លោក ស ខេង បញ្ចប់​តំណែង​មន្ត្រី​រត់ការ​លក់​ក្របខណ្ឌរដ្ឋ និង​បង្ហើបថា​បញ្ហានេះ​មាន​នៅ​ស្ថាប័ន​ផ្សេង​ទៀត

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង) ​

​រ​ដ្ឋម​ន្ត្រីក្រសួ​ង​មហាផ្ទៃ ​លោក ស ​ខេង បញ្ចប់មុខ​​តំណែងអ​នុរ​ដ្ឋលេខាធិកា​រ​ម្នាក់​ ដើម្បីជំរុញប្រ​​សិ​ទ្ធ​ភា​​ពកំណែទម្រង់​នគរបាលជាតិ ​ក្រោយ​រកឃើញថា មន្ត្រីរូបនោះ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដើរ​សន្យា​លក់​ក្រម​ខ​​​​​ណ្ឌ​​​ន​​​គរបាលជាតិ​ ជា​ថ្នូរ​នឹង​ទទួលបាន​ប្រាក់ ដែលទង្វើនេះបាន​ធ្វើ​ឱ្យ​ប៉ះពា​ល់​មុ​ខ​មា​ត់ក្រ​សួង​។​

កា​រថ្លែ​​ងរប​ស់មន្ត្រី​​ជាន់​ខ្ពស់​នេះបាន​ធ្វើឡើ​ងក្នុងកិ​ច្ចប្រ​ជុំបូ​កស​រុបលទ្ធផលការងារ​សុ​វត្ថិភាពចរាចរ​ណ៍ផ្លូ​វ​​​គោ​​ក​ ​ក្នុងរាជ​ធានីភ្នំពេ​ញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។​

លោក ស ខេង ថ្លែង​ថា កន្លងមក លោក​ទទួលបាន​ព័ត៌មាន​​ថា​ មុន​កា​រ​ប្រឡង​ចូល​ក្រ​ប​ខណ្ឌរដ្ឋ ​មានមន្ត្រី​ខិ​​​ល​ខូ​ចបាន​ដើ​រ​បោក​ព​​ល​រ​ដ្ឋ​ ធ្វើជាអ្ន​ក​រត់​ការ​ឬដើ​រសន្យាល​ក់​ក្រប​ខណ្ឌរដ្ឋ​ ​ក្នុងតម្លៃពី១​ម៉ឺន​ទៅ​២ម៉ឺ​នដុល្លារ​ ជា​​​​ថ្នូរ​នឹងការជាប់​ការ​ប្រ​​​ឡង​ចូលក្របខណ្ឌរដ្ឋ។

​ដោ​​​យឡែ​ក នៅក្រសួ​ង​មហា​ផ្ទៃវិញ​ លោក​​ថាមាន​​អ​នុរដ្ឋលេ​ខាធិ​ការ​ម្នាក់​ត្រូវ​បាន​បញ្ចប់មុខ​តំណែង​ ដើ​​​ម្បីជំ​​រុញប្រ​​សិ​​ទ្ធភាពកំណែទម្រង់នគរបាលជាតិ។

លោកថា៖ «មន្ត្រីដែលត្រូវពិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅសម្តេចតេជោដកចេញ គឺដកចេញ! [​គា​ត់​​]ដើរសន្យាគេហ្មង​ តែខ្ញុំមិនហែកកេរ្តិ៍អីទេ ខ្ញុំមិននេះ[បង្ហាញ]ឈ្មោះអីទេ ព្រោះជារឿងមួយដែលយើងត្រូវតែ​អា​​​​រ​​កា​​ត់ធ្វើ បើមិនអ៊ីចឹងទេ វា​ដើរសន្យាលក់អាក្របខណ្ឌហ្នឹង អាហ្នឹងអត់បានទេៗ ព្រោះយើងកំពុងតែកំ​​ណែ​​​ទ​​​ម្រ​ង់នគរបាល ដើម្បីឈានទៅធ្វើម៉េចឱ្យមានគុណភាពប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ»។

​លោ​កគូ​សប​ញ្ជាក់​ថា​ តាមលោកដឹង បញ្ហា​នេះ​ក៏កំ​ពុ​ងកើត​មាន​នៅ​ក្រសួងជាច្រើនទៀត។

លោ​កថា៖ «ការប្រឡង​ប្រកបដោយគុណភាពហើយ​តម្លាភាព គឺអាចលទ្ធផលបានមកវាល្អដែរ ហើយមិ​​ន​​​​មែនតែស្ថាប័នណាមួយទេ ចង់និយាយថា គ្រប់ស្ថាប័នក៏មានបញ្ហា តាមខ្ញុំដឹង។ ប៉ុន្តែសម្រាប់ខ្ញុំៗធ្វើតែ​​ក្នុ​​ង​ក្រសួង​សមត្ថកិច្ចដែលខ្ញុំទទួលខុសត្រូវផ្ទាល់»។

​​នាយកប្រតិប​ត្តិអ​ង្គការ​ត​ម្លាភាព​ក​ម្ពុ​ជា ​លោក ​ប៉ិច​ ពិ​សី មើ​លឃើញថា ​​អំពើពុក​រលួយតាមរយៈការ​រ​ត់កា​រឬ​សន្យាជាថ្នូរផ្ដល់​លុយ​មុន ដើម្បីបានចូ​លកាន់​តំណែង​ក្នុងក្របខណ្ឌរដ្ឋ បាន​លេចឮយូរណាស់មកហើយ ហើយ​​ករណី​ខ្លះ​មាន​អ្នក​រងគ្រោះជាមន្ត្រីរដ្ឋាភិបាលទៀតផង។

អ្នក​ឃ្លាំមើលរូបនេះយល់ថា វិធានការ​វះកាត់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ជាសារព្រមាន​មួយ​ដល់​មន្ត្រីខិល​ខូច​ផ្សេងទៀត។ ប៉ុន្តែលោកថា បើវិធាននេះខ្វះការស៊ើបអង្កេតដោយតម្លាភាព ដើម្បីដាក់ទោសទណ្ឌអ្នកពាក់ព័ន្ធតបតាមច្បាប់​ដែលមានជាធរ​​មាននោះ រដ្ឋាភិបាលនឹងមិនអាចលុបបំបាត់អំពើពុករលួយប្រភេទនេះបានទេ។

លោកថា៖ «ការដាក់ពិន័យខាងរដ្ឋបាលហ្នឹង គាត់អាចខាតបង់ គាត់អាចរាងចាលខ្លះ ក៏ប៉ុន្តែមិនមានទម្ងន់​ស​ម្រា​ប់ឱ្យអ្នកដទៃខ្លាចទេ។ មែនទែនទៅ បើយើងមានច្បាប់ហើយ វាគួរតែអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យ​​​អ្ន​​កផ្សេងហ្នឹងគាត់ខ្លាចច្បាប់។ បើមិនអីចឹងទេ យើងនៅតែមានបញ្ហាលើកលែង ការដាក់ពិន័យតិចតួច​ ជា​កា​​រលើកលែង ធ្វើឱ្យអ្នកផ្សេងគាត់គិតថាមិនធ្ងន់ធ្ងររហូតដល់ថ្នាក់គាត់រាងចាលអត់ធ្វើទេ»។

បញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ករណីនេះ ក្រសួងមានចំណាត់ការហើ​យ តែ​រឿងព្រ​​ហ្មទណ្ឌជារឿងដាច់ដោយឡែក រវាងមន្ត្រីដែលត្រូវបានបញ្ចប់តំណែង និងអ្នកពាក់ព័ន្ធ។

លោ​កថា៖ «អាហ្នឹងយើងទទួលពិន័យខាងផ្នែកនគរបាល ដោយឡែកខាងតុលាការ អាស្រ័យខាងសាម៉ីខ្លួនអាអ្ន​​​​កពា​ក់ព័ន្ធ គេអាចប្ដឹងផ្ដល់ ព្រោះគាត់ទៅយកលុយ វាប៉ះពាល់ដល់មុខមាត់ក្រសួង […] ព្រោះរឿងបន្តទៀ​​​តជារឿងគាត់ជាមួយនឹងបុគ្គលទេ»។

យ៉ាងណា លោក ប៉ិច ពិសី យល់ថា បើសកម្ម​ភាព​ទាំងនេះត្រូវបានបិទបញ្ចប់ដោយការសម្របសម្រួល ទម្រង់នៃអំពើពុករលួយប្រភេទនេះនឹងបន្តកើតមាន ពេលនោះ​អ្នកមានសមត្ថភាពពិតប្រាកដនឹង​បាត់​ឱកាស​បម្រើស​ង្គម​ជាតិ ហើយ​អ្នកដែលជាប់​ដោយ​ការសូកលុយនឹងបង្កបញ្ហាសង្គម ខ្វះធនធានមនុស្ស បង្ក​ជា​ឧបសគ្គ​ដល់កា​រអភិវឌ្ឍប្រទេស។

អំឡុង​ខែមេសា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន​ឃាត់ខ្លួនយោធាម្នាក់​ឈ្មោះ​ ឃួន សុ​វណ្ណ​ ជា​នាយរងអធិការដ្ឋាន​នៃអគ្គ​បញ្ជាការ និងភរិយា តាមបណ្តឹងរបស់ពលរដ្ឋនៅខេត្តកំពង់ធំ ចំនួន១៨នា​​ក់​ ដែល​ប្តឹ​ងពីបទឆ​បោក​ប្រាក់រាប់​ម៉ឺន​​ដុល្លារ ថ្លៃ​រត់​ការចូល​បម្រើកា​រងារ​រដ្ឋ។

បើ​​​​តា​មពាក្យបណ្តឹងរបស់អ្នកភូមិនៅពេលនោះ ពួកគេបានចំណាយប្រាក់ម្នាក់ៗចន្លោះពី១ ៥០០ទៅ៦ ​០០​​០ដុល្លារ ឱ្យទៅជនដែលត្រូវបានចាប់​ខ្លួន ជាថ្នូរឱ្យកូនបានចូលធ្វើជាមន្ត្រីនគរបាល ទាហាន កងរាជអា​​​វុ​​​​​ធ​​​​​ហត្ថ​ និង​គ្រូបង្រៀន​ ជាដើម។​

បើ​តាម​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១​​ ចេញ​ផ្សាយដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​​២៥ ខែ​មករា ឆ្នាំ​២០២២​ ​បង្ហាញ​ថា កម្ពុជាជាប់​ចំណាត់​ថ្នា​ក់​​​​លេ​ខ​១៥៧ ក្នុង​ចំណោម​ប្រទេស និងដែនដី​ចំនួន​១៨០ នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជាប្រទេស​​មាន​កម្រិត​ពុក​រលួយអាក្រក់​ជាង​គេបំផុត ​ក្នុងចំ​ណោ​​ម​ប្រទេស​ទាំង​១០នៃ​សមាជិក​អាស៊ាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ