នាយក​រដ្ឋមន្ត្រី​ច្រានចោល​ចំពោះ​ការ​ចោទថា​គ្រួសារ​លោក​នៅ​ពី​ក្រោយ​គម្រោង​អភិវឌ្ឍន៍​នៅ​ភ្នំតាម៉ៅ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះរាល់ការចោទប្រកាន់ថា ​គ្រួសាររបស់លោកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយគម្រោងឈូសឆាយ និងអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារ​គ្រួសាររបស់លោក ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ថា «ត្រកូលហ៊ុន» មានជាប់ពាក់ព័ន្ធជុំវិញគម្រោងអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ។ ​

លោកបន្ថែមថា៖ «មួយថ្ងៃៗគិតតែពីត្រកូលហ៊ុនៗ អាស្អីក៏ត្រកូលហ៊ុនដែរ។ ភ្នំតាម៉ៅ ក៏មានចំណែកត្រកូលហ៊ុននៅហ្នឹងទៀត។ នែ៎! វាទៅអញ្ចេះ។ មានម៉ាណែតនៅក្នុងហ្នឹង មានម៉ានិត មានម៉ាណា មានស្អីអីណា កូនចៅខ្ញុំមានភាគហ៊ុនអីណានៅក្នុងភ្នំតាម៉ៅហ្នឹង។ បើវាលេងអស់អ៊ីចឹងៗ តើឱ្យយើងដោះស្រាយម៉េច? បើអ្នកឯងយកខ្ញុំជាសត្រូវមួយជីវិត ខ្ញុំក៏អត់មានជម្រើស ក្រៅតែពីចាត់ទុកអ្នកឯង ទប់ស្កាត់អ្នកឯងតែប៉ុណ្ណឹង។ ខ្ញុំមិនចាត់ទុកអ្នកឯងជាសត្រូវរបស់អ្នកឯងទេ ប៉ុន្តែបើអ្នកឯងវាយខ្ញុំ ខ្ញុំអត់មានជម្រើសទេ ខ្ញុំមិនឱបដៃឱ្យអ្នកឯងវាយទេ»។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គឺលោក ឡេង ណាវ៉ាត្រា បានចេញសារសំឡេងជិត៣នាទី ផ្សាយតាមហ្វេសប៊ុករបស់លោក ដោយលើកឡើងថា គម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅរបស់លោកនោះ ក៏ត្រូវបានគេលាបពណ៌ថាមានអ្នកនៅពីក្រោយផងដែរ។

ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា រូបនេះអះអាងថា ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិវិនិយោគតំបន់ភ្នំតាម៉ៅពីរដ្ឋាភិបាល គឺក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសដែលពុំទាន់មានលំនៅឋាន អាចទិញផ្ទះពីគម្រោងនេះក្នុងតម្លៃថោក ដោយអាចបង់ត្រឹមតែ៣០ដុល្លារទៅ៦០ដុល្លារប៉ុណ្ណោះ និងអភិវឌ្ឍ​ន៍ផ្សេងៗទៀតដែលគិតប្រយោជន៍សាធារណៈជាធំ។

ក្នុងន័យនេះ លោក​បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅរបស់ក្រុមហ៊ុនលោក គឺពុំមានអ្នកណានៅពីក្រោយនោះទេ។

លោកបន្ថែមថា៖ «នឹងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវទឹក ភ្លើង ដែលនៅជិតព្រលានយន្តហោះអន្តរជាតិថ្មីនោះ រូបលោកក៏ត្រូវបានគេលាបពណ៌ ផ្តល់ឱកាសឱ្យបងប្អូនបានផលចំណេញពីក្រុមហ៊ុន។ ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលសម្រេចឱ្យអភិវឌ្ឍ​ដោយគិតប្រយោជន៍ជាតិជាធំ។ កន្លងមកមានមតិមួយចំនួនតែងតែបំផ្លើសការពិត ថាខ្ញុំកាប់ឈើលក់ ថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឱ្យអ្នកនេះ ធ្វើឱ្យអ្នកនោះ វាជាការលាបពណ៌ដ៏សាហាវ»

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានមានថេរដីកាតាមបណ្ដាញសង្គមហ្វេសប៊ុកថា ដីព្រៃអភិរក្សភ្នំតាម៉ៅស្ទើរតែក្លាយជាវាលរហោឋាន ដោយសារតែចេតនារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានបំណងចង់ប្រមូលទ្រព្យសម្បត្តិរបស់ជាតិទុកជាកម្មសិទ្ធិរបស់ខ្លួន​។

ព្រះអង្គមានសង្ឃដីកាថា៖ «ត្រឹមរយៈពេលតែ២៤ម៉ោង គេរំលាយស្ទើរតែជាវាលរហោឋាន ព្រោះគេប្រើពាក្យស្លោកថា “ខ្មែរអាចធ្វើបាន” គឺខ្មែរអាចរំលាយព្រៃបាន។ ប៉ុន្តែត្រង់ចំណុចខ្មែរអាចធ្វើបាននេះ បានដល់ការរំលាយធនធានធម្មជាតិ សម្បត្តិរបស់ជាតិនេះ មិនមែនជាឆន្ទៈនិងចេតនារបស់ខ្មែរទេ នេះគឺជាចេតនារបស់គ្រួសារ ហ៊ុន សែន ដែលមានបំណងចង់ប្រមូលទ្រព្យសម្បត្តិរបស់ជាតិដាក់ហោប៉ៅគ្រួសារតែប៉ុណ្ណោះ»។

ថ្លែងនៅវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែសីហានេះ ​ស្ថាបនិកចលនាមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ​ ដែល​ធ្លាប់បានធ្វើសកម្មភាពការពារបរិស្ថានជាច្រើននៅក្នុងប្រទេសកម្ពុជា លោក Alejandro Gonzalez-Davidson បានចោទលោក ហ៊ុន ម៉ាណែត ថាជាអ្នកនៅពីក្រោយគម្រោងឈូសឆាយ និងអភិវឌ្ឍ​ន៍នៅតំបន់ភ្នំតាម៉ៅ។

លោក Alex បន្តថា លោក ឡេង ណាវ៉ាត្រា គ្រាន់តែជាអាយ៉ងដែលគេរៀបចំឱ្យចេញមុខជំនួសលោក ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍ​តំបន់ភ្នំតាម៉ៅតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «យើងដឹងថា ដីនៅទីនោះ [ដីតំបន់ភ្នំតាម៉ៅ] គេប្រគល់ឱ្យក្រុមហ៊ុន ឡេង ណាវ៉ា​ត្រា។ ហើយលោក ឡេង ណាវ៉ា​ត្រា យើងដឹងគ្រប់គ្នាហើយ ជាឧកញ៉ាសិប្បនិមិត្តហ្នឹង។ ឈ្មោះពិតនៅពីក្រោយហ្នឹង យើងដឹងថាជា ហ៊ុន ម៉ាណែត ហ្នឹង។ អ៊ីចឹងគឺតំបន់ភ្នំតាម៉ៅហ្នឹង លោក ហ៊ុន សែន ប្រគល់ឱ្យកូនរបស់គាត់ទៅដើម្បីអភិវឌ្ឍ​។ ហើយក្រោយមក ហ៊ុន សែន ដកខ្លួនចេញមកលុបចោលគម្រោងអភិវឌ្ឍន៍ ហើយបញ្ជាឱ្យដាំដើមឈើឡើងវិញ»

យ៉ាងណា ការចោទប្រកាន់នេះត្រូវបានកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានច្រានចោល និងចាត់ទុកថាជាការបំផុសពាក្យចចាមអារ៉ាមមានចេតនាទុច្ចរិត ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ដើម្បីកុំឱ្យសាធារណជនមានការយល់ខុសនោះ រដ្ឋាភិបាលគួរបញ្ចេញព័ត៌មានឱ្យបានទូលំទូលាយ ដោយបង្ហាញតម្លាភាពលើរាល់គម្រោងសាធារណៈដែលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនសម្រាប់អភិវឌ្ឍន៍។ លោកបន្តថា មួយវិញទៀត រដ្ឋាភិបាលត្រូវពិភាក្សានិងវាយតម្លៃផលប៉ះពាល់ជាមួយប្រជាពលរដ្ឋក្នុងតំបន់ មុននឹងផ្តល់ដីសាធារណៈរបស់រដ្ឋទៅឱ្យវិស័យឯកជន។

លោកថា៖ «រាល់គម្រោងសាធារណៈដែលត្រូវបានអនុម័តផ្ដល់ឱ្យ ផ្ដល់សិទ្ធិឱ្យឯកជននោះ គួរតែមានការ ទីមួយគឺបែងចែកព័ត៌មានជាសាធារណៈជូនប្រជាពលរដ្ឋ ជូនអ្នកសារព័ត៌មានឱ្យបានដឹងអំពីមូលហេតុ អំពីអ្នកពាក់ព័ន្ធនៅក្នុងការទទួលសិទ្ធិវិនិយោគពីដីសាធារណៈហ្នឹង ហើយបើអាចទំហំទឹកប្រាក់ឬក៏ផែនការដែលក្រុមហ៊ុនឯកជនហ្នឹងត្រូវធ្វើ ដើម្បីអភិវឌ្ឍហ្នឹងបន្ថែមទៀត។ ចំណុចទីពីរ សំខាន់ មុននឹងការអនុម័តឬក៏ការផ្ដល់សិទ្ធិដីរដ្ឋ ដីសាធារណៈជូនឯកជនក្នុងការអភិវឌ្ឍហ្នឹង ជាទូទៅ គេត្រូវមានការប្រឹក្សាយោបល់ ពិភាក្សាជាមួយពលរដ្ឋនៅតំបន់ហ្នឹង ឬក៏អ្នកដែលទទួលផលប៉ះពាល់ផ្សេងៗ ដៃគូផ្សេងៗហ្នឹង គួរតែមានការ ទីមួយឱ្យគាត់ដឹងព័ត៌មានផង ទីពីរ សាកសួរគាត់ឱ្យដឹងពីផលប៉ះពាល់»។

ចំពោះរឿងស៊ើបអង្កេតបញ្ហានៃការចោទប្រកាន់ថា គ្រួសារលោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ភ្នំតាម៉ៅនោះ លោក ពិសី យល់ថា វាជាសមត្ថកិច្ចរបស់ស្ថាប័នអនុវត្តច្បាប់។

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ ទំហំជិត​៦០០ហិកតា​​ដែល​ស្ថិត​នៅក្រោម​​ការគ្រប់គ្រ​ង​​ដោយ​​រដ្ឋបាលព្រៃឈើ ​​ត្រូវ​បាន​កាប់បំផ្លាញ និងឈូសឆាយ​ គិត​ចាប់​តាំង​ពី​ចុង​ខែកក្ក​ដា រហូតដល់ដើមខែសីហា​កន្លង​ទៅ​ បន្ទាប់​ពីតំបន់​នេះ ​ត្រូវបាន​​រដ្ឋាភិបាល​​ប្រគល់ទៅឱ្យ​​ក្រុមហ៊ុន​ឯកជ​​ន​​មួយចំនួន ក្នុងនោះ ក្រុមហ៊ុនចំនួនពីរដែល​ត្រូវបានគេ​ស្គាល់ថា​​ជា​របស់កម្មសិទ្ធិ​​លោក ​​​ឡេង ណា​​វ៉ា​​ត្រា និង​លោក ឃុន សៀ។

ទោះជា​​យ៉ាងណា ការដោះដូរ ​និងអភិវឌ្ឍ​ន៍តំបន់ភ្នំតាម៉ៅ​នេះ​ត្រូវបាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​៧ ខែសីហា កន្លងទៅ បានចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន ហើយលោកក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើម​ឈើ​ឡើងវិញ​។

ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើនិងសត្វព្រៃនៅតំបន់ដែលមានភាពចម្រូងចម្រាសមួយនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ