លោក សម រង្ស៊ី ប្រកាសចូលរួមសវនាការនៅកម្ពុជា តែទាមទារឱ្យរដ្ឋាភិបាលលុបចោលបម្រាម

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី ប្រកាសធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសវនាការតាមដីកា​កោះរបស់តុលាការនៅខែកញ្ញាខាងមុខ ប៉ុន្តែទាមទារឱ្យលោក ហ៊ុន សែន មានភាពក្លាហានក្នុងការបើកផ្លូវឱ្យលោកចូលកម្ពុជាវិញ ដោយគ្មានការរារាំង ពិសេសលុបចោលបម្រាមដែលធ្លាប់បិទផ្លូវលោកមិនឱ្យវិលចូលស្រុកកន្លងមក។ ​

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចេញដីកាកោះកាលពីថ្ងៃទី១៩ ខែសីហា និងបានយកទៅបិទនៅអតីតស្នាក់ការគណបក្សសង្រ្គោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីឱ្យលោកនិងថ្នាក់ដឹកនាំបក្សនេះ៣៣នាក់ផ្សេងទៀត ចូលរួមសវនាការនៅថ្ងៃទី១៥ ខែកញ្ញា ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់»។

សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការតុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការក្រុងភ្នំពេញ ពិសេសដីកាចុងក្រោយបង្អស់ ខណៈលោកធ្លាប់បានប្រកាសជាច្រើនលើកច្រើនសាទាក់ទិនការចូលខ្លួនមកតតាំងក្ដីនៅកម្ពុជានេះ។

យ៉ាងណា ​លោក សម រង្ស៊ី លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន មានភាពក្លាហានក្នុងការឱ្យលោកចូលខ្លួនមកកម្ពុជាប្រាកដមែន នាយករដ្ឋមន្ត្រីរូបនេះត្រូវលើកបម្រាម ៣ចំណុច ដល់លោកជាមុនសិន។

បើតាមអ្នកនយោបាយចាស់វស្សារបស់បក្សប្រឆាំងរូបនេះ បម្រាមទាំង៣នោះ រួមមាន ការហាមឃាត់ មិនឱ្យក្រុមហ៊ុនអាកាសចរណ៍នានាដឹកលោកមកកាន់អាកាសយានដ្ឋានណាមួយនៅកម្ពុជា។ លុបចោលបម្រាមដែលលោក ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាល​ថៃហាមឃាត់រូបលោកមិនឱ្យធ្វើដំណើរឆ្ពោះមកកាន់កម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីថៃ។ ចុងក្រោយ ត្រូវលុបចោលបម្រាមដែលរដ្ឋាភិបាលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរទូទៅមកទទួលស្វាគមន៍លោក តាមការស្ម័គ្រចិត្ត នៅពេលមកដល់កម្ពុជា។ ​

លោក សម រង្ស៊ី ថា៖ «ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន នឹងមិនបង្ហាញពីភាពកំសាករបស់គាត់ទៀតទេ ដោយហ៊ានលើកបម្រាមទាំង៣ខាងលើនេះ ដើម្បីបើកផ្លូវឱ្យខ្ញុំវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសន្តិវិធី តាមដីកាកោះរបស់តុលាការ និងស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរយ៉ាងច្រើនលើសលុប»។

លោក សម រង្ស៊ី បន្ថែមថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនហ៊ានលើកបម្រាមទាំង៣នេះទេ នោះឆ្លុះបញ្ចាំងថា លោក ហ៊ុន សែន ខ្លាចបំផុតចំពោះវត្តមានរបស់លោកនៅលើទឹកដីកម្ពុជា។ លើសពីនេះបង្ហាញថា លោក ហ៊ុន សែន ជាមនុស្សកំសាក​ ដែលជាហេតុធ្វើឱ្យគេមើលងាយគាត់គ្រប់គ្នា។

លោក សម រង្ស៊ី បន្តថា៖ «ម៉្យាងវិញទៀត គេក៏នឹងសើចចំអកឱ្យគាត់ថែមទៀត ពីព្រោះគាត់បានបញ្ជាឱ្យតុលាការអាយ៉ងរបស់គាត់ចេញដីកាចាប់រូបខ្ញុំយកទៅកាត់ទោស [ទោសដែលពួកគាត់បានប្រតិដ្ឋ] តែនៅពេលខ្ញុំត្រៀមចូលមកប្រទេសកម្ពុជា ឱ្យពួកគាត់ចាប់ខ្ញុំ ស្រាប់តែគាត់បែរមកហាមឃាត់ខ្ញុំ ហើយបង្កឧបសគ្គ មិនឱ្យខ្ញុំធ្វើដំណើរមកប្រទេសកំណើតរបស់ខ្ញុំវិញ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការប្រកាសរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាការនិយាយយកបុងឱ្យខ្លួនឯង ឬនិយាយឱ្យល្អស្ដាប់តែប៉ុណ្ណោះ។ លោកថា រឿងតុលាការកោះហៅ គឺជារឿងតុលាការ ចំណែករឿងរដ្ឋាភិបាល គឺជារឿងផ្សេងទៀត ដោយមិនពាក់ព័ន្ធគ្នាទេ។

មន្ត្រីបក្សកាន់អំណាចរូបនេះជឿថា លោក សម រង្ស៊ី នឹងមិនក្លាហានមកកម្ពុជាទេ ព្រោះបើមក លោក សម រង្ស៊ី អាចប្រឈមនឹងជាប់ពន្ធនាគារប្រមាណ១៦០ឆ្នាំឯណោះ។

លោក សុខ ឥសាន ថា៖ «បើថាយើងអ្នកក្លាហាន ចាំបាច់មានលក្ខខណ្ឌអី! ចាំបាច់ឱ្យគេបើកផ្លូវមកធ្វើអី! បើបើកផ្លូវ វាលែងក្លាហានបាត់ហើយ។ យើងដឹងហើយថាមនុស្សហ្នឹងអត់ហ៊ានចូលទេ! វាច្បាស់ជាអត់ហ៊ានចូលហើយ ព្រោះថាបើមក វាចូលគុក១៦០ឆ្នាំ បូកនឹងឥលូវ ៧៤ឆ្នាំ [អាយុរបស់លោក សម រង្ស៊ី] សួរថាប៉ុន្មានហើយ? វាអាយុជាង២៣០ឆ្នាំ។ អ៊ីចឹងទណ្ឌិតហ្នឹង វាត្រូវងាប់ក្នុងគុក។ អ៊ីចឹងទេ បើដឹងថាងាប់ក្នុងគុក វាច្បាស់ជាមិនហ៊ានមក។ ហើយដើម្បីយកបុងខ្លួនឯង ធ្វើឯងគ្រាន់បើ វាទៅជារឿងដាក់លក្ខខណ្ឌឱ្យគេបើកផ្លូវឱ្យទៅវិញ។ អាហ្នឹងម៉េចនឹងត្រូវ!»

លោកថា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន មិនខ្លាចវត្តមានរបស់លោក សម រង្ស៊ី នៅកម្ពុជាឡើយ មានតែលោក សម រង្ស៊ី ទៅវិញទេ ដែលខ្លាច ហើយរត់ចោលស្រុក។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ទស្សនៈរបស់មន្ត្រីបក្សកាន់អំណាច ដែលថាលោក សម រង្ស៊ី គ្រាន់តែប្រកាសយកបុង គឺអាចជាហេតុផលមួយ។ យ៉ាងណា លោកយល់ថា រដ្ឋាភិបាលទំនងជាមិនហ៊ានឱ្យលោក សម រង្ស៊ី ចូលស្រុកទេ ព្រោះបារម្ភពីប្រជាប្រិយភាព និងសំឡេងគាំទ្រ ជាពិសេសកម្មករនៅថៃ។

បែបនេះក្ដី សាស្ត្រាចារ្យរូបនេះយល់ឃើញថា លោក សម រង្ស៊ី អាចនឹងមកកម្ពុជាតាមច្រកប្រទេសថៃ តែបើថៃមិនអនុញ្ញាតឱ្យចូល គឺលោកនឹងមិនមកទេ។

លោក ឯម សុវណ្ណរ៉ា ថា៖ «អ្នកនយោបាយបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងហ្នឹងមានហេតុផលរបស់គាត់ ព្រោះធម្មតាគាត់មក គាត់ត្រូវការប្រើប្រាស់យន្តហោះ ជើងហោះហើរណាមួយ ហើយបើជើងហោះហើរ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវបាន[ដាក់]បម្រាម អ៊ីចឹងគាត់មកមិនកើតទេ។ នេះជាហេតុផលមួយដែលគាត់លើកមកមានភាពសមស្របតាមអ្វីដែលគាត់លើកឡើងដែរ»។

លោក ឯម សុវណ្ណរ៉ា បន្ថែមថា លោក សម រង្ស៊ី បានប្រកាសពីការវិលចូលស្រុកជាច្រើនដងហើយ តែចរន្តនៃការវិលត្រលប់នេះនៅតែមិនអាចកើតឡើង រហូតដល់ការបោះឆ្នោតថ្នាក់ជាតិរួច ទើបអាចកើតមាន។ ក្នុងស្ថានភាពបច្ចុប្បន្ន លោកថា លទ្ធភាពវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅតែមិនអាចទៅរួច លើកលែងតែមានការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ហើយមានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាល។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះយល់ថា មធ្យោបាយដើម្បីឱ្យអ្នកនយោបាយត្រូវគ្នា រួមគ្នាអភិវឌ្ឍប្រទេសជាតិដើរទៅមុខដោយគ្មានភាពតានតឹង លុះណាតែអ្នកនយោបាយគ្រប់និន្នាការឈរលើគោលការណ៍គិតប្រយោជន៍ជាតិជាធំ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥មក លោក សម រង្ស៊ី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ​ដែលប្តឹងដោយប្រធានរដ្ឋសភា លោក ហេង សំរិន និង​បាន​រត់ភៀសខ្លួន​ទៅរស់នៅ​ប្រទេស​បារាំង រហូតមកទល់ពេលបច្ចុប្បន្ន។ ​​​

កាល​ពី​ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធានគណបក្សសង្គ្រោះជាតិ ​ក្រោមហេតុផលថា ដើម្បីរក្សាទុកគណបក្សប្រឆាំងមួយនេះមិនឱ្យតុលាការរំលាយ ដោយសារ​​ច្បាប់​គណបក្ស​ថ្មី​ចែងថា គណបក្ស​នយោបាយ​ណា​ដែល​មាន​សមាជិក​ជា​ឧក្រិដ្ឋជន​នឹង​ត្រូវ​រំលាយ។

លោក សម រង្ស៊ី ធ្លាប់បានប្រកាសប្ដេជ្ញាវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែផែនការ «៩វិច្ឆិកា នោះត្រូវបានបរាជ័យទាំងស្រុង។ ការបរាជ័យពេលនោះ ក្រោយរដ្ឋាភិបាលដាក់បម្រាមមួយចំនួន ក្នុងនោះក៏មានការហាមក្រុមហ៊ុនអាកាសចរណ៍មិនឱ្យដឹកលោក សម រង្ស៊ី មកកម្ពុជាផងដែរ ព្រមទាំងការដាក់កម្លាំងសន្ធឹកសន្ធាប់ស្ទើរគ្រប់ច្រក ពិសេសនៅច្រកផ្លូវគោក តាមព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឱ្យក្រុមលោក សម រង្ស៊ី អាចវិលចូលកម្ពុជាជាដាច់ខាត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ