សហគមន៍​និង​សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ណែនាំ​អាជ្ញាធរ​បញ្ឈប់​ការរារាំង ចោទប្រកាន់ គំរាម និង​លាបពណ៌

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ប្រជាសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ​ស្នើទៅរដ្ឋាភិបាលឱ្យណែនាំទៅអាជ្ញាធរបញ្ឈប់ការចោទប្រកាន់ រារាំង និងលាបពណ៌ ព្រមទាំងតាមឃ្លាំមើលពួកគេដែលគ្រាន់តែជួបជុំ និងនិយាយពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល​។

ការស្នើរបស់អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន» ចាប់ពីថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមជាង១០០នាក់ មកពីបណ្ដា​ខេត្តនានា ព្រមទាំងមានមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលចូលរួមផងដែរ។ 

បើតាមរបាយការណ៍របស់សមាគមអាដហុក បានលើកយកបញ្ហាប្រឈមពីសេរីភាពមូលដ្ឋានចំនួន១៧ចំណុច បង្ហាញនៅក្នុងសិក្ខាសាលានាព្រឹកថ្ងៃនេះ។  

បញ្ហាប្រឈមទាំងនោះ អាជ្ញាធរមូលដ្ឋានកន្លែងខ្លះតែងតែឃ្លាំមើល តាមដាន និងសួរនាំ ហើយតម្រូវឱ្យសហគមន៍រាយការណ៍នៅពេលដែលពួកគេបញ្ចប់ការចូលរួមអង្គប្រជុំ ឬសិក្ខាសាលាជាមួយអង្គការសង្គមស៊ីវិល និងបាន គំរាមហែងថាអាចជាប់ពន្ធនាគារ។

លើសពីនេះ អាជ្ញាធរមូលដ្ឋានកន្លែងខ្លះបានចាត់ទុកពួកគេជាក្រុមប្រឆាំង ចំពោះសហគមន៍ណាដែលហ៊ាននិយាយរិះគន់ដើម្បីស្ថាបនា លើភាពអសកម្មនៃការផ្ដល់សេវាសាធារណៈ ឬនិយាយពីបញ្ហាអំពើពុករលួយជាដើម។

មួយវិញទៀត អាជ្ញាធរក៏បានរឹតត្បិត រើសអើងសហគមន៍ក្នុងការចូលរួមការងារជាមួយអង្គការសង្គមស៊ីវិល និងសកម្មភាពនយោបាយ ដូចជា ឃ្លាំមើល សួរនាំ ថតរូប គំរាមកំហែង ដោយចោទប្រកាន់ និងលាបពណ៌ថាមាននិន្នាការទៅបក្សប្រឆាំង ខណៈអាជ្ញាធរខ្លះទៀតបាននៅអង្គុយស្ដាប់កិច្ចប្រជុំ ព្រមទាំងថតរូបសកម្មភាពផ្សេងៗជាដើម។

ក្រៅពីលើកបញ្ហាប្រឈមទាំងនេះ សមាគមអាដហុកក៏បានស្នើទៅរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាចំនួន២៦ចំណុច ករណីអាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួនធ្វើទុក្ខបុកម្នេញ នៅពេល​ពួកគេជួបជុំឬបញ្ចេញមតិយោបល់។

ប្រជាសហគមន៍ខេត្តបាត់ដំបង លោក ហោរ សំអាត បង្ហាញការគាំទ្រចំពោះរបាយការណ៍សមាគមអាដហុក ដោយថា ពិតជាមានការរឹតត្បិត និងលាបពណ៌លើប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរមូលដ្ឋានប្រាកដមែន។ លោកស្នើទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងមហាផ្ទៃ ត្រូវណែនាំទៅអាជ្ញាធរទាំងអស់ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត។

លោកថា៖ «ពិតជាមានការលាបពណ៌មែន ឱ្យតែនិយាយពីរឿងការពារធនធានធម្មជាតិ និយាយពីចំណុចខ្វះខាតរបស់មន្ត្រី។ លាបពណ៌! សូម្បីខ្ញុំផ្ទាល់ខំប្រឹងប្រែងគាំទ្រគោលនយោបាយរបស់កែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាល ខំការពារត្រី ប៉ុន្តែយើងនិយាយចំណុចខ្លះ រិះគន់មន្រ្តីខិលខូចតាមប្រសាសន៍ គេថាអាហ្នឹងប្រឆាំង»។

ចំណែកប្រជាពលរដ្ឋមួយរូបទៀតមកពីភូមិទំពូនរឿងធំ ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី លោក លួន សុគន្ធ បានលើកឡើងថា រូបលោកត្រូវបានមេប៉ុស្ដិ៍តាវែង ហៅសួរនាំ បន្ទាប់ពីដឹងថាលោកឡើងមករាជធានីភ្នំពេញ ចូលរួមសិក្ខាសាលាជាមួយសមាគម​អាដហុកនៅថ្ងៃនេះ។

ប្រជាសហគមន៍ម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំង អ្នកស្រី ជុំ ទី លើកឡើងដែរថា អាជ្ញាធរមូលដ្ឋានបានគំរាមនិងរារាំង មិនឱ្យពួកគាត់លើកពីបញ្ហាដែលកំពុងជួបប្រទះទៅថ្នាក់ដឹកនាំ ហើយនឹងអង្គការសង្គមស៊ីវិលដែលបានចុះទៅផងដែរ។

អ្នកស្រីថា៖ «ពេលមានឯកឧត្ដមណាមួយទៅប្រជុំនៅមូលដ្ឋាន អាជ្ញាធរភូមិឃុំតែងតែហាមប្រជាពលរដ្ឋថា រឿងណាគួរនិយាយ រឿងណាមិនគួរនិយាយ។ អ៊ីចឹងហាក់ដូចគាត់គាបសង្កត់ប្រជាពលរដ្ឋនៅតាមបណ្ដា​ភូមិ​»។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនោះស្នើទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធណែនាំអាជ្ញាធរមូលដ្ឋានឱ្យយល់ដឹងអំពីសិទ្ធិនិងច្បាប់ ដើម្បីឱ្យបញ្ឈប់សកម្មភាពគំរាមកំហែងផ្សេងៗលើប្រជាពលរដ្ឋបន្តទៀត។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោកស្រី ចក់ សុភាព ក៏បានលើកឡើងថា កន្លងមក អាជ្ញាធរតែងតែរារាំង និងតាមឃ្លាំមើលប្រជាពលរដ្ឋ សង្គមស៊ីវិល ខណៈមន្ត្រីរដ្ឋាភិបាលខ្លះបានចាត់ទុកការរិះគន់សង្គមស៊ីវិលថាមានចេតនាទុច្ចរិត បើទោះបីជាការរិះគន់នោះក្នុងន័យស្ថាបនាក៏ដោយ។

លោកស្រីថា៖ «ខ្ញុំយល់ស្របអនុសាសន៍របស់អង្គការអាដហុកលើកឡើង ក្នុងការស្នើដល់អាជ្ញាធរក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការ ហើយនូវការឱ្យតម្លៃក្នុងភាពជាដៃគូ អង្គការសង្គមស៊ីវិល ដល់សហគមន៍​ ដោយបញ្ចៀសការលាបពណ៌​ ឬធ្វើការចោទប្រកាន់​អង្គការដៃគូដោយសារនិន្នាការ​សហគមន៍ ជាដើម។ ​​ជាញឹកញយ យើងជជែកគ្នាស្មោះត្រង់នៅទី​នេះ គឺយើងតែងលឺនៅពេលដែលមានលើកឡើង​នូវកំណត់ត្រាសិទ្ធិមនុស្ស ​ឬបញ្ហាដែលមានភាពអវិជ្ជមាន​ក្នុងការអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាលជាញឹកញយលោក​តែងលើកអ្នកដែលរិះគន់ទាំងអស់ហ្នឹង​គឺមានចេតនាទុច្ចរិត»។

ឆ្លើយតបនឹងរបាយការណ៍សមាគមអាដហុក និងសំណូមពរពីប្រជាពលរដ្ឋ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្កា អ៊ន ដែលបានចូលរួមសិក្ខាសាលា នាថ្ងៃពុធនេះ បានសន្យាយកបញ្ហាប្រឈមរបស់សង្គមស៊ីវិលនិងប្រជាសហគមន៍ដាក់ទៅក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ។

លោកថា៖ «អ៊ីចឹងសំណូមពរកង្វល់ក្រសួងស្ថាប័នសាម៉ី នឹងយកទៅពិនិត្យ ពិចារណា ហើយប្រឹងកែលម្អភាពខ្វះខាតរបស់ខ្លួន ចំណុចណាជាចំណុចខ្វះខាតរបស់ខ្លួន។ ចំណុចណា​ដែលធ្វើមិនទាន់បានសម្រេច ​នឹងប្រឹងប្រែងដោះស្រាយបញ្ហា ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានដោះស្រាយកង្វល់ដោយសុខដុមរមនា»។

ពាក់ព័ន្ធការរឹតត្បឹតសិទ្ធិសេរីភាពពលរដ្ឋ និងអង្គការសង្គមស៊ីវិល កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ សហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ក្រោយពីរកឃើញថា រដ្ឋាភិបាលកម្ពុជា​បរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​តាមលក្ខខណ្ឌរបស់ខ្លួន។

បន្ថែមពីនេះ ពួកគេព្រមានថា វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត នឹងកើតមាន ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅកម្ពុជាគ្មានភាពប្រសើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ