ពលរដ្ឋ​ជិត​៣០០​គ្រួសារ​នៅ​ខេត្តក្រចេះ​សុំ​បណ្ណកម្មសិទ្ធិ​ដីធ្លី ខណៈ​អាជ្ញាធរ​ថា​ពួកគេ​ទន្ទ្រាន​ដីក្រុមហ៊ុន

ប្រជាពលរដ្ឋនៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះប្រមូលផ្ដុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំទៅលោក ហ៊ុន សែន ជួយដោះស្រាយដីធ្លី និងចេញបណ្ណកម្ម​សិទ្ធិដីធ្លីជូនពួកគេ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ខណៈអាជ្ញាធរចោទថាពួកគេទាំងនោះចូលទន្ទ្រានកាន់កាប់លើដីរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដោយខុសច្បាប់។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាង១០០នាក់ តំណាងឱ្យពលរដ្ឋ២៩១គ្រួសារ នៅភូមិប្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំទៅលោក ហ៊ុន សែន ជួយដោះស្រាយដីធ្លី និងចេញបណ្ណកម្ម​សិទ្ធិដីធ្លីជូនពួកគេ។

ពលរដ្ឋម្នាក់នៅ​ឃុំវឌ្ឍនៈ សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ក្រោយពលរដ្ឋដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីរួចមក គឺមន្ត្រីរដ្ឋបាលស្រុកសំបូរ បានចុះទៅសម្របសម្រួលដោះស្រាយ ដោយដោះ​ដូរឱ្យពលរដ្ឋទៅនៅកន្លែងផ្សេងវិញ ប៉ុន្តែពលរដ្ឋមិនព្រមទទួលយកការដោះស្រាយរបៀបនេះឡើយ។ លោកថា ​អ្នកភូមិបានទៅរស់នៅនិងអាស្រ័យផលលើដីនោះច្រើនឆ្នាំ ដោយមានផលដំណាំធំៗមួយចំនួនរួចទៅហើយ។

ពលរដ្ឋរូបនេះអះអាងថា អ្នកភូមិ២៩១គ្រួសារបានចូលទៅរស់នៅនិងអាស្រ័យផលលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ២០១៤ បន្តបន្ទាប់ ដោយ១គ្រួសារមានដីចន្លោះពី២ហិកតាទៅ៦ហិកតា និងបានបង្កបង្កើនផលដាំដំណាំហូបផ្លែផ្សេងៗ ដូចជា ស្វាយ ខ្នុរ ស្វាយចន្ទី ចេក និងដំឡូងជាដើម។

ប្រភពដដែលបន្តថា អ្នកភូមិបានទាមទារទៅអាជ្ញាធរឱ្យដោះស្រាយកាត់ឆ្វៀលដីរបស់ពួកគេចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់រស់នៅឃុំនេះ គាត់បានបង្កបង្កើនផលនៅលើដីនេះយូរហើយ ស្រុកកំណើតគាត់នៅហ្នឹង ផ្ទះគាត់ ដីគាត់នៅហ្នឹង។ អ៊ីចឹងហើយគាត់អត់ព្រមដូរទៅទីតាំងថ្មីទេ ហើយកន្លែងផ្សេងហ្នឹង វាអត់មានកន្លែងដែលសមស្របសម្រាប់ពួកគាត់បង្កបង្កើនផលទៀត ហើយអាជ្ញាធរគាត់អត់បង្ហាញទីតាំងជាក់លាក់។ អ៊ីចឹងពលរដ្ឋគាត់អត់ជឿជាក់លើអាជ្ញាធរ ដោយអាជ្ញាធរភូមិកុហកពលរដ្ឋច្រើនដងពេក»

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ រដ្ឋបាល​ខេត្តក្រចេះបានចេញសេចក្តីជូនដំណឹងមួយបដិសេធដោះស្រាយជូនពលរដ្ឋទាំងជិត៣០០គ្រួសារ​នោះ ក្រោមហេតុផលថា ពលរដ្ឋ​ចូល​ទៅអាស្រ័យលើដីរបស់ក្រុមហ៊ុនតាមការញុះញង់របស់មេខ្យល់ដោយខុសច្បាប់។

សេចក្តីជូនដំណឹងដដែលនេះបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់ជឿលើការញុះញង់របស់មេខ្យល់ដែលរដ្ឋបាលខេត្តថាបានកៀរគរប្រជាពលរដ្ឋទៅតវ៉ានៅសាលាខេត្ត និងរាជធានីភ្នំពេញ ហើយបញ្ឈប់ការចូលទៅទន្ទ្រានកាន់កាប់ឬហ៊ុមព័ទ្ធយកដីព្រៃរបស់រដ្ឋបន្តទៀត។

រដ្ឋបាលខេត្តក្រចេះបន្តថា ទីតាំងដីដែលក្រុមប្រជាពលរដ្ឋចូលទៅកាន់កាប់នោះ ត្រូវបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ដែលរដ្ឋាភិបាលបានផ្ដល់សិទ្ធិជាដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន «ស៊ី អេច ភី ប៊ី ឌីវេឡុបមេន» ធ្វើការវិនិយោគតាំងពីឆ្នាំ២០០៨មកម៉្លេះ។

រដ្ឋបាលខេត្តក្រចេះបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋក្រីក្រ ខ្វះខាតដីធ្លីសម្រាប់ធ្វើកសិកម្មពិតប្រាកដមែន សុំឱ្យប្រជាពលរដ្ឋទាំងនោះដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋ តាមរយៈអាជ្ញាធរមូលដ្ឋានរៀងៗខ្លួន។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន បានទទូច​ដល់​អាជ្ញាធរពាក់ព័ន្ធសម្របសម្រួលដោះស្រាយជូនពលរដ្ឋតាមនីតិវិធី ​ចៀសវាងការចោទប្រកាន់ ការចាប់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានលំនៅឋាននិងដីធ្លី ដែលធានាដោយ​រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

លោកបន្ថែមថា៖ «អាជ្ញាធរត្រូវរកមធ្យោបាយក្នុងការដោះស្រាយ ហើយប្រជាពលរដ្ឋហ្នឹងគាត់ត្រូវតែទទួលយកការដោះស្រាយ ទទួលយកនូវការពន្យល់ពីអាជ្ញាធរពីហេតុផលមួយចំនួន ក៏ដូចជាបញ្ហាផ្លូវច្បាប់ ថាតើ[ក្នុងនាម]ជាម្ចាស់កម្មសិទ្ធិ យើងត្រូវមានអីខ្លះ»

បើតាមរដ្ឋបាលខេត្តក្រចេះ មុនឆ្នាំ២០០៨ ទីតាំងកំពុងមានជម្លោះនោះមានដីទំហំជាង១ម៉ឺនហិកតា (១២ ២០០,២៩) និងមុនរដ្ឋាភិបាលប្រគល់សិទ្ធិវិនិយោគជាដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ គឺក្រុមការងារចម្រុះថ្នាក់ជាតិ-ថ្នាក់ខេត្តបានចុះដោះស្រាយដោយកាត់ឆ្វៀលផលប៉ះពាល់ជូនពលរដ្ឋនៅសល់ទំហំផ្ទៃដីចំនួន៨ ៦៨៦ហិកតា។

ទីតាំងដដែលនេះ ក្នុងពេលអនុវត្តបទបញ្ជា០១របស់រដ្ឋាភិបាល ដីទំហំជាង២ ០០៤ហិកតាត្រូវបានវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ២ភូមិក្នុងឃុំវឌ្ឍនៈ ប៉ុន្តែក្រោយបញ្ចប់បទបញ្ជា០១ ពលរដ្ឋបានចូលកាប់ទន្ទ្រាននិងអាស្រ័យផលលើផ្ទៃដីមួយភាគធំទៀត ហើយអាជ្ញាធរក៏បានកាត់ឆ្វៀលជូនពលរដ្ឋទំហំជាង៧ពាន់ហិកតា (៧ ៥០៤,៩៧) បន្ថែមទៀត។

រដ្ឋបាលខេត្តក្រចេះបន្តថា ដីនៅសល់ប្រមាណ២ ៦៨៦,៨៦ហិកតា ទុកឱ្យក្រុមហ៊ុនសម្រាប់អភិវឌ្ឍន៍ឈូសឆាយដាំដុះ និងកាយដីក្រវាត់ធ្វើព្រំដី ដើម្បីចុះបញ្ជីដីរដ្ឋ ហើយអាជ្ញាធរខេត្តមិនអាចកាត់ឆ្វៀលជូនពលរដ្ឋ២៩១គ្រួសារទៀតបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ