ភាពប្រទាក់ក្រឡាគ្នាជាលក្ខណៈគ្រួសារនិយមកាន់តំណែងក្នុងក្រសួង និងស្ថាប័នរដ្ឋ ត្រូវបានគេមើលឃើញថា ជាបញ្ហាចម្បងមួយជំរុញឱ្យមានអំពើពុករលួយជាប្រព័ន្ធក្នុងសង្គមកម្ពុជា មិនងាយនឹងលុបបំបាត់បាន បើទោះបីជាថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញឆន្ទៈវះកាត់មន្ត្រីខិលខូច ដើម្បីពង្រឹងយន្តការធ្វើកំណែទម្រង់នគរបាលជាតិយ៉ាងណាក្ដី។
បញ្ហានេះ អ្នកឃ្លាំមើលថា វានឹងបង្កជាហានិភ័យសង្គម បើរដ្ឋាភិបាលខ្វះឆន្ទៈនយោបាយ ដើម្បីលុបបំបាត់ជំងឺរ៉ាំរ៉ៃដែលកំពុងបង្កផលប៉ះពាល់ដល់នីតិរដ្ឋ សុចរិតភាពសេវាសាធារណៈ និងការប្រើប្រាស់ធនធានជាតិមិនត្រឹមត្រូវ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីសប្ដាហ៍មុន បានប្រកាសជាសាធារណៈថា គាត់បានបញ្ចប់តួនាទីមន្ត្រីថ្នាក់អនុរដ្ឋលេខាធិការមួយរូប ដើម្បីជំរុញប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់នគរបាលជាតិ ក្រោយពីរកឃើញថា មន្ត្រីរូបនោះបានប្រព្រឹត្តអំពើពុករលួយលក់ក្របខណ្ឌរដ្ឋ ធ្វើឱ្យប៉ះពាល់មុខមាត់ក្រសួង។
លោកបន្តថា៖ «យើងត្រូវតែអារកាត់ធ្វើ បើមិនអ៊ីចឹងទេ វាដើរសន្យាលក់អាក្របខណ្ឌហ្នឹង។ អាហ្នឹងអត់បានទេៗ ព្រោះយើងកំពុងតែកំណែទម្រង់នគរបាល ដើម្បីឈានទៅធ្វើម៉េចឱ្យមានគុណភាពប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ»។
ក្រៅពីនេះ លោក ស ខេង ក៏បានទម្លាយដែរថា បញ្ហានេះកំពុងកើតមាននៅស្ថាប័នរដ្ឋផ្សេងទៀត តែលោកសុំមិនលូកដៃជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រសួងសាម៉ីទាំងនោះទេ។
ចំណាត់ការថ្មីនេះហាក់ដូចគ្នាទៅនឹងកំណត់ត្រារបស់ក្រុមអង្គការសង្គមស៊ីវិលកាលពីជិត១០ឆ្នាំមុន ដែលអង្គការនោះធ្វើការផ្ដោតលើការឃ្លាំមើលការបោះឆ្នោត ដំណើរការរដ្ឋសភា និងរដ្ឋាភិបាល។
របាយការណ៍អង្កេតមួយរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ដែលបានសង្កេតដំណើរការរដ្ឋាភិបាលឆ្នាំ២០១៥ ហើយត្រូវបានចេញផ្សាយខែមីនា ឆ្នាំ២០១៦ បានសម្អាងថា បើទោះបីរដ្ឋាភិបាលបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិ ស្តីពីការប្រឆាំងអំពើពុករលួយនៅឆ្នាំ២០០៧ក្ដី តែថាយុទ្ធនាការ និងឆន្ទៈរបស់រដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងអំពើពុករលួយ ស្ថិតក្នុងកម្រិតខ្សោយ។
បើតាមខុមហ្វ្រែលបញ្ជាក់ថា ជាការសង្កេត ដោយសារតែមន្ត្រីមានតួនាទីនិងឋានៈធំៗនៅតែមានឱកាសប្រព្រឹត្តអំពើពុករលួយ ចំណែកវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយវិញ នៅមានការយោគយល់។ រីឯការបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ភាគច្រើនជាមន្ត្រីដែលមានឋានៈតួនាទីតូចតាច ហើយការដាក់ទោសទណ្ឌមានកម្រិតស្រាល និងមានការយោគយល់ថែមទៀតផង។
អំពើពុករលួយក្នុងវិស័យសាធារណៈនៅមានកម្រិតខ្ពស់នៅឡើយ។ មន្ត្រីមានអំណាចនិងតួនាទីធំៗខ្លះក្នុងក្រសួងនិងស្ថាប័នរដ្ឋ នៅតែមានឱកាសប្រព្រឹត្តអំពើពុករលួយ តាមរយៈការរំលោភបំពានអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
ជ្រុងមួយទៀតនៃរបាយការណ៍បានកត់ត្រាថា ភាពមិនប្រក្រតីនៃតំណែងសម្រាប់សាច់ញាតិសែស្រឡាយនិយមវិញ ត្រូវបានមើលឃើញថា កើតឡើងស្ទើរគ្រប់ក្រសួង ស្ថាប័ន នាយកដ្ឋាន និងមន្ទីរតាមបណ្ដារាជធានីក្នុងប្រទេសកម្ពុជា ហើយគ្មានដំណោះស្រាយ បើទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងជាសកល ដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយក្ដី។
របាយការណ៍គូសបញ្ជាក់ថា ភាពមិនប្រក្រតីនេះជាបញ្ហាប្រឈមយ៉ាងធំសម្រាប់ការប្រឆាំងអំពើពុករលួយ ជាទំនាស់ផលប្រយោជន៍ បណ្ដាលឱ្យខូចប្រព័ន្ធដឹកនាំបែបអភិបាលកិច្ចល្អ ស្របតាមកតិកាសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានដល់មន្ត្រី ដោយមិនអនុញ្ញាតឱ្យយកក្រសួងឬស្ថាប័ននីមួយៗធ្វើជាទីកន្លែងសម្រាប់រៀបចំឱ្យមានសែស្រឡាយក្រុមគ្រួសារបែបនេះក្តី។
បើយោងតាមរបាយការណ៍នេះ អាចឆ្លុះបញ្ចាំងបានថា ឧបសគ្គរារាំងដល់យន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានកើតឡើងយូរឆ្នាំណាស់មកហើយក្នុងប្រព័ន្ធដឹកនាំរដ្ឋ។
ដោយឡែកពីនេះ ក្រោយពី VOD ចេញផ្សាយព័ត៌មានពីចំណាត់ការរបស់លោក ស ខេង ដែលលោកបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ គិតត្រឹម៦ថ្ងៃក្រោយការផ្សាយ មានអ្នកចូលចិត្ត ឬចុច(Like) ព័ត៌មានជិត ២០K ឬស្មើនឹងជិត២០ ០០០នាក់ អ្នកចែករំលែកបន្តជាង៣ ០០០នាក់ អ្នកចូលមើលជាង៣០ម៉ឺននាក់ និងបញ្ចេញយោបល់ជិត៥០០នាក់។
ភាគច្រើននៃអ្នកបញ្ចេញយោបល់ ពួកគេបានអះអាងថា ទម្រង់នៃអំពើពុករលួយប្រភេទនេះបានកើតឡើងច្រើនឆ្នាំណាស់មកហើយ ខណៈខ្លះទៀតថា បញ្ហានេះនឹងក្លាយជាជំងឺមហារីកសង្គម បើវិធានការទប់ស្កាត់របស់ក្រសួងមហាផ្ទៃគ្មានប្រសិទ្ធភាព។
គណនីហ្វេសប៊ុកឈ្មោះ មាជ ស៊ីណា បានលើកឡើងថា គាត់ឮនិងជួបផ្ទាល់បញ្ហានេះតាំងពីដឹងក្ដី ឥលូវគាត់អាយុ៤០ឆ្នាំហើយ។
គាត់ថា៖ «មិនមែនតែក្រសួងមួយនេះទេ មានក្រសួងច្រើនទៀត»។
ផល ស៊ីថន លើកឡើងថា៖ «បើចង់ដឹងថាចូលក្រមខណ្ឌរដ្ឋអស់លុយឬមិនអស់លុយ សូមសម្ភាសនគរបាលតាមប៉ុស្តិ៍ តាមស្នងការខេត្ត២៥រាធានី-ក្រុង ទើបដឹងថាមានច្រើន»។
បន្ថែមពីនេះ លោកគ្រូ តូច បានបញ្ចេញយោបល់ថា៖ «កុំធ្វើឱ្យតែល្អមើល ព្រោះរឿងនេះបានកើតយូរហើយ »។
ដោយឡែកគណនីហ្វេសប៊ុក គីម ញ៉ន បញ្ចេញយោបល់ថា៖ «បើគ្រាន់តែបញ្ចប់តួនាទី លុយដែលបានមកពីអំពើពុករលួយ ដេកស៊ីមិនអស់ទេ។ អំពើពុករលួយនឹងក្លាយជាដំបៅមហារីកក្នុងសង្គម»។
សំណួរនៅត្រង់ថា តើរដ្ឋាភិបាលអាចទប់ស្កាត់អំពើពុករលួយលក់ក្របខណ្ឌរដ្ឋបានដោយរបៀបណា?
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា សម្រាប់កម្ពុជា ការផ្តល់លុយដើម្បីបានតំណែង វាស្ទើរតែក្លាយទៅជាប្រពៃណីទៅហើយ ខណៈអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលខ្លះក៏ត្រូវបង់លុយចូលបក្ស ជាថ្នូរនឹងបានតំណែងក្រោយការបោះឆ្នោត ដែលលោកសំដៅដល់លំដាប់លេខរៀងតំណាងរាស្ត្រ។
លោកមានប្រសាសន៍ថា៖ «បើកាលណា[គេ]យកលុយទៅទិញតំណែង កាលណាបានតំណែង ត្រូវតែយកតំណែងនោះទៅរកលុយមកបង្រ្គប់វិញ។ ដល់អ៊ីចឹងទៅ អំពើពុករលួយ ចង់មិនចង់ វាត្រូវតែកើតដែរ ពាក្យខ្មែរយើងថាស្រង់ដើមនោះ»។
មួយវិញទៀត លោកថា ប្រព័ន្ធដឹកនាំរដ្ឋដែលចាក់ស្រេះដោយគ្រួសារនិយម ជាឧបសគ្គដល់ចំណាត់ការលុបបំបាត់អំពើពុករលួយ ដែលបញ្ហានេះជំរុញឱ្យមានការប្រើប្រាស់ធនធានជាតិមិនត្រឹមត្រូវ។
លោកថា៖ «អ្នកដែលរងផលប៉ះពាល់គឺជាតិ ព្រោះដោយសារតែអី ដោយសាតែពលរដ្ឋជាអ្នកបង់ពន្ធ ដល់ពេលគេយកពន្ធហ្នឹងទៅប្រើផ្ដេសផ្ដាស់ បណ្ដោយឱ្យអំពើពុករលួយហ្នឹងបន្តទៀត។ ហើយយើងអ្នកបង់ពន្ធហ្នឹងខំរកទាល់តែខ្សោះខ្លួន ប៉ុន្តែជាតិវាអត់ទៅណា ជាតិវាអត់មាន វាមានតែបុគ្គលដែលមានអំណាចមួយក្រុមអ៊ីចឹង ដែលគេនៅក្នុងប្រព័ន្ធរកស៊ីបែបហ្នឹង»។
យ៉ាងណា លោកគិតថា វិធានការវះកាត់របស់ក្រសួងមហាផ្ទៃអាចនឹងកាត់បន្ថយអំពើពុករលួយលក់ក្របខណ្ឌរដ្ឋ និងការផ្ដល់សំណូកដើម្បីទិញតំណែងបាន បើយន្តការនេះដំណើរការទៅដូចភ្លៀងរលឹម មិនទុកឱ្យអ្នកពាក់ព័ន្ធច្រើនរយនាក់ទៀតនៅក្រៅសំណាញ់ច្បាប់។
របាយការណ៍នានាបង្ហាញថា អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ជំរុញឱ្យមានការប្រើប្រាស់ធនធានមិនត្រឹមត្រូវ កេងបន្លំអត្ថប្រយោជន៍ប្រជាពលរដ្ឋ បង្កអន្តរាយដល់វិស័យឯកជន និងបន្លំទីផ្សារហិរញ្ញវត្ថុ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ដើមចមនៃអំពើពុករលួយកើតចេញពីកម្សោយនៃការអនុវត្តច្បាប់ ខ្វះយន្តការតាមដានប្រសិទ្ធភាពការងារមន្ត្រី បណ្តាញប្រព័ន្ធគ្រួសារនិយមក្នុងស្ថាប័នរដ្ឋ និងតម្រូវការចល័តមន្ត្រីទៅតំបន់មានចរន្តសេដ្ឋកិច្ចខ្សោយ ជាដើម។
លោកថា៖ «វិធានការដែលមានប្រសិទ្ធភាពជាងគេ គឺអនុវត្តច្បាប់! គឺច្បាប់យើងមានច្រើន ហើយច្បាប់ព្រហ្មទណ្ឌក៏មាន ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយក៏មាន យន្តការត្រួតពិនិត្យផ្ទៃក្នុងក៏មាន អ៊ីចឹងបើយើងអនុវត្តច្បាប់ដែលមានជាធរមានហ្នឹង គឺយើងអាចដោះបញ្ហាហ្នឹងបានហើយ។ តែកន្លងមក យើងឃើញថាការអនុវត្តច្បាប់នៅមានកម្រិត»។
លោកបារម្ភថា កម្ពុជានឹងរងផលប៉ះពាល់ធំធេងខាងសេដ្ឋកិច្ចសង្គមនិងនយោបាយ បើបញ្ហានេះមិនត្រូវបានដោះស្រាយ ដោយសារតែពេលនេះ កម្ពុជាត្រូវឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព រួមទាំងបញ្ហាតំបន់ផ្សេងទៀត។
នាយកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត យល់ថា ទម្រង់នៃអំពើពុករលួយគ្រប់ប្រភេទដែលបានកើតឡើង រដ្ឋាភិបាលអាចទប់ស្កាត់បាន ប្រសិនបើមានឆន្ទៈវះកាត់មន្ត្រីដែលជាប់ពាក់ព័ន្ធដោយគ្មានការយោគយល់នោះ។
ក្នុងន័យនេះ លោកពន្យល់ថា មន្ត្រីពាក់ព័ន្ធ ទោះមានឋានន្តរសក្តិ ឬមានអំណាចកម្រិតណាក៏ដោយ ឱ្យតែរកឃើញពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវតែអនុវត្តតាមវិធានការច្បាប់ ទាំងពិន័យរដ្ឋបាល ដែលអាចបណ្តេញចេញពីក្របខណ្ឌរដ្ឋ រួមទំាងច្បាប់ប្រឆាំងអំពើពុករលួយ ឬក្រមព្រហ្មទណ្ឌផងដែរ។
លោកថា៖ «ពីព្រោះបើក្របខណ្ឌចូលតាមអំពើពុករលួយ សមត្ថភាពអត់មាន។ ទី២ អ្នកដែលប្រព្រឹត្តអំពើពុករលួយហ្នឹង វាប៉ះពាល់ដល់ការងាររបស់រដ្ឋ បំផ្លាញទាំងថវិការដ្ឋទៅទៀត អ៊ីចឹងវាអត់មានអីរីកចម្រើនទេ ហើយវាអាចនឹងមានបក្ខពួកបន្តទៀត។ អ៊ីចឹងហើយបានវាត្រូវឱ្យមានវិធានការចាំបាច់ក្នុងការទប់ស្កាត់និងបង្ក្រាបទៅលើមន្ត្រីខិលខូចទាំងអស់ហ្នឹង»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះគិតថា បើរដ្ឋាភិបាលមិនអាចទប់ស្កាត់អំពើពុករលួយ រត់ការលក់ក្របខណ្ឌរដ្ឋនេះបានទេ វានឹងធ្វើឱ្យប៉ះពាល់ដល់មន្ត្រីដែលមានសមត្ថភាព និងឆ្លុះបញ្ចាំងថា រដ្ឋាភិបាលខ្វះសមត្ថភាព ដែលការណ៍នេះនឹងធ្វើឱ្យពលរដ្ឋអស់ជំនឿ៕