សកម្មជនបក្សសង្គ្រោះជាតិ១៤នាក់ត្រូវបានផ្ទេរពីពន្ធនាគារព្រៃសទៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម

មណ្ឌលអប់រំកែប្រែទី១។ (ជន ចាន់រ៉ែន)

​សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាពសាច់ញាតិរបស់ពួកគេ ក្រោយសមត្ថកិច្ច​ផ្ទេរសកម្មជនបក្សប្រឆាំងដែលជាប់ឃុំ​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។

អ្នកស្រី អ៊ុក ចន្ធី ត្រូវជាភរិយារបស់លោក យឹម សារ៉េត ​ក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ​ នៅឃុំ​ចន្ទ្រា​ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែលត្រូវបានតុលាការរំលាយ បានប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ស្វាមីគាត់ និងសកម្មជនផ្សេងទៀតសរុបចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចមកពីក្រសួងមហាផ្ទៃចាប់វាយខ្នោះកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ រួចបញ្ជូនទៅឃុំពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅក្បែរព្រំដែនវៀតណាមភ្លាមៗ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ ។

អ្នកស្រីបង្ហាញការសោកស្ដាយ ដែលថ្នាក់ដឹកនាំក្រសួងនិងខាងពន្ធនាគារមិនបានជូនដំណឹងទៅក្រុមគ្រួសារ សាច់​ញាតិ និងមេធាវី បានដឹងពីរឿងនេះជាមុននោះឡើយ។

អ្នកស្រីចាត់ទុកការផ្ទេរស្វាមីគាត់ទៅពន្ធនាគារត្រពាំងផ្លុង ក្បែរព្រំដែនវៀតណាម ថាជាការគំរាមកំហែងផ្នែកនយោបាយ និងធ្វើទុក្ខបុកម្នេញកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀតដល់ស្វាមីគាត់ ជាពិសេសធ្វើឱ្យគាត់កាន់តែជួបបញ្ហាប្រឈមច្រើនក្នុងការធ្វើដំណើរទៅសួរសុខទុក្ខស្វាមី ជាដើម ។

អ្នកស្រីមានប្រសាសន៍ថា៖ «បើនៅពន្ធនាគារព្រៃស គឺជិត! យើងអាចមានពេលសួរសុខទុក្ខគាត់ ផ្តល់ថវិកាបន្តិចបន្តួចជូនគាត់។ ដល់ពេលទៅឆ្ងាយអ៊ីចឹង គឺយើងត្រូវការចំណាយច្រើន។ ហើយយើងធ្វើការរោងចក្ររាល់ថ្ងៃ។ ខ្ញុំសុខភាពមិនល្អ ឈឺមួយថ្ងៃកាត់ មួយថ្ងៃកោរ! ហើយតើខ្ញុំមានលទ្ធភាពឯណាទៅជួបគាត់នៅតំបន់ដាច់ស្រយាល ហើយខ្ញុំក៏មិនស្គាល់ពន្ធនាគារត្រពាំងផ្លុងនៅកន្លែងណាផង»។

អ្នកស្រីបន្ថែមថា សកម្មជនចំនួន១៤នាក់ដែលត្រូវបានផ្ទេរទៅពន្ធនាគារត្រពាំងផ្លុង  រួមមាន លោក ថៃ            សុគន្ធា ហៅតឹង, ឡុង ផារី, ពៀត ម៉ាប់, ឃឹម ភាណា, សុខ ចន្ថា, កែវ  ថៃ, ជុំ ចាន់, ស៊ុន ធន់, ហ៊ិន ឆាន, យឹម សារ៉េត, ពាប ម៉ាប់, ឃុត ច្រឹក, ងិន ឃាន និងអតីតមន្ត្រីក្រសួងមហាផ្ទៃ លោក ឈុន ប៊ុនឆាត ជាដើម ។

អ្នកស្រី ផល ជឿន ដែលអះអាងថាត្រូវជាកូនបង្កើតរបស់លោក ឡុង ផារី ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង  បានឱ្យវីអូឌីដឹងនៅថ្ងៃចន្ទនេះថា គាត់ទើបតែទទួលបានព័ត៌មានពីសកម្មជនគណបក្សសង្គ្រោះជាតិ​ ថាឪពុករបស់គាត់បានផ្ទេរចេញពីពន្ធនាគារព្រៃស ឱ្យទៅនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាមវិញ។

អ្នកស្រីបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ គាត់មិនអស់ចិត្ត ក៏នាំសាច់ញាតិរបស់សកម្មជនគណបក្ស      សង្គ្រោះជាតិ​ ទៅជួបមន្ត្រីពន្ធនាគារនៅរសៀលថ្ងៃទី២២ ខែសីហានេះ  ស្រាប់តែទៅដល់ មន្ត្រីពន្ធនាគារប្រាប់ថា ឪពុកគាត់ និងសកម្មជនផ្សេងទៀត ត្រូវបានផ្ទេរទៅពន្ធនាគារត្រពាំងផ្លុងកាលពីម្សិលមិញហើយ។

អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានបែបនេះ ធ្វើឱ្យគាត់មានភាពតក់ស្លុត ពីព្រោះឪពុកគាត់ជា   សកម្មជននយោបាយ ហើយត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារទាំងអយុត្តិធម៌ ហើយត្រូវផ្ទេរទៅ ពន្ធនាគារត្រពាំងផ្លុង ក្បែរព្រំដែនវៀតណាម កាន់តែឆ្ងាយពីគ្រួសារថែមទៀត។

កញ្ញាបញ្ជាក់​ថា៖ «ខ្ញុំយល់ថា ធ្វើនេះអយុត្តិធម៌ដល់ពួកគាត់ខ្លាំងណាស់! ចង់និយាយថា ធ្វើបាបគាត់ ដាក់គាត់នៅក្នុងពន្ធនាគារព្រៃសប៉ុណ្ណឹងហើយ នៅតែមិនស្កប់ចិត្តគេទៀត ហើយគេនៅតែបញ្ជូនពួកគាត់ទៅដល់ត្រពាំងផ្លុងទៀត ធ្វើឱ្យខ្ញុំមានការតក់ស្លុតមែនទែន ហើយក៏អាណិតពួកគាត់យ៉ាងខ្លាំង»។

អ្នកនាំពាក្យអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា មាន​ប្រសាសន៍​ថា ជាគោលការណ៍ ក្រសួងមហាផ្ទៃតែងតែធ្វើការផ្ទេរអ្នកជាប់ឃុំ និងអ្នកទោសចម្រុះ ពីពន្ធនាគារមួយទៅ​ពន្ធនាគារមួយផ្សេងទៀត មិនមែនជារឿងចម្លែកនោះទេ។

ជាក់ស្តែង លោកថា ការផ្ទេរអ្នកជាប់ឃុំពីពន្ធនាគារព្រៃសទៅពន្ធនាគារត្រពាំងផ្លុងនោះ មានប្រហែល​៥០នាក់ មិនមែនផ្ទេរតែសកម្មជនដែលគាំទ្របក្សប្រឆាំង​នោះទេ។ លោកបន្តថា ដើមចមដែលនាំឱ្យមានការផ្ទេរអ្នកជាប់ឃុំនោះ ដើម្បីកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «តាមគោលការណ៍នេះ យើងបំបែកពួកគាត់ដែលកាត់ទោសហើយយកទៅដាក់នៅពន្ធនាគារត្រពាំងផ្លុង ងាយស្រួលគ្រប់គ្រង ពីព្រោះនៅភ្នំពេញ ចំនួនអ្នកជាប់ឃុំចេះតែកើន។ អ៊ីចឹងយើងត្រូវបន្តផ្ទេរចេញជាបន្តបន្ទាប់ មិនមែនតែគាត់ទេ អ្នកផ្សេងក៏គេយកទៅដែរ»​។

នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើដូចការលើកឡើងរបស់គ្រួសារ សាច់ញាតិរបស់អ្នកជាប់ឃុំបក្សប្រឆាំង បញ្ជាក់ថា ការផ្ទេរសកម្មជនទាំងនោះដោយមិនបានជូនដំណឹងទៅពួកគាត់ ឬមេធា​វីជាដើមនោះ មិនទំនងទេ។ លោកថា ខាងក្រសួងមហាផ្ទៃគួរតែមានការជូនដំណឹងដល់គ្រួសារ សាច់ញាតិ ឬមេធាវីជនជាប់ឃុំទាំងនោះជាមុន ដើម្បីកុំឱ្យពួកគាត់មានការលំបាក នៅពេលចង់ទៅសួរសុខទុក្ខ ឬមេធាវីចង់ជួបកូនក្តីរបស់ពួកគេ។   ​

លោកមានប្រសាសន៍ថា៖ «រាល់ថ្ងៃសុក្រ គេឃើញថា ស្ត្រីថ្ងៃសុក្រដែលជាក្រុមគ្រួសារ តែងតែធ្វើការតស៊ូមតិដាក់ញត្តិទៅស្ថាប័នផ្សេងៗ ដើម្បីទាមទារឱ្យមានការដោះលែងគ្រួសាររបស់គាត់។ អ៊ីចឹងគេអាចយល់ថា ក្រុមគ្រួសាររបស់គាត់ធ្វើការតស៊ូមតិជាញឹកញាប់ដើម្បីឱ្យមានការដោះលែង បានបញ្ជូនពួកគាត់ទៅឆ្ងាយ វានាំឱ្យមានការលើកឡើងតាមបែបយល់ឃើញអ៊ីចឹងទៅវិញ»។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិ ចំនួន៧នាក់ រួមមាន លោក សម រង្សី, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ, លោក តុប វណ្ណចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់, លោក អេង ឆៃអ៊ាង ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។

ចំណែកសកម្មជនគណបក្សនេះជាច្រើននាក់ទៀត ត្រូវបា​នតុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់»។ ប៉ុន្តែទោស៥ឆ្នាំនេះត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ