ក្រសួងកិច្ចការនារី​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ហិង្សា​លើ​ស្រ្តី​របស់​ស្ថាប័ន​មួយចំនួន​នៅ​មិនទាន់​ស្រប​នឹង​វិជ្ជាជីវៈ

ក្រុមយុវជនខ្មែរថាវរៈ បានជួបជុំដាក់ញត្តិថ្មី និងដានតាមញត្តិចាស់ដែលបានដាក់កាលពីថ្ងៃទី៤ ខែមេសា ស្នើសុំរដ្ឋមន្រ្តីក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជ្ញាធរដែលបានប្រើហិង្សាលើកូដករណាហ្គាវើលដ៍ជាស្ត្រី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងកិច្ចការនារី ជំរុញឱ្យស្ថាប័នផ្សព្វផ្សាយពង្រឹងការអនុវត្តនិងប្រតិបត្តិឱ្យសមស្របសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ក្រោយរកឃើញថាមានស្ថាប័នមួយចំនួនតូចប៉ុណ្ណោះដែលរាយការណ៍ប្រកបដោយវិជ្ជាជីវៈ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្ដីពីលទ្ធផលកិច្ចប្រជុំក្រុមការងារតាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ឱ្យដឹងថា បន្ទាប់ពីក្រសួងបានសហការជាមួយ «អង្គការអាកសិនអេដ» និង «អង្គការ GADC» ដើម្បីធ្វើការតាមដានលើស្ថាប័នសារព័ត៌មានចំនួន១០ ក្នុងអំឡុងខែមិថុនា ដល់ខែសីហា ឆ្នាំ២០២២នេះ គឺមានស្ថាប័នសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះដែលបានឆ្លើយតបបានល្អ ខណៈដែលមួយចំនួនធំបានប្រាសចាកនឹងវិជ្ជាជីវៈ។

ស្ថាប័នសារព័ត៌មានចំនួន១០ដែលក្រសួងបានតាមដាន រួមមាន ABC, ខ្មែរថាម, កោះសន្តិភាព, ភ្នំពេញប៉ុស្តិ៍, នគរធំ, រស្មីកម្ពុជា​, TVB, DAP, Fresh News និង VOD News។

ជាមួយគ្នានេះ ក្រសួងឱ្យដឹងថា លទ្ធផលគន្លឹះៗនៃការតាមដានលើស្ថាប័នសារព័ត៌មានទាំង១០នោះ បានបង្ហាញថា មានតែសារព័ត៌មានមួយចំនួនតូចតែប៉ុណ្ណោះដែលឆ្លើយតបបានល្អទៅតាមក្រមប្រតិបត្តិ ដូចដែលមានចែងក្នុងប្រការ៣ គឺ «ការរាយការណ៍អំពើហិង្សាលើស្រ្តីតាមរបៀបជាការផ្ដល់ព័ត៌មាន ដើម្បីជាប្រភពឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការដោះស្រាយ និងដើម្បីជាគុណប្រយោជន៍សម្រាប់អប់រំ សំដៅកែប្រែឥរិយាបថអវិជ្ជមានរបស់សង្គម និងដើម្បីជាការជជែកពិភាក្សារបស់សាធារណជនទៅលើប្រធានបទអំពើហិង្សាលើស្រ្តី»

ក្រសួងបានបង្ហាញការព្រួយបារម្ភចំពោះការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនធំ ដោយសារការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីនៅមានកម្រិតនៅឡើយ។

ក្រសួងបានបញ្ជាក់ថា មានស្ថាប័នមួយចំនួនធំក្នុងចំណោមស្ថាប័នទាំង១០នោះ បានធ្វើការយកព័ត៌មានអំពើហិង្សាលើស្ត្រី មករាយការណ៍បែបលេបខាយ ឬលេងសើចជារឿងកំប្លុកកំប្លែងកម្សាន្តសប្បាយ សរសេរចំណងជើងមិនសមរម្យ ដាក់បង្ហាញរូបភាពជនរងគ្រោះដោយអំពើហិង្សាដែលបង្កឱ្យមានភាពតក់ស្លុត ឬតានតឹងដល់អារម្មណ៍អ្នកអាន និងអ្នកស្ដាប់ព័ត៌មានផងដែរ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ប្រាប់វីអូឌីនៅរសៀលថ្ងៃនេះថា​ តាមរយៈទង្វើខាងលើនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ។

អ្នកស្រីថា៖ «អ៊ីចឹងកន្លែងហ្នឹង! នៅពេលមានផលប៉ះពាល់ ទីមួយគឺប៉ះពាល់ទៅលើកិត្តិយសរបស់គាត់ ហើយនៅពេលមានផលប៉ះពាល់ទៅលើកិតិ្តយសសេចក្ដីថ្លៃថ្នូររបស់គាត់ ធ្វើឱ្យជនរងគ្រោះហ្នឹងអាចមានផលប៉ះពាល់និងប៉ះទង្គិចទៅលើផ្លូវចិត្ត។ ហើយពេលខ្លះ គាត់អាចនឹងឈានទៅដល់ការចំណាកស្រុក ឬក៏ទាក់ទងជាមួយនឹងការផ្ដាច់ខ្លួនចេញពីសង្គម ឬក៏ទាក់ទងជាមួយនឹងការអាចសម្លាប់ខ្លួន ឬក៏អីផ្សេងៗផងដែរ»។

អ្នកស្រីឱ្យដឹងដែរថា ក្រោមកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្រសួងបានបង្កើតក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានលើករណីនេះ។ ក្នុងនោះ គឺក្រសួងបានធ្វើការបណ្ដុះបណ្ដាលទៅដល់អ្នកសារព័ត៌មាន និងជារៀងរាល់មួយខែម្ដង គឺនឹងមានការប្រជុំគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីត្រួតពិនិត្យ និងការលើកពីបញ្ហាប្រឈមផងដែរ។

អ្នកស្រីថា៖ «អ៊ីចឹងកន្លងមក យើងបានធ្វើការបណ្ដុះបណ្ដាលទៅដល់ពួកគាត់ ធ្វើការផ្សព្វផ្សាយ និងមានកិច្ចសហការជាមួយនឹងក្រសួងព័ត៌មានផងដែរ ហើយអ្វីដែលសំខាន់ យើងបានបង្កើតក្រុមការងារក្នុងការត្រួតពិនិត្យតាមដានទៅលើការរាយការណ៍របស់អ្នកកាសែត ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួន ហើយយើងតែងតែជួបប្រជុំគ្នាជារៀងរាល់មួយខែម្ដងៗ ដើម្បីលើកពីបញ្ហាប្រឈម និងពិនិត្យទៅលើចំណុចឬក៏ទាក់ទងនឹងអ្នកកាសែតឬអ្នកសារព័ត៌មានខ្លះដែលសរសេរប្រាសចាកពីក្រមប្រតិបត្តិរបស់យើងផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ