លោក ហ្សេលេនស្គី ព្រមាន​រុស្ស៊ី​ចំពោះ​ការ​កាត់ទោស​ទាហាន​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានប្រកាសនៅថ្ងៃទី២២ ខែសីហា​នេះ​ថា រុស្ស៊ីអាចនឹងកាត់ទោសទាហានអ៊ុយក្រែន ខណៈទីក្រុងកៀវ (Kyiv) នឹង​ប្រារព្ធបុណ្យឯករាជ្យលើកទី៣១របស់ខ្លួន នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

ដោយដកស្រង់សម្ដីលោក Zelenskyy ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងរៀបចំកាត់ទោសទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនក្នុងអំឡុង​ពេល​ឡោម​ព័ទ្ធ​ទីក្រុង ​ម៉ារីយូប៉ូល (Mariupol) ជាសាធារណៈ ស្របពេលជាមួយនឹងបុណ្យឯករាជ្យរបស់អ៊ុយក្រែន នឹងប្រព្រឹត្តទៅ​នៅថ្ងៃពុធនេះ។

បុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក៏​ជាថ្ងៃគម្រប់ខួប​​៦ខែ​ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអតីតសាធារណរដ្ឋ​សូវៀត នៅក្នុង​សង្រ្គាម​ដ៏​មហន្ត​រាយដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។

លោក Zelenskyy បានព្រមាននៅក្នុងសុន្ទរកថាមួយថា៖ «ប្រសិនបើតុលាការគួរឱ្យស្អប់ខ្ពើមនេះកើតឡើង ប្រសិនបើប្រជាជនរបស់យើងត្រូវបាននាំទៅកាត់ទោសដោយបំពានលើកិច្ចព្រមព្រៀងទាំងអស់ នោះនឹងមានការរំលោភបំពានច្បាប់អន្តរជាតិទាំងអស់»។

លោកបន្តថា៖ «នេះ​នឹងធ្វើឱ្យ​ការ​ចរចា​​មិន​អាច​ទៅ​រួចឡើយ»។

ទីក្រុងកៀវ (Kyiv) បានប្រកាសហាមប្រាមការជួបជុំជាសាធារណៈរួច​ហើយ។ ទីក្រុងខាកៀវ (Kharkiv) ក៏​បាន​ប្រកាស​បម្រាម​គោចរនៅ​ថ្ងៃ​ឈប់​សម្រាកផងដែរ។

លោកបានព្រមានកាលពីល្ងាចថ្ងៃសៅរ៍ថា៖ «រុស្ស៊ីអាចព្យាយាមធ្វើអ្វីមួយដែលគួរឱ្យស្អប់ខ្ពើម ជាពិសេសអំពើ​ឃោរ​ឃៅ»។

លោកបន្ថែមថា៖ «គោលបំណងសំខាន់មួយរបស់សត្រូវ គឺធ្វើឱ្យយើងអាម៉ាស់មុខ និងដើម្បីសាបព្រោះ​ភាព​អស់សង្ឃឹម ការភ័យខ្លាច និងជម្លោះ»។

ទោះយ៉ាងណាក៏ដោយ លោក​​បាន​​បន្ថែម​ថា៖​ «​យើង​ត្រូវ​តែ​រឹងមាំគ្រប់គ្រាន់ ​ដើម្បី​ទប់ទល់​នឹង​ការ​ញុះញង់​ទាំង​អស់​»។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន​ លោក មីខាយឡូ ប៉ូដូលីយ៉ាក់ (Mykhaylo Podolyak) បាននិយាយ​ថា រុស្ស៊ីអាចទម្លាក់គ្រាប់បែក​កាន់តែច្រើនឡើង។

លោក មីខាយឡូ ប៉ូដូលីយ៉ាក់ (Mykhaylo Podolyak) បានបន្ថែមថា៖ «ពួកគេស្អប់យើង ហើយនិងទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលទៅលើទីក្រុងរបស់យើងកាន់តែច្រើនឡើង រួមទាំងទីក្រុងកៀវ [Kyiv]»។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរទីក្រុងកៀវ (Kyiv) បានហាមឃាត់មិនឱ្យមាន​ការ​ជួបជុំ​ជា​សាធារណៈ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា។

នៅទីក្រុងខាកៀវ (Kharkiv) ភាគឦសាន អភិបាលតំបន់បានប្រកាសបម្រាមគោចរ កាល​ពីល្ងាច​ថ្ងៃទី​២៣ ខែសីហា ដល់ព្រឹកថ្ងៃទី២៥ ខែសីហា។

លោក អូឡេក ស៊ីនេហ្គូបូវ (Oleg Synegubov) បានសរសេរនៅលើបណ្តាញតេឡេក្រាមថា៖ «យើងនឹងមិនអនុញ្ញាតឱ្យសត្រូវបង្កហេតុណាមួយនោះទេ។ ចូរមានការប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលបុណ្យឯករាជ្យរបស់យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ