អ្នកឃ្លាំមើល៖ តំណាង UN និង​ព្រឹទ្ធសភា​អាមេរិក ជួប​លោក កឹម សុខា ជា​ការ​គាំទ្រ​ផ្នែកស្មារតី​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

លោក កឹម សុខា ក្នុង​ជំនួបជាមួយ​​ប្រតិភូ​ព្រឹទ្ធ​សភា-រដ្ឋសភាសហរដ្ឋ​អាមេរិក លោក Edward J. Markey និងសមាជិក​រដ្ឋ​​សភា​៤​រូប​ទៀត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Ed Markey)

អ្នកឃ្លាំមើល និង​​សង្គម​ស៊ីវិល លើកឡើងថា ជំនួប​រវាង​អ្នករាយការណ៍ពិសេសអង្គការសហប្រជា​​ជាតិ និងមន្ត្រី​​​ព្រឹទ្ធ​សភា​អាមេរិក ជាមួយ​​​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ នៅពេលថ្មីៗនេះ ឆ្លុះបញ្ចាំង​​​ឱ្យឃើញ​ថា សហគមន៍​អន្តរជាតិនៅ​តែ​ផ្ដល់តម្លៃ ​និង​ចាត់​ទុក​លោក កឹម សុខា ជាអ្នកតំណាងប្រជាធិបតេយ្យនៅ​កម្ពុជាដែលតស៊ូមតិដោយអហិង្សា។

ការលើកឡើងនេះ បន្ទាប់ពីប្រធានអនុគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភា សម្រាប់​អាស៊ីបូព៌ា ប៉ាស៊ីហ្វិក និងសន្តិសុខបច្ចេកវិទ្យាអ៊ីនធឺណិត​អន្តរ​ជាតិ លោក Edward J. Markey និងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានៃ​អង្គការសហប្រជាជាតិ លោក Vitit MUNTARBHORN បានចូលជួបលោក កឹម សុខា កាលពីថ្ងៃទី១៦ និងថ្ងៃទី​១៧ ខែសីហា​ ឆ្នាំ២០២២នេះ បើទោះបីជាលោក កឹម សុខា កំពុងរងការចោទប្រកាន់ពីតុលាការ។

អ្នកជំនាញ​​វិទ្យាសាស្ត្រ​នយោបាយ ​​លោក ឯម សុវណ្ណ​រ៉ា បាន​លើកឡើងនៅថ្ងៃសុក្រនេះ​​ថា លោក Edward J. Markey និង​លោក Vitit MUNTARBHORN ដែល​បាន​ចូលជួបលោក កឹម សុខា ដល់គេហដ្ឋាន​នេះ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ផ្នែក​ស្មារតី និងលទ្ធិប្រជាធិបតេយ្យ ខណៈលោក កឹម សុខា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​អ្នក​នយោបាយ​មួយ​រូបដែល​តស៊ូមតិដោយអហិង្សា ទោះបីលោក​ទទួលរងការចោទប្រកាន់ពីសំណាក់តុលាការក្ដី។

លោកថា៖ «លោក កឹម សុខា ជា​សកម្មជ​នប្រជាធិបតេយ្យមួយធំរបស់កម្ពុជា លោក [កឹម សុខា] តំណាងអហិង្សា អ៊ីចឹង​មានការគាំទ្រស្មារតីប្រជាធិបតេយ្យនៅកម្ពុជា ទស្សនកិច្ចជាការលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា»។

​តែយ៉ាងណា លោក​យល់​ថា ការជំរុញនិងការចូលជួបលោក កឹម សុខា នាពេលនេះ មិនអាចធ្វើឱ្យ​តុលាការ​កម្ពុជាពិចារណាទម្លាក់បទចោទប្រកាន់ និងស្ដារប្រជាធិបតេយ្យ ទៅតាមការលើក​ឡើងរបស់សហគមន៍​អន្តរជាតិឡើយ។ លោកបង្ហាញក្ដីបារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមិនបានឆ្លើយតបទៅតាមអ្វីដែលសហគមន៍អន្តរជាតិបានលើកឡើងទេ នឹងធ្វើឱ្យ​​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត និងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ផង​ដែរ។

លោកថា៖ «នៅក្នុងយន្តការ​នៃការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា​ទាំងមូល ខ្ញុំគិតថា ករណីបុគ្គលនយោបាយ ឬ​អ្នក​ដែល​ធ្វើឱ្យខូច​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាច​ជួប​បញ្ហាមុន​គេ​ហើយ ពី​ព្រោះកន្លងមក មានការព្រាងបញ្ជី​ឈ្មោះអ្នក​ដែល​ធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកន្លងមក កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ គឺមាន២ដង​ហើយ​ដែល​មិន​អនុម័ត​បាន​ហើយ ប៉ុន្តែលើកទី៣ ខ្ញុំគិតថា ប្រហែលជាលែងមានឧបសគ្គ​ហើយ។ ​ដូច្នេះ​ កម្ពុជា​គួរ​តែ​មាន​យន្ត​ការឬវិធានការបែបណាមួយ ដើម្បីឆ្លើយតបនឹងកង្វល់ឬការលើកឡើងរបស់សហគមន៍អន្តរជាតិ»។ ​

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក និង​អង្គការសហប្រជាជាតិ នៅតែផ្ដល់តម្លៃដល់លោក កឹម សុខា ក្នុងនាមជាគណបក្សជំទាស់ដែលត្រូវបានតុលាការរំលាយ និង​ចង់​ឱ្យទម្លាក់​ការ​ចោទ​ប្រកាន់ ដើម្បី​ឱ្យ​លោក​​មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើង​វិញ។

លោកថា៖ «ខ្ញុំគិតថា រឿងនេះ ជាតួអង្គសំខាន់​នៅពេលដែលលោក កឹម សុខា នៅមានឱកាសបំពេញ​នូវ​សេរីភាពរបស់ខ្លួន​ក្នុងនាមជាអ្នកនយោបាយ។ អ៊ីចឹងទៅបានសហគមន៍​អន្តរ​ជាតិ​ គេនឹង​មើល​ឃើញ​ថា កម្ពុជា​យើងអាចបើកនូវលំហប្រជាធិបតេយ្យឡើងវិញ ព្រោះនេះជាតួអង្គសំខាន់ណាស់ ព្រោះគណបក្សធំពីរដែលគេ​ជឿ​ជាក់​ថាអាច​ប្រកួត​ប្រជែងប្រដំប្រសង​គ្នាបាន​នាពេលកន្លងមក គឺមានតែអតីតគណបក្សសង្គ្រោះជាតិហ្នឹងហើយ»។

មន្ត្រីព្រឹទ្ធសភាអាមេរិក លោក Ed Markey បាន​សរសេរនៅលើបណ្ដាញសង្គម Twitter របស់លោក​នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ដោយជំរុញកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ដើម្បីឱ្យលោកមានសេរីភាព និងបានចូលរួមការបោះឆ្នោតជាតិខាងមុខ។

លោកសរសេរថា៖ «ទោះ​បី​មាន​ការ​បៀតបៀននិង​ការ​ចោទ​ប្រកាន់​រយៈ​ពេល​៥​ឆ្នាំ​ក៏​ដោយ ក៏​ប្រធាន​​គណបក្ស​ប្រឆាំង​កម្ពុជា លោក កឹម សុខា បន្ត​និយាយ​គាំទ្រនូវ​សេរីភាព។ រាល់ការចោទប្រកាន់ទៅលើរូបលោក គួរតែត្រូវបានទម្លាក់ចោលភ្លាមៗ ហើយលោកគួរតែមានសេរីភាពក្នុងការចូលរួមការបោះឆ្នោត»។

ចំណែកលោក កឹម សុខា បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា ក្នុង​ជំនួបជាមួយ​​ប្រតិភូ​ព្រឹទ្ធ​សភា-រដ្ឋសភាសហរដ្ឋ​អាមេរិក លោក Edward J. Markey និងសមាជិក​រដ្ឋ​​សភា​៤​រូប​ទៀត កាលពីថ្ងៃទី១៦ ខែសីហា​នេះ គឺមន្ត្រីអាមេរិក​ទាំងនោះបាន​សម្តែង​នូវ​ការ​កោតសរសើរចំពោះការលះបង់របស់លោក ដើម្បីបុព្វហេតុ​សិទ្ធិមនុស្ស និងលទ្ធិ​​ប្រជា​ធិប​តេយ្យ ដែលតែ​ង​តែមា​ន​ការ​អត់ធ្មត់ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា។

ដំណើរទស្សនកិច្ចរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Ed Markey នៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីលោកទើប​បាន​ដឹក​នាំអនុម័តលើសេចក្ដីស្នើច្បាប់ S-3052 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ការបោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ ស្ដារ​លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រៅពីជំនួបជាមួយព្រឹទ្ធសភាអាមេរិក លោក កឹម សុខា ថាកាលពីថ្ងៃទី១៧ ខែសីហា រូបលោកក៏បានជួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit MUNTARBHORN ដែរ។ ក្នុងជំនួប​នោះ រូបលោក និង​លោក Vitit បានពិភាក្សាអំពី​ដំណើរ​ការ​សវនាការ​រឿង​ក្តី​របស់លោកដែលបានអូសបន្លាយជាច្រើនឆ្នាំផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលគ្មានសិទ្ធិ​អំណាចទៅបង្គាប់បញ្ជាតុលាការកម្ពុជា ដើម្បីយកចិត្តបរទេសណាមួយឡើយ។ ករណីនេះ លោក​ថា ទុកឱ្យតុលាការដំណើរក្ដី ដើម្បីស្វែងរកការពិតថាតើលោក កឹម សុខា បានជាប់ពាក់​ព័ន្ធជាមួយបរទេសឬក៏អត់។

លោកថា៖ «គ្មានអ្វីក្រៅពីគោរពអធិបតេយ្យភាពរបស់តុលាការ​ ហើយ​ដឹងស្រាប់​ហើយការសម្រេចសេចក្ដីដំណើរ​ការ​របស់​តុលាការ ជាផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ អាហ្នឹងទាំងរដ្ឋាភិបាល ទាំងច្បាប់​​ក៏បានចែងថា តុលាការ​មាន​អធិប​តេយ្យ​​ភាព​គ្រប់គ្រាន់បំផុត»។

លោក​ កឹម សុខា​ ត្រូវបានតុលា​ការដកសិទ្ធិ​ធ្វើនយោបាយជិត៥ឆ្នាំមកហើយ ​ក្រោយ​សម​ត្ថ​​កិច្ចឆ្មក់ចូលចា​​ប់​ខ្លួ​​​ន​នៅរាជធានីភ្នំពេញ ​កាលពី​​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២​០១៧​ ទាំ​ងមានអភ័យឯកសិទ្ធិស​ភា ​​ដោយ​ចោទថា «​គប់គិតជា​មួ​​យ​​​​បរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែសំណុំរឿងនេះត្រូវបានគេមើលឃើញថាជារឿងនយោ​បាយ​ ហើយមកទល់ពេលនេះ​ លោក កឹម សុខា នៅមិនទាន់ត្រូវបានតុលាការរកឃើញថាមានទោសនៅឡើយដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ