អគ្គស្នងការ​នគរបាលជាតិ​ជប៉ុន​នឹង​លាលែង​ពី​តំណែង និង​ទទួល​ខុសត្រូវ​ករណី​ឃាតកម្ម​លើ​លោក អាបេ

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។ (ធ្វីតទ័រ៖ 安倍晋三)

​អគ្គស្នងការនគរបាលជាតិជប៉ុន បាននិយាយថា លោកនឹងលាលែងពីតំណែង និងទទួលខុសត្រូវចំពោះឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដោយលើកឡើងថា ត្រូវមានការរៀបចំភារកិច្ចសន្តិសុខរបស់ខ្លួនជាថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។  ​

លោក ណាកាមូរ៉ា អ៊ីតារូ (Nakamura Itaru) គឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលនឹងចុះចេញពីតំណែង ទាក់ទងនឹងឃាតកម្មលោក អាបេ ខណៈលោកកំពុងធ្វើយុទ្ធនាការឃោសនាមួយនៅទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលអ្នកជំនាញបាននិយាយថា សន្តិសុខមានកំហុសធ្ងន់ធ្ងរ។

លោក Nakamura បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅក្នុងដំណើរការនៃការផ្ទៀងផ្ទាត់ផែនការសន្តិសុខថ្មីរបស់យើង យើងបានដឹងថា ភារកិច្ចសន្តិសុខរបស់យើងនឹងត្រូវរៀបចំជាថ្មី»។

លោកបន្ថែមថា៖ «ដើម្បីរៀបចំផែនការសន្តិសុខរបស់យើងជាថ្មី យើងត្រូវរៀបចំរចនាសម្ពន្ធថ្មី»។

ក្រុមអ្នកជំនាញបាននិយាយថា សន្តិសុខនៅទីក្រុងណារ៉ា (Nara) នៅថ្ងៃបាញ់សម្លាប់លោក អាបេ ត្រូវបានគេមើលឃើញថាមានភាពខ្វះចន្លោះ។

អង្គរក្សអាចជួយសង្គ្រោះលោក អាបេ ដោយបាំងគាត់ ឬទាញគាត់ចេញពីគោលដៅបាញ់ប្រហារត្រឹមរយៈពេល ២,៥វិនាទី រវាងគ្រាប់កាំភ្លើងទីមួយដែលបាញ់ខុស និងគ្រាប់ទីពីរដែលបាញ់ត្រូវ។ នេះបើតាមអ្នកជំនាញផ្នែកសន្តិសុខ ៨នាក់ ដែលបានពិនិត្យមើលវីដេអូនៃការបាញ់ប្រហារនោះ បានប្រាប់ Reuters។

អគ្គស្នងការនគរបាលទីក្រុងណារ៉ា លោក តូម៉ៅគី អូនីហ៊្សូកា (Tomoaki Onizuka) ក៏បានលាលែងពីតំណែងផងដែរ។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ក្នុងនាមជាអគ្គស្នងការនគរបាល ដែលមានការទទួលខុសត្រូវផ្នែកសន្តិសុខនៅក្នុងតំបន់នេះ ខ្ញុំសូមទទួលខុសត្រូវចំពោះការបង្កឱ្យមានស្ថានការណ៍ធ្ងន់ធ្ងរបែបនេះ»។

មន្ត្រីជប៉ុន រួមទាំងនាយករដ្ឋមន្ត្រី លោក ហ្វុមីអូ គិស៊ីដា (Fumio Kishida) បានទទួលស្គាល់ថាមានភាពខ្វះចន្លោះផ្នែកសន្តិសុខចំពោះករណីឃាតកម្មលោក អាបេ។

ទីភ្នាក់ងារនគរបាលជាតិធ្លាប់បានប្រាប់ Reuters ថាឃាតកម្មលើលោក អាបេ បណ្តាលមកពីនគរបាលមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួន ដោយបន្ថែមថា ខ្លួនបានបង្កើតក្រុមការងារត្រួតពិនិត្យវិធានការសន្តិសុខ វិធានការការពារ និងបង្កើតវិធានការទប់ស្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ