កិច្ចសហការរវាងជនល្មើសនិងមន្ត្រីមូលដ្ឋានជាហេតុធ្វើឱ្យព្រៃ​ព្រះរការ​ប្រឈមការបាត់បង់

ក្ដារបន្ទះឈើដែលយកចេញពីព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

បើទោះបីជាព្រៃព្រះរការ ដែលមានទំហំជិត១០ម៉ឺនហិកតា គ្របដណ្ដប់ទៅលើស្រុកចំនួន៣នៃខេត្តព្រះវិហារ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្សទៅហើយក្ដី ប៉ុន្តែប្រជាសហគមន៍នៅតែរកឃើញថា បទល្មើសបន្តកើតមានឥតស្រាកស្រាន្ត ហើយបទល្មើសទាំងនោះកើតមាន​​ដោយសារមានកិច្ចសហការរវាងមន្ត្រី និងជនល្មើស។

កាលពី​ឆ្នាំ​២០២០ ក្រសួង​បរិស្ថានបាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា ខេត្ត​ព្រះវិហារ មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន៩​កន្លែង​ ​គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប​ចំនួន​ជាង៧៧​ម៉ឺន​ហិកតា ដូចជា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដែន​ជម្រក​សត្វព្រៃ​គូលេន​ព្រហ្ម​ទេព និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ជាដើម ប៉ុន្តែ​តំបន់​អភិរក្ស​ទាំងនេះ​ត្រូវ​បានគេ​រក​ឃើញ​ថា​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​។

រាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃដែលមានទំហំ៩ម៉ឺន៦ពាន់ហិកតា នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ។ ​ប៉ុន្តែទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ព្រៃព្រះរការនៅតែរងការទន្ទ្រាននិងកាប់បំផ្លាញពីសំណាក់ឈ្មួញ​ តាមរយៈការជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណាកស្រុកកាប់បំផ្លាញ។

ព្រៃព្រះរការ បច្ចុប្បន្នភាគច្រើននៅសល់តែដើមឈើធំៗ ប្រភេទឈើទាល និងត្រាច ដែលជាប្រភេទដើមច្បោះជ័រទឹក លក់នៅលើទីផ្សារ ខណៈដែលឈើប្រណិត ដូចជា បេង នាងនួន និងធ្នង់ ជាដើម ត្រូវគេកាប់ស្ទើរអស់ទាំងស្រុងហើយ។ ចំណែកប្រភេទឈើកកោះ ត្រាច ផ្តៀក និងផ្ចឹកខ្លះ ត្រូវបានជនល្មើសតែងចូលលួចកាប់រំលំ ហើយអារច្រៀកជាបន្ទះក្ដារធ្វើអាជីវកម្ម ដោយគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឡើយ។

សព្វថ្ងៃព្រៃអភិរក្សមួយនេះមានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានចំនួន១៧នាក់ ដែលជាចំនួន​តិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងទំហំព្រៃដែលត្រូវការពារ ស្របពេលប្រជាសហគមន៍ យុវជន និងសង្គមស៊ីវិល ជាដើម ត្រូវបានអាជ្ញាធរទប់ស្កាត់ មិនឱ្យចូលល្បាត ឬចូលរួមការពារតំបន់នេះឡើយតាំងពីឆ្នាំ២០២០មក។

សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា តាមរយៈការចុះល្បាតដោយលួចលាក់រយៈពេលខ្លីរបស់ពួកគេ បង្ហាញថា ឈើគគីរ ឈើទាល ផ្តៀក កកោះ និងឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ ត្រូវបានរកឃើញថាមានការកាប់បំផ្លាញ ២៦០ករណី និង៣៦៧ក្ដារបន្ទះបន្ថែមទៀត។

​សហគមន៍បញ្ជាក់ថា៖ «ពិតជាមានសេចក្ដីសោកស្ដាយ និងតក់ស្លុតចិត្តជាខ្លាំង ក្រោយរកឃើញបទល្មើសចំនួន២៦០ករណី កើតឡើងក្នុងដែនជម្រកសត្វព្រៃព្រះរការបន្ថែមទៀត»។

កំពុងអង្គុយចាំមើលគេដឹកឈើចេញនៅផ្លូវបែកជាបួន ក្នុងដែនជម្រកព្រៃព្រះរការ តំណាងសហគមន៍​ជនជាតិដើមភាគតិចកួយ​នៅភូមិប្រមេរ ខេត្តព្រះវិហារម្នាក់ គឺលោក ថី ហុន បាននិយាយរៀបរាប់ប្រាប់ទាំងទឹកមុខអស់សង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​មកនេះ តាមការសង្កេតផ្ទាល់របស់លោកឃើញថា បទល្មើសនៅតំបន់ព្រៃព្រះរការហាក់កាន់តែធ្ងន់ធ្ងរ​។ លោកបន្តថា សម្រាប់ថ្ងៃអនាគត ព្រៃព្រះរការអាចនឹង​វិនាស ប្រសិនបើមន្រ្តីឧទ្យានុរក្សនៅតែបន្តបើកផ្លូវឱ្យជនល្មើស​។

លោកថា៖ «ខ្ញុំឃើញប៉ុន្មានឆ្នាំនេះ តាំងពីបិទសហគមន៍ល្បាតមក មានបទល្មើសឈើច្រើន។ ជាក់ស្តែង សហគមន៍យើងរកឃើញជិត៣០០ករណីក្នុងមួយថ្ងៃ។ […] វាមានការសហការពីមន្រ្តីថ្នាក់ខេត្តធំៗ សហការជាមួយបទល្មើស[ជនល្មើស] ដឹកចេញពីព្រៃ។ ពេលដឹកចេញពីព្រៃរួចហើយ គេដឹកចេញពីស្រុកទៅខេត្តទៀត គេមានក្រុមការងារគេសុទ្ធតែធំៗពីក្រោយខ្នងជនល្មើស»។

បុរសវ័យ៤០ឆ្នាំរូបនេះបន្ថែមទៀតថា លោក​មិនមានជំនឿចិត្តទៅលើមន្រ្តីមូលដ្ឋានក្នុងការការពារតំបន់ព្រៃព្រះរការឡើយ ដោយមើលឃើញថា ជនល្មើសចូលកាប់ឈើនិងដឹកឈើចេញពីព្រៃព្រះរការជាហូរហែ។ ​

លោកបន្តថា ការដាក់ចេញនូវច្បាប់និងវិធានការរបស់មន្រ្តីថ្នាក់លើ មើលទៅហាក់ល្អប្រសើរណាស់ ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់មន្រ្តីមូលដ្ឋានថ្នាក់ក្រោមជាតិ ជាពិសេសមន្រ្តីឧទ្យានុរក្ស បង្ហាញពីអសមត្ថភាពក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ​។

លោកនិយាយថា៖ «មន្រ្តីខ្លះចាយលុយរដ្ឋមែន ប៉ុន្តែគាត់អត់មានការពារ និងអត់មានចំណាត់ការការពារព្រៃទេ ហើយជាតួនាទីរបស់គាត់[មន្រ្តី] គាត់មានលុយប្រាក់ខែគាត់ ដែលថ្នាក់ជាតិគេឱ្យយកការពារព្រៃឈើ។ ផ្ទុយទៅវិញ គាត់បានពីបទល្មើសផង បានពីលុយប្រាក់ខែផង ខាតតែលុយជាតិ។ រដ្ឋាភិបាលគាត់ប្រគល់ឱ្យបរិស្ថាន ឱ្យមានការការពារព្រៃឈើតាមច្បាប់ តែសព្វថ្ងៃមិនឃើញគាត់មកទប់ស្កាត់បទល្មើស»។

លោក ថី ហុន បានអះអាង​ថា៖ «ខ្ញុំមើលឃើញថា មន្រ្តីមូលដ្ឋានដូចអត់មានចំណាត់ការចាប់ តែបើគាត់ចាប់ ចាប់មែន គឺចាប់យកលុយ បង់ឱ្យលុយបានអ្នកបទល្មើសហ្នឹងទៅអារឈើទៀត។ បើគាត់អត់យកលុយយកកាក់ ព្រៃឈើយើងអត់បាត់បង់ទេ ខ្ញុំជឿអ៊ីចឹង»។

លោក ថី ហុន ស្នើឱ្យមន្រ្តីរដ្ឋាភិបាលមានចំណាត់ការឱ្យខ្លាំងជាងនេះ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការការពារ​តំបន់អភិរក្សព្រៃព្រះរការ​មែននោះ។ ​

បុរសម្នាក់ក្នុងដៃកាន់ម៉ាស៊ីនអារឈើ​ និងកំពុងរៀបចំអារច្រៀកឈើជាក្តារបន្ទះ​ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទាំងទឹកមុខភ័យថា លោកជាជនចំណាកស្រុកមកពីខេត្តសៀមរាប មករកស៊ីឈ្នួលអារឈើនៅតំបន់ព្រៃព្រះរការនេះជាងពីរឆ្នាំមកហើយ។ លោកថា មកនេះតាមរយៈមេការម្នាក់គេហៅមក ហើយភាគច្រើនលោកចូលព្រៃម្តងរយៈពេលប្រាំថ្ងៃ។ ក្នុងមួយថ្ងៃ លោកអាចអារឈើបានពីរដើមទៅបីដើម ព្រោះត្រូវយកពេលអារច្រៀកឈើនោះជាក្តារបន្ទះវិញ។

លោកបន្តថា លោកគ្រាន់តែជាអ្នកកាប់និងអារច្រៀកឈើ​​ទុកប៉ុណ្ណោះ លោកមិនបានដឹកចេញ​​នោះទេ ព្រោះថៅកែថាមានអ្នកចាំដឹកផ្សេងទៀត។ ចំពោះសកម្មភាពចូលកាប់ឈើក្នុងតំបន់អភិរក្សបាន លោកថា មេការជាអ្នកផ្តល់ប្រាក់ទៅឱ្យមន្ត្រីអាជ្ញាធរនិងជំនាញ ជាថ្នូរនឹងការអនុញ្ញាតឱ្យលោក និងជនល្មើសផ្សេងទៀតបានចូលកាប់ឈើដោយរលូន ប៉ុន្តែលោកមិនបានដឹងច្បាស់ថា មេការបង់ទៅឱ្យមន្ត្រីចំនួនប៉ុន្មាននោះឡើយ។

លោកថា៖ «ខ្ញុំអត់ដឹងទេ ថៅកែឱ្យមកកាប់។ ខ្ញុំអត់លុយ ជំពាក់ធនាគារ។ គេជួលមកកាប់ មកដេកក្នុងព្រៃបួនប្រាំថ្ងៃហើយ កាប់បានប៉ុណ្ណឹងដើមឯង។ ខ្ញុំគ្រាន់តែកាប់ទេ ថៅកែថាមានគេចាំដឹក ខ្ញុំមិនដឹងទេ មិនដឹងមួយថ្ងៃគេឱ្យ[ជួល]ប៉ុន្មានទេ»។

ដោយឡែក មេឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក សឹម លាម មានប្រសាសន៍ថា លោកមិនទាន់ជឿចំពោះការលើកឡើងរបស់ប្រជាសហគមន៍ថាមានការកាប់បំផ្លាញព្រៃឈើ២០០ឬ៣០០ករណី និងមានជិត១០០គោយន្តដឹកក្នុងមួយថ្ងៃៗនោះទេ។

លោកធ្លាប់ឃើញកន្លងមក ថាមានដឹកឈើពីរឬបីគោយន្ត ប៉ុន្តែវាមិនមានច្រើនដូចការលើកឡើងរបស់ប្រជាសហគមន៍នោះឡើយ។

លោកមានប្រសាសន៍ថា៖ «ដូចថាមួយថ្ងៃរាប់រយគោយន្ត ខ្ញុំដូចជាមិនឃើញ មិនជឿទេ។​ អាហ្នឹងបញ្ជាក់វាមិនពិត ប៉ុន្តែបើមានពីរបីគោយន្ត ធ្លាប់ឃើញ»

​ចំពោះការចោទរបស់ប្រជាសហគមន៍ថាមានការសហការពីអាជ្ញាធរមូលដ្ឋានក្នុងការសម្រួលឱ្យជនល្មើសដឹកឈើខុសច្បាប់ដោយសេរីនោះ លោក សឹម លាម​ ថាមិនមានទេ។

លោកថា៖ «អត់ទេ! ខ្ញុំដូចជាអត់ទេ!​ ពាក់ព័ន្ធនឹងបញ្ហាថាអី សហការពីអាជ្ញាធរមូលដ្ឋាន ដឹកចេញទៅក្រៅ ដូចជាខ្ញុំអត់មានទេ។ បើពាក់ព័ន្ធនឹងអាជ្ញាធរ ដូចមិនមាន»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចន្ទសុជាតិ កាលពីចុងខែកក្កដា សុំមិនធ្វើការបកស្រាយច្រើនជុំវិញបញ្ហានេះទេ។

លោកលើកឡើងថា៖ «ខ្ញុំបានប្រាប់សារព័ត៌មានហើយ អស់ហើយ! បងទៅមើលទៅ បានហើយ»។

ចំណែកអភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក នុត សុភ័ណ្ឌ មិនអាចទាក់ទងបានទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

ប្រធានអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ្ឌ មានប្រសាសន៍ថា កន្លងមក ក្រសួងបរិស្ថាន​មិនបានបង្ហាញតម្លាភាព ឬលាក់បាំងចំពោះកញ្ចប់ថវិកា ដែលចំណាយលើការងារការពារព្រៃឈើ និងចំណាយសម្រាប់មន្ត្រីឧទ្យានុរក្សក្នុងតំបន់ព្រៃព្រះរការ​។ លោកបន្តថា របាយការណ៍បាត់បង់ព្រៃឈើហាក់រឹតត្បិត និងមិនបានបង្ហាញជាសាធារណៈថែមទៀតផង ​បើប្រៀបធៀបនឹងអង្គការផ្សេងៗដែលចូលរួមការពារព្រៃព្រះរការនេះ គឺពួកគេបានបង្ហាញតួលេខ និងកញ្ចប់ថវិកាបរិច្ចាគ។

លោកថា៖ «បើតាមខ្ញុំទទួលបាន អត់ដឹងថាថវិកាប៉ុន្មានទេ ដែលក្រសួងចាត់ចែងគ្រោងសាម៉ីខ្លួនឯង ក្រោមការគ្រប់គ្រងរបស់ Ranger [ចំណាប់ថ្នាក់] តាមតំបន់នីមួយៗ ដូចជា នៅព្រៃឡង់ និងព្រៃព្រះរការអីអ៊ីចឹង»។

លោក ប៉ិក សោភ័ណ្ឌ បន្ថែមទៀតថា ចំពោះបញ្ហាស្នូលដែលព្រៃព្រះរការនៅបន្តរងការកាប់បំផ្លាញ និងអាចវិនាសហិចហោចនៅពេលខាងមុន អាចដោយសារអាជ្ញាធរមូលដ្ឋាន ឬថ្នាក់ខេត្ត មិនបើកចិត្តទូលាយសហការជាមួយអង្គការសង្គមស៊ីវិល សហគមន៍ យុវជន ក្នុងការ​ចូលរួមការពារព្រៃឈើ។ ជាមួយគ្នានេះ លោកថា ​ក្រសួងបរិស្ថានព្យាយាមបង្កើតយន្តការនានា ដើម្បីចោទប្រកាន់ ឬរឹតបន្តឹងចំពោះអង្គការសង្គមស៊ីវិល ប្រជាសហគមន៍ និងបុគ្គលដែលមានឆន្ទៈជួយការពារព្រៃឈើទៅវិញ។

លោកថា៖ «ព្រៃព្រះរការបច្ចុប្បន្ននេះ វាមិនមែនអាចធ្វើទៅបានគ្រប់តែមនុស្សទេ ចង់និយាយអ៊ីចឹង! វាមិនអាចធ្វើទៅបានគ្រប់តែជនល្មើសទេ គឺជនល្មើសហ្នឹងសុទ្ធតែមានខ្សែពួកគេ សុទ្ធតែមានគ្នាពួកគេ អ្នកដែលបម្រើផលប្រយោជន៍ឱ្យពួកគេ។ ជាពិសេស គឺអ្នកដែលបំពេញលុយហោប៉ៅឱ្យក្រុមគេតែម្តង។ ដូច្នេះ អ្នកដែលរក គឺគាត់រកបាន ហើយគាត់បម្រើឱ្យមន្ត្រីបរិស្ថាន​ ឱ្យអាជ្ញាធរ។ ចំណែកឯអ្នកចង់ទៅរក ឧបមាដូចជាអ្នកនៅមូលដ្ឋាន គាត់ទៅរកអុសទៅរកអីផ្សេងៗហ្នឹង ឃាត់ចាប់គ្នា ឱ្យគាត់បង់ផាកអ៊ីចឹងជាដើមណា៎! អាហ្នឹងដែលជារឿងខុសគ្នាអ៊ីចឹងឯង រឿងអ្នកមានលុយ អ្នកមានអំណាចនៅពីក្រោយបទល្មើស»។

របាយការណ៍អង្គការពន្លកខ្មែរ ឱ្យដឹងថា ព្រៃព្រះរការមានប្រជាជនរស់នៅជុំវិញ​ចំនួន២៦ភូមិ ស្មើនឹងប្រជាពលរដ្ឋចំនួន១៥ ០៤៦នាក់ (ស្ត្រី៧ ៨៤៦នាក់) ក្នុងនោះផងដែរ ប្រជាពលរដ្ឋភាគច្រើនជាអ្នកប្រកបរបរដងជ័រច្បោះ និងរកបន្លែ ផ្លែឈើ រកឃ្មុំ ដើម្បីលក់ដូរប្រចាំថ្ងៃ។ ព្រៃព្រះរការ គឺជាព្រៃធំទីពីរក្នុងខេត្តព្រះវិហារ បន្ទាប់ពីព្រៃឡង់ ដែលសម្បូរទៅដោយជីវចម្រុះ សត្វព្រៃគ្រប់ប្រភេទ និងឈើប្រណិត ជាពិសេសដើមឈើទាល ឬដើមជ័រទឹក ជាដើម។

យោងតាមច្បាប់ស្តីពីព្រៃឈើ ​ឆ្នាំ២០០២ មាត្រា១០០ បានចែងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ឬដោយប្រយោលជូនដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់យ៉ាងផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពីមួយ (១)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងត្រូវ​ពិន័យជាប្រាក់ចំនួនពី​១០លានរៀល ទៅ១០០លានរៀល។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានឱ្យដឹងថា ព្រៃឈើនៅប្រទេសកម្ពុជាមិនអាចថែរក្សាបាន និងបន្តបំផ្លាញគ្មានខ្លាចរអា​ ដោយសារកត្តាទីមួយ មន្ត្រីរដ្ឋាភិបាលថ្នាក់មូលដ្ឋានបានប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញ ហើយរដ្ឋាភិបាលនៅតែបន្តព្រងើយកន្តើយចំពោះការរត់ពន្ធឈើខុសច្បាប់ចេញពីប្រទេសកម្ពុជាទៅលក់ឱ្យប្រទេសជិតខាង។

លោកបន្តថា មន្ត្រីរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតចេញលិខិត​​ផ្សេងៗឱ្យក្រុមហ៊ុនដឹកឈើ ឬក៏ឈ្មួញទុច្ចរិតអាចដឹកឈើខុសច្បាប់ទៅលក់នៅក្រៅប្រទេសបាន។

លោកបញ្ជាក់ថា៖ «សុទ្ធសឹងតែជាប់ពាក់ព័ន្ធជាមួយនឹងអ្នកដែលមានអំណាចនៅពីខាងក្រោយខ្នង សុទ្ធតែអ្នកមានយសសក្តិនៅពីក្រោយខ្នង ដើម្បីបញ្ជាឱ្យប្រជាពលរដ្ឋ ឬក៏ខ្ចីដៃពលរដ្ឋឱ្យរកស៊ីការកាប់បំផ្លាញព្រៃឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ ឬក៏តំបន់ការពារនៅក្នុងប្រទេសកម្ពុជាហ្នឹងឯង»។

សកម្មជនការពារព្រៃរូបនេះ​បានផ្តល់ជាអនុសាសន៍ថា ដើម្បីថែរក្សាព្រៃឈើក្នុងប្រទេសកម្ពុជាឱ្យគង់វង្ស និងអាចបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបាន​ រដ្ឋាភិបាលត្រូវផ្អាកសកម្មភាពរាល់ការដឹកឈើចេញពីប្រទេសកម្ពុជាយកទៅលក់នៅខាងក្រៅប្រទេស។ បន្ថែមពីនេះ បិទបញ្ចប់ការចេញលិខិតអនុញ្ញាតផ្សេងៗឱ្យមានការដឹកជញ្ជូនឈើលក់ក្នុងប្រទេស ព្រមទាំងពិនិត្យមើលមន្ត្រីរបស់ខ្លួននៅក្រោមឱវាទដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ​ផងដែរ។

តាមអង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

របាយការណ៍បញ្ជាក់បន្ថែមថា​ មូលហេតុព្រៃឈើដែលជាដែនជម្រកសត្វព្រៃចំនួនពីរនេះត្រូវបានកាប់បំផ្លាញអស់ជាង៦ពាន់ហិកតានោះ គឺធ្វើឡើងតាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរ។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ