ក្រសួង​កសិកម្ម​ណែនាំ​កសិករ​ចិញ្ចិមសត្វ​ត្រៀម​ទប់ស្កាត់​ជំងឺ​សត្វ​នៅ​រដូវវស្សា

មន្ត្រីមន្ទីរកសិកម្មខេត្តប៉ៃលិន មន្ត្រីបសុសត្វ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ព្យាបាល អង្កេតតាមដានជំងឺដុំពកលើស្បែកសត្វគោក្របី (LSD) និងផ្សព្វផ្សាយអំពីបញ្ហាជំងឺនេះដល់កសិករ ស្ថិតនៅភូមិសំបូរ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន Agriculture Pailin)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យកសិករចិញ្ចឹមសត្វ ​ត្រៀមលក្ខណៈសង្គ្រោះសត្វ ព្រមទាំងចាត់វិធានការទប់ស្កាត់ជំងឺសត្វរាលដាលផ្សេងៗក្នុងរដូវវស្សា។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២២ បានប្រកាសឱ្យកសិករចិញ្ចិមសត្វដឹងថា រដូវស្សាចូលមកដល់ ទឹកជំនន់អាចកើតមានជាយថាហេតុនៅតំបន់មួយចំនួន ជាពិសេសតំបន់ជាប់មាត់ទន្ល បឹង ស្ទឹង ព្រែក ជាដើម ដែលជាកត្តាបណ្ដាលឱ្យជំងឺឆ្លងសត្វអាចផ្ទុះឡើង។

ក្រសួងបញ្ជាក់ថា៖ «កសិករចិញ្ចឹមសត្វត្រូវត្រៀមលក្ខណៈសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វផ្សេងៗ ដូចជា ទីទួលសុវត្ថិភាពមិនលិចទឹកដែលនៅជិតបំផុត ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់និងមានអនាម័យល្អ ត្រៀមធ្វើធ្នើសម្រាប់ដាក់សត្វ និងមធ្យោបាយសម្រាប់សង្គ្រោះសត្វ ត្រូវតាមដានសុខភាពសត្វ»។

ប្រភពដដែលបន្ថែមថា ក្នុងករណីមានសត្វឈឺត្រូវបំបែកចេញពីសត្វជា និងរាយការណ៍ជាបន្ទាន់ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមន្ត្រីបសុពេទ្យ ដើម្បីចុះអន្តរាគមន៍ពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

លោក ​ហឿន នី ជាកសិករចិញ្ចឹមសត្វគោជាច្រើនក្បាល និងជាអ្នករកស៊ីលក់គោ នៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា រដូវនេះកាលពីឆ្នាំមុន នៅភូមិរបស់លោក មានការចាក់វ៉ាក់សាំងដល់សត្វគោក្របីដែរ ប៉ុន្ដែមានផ្ទុះជំងឺដុំពក ដែលធ្វើឱ្យគោរបស់លោកងាប់អស់បួនក្បាល។

កសិករចិញ្ចឹមសត្វរូបនេះបន្ដថា បើទោះជាមកដល់ពេលនេះមិនទាន់ឃើញមានជំងឺអ្វីផ្ទុះនៅឡើយក៏ដោយ តែលោកបារម្ភពីជំងឺផ្សេងៗក្នុងរដូវវស្សានេះ ដោយសារមិនទាន់មានការផ្ដល់វ៉ាក់សាំងនោះទេ។

លោក ហឿន នី ថា៖ «វ៉ាក់សាំងគេ គេមកចាក់ ចេះតែធ្វើទៅ! បើថាអត់ឃើញគេមិនមកធ្វើ អ៊ីចឹងយើងមិនដឹងចាក់ឯណា»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា កន្លងមក សត្វគោក្របីក្នុងខេត្ដនេះ​មានជំងឺសាទឹក អុតក្ដាម ហើយមកដល់ពេលនេះ គោក្របីបានចាក់វ៉ាក់សាំងមួយភាគធំ។ ជា​មួយគ្នានេះ អាជ្ញាធរក៏បានរៀបចំទីទួលដើម្បីសង្គ្រោះសត្វក្នុងពេលខាងមុខនេះផងដែរ។

លោកថា៖ ​«មកដល់ពេលនេះ យើងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងទៅលើសត្វគោក្របីបានមួយចំនួនធំហើយ។ ចំណុចទី២ ពាក់ព័ន្ធនឹងគ្រោះមហន្ដរាយ ពាក់ព័ន្ធនឹងការលិចទឹក​ជំនន់ដោយទឹកភ្លៀង ទឹកទន្លេ គឺមិនទាន់មានទេ សម្រាប់ខេត្តកំពង់ឆ្នាំង។ ចំណុចទី៣ គឺយើងបានត្រៀមទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះសត្វនៅតាមគោលដៅនីមួយៗ»។

លោក ងិន ហ៊ុន បន្ថែមថា ការចិញ្ចឹមសត្វស្លាបក្នុងខេត្តនេះមានការកើនឡើងខ្ពស់។ លោកបញ្ជាក់ថា សត្វស្លាបមានប្រហែល​២លានក្បាល សត្វគោក្របីប្រហែល២០ម៉ឺនក្បាល និងមានសត្វជ្រូកប្រហែលជិត៣០ម៉ឺនក្បាល។

ជាមួយគ្នានេះ ប្រធានមន្ទីរកសិកម្ម ​​ រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ឱ្យដឹងថា ការចិញ្ចឹមសត្វមានការកើនឡើង ហើយប្រជាពលរដ្ឋភាគច្រើននៅតែចិញ្ចឹមតាមលក្ខណៈប្រពៃណី។ ​លោកបន្ថែមថា មកដល់ពេលនេះ មិនទាន់មានជំងឺណាមួយផ្ទុះឡើងនៅឡើយទេ ប៉ុន្ដែយ៉ាងណា គោក្របីចាក់វ៉ាក់សាំងបានប្រហែល១ម៉ឺនក្បាលរួចហើយ ក្នុងការការពារជំងឺសាទឹក អុតក្ដាម និងជំងឺដុំពក។

លោកថា​៖ «វាអត់ទាន់មានជំងឺណាមួយផ្ទុះឡើងអីនៅឡើយ វ៉ាក់សាំងដែលយើងប្រើនេះគឺមានពពួកសាទឹក អុត ក្ដាម ហើយនឹងប្រភេទជំងឺដុំពក លើសត្វក្របីហ្នឹង»។

ជុំវិញករណីនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការទទួលខុសត្រូវរបស់រដ្ឋាភិបាលកន្លងមក មិនទាន់ទូលំទូលាយនោះទេ។ ក្នុងន័យនេះ លោកថា នៅពេលមានការឆ្លងជំងឺសត្វពាហនៈ ប្រជាពលរដ្ឋជាអ្នករ៉ាប់រងដោយខ្លួនឯងទាំងអស់ បើទោះជាអាជ្ញាធរបានចុះជួយព្យាបាល និងចាក់វ៉ាក់សាំងក្នុងតំបន់ខ្លះក៏ដោយ។

លោកថា៖ «កន្លងមក នៅពេលមានជំងឺរីករាលដាលដល់សត្វពាហនៈផ្សេងៗ ប្រជាពលរដ្ឋគឺធ្វើការការពារដោយខ្លួនឯង ដោយទិញថ្នាំពីនេះពីនោះ ប៉ុន្ដែមានតំបន់ខ្លះក៏ត្រូវបានពេទ្យសត្វ ឬក៏ពេទ្យសត្វឃុំ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មហ្នឹង ចុះធ្វើការចាក់វ៉ាក់សាំង ឬក៏ចុះធ្វើការព្យាបាលដែរ»។

លោក ថេង សាវឿន លើកឡើងថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺសត្វនេះ អាជ្ញាធរត្រូវស្វែងរកប្រភពជំងឺឱ្យបានច្បាស់ ហើយអាជ្ញាធរត្រូវធ្វើការជូនដំណឹងនិងដាស់តឿនដល់ពលរដ្ឋទាក់ទងនឹងស្ថានភាពជំងឺផ្សេងៗ។ បន្ថែមលើនេះ លោកថា អាជ្ញាធរត្រូវបង្កើនពេទ្យសត្វតាមភូមិនីមួយៗ ដើម្បីជួយ​ពលរដ្ឋផងដែរ។ 

លោកថា៖ «យើងត្រូវរកប្រភពឱ្យបានជាក់លាក់ ឱ្យច្បាស់លាស់ ថាតើការឆ្លង ការរីករាលដាលហ្នឹងមកពីណា ដូចជាបើប្រភពមកពីប្រទេសជិតខាង យើងត្រូវផ្អាកនូវការនាំចូលនូវសត្វឬអីផ្សេងៗជាបណ្ដោះអាសន្ន»។

លោកបន្ថែមថា៖ «មួយទៀត យន្ដការនៃការរៀបចំពេទ្យសត្វតាមភូមិ ជំរុញបន្ថែមទៀត ព្រោះឥលូវយើងឃើញថាពេទ្យសត្វតិចមែនទែនតាមភូមិនីមួយៗ»។

របាយការណ៍បូកសរុបការងារឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញកាលពីខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីឆ្នាំមុន មានផ្ទុះជំងឺផ្ដាសាយបក្សី (H5N1) មួយកន្លែងនៅខេត្តបាត់ដំបង ហើយជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានរកឃើញតាមរយៈការលួចនាំសត្វជ្រូកចូលពីប្រទេសថៃ ចំនួន២ករណី នៅខេត្តបន្ទាយមានជ័យ។

ដោយឡែក ជំងឺដុំពកលើគោក្របី (LSD) បានកើតឡើងចំនួនជិត១០០កន្លែង (៧៦កន្លែង) នៅទូទាំងប្រទេស ក្នុងនោះរួមមាន ៩កន្លែងនៅខេត្តកណ្ដាល, ១០កន្លែងនៅខេត្តកំពង់ឆ្នាំង, ១កន្លែងនៅកំពង់ស្ពឺ, ១៩កន្លែងនៅសៀមរាប, ៥កន្លែងនៅស្ទឹងត្រែង, ៦កន្លែងនៅក្រចេះ, ៨កន្លែងក្នុងខេត្តបន្ទាយមានជ័យ, ៦កន្លែងក្នុងខេត្តពោធិ៍សាត់, ១កន្លែងនៅខេត្តតាកែវ និង១កន្លែងទៀតនៅខេត្តព្រះវិហារ។ ជំងឺដុំពកទាំង៧៦កន្លែងនោះ បណ្តាលឱ្យសត្វគោក្របីឈឺសរុបជិត៧ ០០០ក្បាល (៦ ៣៨១ក្បាល) និងងាប់ជិត១០០ក្បាល(៨៥ក្បាល)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ