អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa នឹង​ចូល​ប្រទេស​វិញនៅ​សប្ដាហ៍​ក្រោយ

អតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa មកដល់អាកាសយានដ្ឋានអន្តរជាតិ Don Muang ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (REUTERS)

អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងត្រលប់​ទៅប្រទេសស្រីលង្កាវិញ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានភៀសខ្លួនកាលពីខែកក្កដា ចំពេល​មាន​ការតវ៉ាទ្រង់ទ្រាយធំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្នុង​​ស្រុក Newsfirst នៅថ្ងៃពុធ ដោយដកស្រង់សម្តីអតីតឯកអគ្គរដ្ឋទូតស្រីលង្កា និងត្រូវ​បានទីភ្នាក់ងារសារព័ត៌មាន Reuters យកមកចុះផ្សាយបន្ត។

ប្រភពដដែលបន្តថា លោក ឧដាយំាង​ហ្កា វីរ៉ាត់ទុនហ្គា (Udayanga Weeratunga) អតីតឧបការីស្រីលង្កាប្រចាំប្រទេសរុស្សី ដែលមានទំនាក់ទំនងជាមួយលោក Rajapaksa បាននិយាយថា លោក Rajapaksa នឹងមកដល់ប្រទេសស្រីលង្កា នៅថ្ងៃទី២៤ ខែសីហា។

លោក Rajapaksa ដែលជាប្រធានាធិបតីស្រីលង្កាដំបូងគេ ដែលលាលែងពីតំណែងពាក់កណ្ដាលអាណត្តិ កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសថៃ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសស្រីលង្កាតាមយន្តហោះយោធាទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មកស្នាក់នៅក្នុងប្រទេសសិង្ហបុរីប៉ុន្មានសប្តាហ៍។

លោកបានលាលែងពីតំណែងភ្លាមៗបន្ទាប់ពីបានមកដល់ប្រទេសសិង្ហបុរី ខណៈមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំចំពោះការបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។

លោក Rajapaksa មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ ឬ​ធ្វើអត្ថាធិប្បាយ​អ្វីឡើយចាប់​តាំង​ពី​ចាកចេញ​ពី​ប្រទេស​ស្រីលង្កា។

Reuters មិនអាចទាក់ទងលោក Rajapaksa ឬលោក Weeratunga សុំការអត្ថាធិប្បាយបានឡើយ។

ទោះយ៉ាងណា លោកប្រធានាធិបតីថ្មី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) ធ្លាប់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ថាលោក Rajapaksa នឹងមិនត្រលប់ទៅប្រទេសស្រីលង្កាវិញក្នុងពេលឆាប់ៗឡើយ។

លោកមិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ