តុលាការ​ខេត្ត​រតនគីរី​ទម្លាក់​ចោល​បទ​ចោទ​​ប្រកាន់​លើ​​សកម្មជន​ការពារ​ព្រៃ​ឈើ​ចំនួន​៤​នាក់​​​

បុរសម្នាក់ធ្វើដំណើរកាត់សាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបភាព៖ជន ចាន់រ៉ែន)

តុលាការខេត្តរតនគីរី បានចេញសាលក្រមនៅរសៀលថ្ងៃទី២៣ ខែសីហានេះ​ ដោយទម្លាក់ចោលបទចោទប្រកាន់​ប្រឆាំងសកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចចំនួន ៤នាក់ ដោយថារកមិនឃើញពីបទល្មើសរបស់ពួកគេប្រព្រឹត្ត​ដូចការចោទប្រកាន់ឡើយ។ ​

​​ជនជាតិដើមភាគតិចទំពូន និងជាសកម្មជនការពារព្រៃឈើរស់​នៅ​ភូមិ​កែវសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី​ លោក ខាំ និន ​ ​ បាន​រង​បណ្ដឹងនៅតុលាការ បន្ទាប់​ពីរូបលោក និងតំណាងជនជាតិ​ដើម​ភាគតិចចំនួន៣នាក់ទៀត បានដាក់ពាក្យបណ្ដឹង​​ទៅតុលា​ការ ដោយ​ប្ដឹង​​អាជ្ញាធរ​មូល​ដ្ឋានថា បានលក់ដីព្រៃឱ្យ​ឈ្មួញ និងបង្កឱ្យមានការកាប់បំផ្លាញព្រៃ​ឈើ​ជាដើម។

ប៉ុន្តែពួកគេ​​ត្រូវបាន​មន្ត្រីអាជ្ញាធរមូលដ្ឋានទាំងនោះប្ដឹងបកវិញពីបទ«កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ ប៉ុន្តែសង្គមស៊ីវិលខេត្តរតនគីរីអះអាងថា នៅថ្ងៃទី២៣ ខែសីហានេះ តុលាការបានទម្លាក់ចោលសំណុំរឿងទាំងអស់​ពាក់ព័ន្ធករណីរបស់ពួកគេទាំង៤នាក់។

អ្នក​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​​ អាដហុក ​ប្រចាំ​​ខេត្ត​​រតនគិរី លោក ឌិន ខន្នី យល់ថា​ការទម្លាក់បទចោទទាំងនេះ គឺជា​ឆន្ទានុសិទ្ធិរបស់តុលាការ​។  ​យ៉ាងណា លោកសាទរចំពោះការទម្លាក់បទចោទទៅលើ​​សកម្មជន​ការពារបរិស្ថានទាំង៤នាក់នេះ ដោយថា​ពួកគេមិនមានបទល្មើសតាំង​ពីដំបូងមកម៉្លេះ។  ​

លោកថា៖«សកម្មជនរបស់អាដហុកទាំងអស់ហ្នឹង​ គាត់សុទ្ធជាអ្នកចេញមុខប្ដឹងបរិហា​រ បទល្មើសព្រៃឈើនៅភូមកែងសាន់​យ៉ាងសកម្ម ប៉ុន្តែទាក់ទិនហ្នឹងការទម្លាក់បទចោទ​ សកម្មជនអាដហុកគឺជាដើមបណ្ដឹង​អាចមានការធ្វើឱ្យខូចប្រយោជន៍ទៅដល់​ តំណាងសហគមន៍​ដែលគាត់ប្រឹងប្រមូលភស្តុតាង​ ខំប្រឹងប្ដឹងបរិហារហើយអត់មានការផ្ដន្ទាទោសទៅដល់​ជនល្មើសដែលបានកាប់ បានលក់ បានបណ្ដែតបណ្ដោយទាំងអស់ហ្នឹង»។

​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ២០២១ សាលាដំបូង​ខេត្ត​រតនគិរី ​ ​​ ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​សកម្មជន​​ការ​ពារ​​ព្រៃ​ឈើ​រស់​នៅឃុំសេដា លោក ឆន ផល្លា ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពី​បទ «​កាប់​គាស់ រុករាន ដី​​ព្រៃ ធ្វើជា​កម្ម​សិទ្ធិ» ហើយ​លោក ឆន ផល្លា បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ បាន​ប្រកាស​​សាល​ដីកា​ដោយ​ច្រាន​ចោល​សេចក្ដី​សម្រេចរបស់សាលាដំបូងខេត្តរតនគិរី ហើយ​សម្រេច​ឱ្យ​លោក ឆន ផល្លា រួចផុសពី​​ទោស​ក្នុង​សំណុំ​រឿង​នេះ ប៉ុន្តែ​សកម្មជន​ការពារព្រៃឈើ​រូប​នេះនៅ​ជាប់​បណ្ដឹង​​មួយ​​ករណី​ទៀត ពីបទ «​ផ្ដើមគំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ