អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​ស្នើ​សុំ​ផែន​ទី​ពី​ក្រសួង​បរិស្ថាន​ដើម្បី​ដោះ​ស្រាយ​​វិវាទ​ព្រៃ​សហគមន៍​​ឧត្ដម​ស្រែ​ពស់

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (ហ៊ាន រង្សី)

អភិបាលខេត្តកំពង់ស្ពឺ អះអាងថា អាជ្ញាធរកំពុងស្នើទៅក្រសួងបរិស្ថាន សុំផែនទី​ពាក់ព័ន្ធព្រៃសហគមន៍ឧត្តមស្រែពស់ ដើម្បីយកទៅដោះស្រាយបញ្ចប់វិវាទដីព្រៃសហគមន៍មួយនេះ​ ខណៈព្រៃឈើ​នៅតំបន់នោះនៅតែរងការកាប់បំផ្លាញ និងឈូសឆាយឥតឈប់ឈរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា រូបលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋហើយ ពាក់ព័ន្ធករណីកាប់បំផ្លាញ និងឈូសឆាយព្រៃឈើនៅសហគមន៍​ឧត្តមស្រែពស់។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរកំពុងស្នើសុំផែនទីពីក្រសួងបរិស្ថាន មុននឹងចុះទៅពិនិត្យ និងដោះស្រាយបញ្ហាដីព្រៃសហគមន៍មួយនេះម្ដងទៀត។

លោកបន្តថា៖«យើងបានផែនទីមក យើងចុះទៅមើលព្រំទាំងអស់គ្នា  តើផែនទីដីព្រំសហគមន៍យើងនៅកន្លែងណា​ ហើយយើងរកលុយមកបោះបង្គោលព្រំ កុំឱ្យចេះតែគ្នាទន្ទ្រានទៅទន្ទ្រានមកវាពិបាកអ៊ីចឹង»។

វីអូឌីមិនអាចសុំការឆ្លើយពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ នៅល្ងាចថ្ងៃសៅរ៍នេះ។

ប្រជាពលរដ្ឋរស់នៅក្បែរព្រៃ​​សហគមន៍ឧត្តមស្រែពស់ លោក ខន សារិទ្ធ លើកឡើងថា ពួកគាត់ចង់ឱ្យរដ្ឋាភិបាល លុបចោលអនុក្រឹត្យដែលផ្ដល់ដីព្រៃជាង ២៦០ហិកតា ឱ្យគ្រួសារទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ដូចករណីលុបគម្រោងអភិវឌ្ឍន៍នានានៅតំបន់ភ្នំតាម៉ៅដែរ។

លោកបន្តថា ការដែលរូបលោកស្នើបែបនេះ ​ដោយសារ សកម្មភាពនៃការ​ឈូសឆាយដីព្រៃពីសំណាក់ក្រុមកងទ័ពនៅតែបន្តកើតមាន បើទោះអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង  បានសន្យាថា នឹងការពារ​ព្រៃសហគមន៍នៅតំបន់នោះយ៉ាងណាក៏ដោយ។​

លោកថា៖«ខ្ញុំសូមសំណូពរទៅក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលគួរតែពិចារណាទុកព្រៃហ្នឹង គួរតែលុបអនុក្រឹត្យហ្នឹងចោល[អនុក្រឹត្យដែលកាត់ឆ្វៀលដីឱ្យកងរថក្រោះ] ដើម្បីទុកព្រៃហ្នឹងឱ្យសហគមន៍ការពារជាប្រយោជន៍រួមជាសម្បត្តិ ទុកឱ្យក្មេងជំនាន់ក្រោយមើល »។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​បង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរតវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

ការស្នើរបស់ប្រជាសហគមន៍ឧត្តមស្រែពស់​ឱ្យលុបចោលអនុក្រឹត្យផ្តល់ដីទៅក្រុមទាហាននេះ​ធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ ២០២២ បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍ និងដោះដូរដីតំបន់ភ្នំតាម៉ៅទាំងអស់វិញ ក្រោយពីមានប្រតិកម្មខ្លាំងពីមហាជន។

ក្រៅពីលុបចោលគម្រោងអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រុមហ៊ុន ដែលឈូសឆាយឈើជិត ៦០០ហិកតាក្នុងរយៈពេលតែប៉ុន្មានថ្ងៃនោះ ត្រូវដាំកូនឈើនៅតំបន់ឈូសឆាយឡើងវិញ។ បន្ថែមពីនេះ លោកក៏បានបញ្ជាកម្លាំងទាហានផ្ទាល់របស់លោក ឬហៅថាកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សជាង១ពាន់នាក់ដោយស្ងាត់ៗ ទៅតំបន់ភ្នំតាម៉ៅ ថែមទៀតផង។

ក្រោយចាប់ខ្លួនអ្នកសារព័ត៌មានវីអូឌី និងសកម្មជនបរិស្ថានចំនួន៩នាក់ ដោយកម្លាំងកងអង្គរក្សកាលពីថ្ងៃទី១៦ ខែសីហា ទើបបែកធ្លាយពីការដាក់កម្លាំងទាហានច្រើននៅតំបន់ភ្នំតាម៉ៅនោះ ទើបលោកនាយករដ្ឋមន្ត្រីបានចេញមុខបកស្រាយតាមរយៈសារជាសំឡេងនៅយប់ថ្ងៃដដែលថា កម្លាំងកងអង្គរក្សរបស់លោកទាំងជាង១ពាន់នាក់នោះ ដាក់ឈរជើងនៅតំបន់ភ្នំតាម៉ៅ ដើម្បីរៀបចំសម្អាត និងទទួលខុសត្រូវការលើដាំកូនឈើនៅតំបន់នោះតែប៉ុណ្ណោះ។

ជាការឆ្លើយតបបន្ថែមលើបញ្ហារសើបនៃគម្រោងអភិវឌ្ឍន៍ភ្នំតាម៉ៅនេះ លោកហ៊ុន សែន ក៏បានអះអាងពីការប្តេជ្ញាថែរក្សាតំបន់​ភ្នំតាម៉ៅ ដោយដាក់ជាតំបន់នេះ ជាតំបន់អភិរក្សសួនសត្វនិង​ព្រៃឈើតែម្តង។ លោកក៏បានបញ្ជា ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ឱ្យត្រៀមរៀបចំព្រះរាជក្រឹត្យដាក់ថ្វាយព្រះមហាក្សត្រ ឱ្យដាក់តំបន់នេះជាតំបន់អភិរក្សជាផ្លូវការ។

នៅថ្ងៃទី ១៩ ខែសីហា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ​ដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើនិងសត្វព្រៃ។

លើសពីនេះ ដើម្បីអភិវឌ្ឍ​សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងអភិវឌ្ឍជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃឡើងវិញជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ