លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ឱ្យ​រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញា​បណ្ណ​​សារព័ត៌មាន​ដែល​ជេរ​ប្រមាថ​អ្នក​ដទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងថ្លែងសារក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ ០០០នាក់នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លុបចោលអាជ្ញាបណ្ណចំពោះស្ថាប័នសារព័ត៌មានទាំងឡាយណា ដែលជេរប្រមាថជាសាធារណៈក្នុងបណ្ដាញសង្គម​។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃអង្គារ៍នេះ លោក ហ៊ុន សែន បានលើកឡើងពីករណី លោក សាន្ដ ប៊ុនធឿន ដែលទើបនឹងត្រូវបានក្រសួងព័ត៌មានដកអាជ្ញាបណ្ណ ដោយសារការ​ប្រព្រឹត្តអំពើអសីលធម៌ប៉ះពាល់វិជ្ជាជីវៈសារព័ត៌មាន។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាផ្ទាល់មាត់ឱ្យរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បិទអាជ្ញាបណ្ណចំពោះស្ថាប័នសារព័ត៌មានទាំងឡាយណាដែលមានការជេរ​ប្រមាថលើបណ្តាញសង្គមហ្វេកប៊ុក។

លោកថា ៖«ថ្ងៃក្រោយ ខៀវ កាញារីទ្ធ ក្រុមណាដែលចេញមកជេរ បិទវាចោលទៅ ឱ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ក៏ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ[សារព័ត៌មាន] ដកវាទៅ ហើយបើវាឡាយហ្វេសបុកអីខ្លួនវាជេរ អាហ្នឹងរឿងរបស់វា»។

ជុំវិញបទបញ្ជានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ ប្រាប់វីអូឌីថា ការណែនាំដល់អ្នកសារព័ត៌មានលើកិច្ចការសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាននេះ ក្រសួងធ្លាប់បានអនុវត្តរួចមកហើយ ទៅលើអ្នកដែលប្រព្រឹត្តខុស​ក្រមសីលធម៌ ពិសេសការជេរប្រមាថ​។ ជាក់ស្ដែង ករណី លោកសាន្ដ ប៊ុនធឿន ក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណ។ ជាមួយគ្នានេះ លោកអះអាងថា ក្រសួងព័ត៌មាននឹងបន្តពង្រឹងលើកិច្ចការនេះបន្ថែមទៀត​ ឱ្យស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី។

លោកថា ៖ «ការងារទាក់ទងនឹងការអនុសាសន៍ណែនាំនេះ បានបន្តពង្រឹងនឹងអនុវត្ដការងារនេះ ក៏បានធ្វើម្តងមកហើយដែរ ចំពោះអ្នកដែលគាត់បានប្រព្រឹត្តខុសក្រមសីលធម៌ ជេរប្រមាថអីជាដើម។ កិច្ចការនេះកន្លងមកយើងបានធ្វើម្តងរួចមកហើយ យើងនឹងបន្តពង្រឹងកិច្ចការនេះបន្ថែមទៀតស្របតាមអនុសាស៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច»។

ពាក់ព័ន្ធករណីនេះ នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា លោក ណុប វី ​ សង្កេតឃើញថា កន្លងមកមានការដកអាជ្ញាបណ្ណមួយចំនួនទាក់ទងនឹងការប្រព្រឹត្តទង្វើអសីលធម៌។ លើសពីនេះ លោកថា មានបុគ្គលមួយចំនួនដែលធ្វើការក្នុងវិស័យសារព័ត៌មាននេះ បានប្រើប្រាស់ការគំរាមកំហែង ជេរ និងប្រមាថជីវិតអ្នកដទៃផងដែរ។

លោក ណុប វី បន្ថែមថា ករណីរាយការណ៍ព័ត៌មានលើចំណុចអវិជ្ជមានមួយចំនួនក្នុងសង្គមឬចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលក៏អាចប្រឈមនឹងការដកអាជ្ញាបណ្ណដែរ។ ប៉ុន្ដែយ៉ាងណា លោក សង្កេតឃើញថា ក្រោយពីអាជ្ញាធរដកអាជ្ញាបណ្ណរួចហើយ ក៏មានការ​ផ្តល់អាជ្ញាបណ្ណដល់ស្ថាប័នមួយចំនួនឡើងវិញផងដែរ។

លោកបន្តថា ៖«អ្នកសារព័ត៌មានមួយចំនួន គាត់ធ្វើសេចក្តីរាយការណ៍ទៅរិះគន់ ឬមួយក៏រាយការណ៍ចំណុចអវិជ្ជមាន អំពើពុករលួយមួយចំនួនកើតឡើង ទៅជាទទួលរងនឹងការដកអាជ្ញាបណ្ណ មិនមែនតែអ្នកសារព័ត៌មានដែលប្រើប្រាស់ពាក្យសម្តីអសុរសអី ដូចករណីថ្មីៗ ករណី សាន្ត ប៊ុនធឿន»។

ក្រៅពីនេះ លោក ណុប វី លើកឡើងថា រដ្ឋាភិបាលគួរបើកចិត្តទូលាយទទួលយកការរិះគន់ និងទទួលយកព័ត៌មានពិត ដែលមានការចូលរួមផ្សព្វផ្សាយពីអ្នកសារព័ត៌មានវិជ្ជាជីវៈ ដោយថារដ្ឋាភិបាលជាអ្នកទទួលយកបញ្ហាទាំងនោះមកដោះស្រាយ។

មន្រ្ដីសង្គមស៊ីវិល​រូបនេះ ឱ្យដឹងថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ សម្រាប់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត​នៅឡើយ។ លោកបន្ដថា ការអនុវត្តក្រមវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវមានវិធានការពន្យល់ និងអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសយុវជន និងពលរដ្ឋសារព័ត៌មានដែលទើបប្រឡូកក្នុងវិស័យនេះ។

​កាលពីថ្ងៃទី២១ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយប្រតិកម្មទៅនឹងចាងហ្វាងសារព័ត៌មាន SBT ​គឺ លោក សាន្ត ប៊ុនធឿន ដែលបង្ហាញឥរិយាបថមិនសមរម្យនៅលើបណ្តាញសង្គម ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្ស​បណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌកងទ័ព។

បន្ទាប់ពីមានលិខិតជាផ្លូវការក្នុងការលុបឈ្មោះចេញពីក្របខណ្ឌកងទ័ព កាលពីម្សិលមិញ  ក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណសារព័ត៌មាន SBT Post របស់លោក សាន្ត ប៊ុនធឿន លែងឱ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនបន្ដទៀត។

ការលុបចោលអាជ្ញាបណ្ណរបស់លោក​ ប៊ុនធឿន នេះ ដោយក្រសួងបញ្ជាក់ថា ចាងហ្វាងកាសែតរូបនេះប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជា្ជជីវៈសារព័ត៌មាន៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ