កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​៧ថ្ងៃ​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់ព្រំដែនថៃ​ខ្លះ​កំពុង​ប្រឈម​ការជន់លិច

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈបណ្ដាខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤​ ដល់ថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ស្ថានភាពអាកាសធាតុនេះ​ ក្រសួងថានឹងបណ្ដាលឱ្យកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដោយក្នុងនោះ ផ្នែកខ្លះក៏អាចមានភ្លៀងធ្លាក់ជាបង្គួរផងដែរ។

​ជាមួយគ្នានេះ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក គន់ គីម ​ជាអនុគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ​ខេត្ត​ ចុះត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ពីទឹកជំនន់ក្នុងភូមិសាស្រ្តឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង​បន្តពិនិត្យភូមិសាស្រ្តអង្គភាពទ័ពតាមបណ្តោយព្រំដែនបន្ថែមទៀត។

​ក្រោយពីបានចុះត្រួតពិនិត្យស្ថានភាពលិចលង់ពីជំនន់ទឹកភ្លៀងដែលស្រកពីឃុំស្រអែម ទៅជន់ឡើងខ្លាំងនៅចំណុចប្រាសាទ១០ ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត អាជ្ញាធរបានធ្វើការចល័តប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពដែលមានកម្ពស់៣ម៉ែត្រពីទឹក ក្នុងនោះ ប្រជាពលរដ្ឋសរុប៦៩គ្រួសារ ស្មើនឹង២៩៦នាក់ ស្រី១៥៤នាក់ និងបានជម្លៀសប្រជាពលរដ្ឋចំនួន១១គ្រួសារ ស្មើនឹង៥២នាក់ ស្រី១១នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ