ជនជាតិ​ដើម​ភាគ​តិច​ខេត្តរតនគិរី​ជំរុញ​អាជ្ញាធរ​​​ផ្ដល់​ដី​ជិត​១ ០០០​ហិកតា​ឱ្យ​ពួកគេ​អាស្រ័យ​ផល​

ស្ត្រីពីរនាក់ជិះម៉ូតូតាមដងផ្លូវពីមុខសាលាខេត្តរតនគិរី។

ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនខេត្តរតនគិរី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហា​ដីព្រៃសហគមន៍មួយ​មានទំហំជិត ១ ០០០ហិកតា ដែលត្រូវបានក្រុមហ៊ុនឯកជនមួយ​កាន់កាប់ធ្វើជាកម្មសិទ្ធិ ខណៈរឿងនេះបានអូសបន្លាយជិត១ឆ្នាំមកហើយ។ ​

តំណាងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិលោម លោក សេវ វិ ​ ប្រាប់វីអូឌីកាលពីថ្ងៃសុក្រដោយស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ជួយ​អន្តរាគមន៍ចំពោះករណីក្រុមហ៊ុនឯកជនមួយឈ្មោះ ជាំង លី ដែលបាន​ទន្ទ្រានឈូសឆាយនិងកាន់កាប់លើផ្ទៃដីជិត១ពាន់ហិកតា(៩៦៩ហិកតា) ដែលផ្ទៃដីទាំងនេះធ្លាប់ត្រូវបានរដ្ឋាភិបាលប្រកាសថា នឹងប្រគល់ជូនប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនភូមិលោមក្នុងឆ្នាំ២០១៣​។

លោកថា៖«ទាក់ទងលើដីនេះ វារយៈពេល៣ឆ្នាំហើយ គេ(ប្រជាសហគមន៍)តវ៉ាអ៊ីចឹងអ្ហា!បាទ!ខាងខ្ញុំចង់ឱ្យសម្ដេចតេជោ ហើយសម្ដេច ហេង​ សំរិន ហើយសម្ដេចក្រឡាហោម ស​ ខេង ជួយអន្តរាគមន៍ឱ្យ ព្រោះអីកាលមុននឹងខាងខ្ញុំហ្នឹង ចុះទៅកន្លែងដល់សម្ដេចហើយ។ សម្ដេច ហេង សំរិន គាត់រាយការណ៍ឱ្យហើយអស់ហើយ ហើយមកដល់ខេត្ត មកទម្លាក់ដល់ខេត្ត ខេត្តធ្វើឱ្យបាត់ឈឹង​[..]គាត់អត់ទាន់ប្រគល់ជូនទេ(ប្លង់កម្មសិទ្ធិដីធ្លីពីថ្នាក់ខេត្ត)។ អ៊ីចឹងហើយរយៈពេលបីឆ្នាំនេះមិនទាន់ទទួលដីហ្នឹងទេ ព្រោះអីក្រុមហ៊ុនហ្នឹងមិនព្រមប្រគល់ឱ្យប្រជាពលរដ្ឋវិញទេ»។

តំណាងសហគមន៍រូបនេះ ឱ្យដឹងទៀតថា ការតវ៉ានេះធ្វើឡើងក្រោយពីប្រជាសហគមន៍បានរង់ចាំដំណោះស្រាយពីអាជ្ញាធរ ប៉ុន្តែហាក់មិនមានលទ្ធផល។ ក្នុងនោះលោកថា អាជ្ញាធរមូលដ្ឋានមានការគប់គិតគ្នាដើម្បីធ្វើប្លង់ដីក្លែងក្លាយ ដោយមកទល់ពេលនេះផ្ទៃដីប្រមាណ៩៦៩ហិកតាដែលត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជននោះ កំពុង​ដាំដុះ​ដំណាំមួយចំនួនដូចជា ដំណាំកៅស៊ូ ទុរេន ស្វាយចន្ទីជាដើម។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ទាក់ទិន​ករណីនេះ អាជ្ញាធ​កំពុង​ស្រាវជ្រាវដោយថា រឿងនេះមានលក្ខណៈវែងឆ្ងាយ។

លោកថា៖«អត់ទេ! រឿងហ្នឹងវាវែងឆ្ងាយណាស់ហើយយើងកំពុងធ្វើការដោះស្រាយ។ ដឹងហ្នឹងហើយ!ឥឡូវហ្នឹងយើងកំពុងធ្វើការស្រាវជ្រាវជូនគាត់ដោយសារតែរឿងហ្នឹងវាពាក់ព័ន្ធទៅនឹងដីរបស់ក្រុមហ៊ុន ដោយសារក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការអភិវឌ្ឍ។ អត់អីទេ!ហ្នឹងហើយយើងកំពុងស្រាវជ្រាវឱ្យដឹងឫសដឹងគល់ពិតប្រាកដ ថាដីហ្នឹងក្រុមហ៊ុនយកមែនឫក៏យ៉ាងមិច»។

យ៉ាងណា​ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី ប្រាប់វីអូឌី​ថា សាវតានៃរឿងនេះកើតចេញពីការលក់ទិញដីដោយខុសច្បាប់ ដោយសារពីដំបូង ប្រជាជនបាន​លក់ដីព្រៃអភិរក្ស​ឱ្យ​ក្រុមហ៊ុនឯកជនមួយឈ្មោះ ជាំង លី ប៉ុន្តែក្រោយមកមិនទទួលបានប្រាក់​ ទើបបណ្ដាលឱ្យមានការប្ដឹងតវ៉ា​ទាមទារយកដីនោះមកវិញ។

លោកថា៖«រឿងនេះខ្ញុំដឹង​យូរដែរហើយ កើតឡើងប្រហែលជិតមួយឆ្នាំហើយ ប៉ុន្តែដោយសាររឿងនេះវាអញ្ចេះទេ!ពីមុនដំបូងហ្នឹងគឺប្រជាជនខ្លួនឯងហ្នឹង បើតាមដែលខ្ញុំដឹងគឺលក់ដីហ្នឹងអ្ហា!លក់ដីនឹងទៅឱ្យក្រុមហ៊ុនឯកជនដែលកំពុងនិយាយហ្នឹង ប៉ុន្តែគេមិនឱ្យលុយគាត់។ អ៊ីចឹងមានន័យថា អានឹងវាគប់គិតគ្នាក្នុងការលក់ដី ចឹងវាខុសច្បាប់បាត់ទៅហើយ គប់គិតទាំងអ្នកលក់ទាំងអ្នកទិញ ព្រោះដីសហគមន៍វាមិនដូចដីឯកជននោះទេ។ ដីសហគមន៍ វាជាដីឯកជនរបស់រដ្ឋ អ៊ីចឹងអត់អាចបុគ្គលណាមួយលក់ទិញដីហ្នឹងបានទេ។ អាហ្នឹងជាគោលការណ៍ច្បាប់»។

​យ៉ាងណា ​លោកបន្ថែមថា អាដហុកនឹង​ស៊ើបអង្កេតពីរឿងនេះបន្ថែមទៀត  ហើយនឹងអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺក្រសួងដើម្បីឱ្យមានវិធានការផ្លូវច្បាប់ និងធ្វើការដកហូតដីនេះទុកជាសម្បត្តិ​រដ្ឋវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ