កូនប្រុសច្បង​លោក ហ៊ុន សែន ទាត់ចោល​ការលើកឡើង​ថា​លោក​ជា «អ្នកនៅពីក្រោយ» ការ​ដោះដូរ​ដី​ភ្នំតាម៉ៅ

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ នៅស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក ហ៊ុន ម៉ាណែត)

កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទាត់ចោលការលើកឡើងដែលថាលោកជា «អ្នកនៅពីក្រោយ» ការដោះដូរដីភ្នំតាម៉ៅ ខណៈលោកចាត់ទុកការបំផុសពាក្យចចាមអារ៉ាមនេះថាមានចេតនាទុច្ចរិត ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។

ការចេញមុខបដិសេធនេះ គឺធ្វើឡើងក្រោយមានការចោទប្រកាន់ថាលោកនៅពីក្រោយគម្រោងអភិវឌ្ឍន៍ដីនៅតំបន់ភ្នំតាម៉ៅ ប្រមាណ១០០០ហិកតា ដែលក្រោយមក ឪពុករបស់លោក គឺលោក ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​ឱ្យ​​លុប​​ចោល​​ទាំងអស់​​ចំពោះ​​សកម្មភា​ព​ឈូសឆាយ ដោយសារ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន។

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបង្ហោះវីដេអូជាង១៧នាទី លើកឡើងថា មានជនបរទេសម្នាក់ឈ្មោះ Alex បានតាំងខ្លួនជាសកម្មជនបរិស្ថាន ហើយរិះគន់ថា លោកជាបុគ្គលសំខាន់នៅពីក្រោយគម្រោងឈូសឆាយព្រៃរាប់រយហិកតានៅភ្នំតាម៉ៅ។

ឈ្មោះ Alex ដែលលោក ហ៊ុន ម៉ាណែត និយាយនេះ គឺសំដៅទៅកាន់លោក Alejandro Gonzalez-Davidson ជនជាតិអេស្ប៉ាញ និងជាស្ថាបនិកចលនាមាតាធម្មជាតិ ធ្លាប់បានធ្វើសកម្មភាពការពារបរិស្ថានជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅទីបំផុត ក៏ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញនិងមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាវិញរហូតដល់សព្វថ្ងៃ។ ក្នុងពេលជាមួយគ្នា​ ជនជាតិអេស្ប៉ាញដែលចេះនិយាយភាសាខ្មែរច្បាស់់រូបនេះ ក៏មានជាប់បណ្ដឹងនៅតុលាការកម្ពុជាផងដែរ។  

ឆ្លើយតបចំពោះការចោទប្រកាន់របស់លោក Alejandro លោក ហ៊ុន ម៉ាណែត បានចេញមុខបដិសេធចំពោះការចោទប្រកាន់ថា រូបលោកជាអ្នករត់ការ និងជាអ្នកនៅពីក្រោយការដោះដូរដីនៅតំបន់ភ្នំតាម៉ៅ ដោយគ្រាន់តែលោក ឡេង ណាវ៉ាត្រា ជាយុវជនរបស់ក្រុមលោកមានចំណែកក្នុងគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ។ លោកថា តាមពិត លោក ណាវ៉ាត្រា មានប្រាក់កាសអភិវឌ្ឍធំដុំនោះ គឺដោយសារលោករកស៊ីជោគជ័យដោយខ្លួនឯង។

លោក ហ៊ុន ម៉ាណែត ចាត់ទុកការចោទប្រកាន់ថាលោកនៅពីក្រោយលោក ឡេង ណាវ៉ាត្រា បែបនេះថា ជាការមួលបង្កាច់លោក ដើម្បីកេងចំណេញនយោបាយ និងជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ។

លោក ហ៊ុន ម៉ាណែត ថា៖ «ខ្ញុំដឹងចេតនាអ្នកឯងនោះ មិនមែនរឿងអ្នកឯងមិនដឹងទេ តែអ្នកឯងធ្វើមិនដឹង! ចង់ចំណេញនយោបាយ។ ដំបូងឡើយលួចខ្សឹប ខ្ញុំដឹងតើ! ប៉ុន្មានអាទិត្យមុន នាំគ្នាទៅខ្សឹបដាក់អ្នកផ្សារ ប្រាប់ថាអាហ្នឹង ហ៊ុន ម៉ាណែត ស្អីៗ។ ដល់មើលទៅ អ្នកផ្សារនិយាយតគ្នា បាន Alex ចេញមកនិយាយ។ ខ្ញុំដឹងអាត្រឹមអាខ្សឹប ខ្ញុំមិននិយាយ ប៉ុន្តែឥលូវខ្ញុំបញ្ជាក់តែម្ដង។ ខ្ញុំគ្មានដែលមានរឿងអីជាមួយ Alex ទេ! តើគាត់យកខ្ញុំជាសត្រូវពីពេលនេះ តើចង់មានមូលហេតុអី? និយាយឱ្យច្បាស់មក។ បើចង់និយាយគ្នា ចង់ជជែកគ្នា កុំបង្កើតរឿងចោទប្រកាន់អត់ហេតុផល។ ខ្ញុំនិយាយជាមួយអ្នកដែលមានហេតុផល ទោះបីអ្នកឯងគ្មានទស្សនៈដូចគ្នា ស្របគ្នាក៏ដោយ ខុសគ្នាក៏ដោយ ខ្ញុំនិយាយ ខ្ញុំជជែកគ្នា»។

លោក ម៉ាណែត ថាលោកស្វាគមន៍ជួបជជែកជាមួយជនដែលមានមតិរិះគន់ក្នុងន័យស្ថាបនាដោយមានហេតុផល បើទោះជាជននោះមាននិន្នាការផ្ទុយគ្នាក៏ដោយ។ យ៉ាងណា លោកថា បើជាមនុស្សគ្មានហេតុផល មានចេតនាទុច្ចរិតនោះ លោកនឹងមិនស្វាគមន៍ឡើយ។

ចំណែកលោក ឡេង ណាវ៉ាត្រា ដែលត្រូវគេដឹងថាជាឧកញ៉ា និងជាម្ចាស់ក្រុមហ៊ុនដែលមានចំណែកក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី ១៨ ខែសីហា បានប្រកាសទទួលខុសត្រូវក្នុងការដាំដុះ ថែទាំ និងរៀបចំតំបន់ភ្នំតាម៉ៅវិញ បន្ទាប់ពីបានឈូសឆាយអស់រាប់រយហិកតា។

ក្នុងនោះ លោក ណាវ៉ាត្រា បដិសេធនូវការចោទប្រកាន់ ៣ចំណុច ដែលមានការលើកឡើងថាលោក «កាប់ឈើលក់»។ លោកថា បើរកឃើញថាលោកប្រពឹ្រត្តមែន លោកនឹងដើរចូលពន្ធនាគារដោយខ្លួនឯង។ មួយវិញទៀត លោក ឡេង ណាវ៉ាត្រា ច្រានចោលការចោទប្រកាន់ថាលោក «លាងលុយកខ្វក់»។ លោកចាត់ទុកថា នេះជាការចោទដែលជាបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់។ ក្រៅពីនោះ លោកថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកនៅភ្នំតាម៉ៅនោះ គឺគ្មាន«អ្នកនៅពីក្រោយ»ឡើយ។

លោក ឡេង ណាវ៉ាត្រា ថា៖ «វាអយុត្តិធម៌ណាស់ចំពោះខ្ញុំដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូល តែងតែប្រឹងប្រែងជួយសង្គម លះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់ នេះជាការឈឺចាប់បំផុត។ ទោះបីរឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តផ្លូវច្បាប់ណាមួយក៏ដោយ ប៉ុន្តែវាជាការលាបពណ៌ដ៏អាក្រក់ ជាការបំផ្លាញកិត្តិយសរបស់ខ្ញុំ ក្រុមគ្រួសារ និងក្រុមហ៊ុនខ្ញុំ»។

លោកថា ចាប់ពីពេលនេះតទៅ លោកនឹងមិននៅស្ងៀមឡើយ បើមានការចោទប្រកាន់ណាដែលគ្មានមូលហេតុនិងភស្តុតាង ដោយថា លោកនឹងមិនទទួលនូវអ្វីដែលលោកមិនបានប្រព្រឹត្តឡើយ។

វីអូឌី មិនអាចទាក់ទងសុំការបកស្រាយពីស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក Alejandro Gonzalez Davidson ពីហេតុផលដែលលោកចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថាជាជននៅពីក្រោយគម្រោងឈូសឆាយនៅភ្នំតាម៉ៅបានទេ នៅថ្ងៃសុក្រនេះ។

យ៉ាងណា លោក Alejandro បានថ្លែងនៅក្នុងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែសីហា ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងចាត់ទុកក្រុមយុវជនឯករាជ្យ សកម្មជនបរិស្ថាន ដែលលោកមិនអាចបញ្ជាបាន ថាជាក្រុមបង្កចលាចល ជាអាយ៉ងរបស់បក្សប្រឆាំង និងធ្វើការងារដើម្បីបំផ្លាញកិត្តិយសរបស់រដ្ឋាភិបាល ជាដើម។ យ៉ាងណា លោកយល់ថា នោះជាការយល់ច្រឡំ ព្រោះតាមពិត ពួកគេរួមចំណែកដើម្បីសង្គមប៉ុណ្ណោះ។

លោក Alejandro ថា៖ «វត្តមានក្រុមអង្គរក្សរបស់លោក ហ៊ុន សែន នៅតំបន់នោះ ខ្ញុំអត់មានភ្ញាក់ផ្អើលអីទេ ព្រោះយើងដឹងថា ដីនៅទីនោះ គេប្រគល់ឱ្យក្រុមហ៊ុន ណាវ៉ាត្រា។ ហើយលោក ណាវ៉ាត្រា យើងដឹងគ្រប់គ្នាហើយថាគ្រាន់តែជាឧកញ៉ាសិប្បនិម្មិតហ្នឹង ឈ្មោះពិតនៅពីក្រោយហ្នឹង យើងដឹងថា ហ៊ុន ម៉ាណែត ហ្នឹង។ អ៊ីចឹងគឺតំបន់ភ្នំតាម៉ៅហ្នឹង ហ៊ុន សែន ប្រគល់ឱ្យកូនរបស់គាត់ទៅដើម្បីអភិវឌ្ឍ។ ហើយក្រោយមក ហ៊ុន សែន ដកខ្លួនចេញទៅ លុបចោលគម្រោងអភិវឌ្ឍន៍ ហើយបញ្ជាឱ្យមានដាំកូនដើមឈើឡើងវិញ ទើបមានវត្តមានរបស់ក្រុមអង្គរក្សនៅទីនោះ»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា ការលើកឡើងនូវក្តីកង្វល់ ការព្រួយបារម្ភ និងការងឿងឆ្ងល់របស់ពលរដ្ឋ គឺរដ្ឋាភិបាល ឬមន្ត្រីជាន់ខ្ពស់នៃផ្នែកណាមួយដែលបម្រើសេវាសាធារណៈ គួរតែបកស្រាយ ដើម្បីបំភ្លឺ ជម្រះមន្ទិលឱ្យពលរដ្ឋឈប់ងឿងឆ្ងល់ មិនមែនបកស្រាយក្នុងន័យគុំកួន ឬបកស្រាយយករួចខ្លួនទាំងកំហឹងឡើយ។

លោកថា បុគ្គលដែលរងការសង្ស័យគ្រាន់តែអះអាងដោយឆន្ទៈច្បាស់លាស់ថាមិនបាននៅពីក្រោយ នោះគឺគ្រប់គ្រាន់ហើយ។

លោក ហេង គឹមហុង ថា៖ «បើសិនជាលោក ហ៊ុន ម៉ាណែត បកស្រាយបែបហ្នឹង ហើយការលើកឡើងរបស់ភាគីផ្សេងទៀតហ្នឹងមិនមានភស្តុតាងត្រឹមត្រូវរឹងមាំ ដែលបង្ហាញថាលោកពិតជានៅពីក្រោយរឿងហ្នឹងមែន យើងគិតថាមិនមានអ្វីចាំបាច់បកស្រាយអីបន្ថែមទៀតទេ។ ប៉ុន្តែបើសិនជាការរកឃើញរបស់ក្រុមអ្នកដែលគេរកឃើញហ្នឹងមានភស្តុតាង មានឯកសារច្បាស់លាស់ថាពិតជាអ៊ីចឹងមែន អ៊ីចឹង លោក [ហ៊ុន ម៉ាណែត] ត្រូវតែបង្ហាញភាពស្អាតស្អំប្រសើរជាងនេះបន្ថែមទៀត»។

សកម្មជនបរិស្ថានរូបនេះចង់ឃើញភាគីរដ្ឋាភិបាល និងក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា ដាំដើមឈើឡើងវិញឱ្យបានល្អនៅត្រង់កន្លែងដែលបានឈូសឆាយ។

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ ទំហំជិត​៦០០ហិកតា​​ ដែល​ស្ថិត​នៅក្រោម​​ការគ្រប់គ្រ​ង​​ដោយ​​រដ្ឋបាលព្រៃឈើ ​​ត្រូវ​បាន​កាប់បំផ្លាញ​​ គិត​ចាប់​តាំង​ពី​ចុង​ខែកក្ក​ដា​កន្លង​ទៅ​ បន្ទាប់​ពីតំបន់​នេះ​​ត្រូវបាន​​រដ្ឋាភិបាល​​ប្រគល់ទៅឱ្យ​​ក្រុមហ៊ុន​ឯកជ​​ន​​ដែល​ត្រូវបានគេ​ស្គាល់ថា​​ជា​របស់​​លោក ​​​ឡេង ណា​​វ៉ា​​ត្រា និង​លោក ឃុន សៀ ដើម្បី​អភិវឌ្ឍ​។

ទោះជា​​យ៉ាងណា ការដោះដូរ​និងអភិវឌ្ឍ​ន៍តំបន់ភ្នំតាម៉ៅ​នេះ​ត្រូវបាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅ ​ចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​​ចំពោះ​​សកម្មភា​ព​នេះ ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន និង​បញ្ជាឱ្យដាំដើម​ឈើ​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ