ពលរដ្ឋខ្មែរក្រោម​ស្នើ​ឱ្យ​មាន​ដេប៉ាតឺម៉ង់​បង្រៀន​ភាសាខ្មែរ​លើ​ទឹកដី​កម្ពុជាក្រោម 

ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ទស្សនារោងតាំងពិព័រណ៍ឧបករណ៍សិល្បៈខ្មែរក្រោម ក្នុងអំឡុងពិធីបុណ្យអុំទូកនៅស្រះគូ ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣។ (យាង សុជាមេត្តា)

ពលរដ្ឋខ្មែរក្រោម ស្នើរាជរដ្ឋាភិបាលកម្ពុជាឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលប្រទេសវៀតណាម ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរៀនភាសាខ្មែរ និងបញ្ចូលដេប៉ាតឺម៉ង់បង្រៀនភាសាខ្មែរនៅក្នុងសាកលវិទ្យាល័យមុនសិន។

ការស្នើសុំនេះ បន្ទាប់ពីពលរដ្ឋខ្មែរក្រោមយល់ថា រដ្ឋាភិបាលប្រទេសវៀតណាមមិនដែលផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមសម្រាប់រៀនភាសាខ្មែរនោះទេ ខណៈដែលថ្មីៗសាកលវិទ្យល័យភូមិន្ទភ្នំពេញបានសម្រេចដាក់បញ្ចូលដេប៉ាតឺម៉ង់បង្រៀនភាសាវៀតណាម។

ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានលើកឡើងថា ការរៀនភាសាវៀតណាមនៅប្រទេសខ្មែរ និងការរៀនភាសាខ្មែរនៅប្រទេសវៀតណាម មានភាពខុសគ្នា ដែលមិនអាចមកប្រៀបធៀបគ្នាបាននោះទេ។ លោកបន្តថា ពលរដ្ឋខ្មែរក្រោមតស៊ូមតិខ្លាំងបំផុតទើបអាចរៀនភាសាខ្មែរក្នុងវត្តអារាមបាន ហើយមានពលរដ្ឋខ្មែរក្រោមជាច្រើននាក់បានពលីរហូតដល់អាយុជីវិត ដើម្បីពលរដ្ឋខ្មែរក្រោមអាចរៀនភាសាខ្មែរក្នុងលក្ខខណ្ឌគាបសង្កត់។

លោកថា៖ «យើងមើលឃើញថា កាលអង្គការសមាគមយួននៅកម្ពុជា អាចរៀនភាសាយួន អក្សរសាស្រ្តយួនបានស្រេចតែចិត្ត ប៉ុន្តែនៅខាងក្រោម អក្សរសាស្រ្តខ្មែររៀនបានតែវត្តទេ»។

ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះបន្តថា ដើម្បីមានភាពស្មើគ្នាលើបញ្ហានេះ គួរតែពលរដ្ឋខ្មែរក្រោមមានសិទ្ធិសេរីភាពរៀនភាសាខ្មែរពេញលេញផងដែរ។

លោកថា៖ «នៅទីនោះគឺជាទឹកដីរបស់ខ្មែរ ហេតុអ្វីដល់ថ្នាក់រដ្ឋមន្រ្តីដឹងថាជាទឹកដីរបស់ខ្មែរ យួនគេយកទឹកដីរបស់ខ្មែរ គេធ្វើបាបខ្មែរ ជិះជាន់ខ្មែរ ស្ទើរតែមិនឱ្យសិក្សារៀនសូត្រ។ ពលរដ្ឋដែលរៀនបាននោះ មិនមែនគេឱ្យទេ ខំប្រឹងខ្លាំងណាស់ទើបបានរៀនសូត្រ»។

និពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាកវីសៀវភៅសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង លោក ថាច់ ប្រើជា គ្រឿន បានលើកឡើងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ ជារឿងពុំគួរកើតមាននោះឡើយ។ លោកបន្តថា ពលរដ្ឋខ្មែរក្រោមដែលជាម្ចាស់ទឹកដី មិនមានការបង្រៀនភាសាខ្មែរនៅសាកលវិទ្យាល័យនោះទេ លើកលែងតែសាកលវិទ្យាល័យត្រាវិញ ដែលមានបង្រៀនមុខវិជ្ជាភាសា វប្បធម៌ និងវិចិត្រសិល្បៈ ហើយការបង្កើតនេះគ្រាន់តែបង្រ្គប់កិច្ចប៉ុណ្ណោះ។

លោកថា៖ «សាកលវិទ្យាល័យតែមួយ តែមួយទេ សាកលវិទ្យាល័យត្រាវិញ នៅខេត្តព្រះត្រពាំងហ្នឹង បានបង្កើតមុខវិជ្ជាមួយជំនាញខាងភាសា វប្បធម៌ និងវិចិត្រសិល្បៈរបស់ខ្មែរកម្ពុជាក្រោម នៅក្នុងសាកលវិទ្យាល័យហ្នឹង។ តែមុខវិជ្ជាដែលរៀននោះមិនបានផ្ដល់ប្រយោជន៍ច្រើនដល់​ពលរដ្ឋខ្មែរក្រោមនោះទេ​ គ្រាន់តែរូបភាពនោះទេ​»។   

លោកអះអាងថា មូលហេតុដែលរដ្ឋាភិបាលក្រុងហាណូយតែងតែគាបសង្កត់សិទ្ធិសេរីភាពការសិក្សាភាសាខ្មែរនេះ ដោយសារតែរដ្ឋាភិបាលវៀតណាមមិនមែនជារដ្ឋាភិបាលពលរដ្ឋខ្មែរក្រោមនោះទេ។

លោកបន្ថែមថា ទិដ្ឋភាពជាក់ស្ដែង រដ្ឋាភិបាលវៀតណាមមិនដែលអនុញ្ញាតឱ្យពលរដ្ឋខ្មែរក្រោមអាចរៀនសូត្រពីភាសា ប្រពៃណី វប្បធម៌ខ្មែរនោះឡើយ។

ព្រះតេជព្រះគុណ ឌឿង វិជ័យ ជាព្រះសង្ឃមកពីកម្ពុជាក្រោម មានថេរដីកាថា កូនខ្មែរគ្រប់រូបមានសិទ្ធិរៀនភាសាវៀតណាម តែយ៉ាងណា មិនគួរបង្កើតដេប៉ាតឺម៉ង់ក្នុងសាកលវិទ្យាល័យនោះទេ។ ព្រះអង្គគាំទ្រឱ្យពលរដ្ឋខ្មែរអាចរៀនភាសាវៀតណាមគ្រប់ខេត្តក្រុងទាំងអស់ ប៉ុន្តែមិនគាំទ្រឱ្យមានដេប៉ាតឺម៉ង់ភាសាវៀតណាមក្នុងមហាវិទ្យាល័យឡើយ ខណៈសាកលវិទ្យាល័យក្នុងប្រទេសវៀតណាមក៏មិនមានបង្កើតដេប៉ាតឺម៉ង់ភាសាខ្មែរនោះដែរ។

ព្រះអង្គមានថេរដីកាថា៖ «តាមទស្សនៈយល់ឃើញរបស់អាត្មា កូនខ្មែរយើងគួរតែរៀនភាសាវៀតណាមឱ្យបានច្បាស់ គាំទ្រឱ្យរៀនភាសាវៀតណាម ប៉ុន្តែមិនគាំទ្រឱ្យមានសាកលវិទ្យាល័យនៅក្នុងស្រុកខ្មែរយើងទេ»។

ព្រះអង្គមានថេរដីកាថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការបង្រៀននៅសាកលវិទ្យាល័យមែន គួរតែមានមុខវិជ្ជាភាសាខ្មែរនៅប្រទេសវៀតណាម ដើម្បីឱ្យពលរដ្ឋខ្មែរក្រោមបានសិក្សាពីភាសាដើមរបស់ខ្លួនផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ មិនបានឆ្លើយតបសំណើរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមនោះឡើយនៅថ្ងៃចន្ទនេះ ដោយថា អ្វីដែលលោកអាចជូនបាន គឺដូចទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១៩ ខែសីហា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា​នោះ បានឱ្យដឹងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម សម្រាប់បណ្តុះបណ្តាលលើមុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច និងជួយ​បង្កើតការងារដល់ប្រជាជនកម្ពុជារស់នៅតាមបណ្តាខេត្តជាប់ព្រំដែនជាដើម។ ​

បន្ថែមពីនេះ ដេប៉ាតឺម៉ង់សិក្សាវៀតណាម នឹងជួយបណ្តុះបណ្តាលភាសាវៀតណាមរយៈពេល១ឆ្នាំ ដល់និស្សិតកម្ពុជា ដែលជាប់អាហារូបករណ៍ទៅរៀននៅវៀតណាមជាង ១០០នាក់ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតក្នុងមួយឆ្នាំ ត្បិតកន្លងមកនិស្សិតកម្ពុជាមានការលំបាកដោយសារមិនបានរៀនភាសាវៀតណាមជាមុន។ ​  

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា សាកលវិទ្យាល័យនៅភាគខាងត្បូងប្រទេសវៀតណាម ឬនៅកម្ពុជាក្រោម និងខេត្តមួយចំនួនក៏មានបង្រៀនភាសាខ្មែរដែរ។

ក្រសួងអប់រំ យុវជន និងកីឡា បានយល់ព្រមបង្កើតដេប៉ាតឺម៉ង់បង្រៀនភាសាវៀតណាមនេះ បន្ទាប់ពីមានកិច្ចប្រជុំទ្វេភាគីពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ រវាងរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ លោក ពិន ចំណាន ជាមួយលោក ងឿន វ៉ាន់ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រសួងអះអាងថា កិច្ចពិភាក្សានោះធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិស័យអប់រំកម្រិតឧត្តមសិក្សានៃប្រទេសទាំងពីរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ