យុវជនខ្មែរថាវរៈ​ជំរុញ​ក្រសួង​កិច្ចការនារី​ពន្លឿន​ការដោះស្រាយ​ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ស្ត្រី​កូដករ​ណាហ្គា

ក្រុមយុវជនខ្មែរថាវរៈ បានជួបជុំដាក់ញត្តិថ្មី និងដានតាមញត្តិចាស់ដែលបានដាក់កាលពីថ្ងៃទី៤ ខែមេសា ស្នើសុំរដ្ឋមន្រ្តីក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជ្ញាធរដែលបានប្រើហិង្សាលើកូដករណាហ្គាវើលដ៍ជាស្ត្រី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនខ្មែរថាវរៈ ជំរុញឱ្យក្រសួងកិច្ចការនារីពន្លឿនការដោះស្រាយករណីអាជ្ញាធរប្រើហិង្សានិងបៀតបៀនលើស្ត្រីកូដករណាហ្គាវើលដ៍ ដោយថា រយៈពេល៤ខែមកហើយ ក្រសួងនៅមិនទាន់ឆ្លើយតបចំពោះញត្តិដែលពួកគេស្នើឱ្យចាត់វិធានការលើអាជ្ញាធរនៅឡើយ។

យុវជនខ្មែរថាវរៈ ចំនួន៧នាក់ បាននាំគ្នាទៅជួបមន្រ្តីក្រសួងកិច្ចការនារី ដើម្បីតាមដានញត្តិដែលពួកគេបានដាក់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ដោយស្នើសុំឱ្យស្ថាប័ននេះជួយអន្តរាគមន៍ និងចាត់វិធានការទៅលើអាជ្ញាធរដែលបានប្រើប្រាស់អំពីហិង្សា ព្រមទាំងបៀតបៀនលើស្ត្រីកូដករណាហ្គាវើលដ៍។

ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងកិច្ចការនារី លោក ស្វាយ សំណាង លើកឡើងថា ចាប់តាំងពីដើមខែមេសារហូតដល់ខែសីហានេះ ក្រសួងកិច្ចការនារីមិនទាន់ឆ្លើយតបញត្តិពួកគេនៅឡើយ។ លោកបន្តថា ការយឺតយ៉ាវក្នុងការឆ្លើយតបចំពោះសំណើសុំអន្តរាគមន៍នេះ ហាក់បង្ហាញឱ្យឃើញថា ក្រសួងកិច្ចការនារីមិនបានយកចិត្តទុកដាក់ពីអំពើហិង្សាលើស្ត្រីឡើយ។

ក្រោយពីឈរលើកបដាដោយភ្ជាប់រូបភាពអាជ្ញាធរប្រើអំពើហិង្សា អមជាមួយញត្តិបន្តិចមក មន្ត្រីក្រសួងកិច្ចការនារីម្នាក់ក៏បានចេញមកជួបពួកគេ ដោយនិយាយថា មន្ត្រីជំនាញដែលធ្វើការងារនេះបានចេញទៅប្រជុំនៅខាងក្រៅហើយ។ ប៉ុន្តែករណីនេះ លោកថា ក្រសួងបានបញ្ជូនទៅតុលាការហើយ។

លោកថា៖ «រឿងហ្នឹងខ្ញុំអត់ដឹងទេ! ប៉ុន្តែខាងលើប្រាប់មកថាបញ្ជូនដល់តុលាការហើយ»។

យ៉ាងណាក៏ដោយ លោក ស្វាយ សំណាង ថាពួកគេមិនមានជំនឿលើក្រសួងកិច្ចការនារីទេ ដោយសាររយៈពេល៤ខែមកនេះ ក្រសួងមិនបានចាត់វិធានការទៅលើក្រុមអាជ្ញាធរឡើយ។

លោកបញ្ជាក់ថា ក្រុមយុវជននឹងធ្វើសកម្មភាពដុតញត្តិនៅរសៀលថ្ងៃនេះ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការយឺតយ៉ាវរបស់ក្រសួង ប៉ុន្តែមិនបញ្ជាក់ទីតាំងដុតញត្តិនោះទេ។

ក្រុមយុវជនខ្មែរថាវរៈ បានជួបជុំដាក់ញត្តិថ្មី និងដានតាមញត្តិចាស់ដែលបានដាក់កាលពីថ្ងៃទី៤ ខែមេសា ស្នើសុំរដ្ឋមន្រ្តីក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជ្ញាធរដែលបានប្រើហិង្សាលើកូដករណាហ្គាវើលដ៍ជាស្ត្រី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
ក្រុមយុវជនខ្មែរថាវរៈ បានជួបជុំដាក់ញត្តិថ្មី និងដានតាមញត្តិចាស់ដែលបានដាក់កាលពីថ្ងៃទី៤ ខែមេសា ស្នើសុំរដ្ឋមន្រ្តីក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជ្ញាធរដែលបានប្រើហិង្សាលើកូដករណាហ្គាវើលដ៍ជាស្ត្រី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ចំពោះការដុតញត្តិនេះ យើងខ្ញុំនឹងដុតដដែល ដោយសារយើងរង់ចាំនីតិវិធីអស់រយៈពេល៤ខែមកហើយ ទោះបីជាក្រសួងកិច្ចការនារីគាត់បានរុញទៅកាន់ស្ថាប័នផ្សេងៗ ជាពិសេសស្ថាប័នតុលាការ ក៏នៅមិនទាន់មានដំណោះស្រាយផង។ តើយើងទុកឱ្យអាជ្ញាធរទាំងអស់នោះប្រើហិង្សានិងបៀតបៀនក្រុមស្ត្រី​ដល់ណាទៀត?»

យ៉ាងណាក៏ដោយ វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត ដែលទទួលបន្ទុកធ្វើការងារនេះបានទេ ដោយលោកស្រីថាជាប់ប្រជុំ។

ក្រៅពីតាមដានញត្តិហើយ នៅថ្ងៃនេះ ក្រុមយុវជនក៏បានសម្ដែងសកម្មភាពអាជ្ញាធរប្រើប្រាស់អំពើហិង្សាលើស្ត្រី នៅមុខក្រសួងកិច្ចការនារីផងដែរ។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់ថា កន្លងមក នៅពេលមានករណីរំលោភបំពានលើស្ត្រី កម្រមានកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ខណៈរឿងខ្លះអាជ្ញាធរបានចេញមុខការពារទៅលើមន្ត្រីដែលជាអ្នកប្រើអំពើហិង្សាលើស្ត្រីទៅវិញ។ លោកស្រីថា ករណីនេះបានឆ្លុះបញ្ចាំងពីការមិនចូលរួមកាត់បន្ថយឬការលុបបំបាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីឡើយ។ ផ្ទុយទៅវិញ បើសិនមានការប្រើប្រាស់អំពើហិង្សាលើតារា ដោយមានប្រតិកម្មពីសាធារណជន និងនាយករដ្ឋមន្ត្រី ទើបមានចេញសេចក្ដីថ្លែងការណ៍ ប៉ុន្តែសម្រាប់សកម្មជនដីធ្លីវិញ លោកស្រីសង្កេតឃើញថា មិនសូវឃើញមានវិធានការនោះទេ។

លោកស្រីថា៖ «កន្លងមក ក៏មានស្ថាប័នទាំងអង្គការសង្គមស៊ីវិល សហគមន៍ជាដើម ក៏បានដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងកិច្ចការនារី ដែលក្រសួងមានសមត្ថកិច្ចជួយដោះស្រាយ និងមានកិច្ចអន្តរាគមន៍ទៅលើការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីហ្នឹង។ ជាទូទៅ នៅពេលដែលមានការដាក់ញត្តិ ថ្វីបើមន្ត្រីក្រសួងកិច្ចការនារី គាត់ចេញមុខមកទទួលយ៉ាងណាក៏ដោយ យើងកម្រឃើញមានវិធានការអីជាក់លាក់ ឬផ្ដល់កិច្ចអន្តរាគមន៍ដូចថាឱ្យបានស៊ីជម្រៅឈានដល់នាំជន [ប្រព្រឹត្តបទល្មើស] មកផ្ដន្ទាទោស ឬមានការចេញមុខថ្កោលទោសទៅលើការប្រើប្រាស់អំពើហិង្សាហ្នឹង យើងឃើញថាកម្រ»។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រុមយុវជនខ្មែរថាវរៈ បានយកញត្តិដាក់ទៅក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ឱ្យចាត់វិធានការ​លើ​អាជ្ញាធរដែល​ប្រើហិង្សានិ​ង​បៀត​បៀន​លើ​​កូដករ​ណាហ្គា ​​ខណៈកូដករទាំង​នោះតវ៉ា​ទាម​​ទារ​​រក​ដំណោះស្រាយវិវាទការងារនាពេលកន្លងមក។

ការដាក់ញត្តិរបស់ក្រុមយុវជន បន្ទាប់ពីបុរស​ម្នាក់ដែលជាមន្ត្រីអាជ្ញាធរបានចាប់និង​បៀត​បៀន​លើ​​ស្ត្រីជាកូដករម្នាក់កាលពីខែកុម្ភៈ​ ឆ្នាំ២០២២ ​ខណៈ​ដែល​ស្ត្រីរូប​នោះកំពុង​ត្រូវបានសមត្ថកិច្ចចាប់​បញ្ចូល​​​​ទៅក្នុងរថយន្តក្រុង ហើយ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ កូដករជាស្ត្រីម្នាក់ទៀតត្រូវបានអាជ្ញាធរវាយចំ​ភ្នែក ពេល​ដែលសមត្ថ​កិច្ចកំពុង​រុញច្រានយ៉ាង​ហិង្សា និងបង្ខំឱ្យក្រុមកូដករចូលក្នុងរថយន្តក្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ