ពលរដ្ឋ​១៣១​គ្រួសារ​នៅ​ព្រះវិហារ ស្នើ​អាជ្ញាធរ​កាត់ឆ្វៀល​ដី​ពួក​គេ​ចេញ​ពីគម្រោង​របស់​ក្រុមហ៊ុន

ផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរធ្វើការឈូសឆាយ ដោយអះអាងថាពលរដ្ឋទាំងនោះ​រស់​នៅនិងអាស្រ័យ​ផល​លើ​ដី​របស់​ក្រុម​ហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ នៅ​ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ ស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​កាត់​ឆ្វៀល​ដី​របស់​អ្នក​ភូមិ​ចេញ​ពីគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុនឯកជនមួយ ខណៈពួកគេបានចូលអាស្រ័យផលជាង​១០​ឆ្នាំ។

ការស្នើនេះធ្វើឡើង​ខណៈដែលអាជ្ញាធរខេត្តព្រះវិហារ ជួបប្រជុំជាមួយតំណាងពលរដ្ឋ៤នាក់ នៅរដ្ឋបាល​ស្រុកគូលែន នៅចន្ទ​នេះ ដើម្បី​រក​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​រវាងពលរដ្ឋ១៣១គ្រួសារ និងក្រុមហ៊ុន «សិលាដាម៉ិច» ដែលទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរដ្ឋាភិបាលនៅតំបន់នោះ។

តំណាងពលរដ្ឋនៅ​ភូមិ-ឃុំស្រយង់ ស្រុកគូលែន លោក ភ្លូ បោន ប្រាប់វីអូឌីថា ក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ ខាង​​អាជ្ញាធរ​ស្រុក​គូនលែន បានសួរនាំពួកគាត់​​ជុំវិញ​ជម្លោះ​ដីធ្លី និងប្រវត្តិដែល​ប្រជាពលរដ្ឋ​ចូលទៅកាន់​កាប់ និង​អាស្រ័យផលលើដីតំបន់​នោះ។

តំណាងពលរដ្ឋរូបនេះបន្តថា រូបលោក និងតំណាងពលរដ្ឋផ្សេងទៀត បានប្រាប់ទៅអាជ្ញាធរស្រុកថា អ្នកភូមិ១៣១គ្រួសារ និង​មាន​ដី​សរុប ៦៤៩ហិកតា ស្ថិតនៅឃុំស្រយង់ និង​ឃុំត្បែងពីរ បាន​ចូលទៅកាន់កាប់និងអាស្រ័យផលលើ​ដី​នៅ​តំបន់នោះ​តាំងពី​អំឡុង​ឆ្នាំ២០១៣ ហើយ​ទើប​តែ​នៅ​ខែ​មីនា ឆ្នាំ២០២២ អាជ្ញាធរខេត្តបានដាក់គ្រឿងចក្រឈូសឆាយផ្ទះ និងផល​ដំណាំរ​បស់​ប្រជាពលរដ្ឋ ដោយចោទ​ពលរដ្ឋថាទន្ទ្រាន​យ​ក​ដី​ក្រុម​ហ៊ុន «សិលាដាម៉ិច»។

លោក ភ្លូ បោន បន្ថែម​ថា ក្នុងជុំនួបជាមួយអាជ្ញាធរស្រុកនៅព្រឹក​នេះ តំណាង​ពលរដ្ឋស្នើទៅអាជ្ញាធរ​ឱ្យកាត់ឆ្វៀលដីអ្នកភូមិចេញពីគម្រោងអភិវឌ្ឍន៍​របស់ក្រុមហ៊ុន និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ។

លោកបន្ថែមថា៖ «ទី១ ប្រសិនជាអាជ្ញាធរមិនដោះស្រាយឱ្យពួកខ្ញុំ គឺពួកខ្ញុំមិនព្រមចេញពីដីដែលពួកខ្ញុំកំពុងអាស្រ័យផលទេ ពួកយើងនឹងស៊ូក្រាញ​ននៀល​នៅ​លើដី​នោះ ហើយយើងនឹងឡើងទៅរកកិច្ចអន្តរាគមន៍ទៅខុទ្ទកាល័យសម្តេច [ហ៊ុន សែន] ឱ្យ​ជួយ​ដោះ​ស្រាយ​បន្ត​ទៀត និងទៅរកកិច្ចអន្តរាគមន៍ពីខាងរដ្ឋបាលខេត្តព្រះវិហារឱ្យជួយដោះស្រាយបន្តទៀតដែរ»

ជំទប់ទី១ នៅឃុំស្រយង់ លោក ឌី បូ ដែលជួបប្រជុំជាមួយតំ​ណាង​ពលរដ្ឋ ​និងជា​តំណាងអាជ្ញាធរស្រុកដែរ បាន​ឱ្យដឹង​ថា កិច្ច​ប្រជុំនៅព្រឹកមិញនេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច ឬដោះស្រាយបែបណានៅឡើយទេ។ លោកថា អាជ្ញាធរពាក់ព័ន្ធគ្រាន់​តែ​សួរ​នាំ​ប្រវត្តិនៃ​ជម្លោះ និង​ការ​ចូល​ទៅកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋបាលខេត្ត​ពិនិត្យ ថា​តើត្រូវ​ដោះស្រាយ និងធ្វើយ៉ាងណាបន្តទៀតតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ក្រោយគាត់ [អាជ្ញាធរស្រុក] ទទួលបានរបាយការណ៍នេះហើយ គាត់យកទៅវិន័យច្ឆយរបៀបម៉េច​ ឬ​ដោះស្រាយ​របៀបណាទៀត ខ្ញុំអត់ដឹងទេ។ យើងបានត្រឹមផ្តល់ព័ត៌មានជូនគាត់តែប៉ុណ្ណឹង»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលរងស្រុកគូលែន លោក គឹម វិចិត្រ ដែល​ជួបប្រជុំជាមួយតំណាងពលរដ្ឋនៅព្រឹកថ្ងៃចន្ទ​នេះ​បា​ន​ទេ។

មន្រ្តីសម្រប​សម្រួល​សមាគមការពារសិទ្ធិមនុស្សអាហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បានទទូចដល់អាជ្ញាធរ​ខេត្តព្រះវិហារ ត្រូវដោះស្រាយជូនពលរដ្ឋដោយ​សន្តិវិធី និងឈរលើគោលការណ៍​តម្លា​ភាព យុត្តិ​ធម៌ ចៀស​វាង​រំលោភ​សិទ្ធិពលរដ្ឋ​ ជាពិសេស​សិទ្ធិ​ទទួល​បាន​ដីធ្លី​ដែល​ធានា​​ដោយ​រដ្ឋ​ធម្ម​នុញ្ញ និង​​ច្បាប់​អន្តរ​ជាតិ។

លោកបន្ថែមថា៖ «អាជ្ញាធរមិនត្រូវប្រើកម្លាំង ប្រើ​អំណាច​ទៅឈូសឆាយដីធ្លីរបស់ពួកគាត់នោះទេ។ អាជ្ញាធរគួរណារកដំណោះ​ស្រាយ​​ដោយសន្តិវិធី ជាជាងប្រើហិង្សាលើ​ពលរដ្ឋ»។

ក្នុងញត្តិដាក់ទៅរដ្ឋបាលស្រុកគូលែន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្លាំង​អាជ្ញាធរចម្រុះ ដឹកនាំដោយអភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានបញ្ជាកម្លាំង និង​គ្រឿង​ចក្រ​ឈូសឆាយ​បំផ្លាញ​ផ្ទះ​សម្បែង និងផលដំណាំរបស់ពលរដ្ឋអស់​គ្មា​ន​សល់ ហើយ​បាន​បណ្តេញ​ពលរដ្ឋចេញពីលំនៅ​ និងបាន​​គំរាមប្តឹង និងចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។

​​ក្រុមហ៊ុន​​ «សិលាដាម៉ិច» ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កាលពីឆ្នាំ២០០៩ លើ​ផ្ទៃដី​ទំហំ៩ ០០០ហិកតា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដាំ​កៅស៊ូ ស្ថិតក្នុង​ស្រុក​​គូលែន ខេត្ត​ព្រះវិហារ ប៉ុន្តែសង្គមស៊ីវិលរកឃើញថា គម្រោងអភិវឌ្ឍន៍របស់​ក្រុមហ៊ុននេះបានធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ជាពិសេសសិទ្ធិទទួលបានការកាន់កាប់​ដីធ្លី និងបញ្ចេញមតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ