អតីត​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ឃុំខ្លួន

ខ្នោះដៃត្រូវបានភ្ជាប់នឹងចម្រឹងរបងដែក ដែលនៅខាងក្រោយជាទិដ្ឋភាពនៃសកម្មភាពតវ៉ាក្រុមបាតុករមីយ៉ាន់ម៉ាតទល់នឹងអាជ្ញាធរ ប្រឆាំងនឹងរបបផ្ដាច់ការយោធា អំឡុងខែកុម្ភៈ ឆ្នាំ២០២១។ (HRW)

របបយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសរបស់ខ្លួន ក្រោមបទចោទល្មើសច្បាប់អន្តោប្រវេសន៍។ នេះបើយោងតាមមនុស្សបីនាក់ដែល​ដឹងពីស្ថានការណ៍នោះបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ និង​ត្រូវបានទីភ្នាក់ងារសារព័ត៌មាន CNA យកមកចុះផ្សាយ។

ប្រភពដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ​បាននិយាយថា អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំមីយ៉ាន់ម៉ា លោកស្រី វីគី បូមែន (Vicky Bowman) ដែលបច្ចុប្បន្នគ្រប់គ្រងមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់អាជីវកម្មមានការទទួលខុសត្រូវ (MCRB) និងស្វាមីរបស់លោកស្រី ឈ្មោះ ថេន លីន (Htein Lin) ជាសិល្បករភូមា និងជាអតីតអ្នកទោសនយោបាយ ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធ។

ប្រភព​ដដែល​បន្ត​ថា លោកស្រី Bowman និង​ស្វាមី​របស់​លោកស្រី ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​អន្តោប្រវេសន៍។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីអង់គ្លេសបានប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មថ្មីលើអាជីវកម្មដែលទាក់ទងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយប្រទេសអង់គ្លេសបានចូលរួមក្នុងសំណុំរឿងប្រឆាំងនឹងមីយ៉ាន់ម៉ានៅតុលាការយុត្តិធម៌អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​យ៉ាំងហ្គោន​ បាន​និយាយ​ថា៖​ «​យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​លោកស្រី​ Bowman។ យើង​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កំពុង​ផ្តល់​ជំនួយ​ផ្នែក​កុងស៊ុល»។

លោកស្រី Bowman អាយុ៥៦ឆ្នាំ បានបម្រើការជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦។

លោកស្រី Bowman គឺជាជនបរទេសចុងក្រោយគេដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក សៀន ធឺណែល (Sean Turnell) សេដ្ឋវិទូជនជាតិអូស្ត្រាលី និងជាទីប្រឹក្សាយូរឆ្នាំរបស់លោកស្រី អ៊ុងសាន ស៊ូជី និងផលិតករភាពយន្តឯករាជ្យជប៉ុន លោក តូរូ គូបូតា (Toru Kubota) ក៏កំពុងជាប់ឃុំដែរ។ រដ្ឋាភិបាលរបស់អង់គ្លេសបានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ាដោះលែងពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ