សង្គមស៊ីវិល​ស្នើ​ឱ្យ​ស៊ើបអង្កេត​លើ​ការ​ឃាត់ខ្លួន​និង​ប្រើហិង្សា​លើ​អ្នកសារព័ត៌មាន​វីអូឌី និង​យុវជន​ខ្មែរថាវរៈ

អ្នក​សារព័ត៌មានវីអូឌី និងយុវជនខ្មែរថាវរៈ ​ត្រូវបាននាំទៅសួរនាំពី​សំណាក់​​​មន្ត្រី​កង​អង្គ​រក្ស​នាយក​រដ្ឋ​មន្ត្រី​​ អំឡុងពេលអ្នកសារព័ត៌មានវីអូឌី និងសកម្មជនខ្មែរថាវរៈ ចុះយកព័ត៌មាននិងថតរូបវីដេអូ នៅតំបន់​ព្រៃ​ភ្នំ​តាម៉ៅ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ​សង្គមស៊ីវិលនិងសហគមន៍​ចំនួន​៤០ អំពាវនាវដល់រដ្ឋាភិបាល​​​ស៊ើប​​អង្កេត​ដោយ​ឥតលម្អៀង​លើហេតុការណ៍​ប្រើហិង្សា ការឃាត់ខ្លួន និងការ​​បំភិតបំភ័យលើ​អ្នកសារព័ត៌មានវីអូឌី និង​សកម្មជន ព្រម​ទាំងផ្ដន្ទាទោស​ចំពោះអាជ្ញាធរដែលប្រព្រឹត្តអំពើល្មើសនឹងច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ជន​រងគ្រោះ។

ការអំពាវនាវនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពី «ការឃាត់ខ្លួន និងប្រើហិង្សា​យ៉ាងអាក្រក់លើអ្នកសារព័ត៌មាន និងសកម្មជន នៅតំបន់ភ្នំតាម៉ៅ» នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។ ​អង្គការ​សមាគម និងសហគមន៍ចំនួន៤០ មាន​ដូចជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការអាក់សិនអេដកម្ពុជា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ សមាគម​កម្ពុជាការពារអ្នកកាសែត អង្គការការពារសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក និងអង្គការ សមាគម និងសហគមន៍ដីធ្លីមួយចំនួនទៀត។

សេចក្តីថ្លែងការណ៍រួមនោះបានលើកឡើងថា ពួកគេ​មាន​​ការ​​សោក​ស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើ​ប្រាស់​​អំពើហិ​ង្សា ការឃាត់ខ្លួនដោយអយុត្តិធម៌អស់រយៈពេលប្រមាណ៧ម៉ោង​ និងការបំភិតបំភ័យអ្នក​សារព័ត៌មាន វីអូឌី ​​ចំនួន៥នាក់ និងយុវជនខ្មែរថាវរៈ ​ចំនួន៤នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ពី​សំណាក់​​​មន្ត្រី​កង​អង្គ​រក្ស​នាយក​រដ្ឋ​មន្ត្រី​​ នៅតំបន់​ព្រៃ​ភ្នំ​តាម៉ៅ និងត្រូវបានបញ្ជូនទៅសាក​សួរ​នៅ​អធិ​ការ​ដ្ឋាន​នគរបាលស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបន្តថា ក្នុអំឡុងពេលឃាត់ខ្លួននោះ អ្នកថតវីដេអូរបស់វីអូឌីម្នាក់ លោក​ ហ៊ី ឆាយ ត្រូវបានមន្រ្តីកងអង្គរក្សទះកំផ្លៀង នៅពេលដែលគាត់បដិសេធប្រគល់ទូរសព្ទដែលគាត់ប្រើដើម្បីថតនៅពេល​ដែលកងអង្គរក្សសួរនាំសហការីរបស់គាត់ ហើយ​លោក ហ៊ុន វណ្ណៈ សកម្មជនខ្មែរថាវរៈ ក៏ត្រូវបានមន្ត្រីអង្គរក្ស​វាយ​ម្តងហើយ​ម្តងទៀត ខណៈពួកគេ​រុញគាត់ឡើងរថយន្ត​ក្នុងអំឡុងពេលឃាត់ខ្លួននោះ។

ករណីនេះ អង្គការ​សង្គមស៊ីវិល និងសហគមន៍ទាំងនោះ បង្ហាញការ​​​សោកស្ដាយ​​ចំពោះការប្រើអំណាចដោយខុសច្បាប់របស់អាជ្ញាធរ និងការប្រើអំពើហិង្សា​លើរូប​រាងកាយ​លើអ្នកសារព័ត៌មាន​និងសកម្មជន ហើយពួកគេ​បាន​អំពាវនាវឱ្យមានការស៊ើបអង្កេតដោយឥតលម្អៀងលើហេតុការណ៍​នេះ ក៏ដូចជា​ផ្តន្ទាទោសចំពោះអាជ្ញាធរណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ និងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។

អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងនោះ បានគូសបញ្ជាក់ថា៖ «សិទ្ធិរបស់អ្នកកាសែតឯករាជ្យក្នុងការរាយការណ៍ព័ត៌មានដោយសេរីនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានការការពារ ជាពិសេស​នៅពេលរាយការណ៍អំពីបញ្ហាផលប្រយោជន៍សាធារណៈ ដូចជា ​ការកាប់បំផ្លាញព្រៃឈើនៅភ្នំតាម៉ៅអស់ជាច្រើនហិកតានាពេលថ្មីៗនេះ […] ដូចគ្នានេះដែរ អ្នកសារ​ព័ត៌មាន​​និង​សកម្មជនមានសិទ្ធិក្នុងការចងក្រងឯកសារ និងត្រួតពិនិត្យដោយសេរី អំពីការបំផ្លិចបំផ្លាញបរិស្ថាន និង​ការរំលោភសិទ្ធិ និងបញ្ចេញមតិជាសាធារណៈ ដែលជាសិទ្ធិត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ»។

ក្រៅពីនោះ ពួកគេថា ច្បាប់ស្តីពីសារព័ត៌មានឆ្នាំ១៩៩៥ របស់កម្ពុជាដែល​នៅ​ធរមាន​នៅឡើយ បានហាមប្រាមចំពោះការត្រួតពិនិត្យមុនបោះពុម្ពផ្សាយ ដូចហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៦ ខែសីហា នៅពេលដែលអាជ្ញាធរបានប្រាប់អ្នកកាសែតថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូបឬថតវីដេអូនៅក្នុងតំបន់នោះដោយគ្មានការអនុញ្ញាតជាមុនឡើយ និងនៅពេលដែលមន្រ្តីអង្គរក្សរឹបអូសយកឧបករណ៍របស់ពួកគេ រួមមាន ទូរសព្ទ កាមេរ៉ា និងដ្រូន ជាដើម​។

ករណីនេះ អង្គការសង្គមស៊ីវិល និងសហគមន៍ទាំង៤០ បាន​ស្នើ​​​ដោយទទូច​ដល់អាជ្ញាធរជាតិ​ឱ្យគោរពច្បាប់​ស្តីពីរបបសារព័ត៌មាន រដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិ ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិ​របស់​អ្នក​សារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សទាំងអស់ក្នុង​ការ​ចងក្រងឯកសារនិងផ្សព្វផ្សាយជាសាធារណៈនូវសកម្មភាពរបស់រដ្ឋនិងបម្រើសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ