សហរដ្ឋ​អាមេរិក​រៀបចំ​ផ្ដល់​ជំនួយ​យោធា​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៨០០លាន​ដុល្លារ​បន្ថែម​ដល់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្បែរ​ជួរ​មុខ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​​រុស្ស៊ី​ នៅ​ក្នុង​តំបន់ Donbass ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២១។ (REUTERS)

សហរដ្ឋអាមេរិកកំពុងរៀបចំជំនួយយោធាបន្ថែមប្រហែល៨០០លានដុល្លារដល់អ៊ុយក្រែន ហើយអាចនឹងប្រកាសពីផែនការនៅថ្ងៃសុក្រនេះ។ នេះបើតាមប្រភពចំនួនបីដែលដឹងពីផែនការនេះ បានរាយការណ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន (Joe Biden) នឹងប្រើសិទ្ធិអំណាចជាប្រធានាធិបតី (Presidential Drawdown Authority) ក្នុងការអនុម័តលើកញ្ចប់ជំនួយយោធានោះ។

​ប្រភពដដែលបានបន្ថែមក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះថា ការផ្តល់ជំនួយយោធានេះ​អាចនឹងធ្វើឡើងនៅសប្តាហ៍​ក្រោយ ​និង​បានបញ្ជាក់​ថាតម្លៃនៃ​កញ្ចប់​ជំនួយយោធានេះ​អាច​ផ្លាស់ប្តូរ​​មុននឹង​ប្រកាស។

សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ជម្លោះរវាងប្រទេសទាំងពីរបានឈានដល់សង្រ្គាមប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ហៅថាជា«ប្រតិបត្តិការយោធាពិសេស»។

វ៉ាស៊ីនតោនបានបញ្ជូនជំនួយផ្នែកសន្តិសុខរាប់ពាន់លានដុល្លារទៅកាន់ទីក្រុងកៀវ (Kyiv) ជាមួយនឹងសព្វាវុធ រួមមាន ប្រព័ន្ធរ៉ុក្កែត HIMARS កាំភ្លើងត្បាល់គ្រាប់កាំភ្លើងធំ អាវុធប្រឆាំងរថក្រោះ Javelin គ្រឿងផ្ទុះ និងឧបករណ៍កម្ទេច។

Reuters មិនបានបញ្ជាក់លម្អិតថាតើមានអ្វីខ្លះដែលនឹងត្រូវដាក់បញ្ចូលក្នុងកញ្ចប់ជំនួយយោធាចុងក្រោយនេះឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ