អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណរដ្ឋខ្មែរ​ទទួល​មរណភាព​នៅ​សហរដ្ឋ​អាមេរិក

លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ឃោស​នា​ការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​គ្រប់​គ្រង​ដោយ​ លន់ នល់។ (ហ្វេសប៊ុក៖ Song Chhang)

លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការក្នុងរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានទទួលមរណភាព នៅសហរដ្ឋអាមេរិក ក្នុងវ័យ៨៥ឆ្នាំ ដោយរោគាពាធ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងនៅថ្ងៃចន្ទនេះអំពី​មរណភាពរបស់អតីតមន្ត្រីជាន់ខ្ពស់សម័យ លន់ នល់ គឺលោក ឆាំង សុង។

គណនីហ្វេសប៊ុកឈ្មោះ ឆាំង សុង (Song Chhang) ដោយសរសេរអះអាងថាជាប្រពន្ធ​របស់លោក ឆាំង សុង ឈ្មោះ ស៊ុម រុន (Run Sum) នោះ បញ្ជាក់ថា ស្វាមីលោកស្រីទទួលមរណភាពហើយ នៅព្រឹកថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យ នៅទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

លើបណ្តាញសង្គមបានបង្ហោះថា លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ឃោស​នា​ការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​គ្រប់​គ្រង​ដោយ​ លន់ នល់ ​បានស្លាប់ក្នុងជន្មាយុ៨៥​ឆ្នាំ ដោយរោគាពាធ។​

លោក ឆាំង​ សុង​ កាលនៅមានជីវិត ធ្លាប់ជា​​​​អ្នក​នាំ​ពាក្យរដ្ឋាភិបាល​​ និងជារដ្ឋមន្ត្រី​ក្រសួងឃោសនាការ និង​ជា​មនុស្ស​ជំនិត​នឹង​លោក លន់ នល់ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​លោក លន់ នល់ ទៅសហរដ្ឋអាមេរិក មុនពេលពួកខ្មែរក្រហមវាយចូលកាន់កាប់ក្រុងភ្នំពេញ នៅ​ដើម​ខែមេសា ​ឆ្នាំ១៩៧៥។

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​រូប​នេះ​ ធ្លាប់បាន​​ក្លាយ​ជា​ទីប្រឹក្សា​លោក ជា ស៊ីម អតីត​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ ហើយ​លោក​​ក៏ធ្លាប់ជា​សមា​ជិក​ព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាមួយ​រយៈ​ខ្លី​កាលពីឆ្នាំ២០០១ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ