តុលាការ​ឃុំខ្លួន​មន្រ្តី​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ ៣នាក់ ពីបទ​មនុស្សឃាត​ដោយ​អចេតនា

លោក សួង ឌ័ន ទទួលមរណភាព ដោយសាច់ញាតិអះអាងថាលោកស្លាប់អំឡុងពេលកងរាជអាវុធហត្ថខេត្តកំពង់ធំចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង (ជល់មាន់) ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកកូនស្រីជនរងគ្រោះ)

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឱ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថខេត្តចំនួន៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារខេត្តជាបណ្ដោះអាសន្ន ខណៈ​មន្រ្តីកងរាជអាវុធហត្ថ១០នាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ​ ដោយ​រកពុំឃើញថាពួកគេ​មានកំហុស​។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតទៅលើមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន១៣នាក់ ដែលពាក់ព័ន្ធ​ប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញមួយកន្លែង បណ្ដាលឱ្យ​ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ដែលជាអនុភូមិរូង ឈ្មោះ សួង ឌ័ន បានស្លាប់នៅក្នុងរថយន្តសមត្ថកិច្ច ពេល​កំពុងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្ត​។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ​ប្រាប់វីអូឌីនៅថ្ងៃចន្ទ​នេះថា មន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាំង៣នាក់នោះ រួមមាន​ លោក សៅ សិរីវុឌ្ឍ ជាជំនួយការអង្គភាពនគរបាលយុត្តិធម៌ លោក លុយ តាំងឈួយ ជាប្រធានអង្គភាពនគរបាលយុត្តិធម៌ និងនាយការិយាល័យព្រហ្មទណ្ឌ លោក សុខ ម៉េងហុង

លោកបន្តថា ពួកគេទាំង៣នាក់ត្រូវបានតុលាការ​បង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោមបទចោទ មនុស្សឃាតដោយអចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ។

លោកមានប្រសាសន៍ថា៖ «បាទ! ខាងចៅក្រមស៊ើបសួរ គាត់បានសម្រេចបញ្ជូនកងកម្លាំងអាវុធហត្ថទាំង៣នាក់ហ្នឹងទៅពន្ធនាគារបណ្ដោះអាសន្ន។ ប៉ុន្តែចៅក្រមស៊ើបសួរ គេនៅតែបន្តស៊ើបសួររកយុត្តិធម៌ឱ្យពួកគាត់ទាំង៣នាក់ហ្នឹងទៀត»។

លោកបន្តថា៖ «នេះបណ្ដោះអាសន្ននោះទេ យើងមិនអាចសន្មតថាគាត់បានប្រព្រឹត្ត គាត់បានធ្វេសប្រហែសអនុវត្តតួនាទីនោះទេ។ អានេះគោលការណ៍ច្បាប់ យើងគេហៅថា បើមិនទាន់មានសាលក្រម សាលដីកាស្ថាពរ យើងអត់អាចចាត់ទុកថាបុគ្គលណាមួយមានទោសនោះទេ»។

ព្រះរាជអាជ្ញារងរូបនេះបន្ថែមថា ចំណែកមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន​១០នាក់ផ្សេងទៀត​ត្រូវបាន​អនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ​ ដោយសាររកមិនឃើញថាពួកគេមានកំហុស។ ប៉ុន្តែលោកថា ចៅក្រមស៊ើបអាចកោះហៅអ្នកពាក់ព័ន្ធទាំងនោះមកសួរនាំបន្ថែមទៀតបាន ត្បិតសំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។

​​លោក សួង ឌ័ន មានវ័យ៤៧ឆ្នាំ ជាអនុភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនក្នុងប្រតិបត្តិការចុះបង្រ្កាបករណីល្បែងស៊ីសងជល់មាន់ កាលពីថ្ងៃទី៧ ខែសីហានោះ។

ក្នុងសន្និសីទសារព័ត៌មាន​នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពី​ថ្ងៃ១៧ ខែសីហា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ​បានថ្លែងថា ប្រតិបត្តិការចុះបង្រ្កាបករណីល្បែងស៊ីសងកាលពីថ្ងៃទី៧ ខែសីហានោះ សមត្ថកិច្ចបានឃាត់មនុស្សចំនួន៤នាក់ និងវត្ថុតាងមួយចំនួន​។ ​​លោកបន្តថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ដែលជាអនុភូមិរូង ឈ្មោះ សួង ឌ័ន បានស្លាប់នៅក្នុងឡាន ខណៈ​កំពុងបញ្ជូនពួកគេទៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ធំ។

លោក អេង ហ៊ី អះអាងថា ការស្លាប់នេះមិនមែនបង្កដោយអំពើហិង្សានោះឡើយ ប៉ុន្តែអាចដោយសារខ្វះអុកស៊ីសែនក្នុងរថយន្ត។

ទោះជាបែបនេះក្តី កូនស្រីបង្កើតរបស់លោក គឺកញ្ញា ឌិន និរតី ធ្លាប់បានអះអាងប្រាប់វីអូឌីថា ឪពុករបស់ខ្លួនបានស្លាប់ក្នុងរថយន្តសមត្ថកិច្ច ក្រោយមន្ត្រីប៉េអឹមបានចាប់ខ្លួនគាត់ ហើយសង្កត់នៅត្រង់ក ដែលធ្វើឱ្យគាត់ដកដង្ហើមមិនរួច។ កញ្ញាបាន​ទទូចឱ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ក្នុងករណីនេះ ត្បិតឪពុករបស់គាត់មិនមែនស្លាប់ដោយសារជំងឺ​ឡើយ។

​នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ដោយគាំទ្រចំពោះការស៊ើបអង្កេតរបស់ក្រុមការងារចំពោះកិច្ចនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ យ៉ាងណា លោកថា កត្តាដែលធ្វើឱ្យក្រុមគ្រួសារសពនៅ​មានការមិនសុខចិត្ត និងទាមទារឱ្យ​ស៊ើបអង្កេតបន្ថែមទៀតបែបណានោះ អាចដោយសារពួកគាត់​ចង់ដឹងពីមូលហេតុ​ពិតប្រាកដនៃការស្លាប់របស់លោក សួង ឌ័ន។​

លោកថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងក៏ដូចគ្នាដែរ យើងគាំទ្រហើយចំពោះការស៊ើបអង្កេតរបស់កងរាជអាវុធហត្ថ ហើយនិងមានការឃាត់ខ្លួន ប៉ុន្តែចង់ឱ្យបង្ហាញឱ្យពិតប្រាកដទៅទៀតថា មូលហេតុអ្វីបានជាក្រុមគ្រួសារដែលគាត់លើកឡើងថាមានការសង្កត់ក សង្កត់អីហ្នឹង! តើវាជារឿងយ៉ាងម៉េច? ហើយគ្រួសារគាត់នៅតែមិនទាន់អស់ចិត្តលើរឿងទាំងអស់ហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ