ក្រសួង​ព័ត៌មាន​លុប​អាជ្ញាបណ្ណ​សារព័ត៌មាន​SBT​របស់​លោក​​ ​សាន្ត​ ប៊ុនធឿន​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងព័ត៌មាន បានលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន លែងឱ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនបន្ដទៀត ដោយសារការ​ប្រព្រឹត្តអំពើអសីលធម៌ប៉ះពាល់វិជ្ជាជីវៈសារព័ត៌មាន។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា ក្រសួងបានលុបប្រកាសលេខ ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ ស្តីពីការ អនុញ្ញាតឱ្យ ឬផ្តល់អាជ្ញាបណ្ណអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ អេសប៊ីធី ផូស(SBT Post) WWW.sbtpost.com ដល់ លោក សាន្ត ប៊ុនធឿន ដែលជាម្ចាស់សហគ្រាស។  ​

ប្រភពដដែលបន្ថែមថា ការ​លុបចោលអាជ្ញាបណ្ណផ្សព្វផ្សាយ​ លែងឱ្យម្ចាស់សហគ្រាសបន្ដធ្វើអាជីវកម្ម​ទៀតនេះ ដោយសារការ​ប្រព្រឹត្តអំពើអសីលធម៌ និងប៉ះពាល់វិជ្ជាជីវៈសារព័ត៌មាន។

សេចក្ដីសម្រេចលុបអាជ្ញាបណ្ណនេះ បញ្ជាក់ថា​៖«​ ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជា្ជជីវៈ សារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។

សេចក្ដីប្រកាសនេះ ធ្វើឡើងស្របពេលអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន នៅថ្ងៃទី២២ ខែសីហានេះ បានចេញលិខិតមួយជូនទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បីស្នើ​លុបឈ្មោះ វរសេនីយ៍ត្រី ​ សាន្ដ ប៊ុនធឿន ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ ​លោក វង្ស ពិសេន ក៏បានចេញសេចក្តីសម្រេចមួយទៀត លុបឈ្មោះ អនុសេនីយ៍ឯក ឈ្មោះ ហ៊ត ប៉ូ ដែលគេស្គាល់រហ្សនាមនៅលើបណ្តញសង្គមហ្វេសប៊ុកថា អធិរាជមហាសាច់ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ​ ​ក្រោមហេតុផលថា បានល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅយោធិននៃកងយោធពលខេមរភូមិន្ទ។

ការចេញសេចក្តីសម្រេច និងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌយោធិនទាំងពីររូបនេះ បន្ទាប់ពីមានសំណើរបស់មេបញ្ជាការដ្ឋានអង្គរក្ស​ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​និងមានចំណារឯកភាពពីលោកនាយករដ្ឋមន្ត្រី ដោយប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យ​បណ្តេញពួកគេទាំងពីរនាក់ ចេញពីក្របខណ្ឌកងទ័ពជាបន្ទាន់ ដោយសារពួកគេធ្វើឱ្យប៉ះពាល់ដល់វិន័យ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ