មេធាវី​ការពារក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​បណ្ដឹង​ឧទ្ធរណ៍ ដើម្បី​ស្នើ​ឱ្យ​ដោះលែង​កូនក្ដី​របស់ខ្លួន

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារសិទ្ធិឱ្យកញ្ញា សេង ធារី នឹងដាក់បណ្ដឹងឧទ្ធរណ៍ នៅ​ក្នុង​សប្ដាហ៍​​នេះ ​​ដើម្បី​​​ជំ​​រុញ​​​ឱ្យ​តុលាការ​ថ្នាក់​កណ្ដាល​មួយ​នេះបើក​ផ្លូវក្នុង​ការ​ដោះលែង​ពិរុទ្ធ​ជន​​រូប​​នេះមាន​​​សេរីភាពនិងបាន​​នៅ​​ក្រៅឃុំ ស្រប​ពេលដែលសាលក្រមនៅមិនទាន់ចូលជាស្ថាពរនៅឡើយ។

លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យកញ្ញា សេង ធាវី មានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោក​​បាន​ទទួល​​ការ​ពឹងពាក់ពីកូនក្ដីរបស់ខ្លួនរួចហើយ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ដើម្បីរៀបចំបណ្ដឹង​ឧទ្ធរណ៍ ស្នើសុំឱ្យដោះលែង​បាននៅក្រៅឃុំ។ លោកបន្តថា នៅពេលនេះ លោក​​បានរៀបចំ​​បណ្ដឹង​​រួច​​​រាល់​​ហើយ ដូច្នេះ យ៉ាងយូរមិនឱ្យផុតពីក្នុងសប្ដាហ៍ខាងមុខនេះទេ លោកនឹង​ដាក់​ទៅសាលា​ឧទ្ធរណ៍។

លោកបន្តថា៖ «ខ្ញុំត្រៀម​ហើយ ​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​ហ្នឹង​ យើង​នឹង​ដាក់​ចូល​ ព្រោះ​យើង​ទទួល​សិទ្ធិ​ពី​គាត់​កាល​ពី​ថ្ងៃចន្ទកន្លងមកហ្នឹង ដើម្បីឱ្យយើងធ្វើកិច្ចការអស់ហ្នឹង»។

បើតាមលោក ជូង ជូងី បណ្ដឹងឧទ្ធរណ៍​នេះ ក្នុងនា​ម​ជាមេធាវី រូបលោក​ក៏ត្រូវបំពេញ​​កិច្ចការ​​២ផ្សេង​ទៀតក្នុងពេល​​​តែមួយដែរ គឺ១ ស្នើទៅក្រសួងមហាផ្ទៃ ដើម្បីផ្ទេរការឃុំខ្លួន​កូនក្ដីពីពន្ធនាគា​​រខេត្ត​​ព្រះ​​វិហារ មក​​ពន្ធ​​នាគារព្រៃសវិញ និងកិច្ចការមួយទៀត គឺលោកនឹងបំពេញបែបបទឡើងការពារក្តី នៅ​​សាលាឧទ្ធរណ៍​ ​ក្រោយ​​​ពីតុលាការថ្នាក់កណ្ដាលមួយនេះបានទទួលចុះបញ្ជីរួចហើយ លើ​​បណ្ដឹង​​សា​ទុក្ខ​​របស់លោក​ដែល​​ប្ដឹង​​ទាស់។

កញ្ញា សេង ធារី ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគារ៦ឆ្នាំ កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២២។ នៅចំថ្ងៃតែមួយនៃកា​រផ្ដន្ទា​ទោស​ពិ​​រុទ្ធជន​រូប​នេះ លោក រស់ ពិសិដ្ឋ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្ស​​សង្រ្គោះ​​ជាតិដែលត្រូវ​​បាន​​តុ​​លាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ក្នុងបទចោទដូចកញ្ញា សេង ធារី ដែរ គឺ​​ «ញុះញង់ និងរួម​​គំ​​និត​​ក្បត់ជាតិ» ជុំវិញការប្រកាសជំហរធ្វើមាតុភូមិនិវត្តន៍ ថ្ងៃ៩វិច្ឆិកា របស់​​​លោ​​ក ​សម រង្ស៊ី។ មន្រ្តីគណបក្សប្រឆាំងទាំងនោះត្រូវបានកាត់ទោសដាក់ពន្ធនាគារ​ចន្លោះ​ពី ៥ ទៅ ៨ឆ្នាំ។

បើទោះបែបណា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Ed Ward J.Mar​​key បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី​១៨ ខែសីហា ក្រោយបញ្ចប់ទស្សន​​កិច្ចរយៈ​​ពេ​​ល២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី​១៦ និងថ្ងៃទី១៧ ខែ​សីហា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បញ្ជា​ក់​ថា សហរដ្ឋអាមេរិកទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយទាំងអស់ រួម​ទាំង​​កញ្ញា សេង ធារី ដើម្បីបើកផ្លូវឱ្យពួកគេមានសេរីភាពឡើងវិញ និងបានចូលរួមនៅក្នុង​​ការ​​បោះ​​ឆ្នោត​​​​ជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ។

សម្រាប់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា យល់​ឃើញ​ថា ការ​ស្នើ​សុំ​ណា​មួយ​ពី​រដ្ឋ​ជា​ភាគី ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះមិន​អាច​មក​ដាក់​ការ​គាប​សង្កត់​ណា​មួយលើ​​​រដ្ឋាភិបាលកម្ពុជា ​ឱ្យធ្វើសេចក្តីសម្រេចចិត្ត​ទៅតាម​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។ ​​បើ​តាម​មន្រ្តីជាន់​​ខ្ពស់​​រូប​​នេះ កម្ពុជា​មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងយុត្តាធិការត្រឹមត្រូវ ហើយ​ការសម្រេចបែប​​ណា​​នោះ​​​អា​​ស្រ័យ​​​លើតុលាការ ព្រោះសំណុំរឿងទាំងនោះមិន​ស្ថិត​នៅ​ក្នុង​ដៃ​​រដ្ឋាភិបាល​ទៀត​នោះ​ទេ។

លោកបន្តថា៖ «អត់មែនជាកាតព្វកិច្ចរាជរដ្ឋាភិបាលទេ រឿងនេះជាកាតព្វកិច្ចរបស់តុលាការ។ ហើ​​យ​​​​យើងទាំងអស់គ្នាដឹងហើយ គ្រប់ប្រទេសទាំងអស់​​ តុលាការតែងមានអធិបតី​​ភាព​របស់​ខ្លួន​​។ ​អាហ្នឹង​ជារឿងមួយដែលយើងទាំងអស់គ្នាត្រូវគោរព ហើយការវិនិច្ឆយក្ដីរបស់​តុលាការ​ក៏​បាន​​​​ចែ​ង​​​នៅ​​​ក្នុងរដ្ឋធម្មនុញ្ញ គឺជាការវិនិច្ឆយក្ដីនៃផលប្រយោជន៍របស់​​ប្រជាពលរដ្ឋខ្មែរ។​​ ដូច្នេះ ​វា​មិន​ស្ថិត​នៅ​​​ក្រោម​​ការ​បង្គាប់​បញ្ជា ឬការជ្រៀតជ្រែក​ពី​បរទេស​ណាមួយ​ឡើយ»។

លោក ស៊ឹង សែនករុណា មន្រ្តីអង្កេតជាន់ខ្ពស់​នៃសមាគមការពារសិទ្ធិមនុស្ស​អាដហុក យល់​​ឃើ​ញ​​​​ថា បើពិនិត្យពីនីតិវិធី គឺមិនទាស់ខុសអ្វីនោះទេ ព្រោះសាលក្រមមិនបានចូលជាស្ថាពរនៅឡើយ ហេតុ​ដូច្នេះ​ ការបំពេញបែបបទស្នើសុំឱ្យដោះលែង​នៅ​ពេល​នេះ គឺជារឿង​សម​ស្រប។ ប៉ុន្តែ​លោក​​ហាក់​​មិន​មាន​ជំនឿ​សោះ​ថា ការស្នើសុំដែលផ្អែកតាមនីតិវិធីនេះត្រូវបានតុលាការពិចារណា ដោយ​សារ​សំណុំរឿងនេះត្រូវបានគេចងភ្ជាប់រួចទៅហើយ ជាមួយគណបក្សប្រឆាំង។ ហេតុ​​នេះ​​ ចង់ឬមិនចង់ លោកថា ពិតជាមានភាពស្មុគស្មាញក្នុងការផ្ដល់សេរីភាពចំពោះពិរុទ្ធជនរូបនេះឱ្យ​​នៅ​​ក្រៅ​​ឃុំ​​បាន​​ណាស់។

លោកបន្តថា៖ «អ្វីៗទាំងអស់នេះ យើងប្រហែល​ជា​ពិបាក​ក្នុង​ការ​សង្ឃឹម​ដែរ ដោយ​សារ​យើង​យល់​ថា ​សំណុំ​រឿង​កញ្ញា សេង ធារី គេបានភ្ជាប់ជាមួយនឹង​សំណុំរឿង​​​នយោបាយ។ អ៊ីចឹង​បើ​​ស្ថានភាព​​​ន​​យោ​​​​បាយដូច​ដែល​យើង​ឃើញសព្វថ្ងៃ តាន​តឹងបែបនេះ គឺមិនអាចមាន​​សង្ឃឹមថាត្រូវបា​នគេដោះ​លែង​​​ឱ្យនៅក្រៅឃុំទេ»។

បើតាមលោក ស៊ឹង សែនករុណា ប្រសិនបើរដ្ឋាភិបាលយល់ឃើញថា សហរដ្ឋអាមេរិកនៅ​​មាន​​ផល​​ប្រយោជន៍សម្រាប់កម្ពុជា ដូច្នេះកូនសោរសំខាន់នៅពេលនេះ អ្នកទោសនយោបាយទាំងអស់គួរ​​ត្រូវ​​​បានដោះលែងឱ្យមានសេរីភាពឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ