប្រភពមួយចំនួនត្រូវបានអ្នកនិពន្ធដាក់ឱ្យ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលទាំងនោះ 
  2. រាយការណ៍ដោយ៖ Yiamyut Sutthichaya, Matt Surrusco, Anna Lawattanatrakul and Jacob Goldberg
  3. អ្នកសារព័ត៌មានខ្មែរម្នាក់ដែលបានចូលរួមធ្វើរបាយការណ៍នេះស្នើមិនបញ្ចេញឈ្មោះដើម្បី សុវត្ថិភាពផ្ទាល់ខ្លួន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ