រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ស្នើ​សុំដាក់​កម្លាំង​ពី​ក្រសួងមហាផ្ទៃ​ឆ្មក់​ចាប់​រថយន្ត​អត់ឆៀក​នៅ​តាមផ្លូវ​សាធារណៈ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន ស្នើក្រសួងមហាផ្ទៃចាត់កម្លាំងនគរបាល​ ដើម្បី​ឆ្មក់ចាប់​រថយន្ត​មិន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​នៅ​តាមផ្លូវសាធារណៈ ខណៈសង្គមស៊ីវិលថាការអនុវត្តនេះត្រូវធ្វើឡើង​​ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ទើបអាច​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​តាម​ដង​ផ្លូវបាន។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​លើកឡើង​ថា មាន​រថយន្ត​ប្រមាណ៤០​ម៉ឺន​គ្រឿង ក្នុងចំណោមរថយន្ត១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀករថយន្ត) ហើយមិនទៅចូលត្រួតពិនិត្យ។ ជាមួយគ្នានេះ លោកក៏បានស្នើទៅលោក ស​ ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ចាត់​​កម្លាំងនគរ​បាល ដើម្បី​ឆ្មក់​ចាប់​រថយន្ដ​ដែល​អត់​មាន​ឆៀក​ផង​ដែរ។

លោកបញ្ជាក់ថា៖ «ចំពោះឆៀក មានឡានប្រមាណ៤០ម៉ឺនគ្រឿង ជិតកន្លះលានគ្រឿង មកដល់ម៉ោងនេះ មិនទាន់យក​មកឆៀក! ហួសសុពលភាព គាត់មិនយកមកឆៀកទេ។ អ៊ីចឹងខ្ញុំសូមស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេច [ស ខេង] ដើម្បី​សហការ​គ្នាជាមួយ​នឹងខាង​នគរបាល អាចធ្វើការឆ្មក់ ដូចយើងធ្វើការឆ្មក់ចាប់ស្លាកលេខក្លែងក្លាយអ៊ីចឹង។ បើបានចាប់ឆ្មក់ ចាប់រថយន្ដ តើគាត់បានឆៀកត្រឹមត្រូវឬមិនត្រឹមត្រូវ»

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីលោក ហ៊ឹម យាន អគ្គស្នងការរងនគរបាល​ជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ បានទេ នៅថ្ងៃសុក្រនេះ។

ទាក់ទិនទៅនឹងករណីនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍នៅថ្ងៃសុក្រនេះថា​ បើតាមទិដ្ឋភាពច្បាប់ ការស្នើរបស់រដ្ឋមន្រ្ដីក្រសួងសាធារណការ​នេះ មិនមែនជារឿងចម្លែកនោះទេ។ លោកថា នៅពេលក្រសួងសាធារណការ ត្រូវ​ការ​ការ​អនុវត្តច្បាប់ណាមួយ គឺត្រូវការជំនួយ​ពីកងកម្លាំងប្រដាប់អាវុធ ហើយរឿងនេះ​គឺទាក់​ទង​នឹង​កង​កម្លាំង​នគរបាល​ចរាចរណ៍។

ប៉ុន្ដែយ៉ាងណា​ លោក សន ជ័យ លើកឡើងថា ការអនុញ្ញាតឱ្យនគរបាលចរាចរណ៍រួមចំណែកក្នុងការអនុវត្តច្បាប់ជាមួយក្រសួងសាធារណការនេះ ត្រូវមានការត្រួតពិនិត្យមើលការអនុវត្ត និងទិដ្ឋភាពច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការអនុវត្ត​ជា​រឿងពីរ​ផ្សេងគ្នា​ក្នុងករណីតែមួយ។ ក្នុងន័យនេះ លោកថា​ ការពិន័យចំពោះរថយន្ដដែលអត់មានឆៀកនេះ ត្រូវយកស្ដង់ដារ​តែមួយ ដោយត្រូវអនុវត្តតាមគោលការណ៍ផាកពិន័យតាមចំនួនទឹកប្រាក់ ដែលក្រសួងសាធារណការបានកំណត់។​​

លោកថា៖ «បើសិនជាអ្នកល្មើសនឹងឆៀករថយន្ដ ឧទាហរណ៍ថា ដល់ថ្ងៃហើយមិនទៅឆៀក ថាតើច្បាប់ចរាចរណ៍គេពិន័យប៉ុន្មាន! អ៊ីចឹង​ធាតុពីរ​ហ្នឹង​ ខ្ញុំ​គិតថា គួរតែត្រូវបានពិនិត្យពិច័យ​ដែរ ក្រែងលោមានការផាកពិន័យណាមួយលើសពីអ្វីដែល​ក្រសួងសាធារណការបានកំណត់»។

ពាក់ព័ន្ធនឹងករណីនេះដែរ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ លើក​ឡើង​ថា គ្រប់​រថយន្ដទាំងអស់ត្រូវតែចូលឆៀក ដោយ​គោរពតាមស្ដង់ដារត្រឹម​ត្រូវ មិនមែនជាការឆៀកខុសបច្ចេកទេស ហើយស៊ីសំណូកជាមួយមន្ដ្រីដើម្បី​​បានឯកសារ​​ឆៀក​នោះ​​ទេ ដែលការណ៍នេះនឹង​នៅតែ​បង្ក​គ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។

ជាមួយគ្នានេះដែរ លោក​យល់ឃើញថា​ ការចាប់​រថយន្ដ​អត់​ឆៀក​នេះមិន​គួរ​ដាក់​នគរបាលច្រើន​ពេក​នោះ​ទេ កាល​ណា​មាន​ការដាក់កម្លាំងសមត្ថកិច្ចច្រើន អាចមិនមែនជាការជំរុញឱ្យមានការអនុវត្តច្បាប់ តែអាចបង្កជាការព្រួយបារម្ភដល់ពលរដ្ឋទៅវិញ។  

លោកថា៖ «ខ្ញុំគិតថា គ្រាន់តែការចាប់រថយន្ដដែលមិនឆៀក មិនអ៊ីចឹងទៅ មិនចាំបាច់មានកម្លាំងអីច្រើនលើសលុបណា​ទេ។ បើកាលណាដាក់​កម្លាំង​លើ​សលុប វាជាការបង្ក​មួយ​ធ្វើឱ្យមាន​ការ​ព្រួយ​បារម្ភ ការ​ភ័យ​ដល់​ប្រជាពលរដ្ឋទៅវិញទេ»។

លោក វន់ ពៅ បន្ថែម​ថា៖ «យើងចង់ឃើញឆៀកប្រកបដោយប្រសិទ្ធភាព ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរា​ចរណ៍​នៅតាមដងផ្លូវ។ ហើយ​មួយទៀត គឺ​ការឆៀកនេះមិនត្រូវយកលុយក្រៅផ្លូវការទេ […] ខ្ញុំគិតថា គួរតែក្នុងតម្លៃទាបសមរម្យណាមួយ​ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះនេះ។ បើសិនជាយកតម្លៃថ្លៃ ធ្វើឱ្យគាត់ពិបាកក្នុងការឆៀក​ហ្នឹងផង​ដែរ»។

ចំណែកលោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា បើសិនជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយតម្លាភាព​ត្រឹម​ត្រូវ នោះនឹង​មាន​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ប៉ុន្ដែផ្ទុយទៅវិញ បើសិនជាមន្រ្តីទាំងនោះទទួលលុយក្រៅផ្លូវការពីអ្នក​ប្រព្រឹត្តខុស ប្រាកដជាកើតទៅជាបញ្ហាផ្សេងៗក្នុងសង្គម។

លោក ប៉ិច ពិសី លើកឡើងថា កម្ពុជា​នៅខ្វះយន្ដការតាមដានត្រួតពិនិត្យច្រើន ដែលធ្វើឱ្យអ្នកអនុវត្តច្បាប់ទាំងនោះអាចប្រព្រឹត្តអំពើពុករលួយផ្សេងៗ។ ប៉ុន្ដែយ៉ាងណា លោកថា ដើម្បីធានាការអនុវត្តនេះមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវបង្កើតយន្ដការត្រួតពិនិត្យ និងវាយតម្លៃរាល់កិច្ចការដែលដាក់ឱ្យមន្រ្ដីទាំងនោះ ដើម្បីកុំឱ្យពួកគេធ្វើអ្វីតាមទំនើងចិត្ត។

លោកថា៖ «ទៅលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទាល់តែសាម៉ីក្រសួងមានយន្ដការត្រួតពិនិត្យមួយជាន់ទៀត ជាពិសេស ក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តច្បាប់នេះ ថាត្រឹមត្រូវឬអត់! ហើយព័ត៌មានដែលមិនប្រក្រតីផ្សេងៗ គួរតែមានរាយការណ៍ទៅរដ្ឋមន្រ្ដី ដើម្បីឱ្យគាត់បានជ្រាប រកវិធីដោះស្រាយបញ្ហានេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ