អាជ្ញាធរខេត្តព្រះវិហារ បានជួបប្រជុំជាមួយប្រជាពលរដ្ឋចំនួន៤នាក់ តំណាងឱ្យ១៣១គ្រួសារ នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកដំណោះស្រាយដីធ្លី ក្រោយមានជម្លោះជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។
ក្នុងញត្តិដាក់ទៅរដ្ឋសភា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អ្នកភូមិ១៣១គ្រួសារ ដែលមានដីសរុប៦៤៩ហិកតា ស្ថិតនៅឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ឱ្យដឹងថា ពួកគេមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «សិលាដាម៉ិច» កាលពីដើមខែមីនា ឆ្នាំ២០២២នេះ ខណៈអ្នកភូមិបានចូលទៅអាស្រ័យផលលើដីនោះតាំងពីឆ្នាំ២០១២។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មេឃុំស្រយង់ បានចេញលិខិតមួយឱ្យពលរដ្ឋ៤នាក់ រួមមាន លោក ហួន ប៊ុនឈឿន, លោក ភ្លូ បោន, លោក ឃ្លោក លាំ និងលោក លូត សាឡា តំណាងឱ្យពលរដ្ឋ១៣១គ្រួសារដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «សិលាដាម៉ិច» ជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី២២ ខែសីហានេះ នៅសាលប្រជុំរដ្ឋបាលស្រុកគូលែន។
តំណាងពលរដ្ឋម្នាក់ លោក ភ្លូ បោន ប្រាប់វីអូឌីថា នៅព្រឹកថ្ងៃចន្ទនេះ រូបលោក និងតំណាងពលរដ្ឋ៣នាក់ទៀត កំពុងនៅសាលាស្រុក ដើម្បីជួបជាមួយអាជ្ញាធរ។ លោកបន្តថា អ្នកភូមិកំពុងបារម្ភពីការបណ្ដេញចេញទាំងបង្ខំ ក្រោយអាជ្ញាធរប្រកាសថា ពួកគាត់រស់នៅនិងអាស្រ័យផលលើដីរបស់ក្រុមហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់ និងដាក់គ្រឿងចក្រឈូសឆាយផលដំណាំ និងផ្ទះសម្បែងរបស់ពួកគាត់អស់ជាច្រើនខ្នងផ្ទះ។
ក្រុមហ៊ុន «សិលាដាម៉ិច» ទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៩ លើផ្ទៃដីទំហំ៩ ០០០ហិកតា ដើម្បីធ្វើការអភិវឌ្ឍដាំកៅស៊ូ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ប៉ុន្តែសង្គមស៊ីវិលរកឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសសិទ្ធិទទួលបានការកាន់កាប់ដីធ្លី និងបញ្ចេញមតិ៕