លោក ពូទីន អាច​នឹង​ជួប​លោក ហ្សេលេនស្គី ក្នុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ចុងឆ្នាំនេះ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើនៅកោះបាលី ក្នុងខែវិច្ឆិកា ខាងមុខនេះ ខណៈប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី បន្ថែមថា៖ «លោក ស៊ី ជីនពីង នឹងចូលរួម ខណៈប្រធានាធិបតីរុស្ស៊ី លោក ​ពូទីន ក៏បានជូនដំណឹងមកថានឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ»។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជាប្រធានវិលជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ក៏ធ្លាប់បានប្រឈមមុខនឹងសម្ពាធពីបណ្តាប្រទេសលោកខាងលិច ឱ្យដកការអញ្ជើញលោក ពូទីន ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា ជុំវិញការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា ក្នុងនាមជាអ្នកសម្របសម្រួល លោកប្រធានាធិបតី ចូកូ វីដូដូ កាលពីពេលកន្លងទៅ បានធ្វើដំណើរទៅជួបប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី ខណៈលោកបានអះអាងឱ្យដឹងក្នុងសប្តាហ៍នេះថា ប្រទេសទាំងពីរបានទទួលយកប្រទេសឥណ្ឌូនេស៊ីជា «ស្ពាននៃសន្តិភាព»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំ​ ទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ