ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​កំណត់​តំបន់​ភ្នំ​តាម៉ៅ​ជា​ឧទ្យាន​សួន​សត្វ​និង​ព្រៃ​ការពារ​​

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ដោយដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើនិងសត្វព្រៃជាដើម ក្រោយតំបន់នេះមានភាពចម្រូងចម្រាសពីបញ្ហាឈូសឆាយដីព្រៃរាប់រយហិកតា ក្រោមគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន ប៉ុន្តែត្រូវបានរដ្ឋាភិបាល​លុបចោលទៅវិញ។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដែលឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានដាក់ភ្នំតាម៉ៅជាឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ចាប់ពីថ្ងៃទី១៩ ខែសីហាតទៅ។

ព្រះរាជក្រឹត្យបញ្ជាក់ថា ការបង្កើត ឬដាក់តំបន់ភ្នំតាម៉ៅនេះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍសួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងអភិវឌ្ឍ​ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ។

ក្រៅពីអភិវឌ្ឍន៍ហើយ ក៏ជាការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ និងបង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

បើតាមព្រះរាជក្រឹត្យបញ្ជាក់ថា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដែលបង្កើតឡើង ត្រូវបានបែងចែកជា ៣តំបន់ ដែលមានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យ។

តំបន់ទាំង ៣ ដែលត្រូវបែកចែកក្នុងនោះ តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១ ០២១ហិកតា។

ចំណែកនៅតំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា ខណៈនៅតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកតា។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា (CYN) លោក ហេង គឹមហុង សាទរចំពោះការបង្កើតឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»ដោយថា ព្រះរាជក្រឹត្យនេះ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តបន្ថែមទៀត។ លោកទទូចទៅរដ្ឋាភិបាល និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា បន្តការពារ និងថែគាំទ្រ រហូតដល់សួន ព្រមទាំងដើមឈើបានធំពេញលេញផងដែរ។

លោកថា៖«វាបានផ្ដល់ទំនុកចិត្តសំខាន់ណាស់ គាត់តែងតែឮសូរសម្ដី ព្រោះសម្ដីវាមិនមានជាលក្ខណៈផ្លូវច្បាប់ពេញលេញទេ។ ទាល់តែមានលិខិតបែបបទគតិយុត្តនានាទើបបង្ហាញឱ្យប្រជាពលរដ្ឋឃើញ និងមានភាពជ្រះស្រឡះក្នុងចិត្តថា ពិតជាក្លាយជាតំបន់ការពារពិតមែន»។

មន្រ្តីជាន់ខ្ពស់កម្មវិធីបណ្ដាញសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្សអាដ​​ហុក លោក ប៉ែន ប៊ុណ្ណារ៍​ ក៏បានបង្ហាញការសាទរ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែធ្វើតាមដានបន្តទៀត បើទោះបីជាតំបន់ភ្នំតាម៉ៅ ត្រូវបង្កើតឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»ហើយក្ដី។

លោកថា«អ្វីៗក៏ដោយមានប្រសិទ្ធភាពក៏ដោយសារកម្លាំងមហាជន កម្លាំងរួមគ្នា​ធ្វើឱ្យកើតមានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដែរ មិនមែនគ្រាន់តែចេញព្រះរាជក្រឹត្យ អនុក្រឹត្យលើតំបន់ធនធានធម្មជាតិវាធ្វើឱ្យតំបន់ឧទ្យាជាតិគង់វង្សបានទេ ។ អ៊ីចឹងបន្ទាប់ចេញព្រះរាជក្រឹត្យនឹងមកតយើងដែលជាកូនខ្មែរទាំងអស់គ្នា ត្រូវតែតាមដាន ហើយជំរុញឱ្យមានការការពារឱ្យ​សមឈ្មោះជាតំបន់ឧទ្យាជាតិ»

លោកប៉ែន ប៊ុណ្ណារ៍​  ក៏ស្នើទៅរដ្ឋាភិបាលឱ្យដាក់តំបន់ព្រៃឈើផ្សេងៗទៀត ឱ្យមានការការពារជាតិលក្ខណៈជាតិតែម្តង។ ដូច្នេះ លោកថា រដ្ឋាភិបាលគួរតែស្រាវជ្រាវ និងដាក់តំបន់ព្រៃឈើទាំងនោះ ជាតំបន់ការពារឡើងវិញ ដោយថា ព្រៃឈើវាបានផ្ដល់ផលប្រយោជន៍ដល់មនុស្ស សត្វ និងទប់ស្កាត់បម្រែលបម្រួលអាកាសធាតុផងដែរ។

កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២២ លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ឱ្យ​លុប​ចោល​ទាំង​អស់​ចំពោះ​ការ​អនុញ្ញាតិ​ឱ្យ​ដោះ​ដូរ​​ និង​អភិវឌ្ឍ​​តំបន់​ភ្នំ​តាម៉ៅ​ ក្រោយពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានឈូសឆាយអស់ជិត ៦០០ហិកតា ក្នុងចំណោមផ្ទៃដីព្រៃ ១ ៥០០ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់ឱ្យ ដើម្បី​អភិវឌ្ឍ​។ ការសម្រេចលុបគម្រោងអភិវឌ្ឍន៍វិញនេះ ក្រោយមានប្រតិកម្មខ្លាំងពីមហាជនចំពោះការសម្រេចនេះ ដោយថានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ពិសេសព្រៃឈើ និងសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ។

ភ្នំតាម៉ៅ ​មានចំងាយប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសួនសត្វ ៤០០ហិកតា និង​ផ្ទៃដីទំហំជាង ២ ០០០ហិកតាជាព្រៃដែលព័ទ្ធជុំវិញសួនសត្វ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ