អាជ្ញាធរថៃ​ចាប់ខ្លួន​អ្នកជំនួញ​ជនជាតិចិន​ដែល​កាន់​លិខិត​ឆ្លងដែនខ្មែរ​ពីបទ «បើក​កាស៊ីណូ​អនឡាញ​ខុសច្បាប់»

ទិដ្ឋភាពថតពីលើអគារមួយកន្លែងក្នុងក្រុងបាងកក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ពៅ មេត្តា

សារព័ត៌មានថៃ Bangkok Post បានចុះផ្សាយថា អ្នកជំនួញជនជាតិចិន​មួយរូបដែលមានលិខិតឆ្លងដែនកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្រោមដីកាចាប់ខ្លួនអន្តរជាតិ ពីបទ «បើកកាស៊ីណូអនឡាញខុសច្បាប់» ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជាពុំទាន់អាចបំភ្លឺបានទេជុំវិញរឿងនេះ។

ការផ្សាយរបស់សារព័ត៌មាន Bangkok Post នេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ក្រោមចំណងជើងថា «ស្ដេចល្បែងស៊ីសងជនជាតិចិន ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក»

សារព័ត៌មានមួយនេះបញ្ជាក់ថា លោក ស៊ឺ ជីជាំង (She Zhijiang) ជាអ្នកជំនួញជនជាតិចិន ត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្រោមដីកាចាប់ខ្លួនអន្តរជាតិ ពីបទ «បើកកាស៊ីណូអនឡាញខុសច្បាប់»។ Bangkok Post បន្តដោយស្រង់ការចុះ​​ផ្សាយរបស់ចិនថា អ្នកជំនួញវ័យ៤០ឆ្នាំរូបនេះ បានរត់គេចពីអាជ្ញាធរចិនចាប់តាំងពីឆ្នាំ២០១២។

Bangkok Post សរសេរថា៖ «ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា លោក ស៊ឺ ជីជាំង មានជំនួញធំដុំដ៏ចម្រូងចម្រាស និងការបណ្ដាក់ទុនល្បែងស៊ីសងនៅកម្ពុជា មីយ៉ាន់ម៉ា ក៏ដូចជាការបណ្ដាក់ទុនល្បែងឆ្នោតនៅហ្វីលីពីនផងដែរ»។

បើតាម Bangkok Post ឱ្យដឹងទៀតថា ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិ Interpol បានចេញរបាយការណ៍ចំណារពណ៌ក្រហម កាលពីខែឧសភា ឆ្នាំ២០២១ ថាលោក ស៊ឺ ជីជាំង រងការចោទប្រកាន់កម្រិតព្រហ្មទណ្ឌនៅប្រទេសចិន ពាក់ព័ន្ធនឹងការបើកកាស៊ីណូ ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងច្រើន១០ឆ្នាំ។

ចំណារនោះបន្តថា ចន្លោះខែមករា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០២១ បុគ្គលរូបនេះជាជនដែលបានដឹកនាំ «ក្រុមឧក្រិដ្ឋជន» ព្រមទាំងគប់គិតជាមួយអ្នកផ្សេងទៀត ដើម្បីចុះបញ្ជីក្រុមហ៊ុនជាច្រើន រួមទាំងស្រាវជ្រាវ និងបង្កើតគេហទំព័រលេងល្បែងអនឡាញ។ គេហទំព័រលេងល្បែងអនឡាញទាំងនោះរួមមាន Hongshulin, Yigou និង Yiyou International ត្រូវបានបង្កើតឡើង ហើយអ្នកលេងមានចំនួន៣៣០ ០០០នាក់។

ប្រភពដដែលបន្តថា លោក ស៊ឺ ជីជាំង រកបានចំណូលខុសច្បាប់បានច្រើនជាង១៥០លានយ័ន ឬប្រមាណ២២​លានដុល្លារអាមេរិក ដែលត្រូវបានផ្ទេរទៅក្រៅប្រទេស។ ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់​​ត្រូវ​បាន​ឆបោក​អស់​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ និងបាន​ធ្វើ​អត្តឃាត​។

ចំណារពណ៌ក្រហមសរសេរថា៖ «លោក ស៊ឺ ជីជាំង មានលិខិតឆ្លងដែនខ្មែរ ប៉ុន្តែលោកកើតនៅខេត្តហ៊ូណាន ប្រទេសចិន»។

Bangkok Post បន្តថា រដ្ឋាភិបាល​កម្ពុជា​អាច​ផ្តល់​សញ្ជាតិ​បាន ​ប្រសិន​បើ​បុគ្គល​ណា​ម្នាក់បាន​បរិច្ចាគ​ប្រាក់​យ៉ាង​ហោច​ណាស់២៥ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល។

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ចេញកាលពីខែមករា ឆ្នាំ២០១៧ បាន​ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្ម ​ដល់លោក ស៊ឺ ជីជាំង (She Zhijiang) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរឈ្មាះជា តាំង គ្រាងខាយ (Tang Kriang Kai) វិញ។

តាមរយៈរូបថតដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានចិន បង្ហាញថា លោក ស៊ឺ ជីជាំង បានភ្ជាប់ខ្លួនជាមួយថ្នាក់ដឹកនាំកំពូលនៅកម្ពុជា ដូចជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ម៉ែន សំអន ជាដើម។

នេះមិនមែនជាលើកទី១ទេ ដែលសារព័ត៌មានអន្តរជាតិបានផ្សាយពីករណីអ្នកជំនួញជនជាតិចិន ​ពាក់ព័ន្ធ​ការរកស៊ីខុសច្បាប់ ហើយបាន​ភ្ជាប់ខ្លួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៅកម្ពុជា។

កាលពីថ្ងៃទី១៤ ខែកក្កដា សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) តាមរយៈព័ត៌មានស៊ើបអង្កេតជាវីដេអូជាង៤០នាទី មានចំណងជើងថា «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» បានផ្សាយថា​ អ្នកជំនួញជនជាតិចិនដ៏មានឥទ្ធិពលមួយរូបដែលពាក់ព័ន្ធសំណុំរឿងឆបោកតាមអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិ ឈ្មោះ​ តុង លីឆឹង ក៏បានភ្ជាប់ខ្លួនជាមួយថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា ដូចជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ម៉ែន សំអន អគ្គ​មេ​បញ្ជា​ការ​រងនៃកងយោធពលខេមរភូមិន្ទ និង​ជា​​មេ​បញ្ជា​ការ​នៃបញ្ជា​ការដ្ឋាន​អង្គរក្ស​ លោក ហ៊ីង ប៊ុនហៀង និងបុគ្គលមានតួនាទីគ្រាក់ៗក្នុងជួររដ្ឋាភិបាលមួយចំនួនទៀត។

អាល់ចាហ្ស៊ីរ៉ា ក៏បានរកឃើញថា លោក តុង លីឆឹង ​ធ្លាប់បានផ្តល់យន្តហោះទំនើបជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ផងដែរ។

វីដេអូនោះបានរៀបរាប់ពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិននៅ​កម្ពុជា​ថែមទៀតផង។

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤ បាន​ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្មដល់លោក តុង លីឆឹង​ ដែលជាជនជាតិចិន កើតនៅខេត្តអ៊ីនណាន ប្រទេសចិន ដោយប្តូរឈ្មោះជា ហេង តុង វិញ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកពុំបានដឹងទេថាតើលោក ស៊ឺ ជីជាំង ​ពិតជាមានលិខិតឆ្លងដែនខ្មែរ ឬយ៉ាងណានោះ។ លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានទាក់ទងសុំការបកស្រាយពីមន្ត្រីក្រសួងមហាផ្ទៃវិញ។

យ៉ាងណា លោកថា ជនបរទេសដែលចូលសញ្ជាតិខ្មែរ ទើបអាចមានលិខិតឆ្លងដែនខ្មែរបាន។ លោកបន្តថា ដើម្បីអាចចូលសញ្ជាតិខ្មែរបាន លុះត្រាបុគ្គលនោះ​បណ្ដាក់ទុននៅកម្ពុជា ក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារអាមេរិក ហើយប្រើប្រាស់កម្មករខ្មែរក្នុងចំនួនដែលកំណត់ មានគុណបំណាច់ តាមលក្ខខណ្ឌរបស់រដ្ឋាភិបាល​។

លោកថា៖ «មុននឹងបាន Passport [លិខិតឆ្លងដែន] ខ្មែរ ទាល់តែអ្នកហ្នឹង [បាន] សញ្ជាតិខ្មែរ។ អ្នកហ្នឹង ដើម្បីបានសញ្ជាតិខ្មែរ កូនស្រីឯងទៅមើលច្បាប់អន្តោប្រវេសន៍ តើលក្ខខណ្ឌអីខ្លះដែលអនុញ្ញាតឱ្យបុគ្គលហ្នឹងទទួលបានសញ្ជាតិខ្មែរតាមរយៈការបណ្តាក់ទុន? បណ្តាក់ទុនលុយប៉ុន្មាន ហើយមានផ្តល់ស្អីណាដល់កម្មករខ្មែរយើងប៉ុន្មាននាក់ ឬមានគុណបំណាច់អីខ្លះ ធំទូលំទូលាយយ៉ាងម៉េចខ្លះ»។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហានេះ។

ចំណែកអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក តុប នេត ថ្លែងថា លោកមិនច្បាស់ទេ ថាតើលោក ស៊ឺ ជីជាំង មានបណ្តាក់ទុករកស៊ីនៅកម្ពុជា ឬអត់នោះ។ លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅក្រសួងពាណិជ្ជកម្ម។

យ៉ាងណា មន្ត្រីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរូបនេះ ថាលោកត្រូវការពេលវេលាស្រាវជ្រាវទិន្នន័យសិន ថាតើលោក ស៊ឺ ជីជាំង ​ពិតជាមានលិខិតឆ្លងដែនខ្មែរ ឬយ៉ាងណា។

លោកថា៖ «មានអ្នកចូលសញ្ជាតិ មានមួយចំនួន ប៉ុន្តែខ្ញុំអត់ច្បាស់ថាមួយហ្នឹងអត់ទេ ទាល់ទៅស្រាវជ្រាវមើលនៅក្នុងប្រព័ន្ធទិន្នន័យសិន»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ​បញ្ជាក់ថា លោកមិនទាន់អាចផ្តល់ព័ត៌មានបានទេ ថាឈ្មោះលោក ស៊ឺ ជីជាំង មានបណ្តាក់ទុននៅកម្ពុជា ឬអត់ ដោយសារការស្រាវជ្រាវត្រូវចំណាយពេលច្រើន។ ​

លោកថា៖ «គាត់រកស៊ីខាងអី? អ៊ីចឹងបើថាខាងល្បែង ខាងកាស៊ីណូ តាមខ្ញុំដឹងកន្លងទៅ គឺកាស៊ីណូដែលបើកធម្មតា​ គឺខាងក្រសួងហិរញ្ញវត្ថុ»។

​នាយកប្រតិបត្តិ​​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ អះអាងថា មុនជនបរទេសមានលិខិតឆ្លងដែនខ្មែរ លុះត្រាជននោះទទួលបានសញ្ជាតិខ្មែរជាមុនសិន ពោលគឺជននោះត្រូវមានគុណបំណាច់តាមលក្ខខណ្ឌតម្រូវ។

លោកយល់ថា បើដូចការលើកឡើងរបស់សារព័ត៌មានថៃ Bangkok Post ថាជនជាតិចិនដែលកាន់លិខិតឆ្លងដែនខ្មែររូបនោះបានធ្វើអាជីវកម្មឬជំនួញខុសច្បាប់ នោះគឺជាបញ្ហានិងកំហុសឆ្គង ដែលទាមទារឱ្យរដ្ឋាភិបាលចាំបាច់ត្រូវ​បំភ្លឺដល់មហាជន។

លោកថា៖ «ជាការបកស្រាយ យើងចង់ឮពីរដ្ឋាភិបាលយើងនៅក្នុងការឆ្លើយបំភ្លឺទៅមហាជន ចំពោះករណីនេះ! ព្រោះអីវាជាការប៉ះពាល់មួយដល់មុខមាត់កម្ពុជាដែរ។ នៅពេលដែលជនដើមកំណើតជនជាតិចិនម្នាក់ ហើយបានទទួលឬក៏កាន់លិខិតឆ្លងដែនកម្ពុជា ហើយទៅប្រព្រឹត្តបទល្មើសនៅក្រៅប្រទេស»។

គេហទំព័រសាជីវកម្ម opencorporates បង្ហាញទិន្នន័យថា លោក ស៊ឺ ជីជាំង ឬ តាំង គ្រាងខាយ គឺជាអតីតនាយក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឈ្មោះ INTER-ASIA INTERNATIONAL BUSINESS CO., LTD។ ក្រុមហ៊ុននេះបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីខែតុលា ឆ្នាំ២០១៥ និងមានអាសយដ្ឋាននៅរាជធានីភ្នំពេញ។

អ្នកឆ្លើយតបទូរសព្ទ​​របស់ក្រុមហ៊ុន INTER-ASIA INTERNATIONAL BUSINESS CO., LTD ដោយសុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែសីហា​ ថា លោកបានទិញក្រុមហ៊ុននេះ​​ពីមេធាវីជនជាតិចិនដែលតំណាងឱ្យក្រុមហ៊ុនលោក ស៊ឺ ជីជាំង តាំងពីឆ្នាំ២០១៨។

យ៉ាងណា លោកថា តាំងពី​ទិញរហូតដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ​បិទទ្វាររហូត មិនបានបើកដំណើរការទេ គឺទិញគ្រាន់តែលក់បន្តប៉ុណ្ណោះ។ បុរសដែលសុំមិនបញ្ចេញឈ្មោះរូបនេះថា ​លោកក៏មិនបានស្គាល់លោក​ ស៊ឺ ជីជាំង នោះដែរ។

នាយកប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា លោក ប៉ិច ពិសី បង្ហាញការសោកស្តាយដែលជនជាតិចិនមានលិខិតឆ្លងដែនខ្មែរ ហើយជាប់សង្ស័យថាពាក់ព័ន្ធបទឧក្រិដ្ឋអន្តរជាតិ។ លោកថា រឿងនេះឆ្លុះបញ្ចាំងថា កម្ពុជាបានក្លាយជាដែនដីមួយដែលជនឧក្រិដ្ឋអាចប្រព្រឹត្តបទល្មើស គេចវេះពីយន្តការច្បាប់របស់ប្រទេសខ្លួន និងអន្តរជាតិ។

លោកថា ការបណ្ដែតបណ្ដោយឱ្យក្រុមឧក្រិដ្ឋជនអន្តរជាតិប្រើប្រាស់ដែនដីកម្ពុជានៅក្នុងការធ្វើប្រតិបត្តិការផ្សេងៗ នឹងនាំឱ្យកម្ពុជាមានហានិភ័យកាន់ខ្ពស់ពាក់ព័ន្ធ​ការលាងលុយកខ្វក់។

លោកថា៖ «ខ្ញុំគិតថា មជ្ឈដ្ឋានទូទៅក៏គេដឹងដែរថា ប្រហែលជាមានការជាប់ពាក់ព័ន្ធទៅនឹងការស៊ីសំណូក សូកប៉ាន់ ពុករលួយ ដើម្បីផ្តល់លទ្ធភាពឱ្យបុគ្គលមួយចំនួនហ្នឹង​អាចទទួលបានសញ្ជាតិ ទទួលបានសិទ្ធិរស់នៅ ហើយមានទាំងលិខិតឆ្លងដែនស្របច្បាប់ទៅទៀត»។

ជាដំណោះស្រាយ មន្ត្រីសង្គមស៊ីវិលរូបនេះថា រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹង​ច្បាប់អន្តោប្រវេសន៍ និងធានាថា​​ជនបរទេសទាំងឡាយអាចចូលសញ្ជាតិខ្មែរបាន លុះត្រាតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ