កូនឈើ​ដាំឡើងវិញ ក្រោយ​មាន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

សកម្មភាពពលរដ្ឋចូលរួមដាំកូនឈើឡើងវិញនៅលើផ្ទៃដីព្រៃដែលបានឈូសឆាយចោលដោយក្រុមហ៊ុនអភិវឌ្ឍ នៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ផ្សែងហុយទ្រលោមចេញមកពីក្រោយគ្រឿងចក្រជាច្រើនគ្រឿងកំពុងឈូសកម្ទេចកម្ទីឈើនៅតំបន់ព្រៃអភិរក្ស ក្រោយទទួលបញ្ជាទើបតែប៉ុន្មានថ្ងៃមុននេះ។

គំនរឈើដ៏ច្រើនបានផ្ដល់ភាពងាយស្រួលដល់អ្នកមីង កឹម ឃីម ក្នុងការកាប់យកទៅធ្វើរបង និងសម្រាប់ធ្វើអុសប្រើប្រាស់។ ជាមួយនឹងការប្រើប្រាស់កាំបិតផ្គាក់សម្រាប់កាប់ឈើងាប់អស់ទាំងនេះ គាត់សង្ឃឹមថានឹងគ្រាន់បានយកទៅផ្ទះនៅជិតនេះ។

អ្នកស្រុករាប់រយនាក់ រួមទាំងសកម្មភាពរបស់គ្រឿងចក្រជាច្រើនគ្រឿង បានជួយឈូសឆាយដីសម្រាប់ការដាំកូនឈើឡើងវិញយ៉ាងរហ័ស។ នៅចុងបញ្ចប់នៃថ្ងៃដំបូង មានកូនឈើប្រណិតរាប់ពាន់ដើមទើបត្រូវបានគេដាំថ្មីៗ។

យុទ្ធនាការដាំកូនឈើឡើងវិញបានចាប់ផ្តើមក្រោយពីមានការឈូសឆាយព្រៃដែលស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងប្រទេសកម្ពុជា។ នៅមុននេះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តំបន់ព្រៃនេះត្រូវបានកំណត់ឱ្យប្រែក្លាយទៅជាទីក្រុងរណបមួយ។ ប៉ុន្តែគម្រោងនេះទទួលរងការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម រហូតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យបញ្ឈប់សកម្មភាពឈូសឆាយ

ព្រៃនៅភ្នំតាម៉ៅត្រូវបានកាប់ឆ្ការសម្រាប់គម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងជាជម្រករបស់សត្វជិតផុតពូជ។ ផ្នែកជាច្រើននៃព្រៃនេះត្រូវបានធ្វើឯកជនភាវូបនីយកម្មដោយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យផ្អាកការឈូសឆាយ។ រូបថតនេះគឺជាសកម្មភាពប្រជាជនប្រមូលឈើដែលនៅសេសសល់យកមកធ្វើអុស។ (រូបថត៖ Andy Ball for Southeast Asia Globe)

លោក នីក ម៉ាក (Nick Marx) នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វ​ព្រៃ​ នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាននិយាយថា៖ «វាគឺជាការជួយជ្រោមជ្រែងពីសាធារណជន និងជាការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដែលបានសង្គ្រោះព្រៃភ្នំតាម៉ៅ»

«ខ្ញុំមិនអាចនិយាយបានទេ ថាតើសកម្មភាពបែបនេះកើតមាននៅកន្លែងផ្សេងទៀតក្នុងប្រទេសឬមួយក៏អត់ទេ»។

ក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធក្នុងរឿងដោះដូរដីធ្លី ពេលនេះកំពុងទទួលបានការកោតសរសើរទាក់ទងនឹងការសង្គ្រោះព្រៃដែលនៅសេសសល់ និងការផ្តល់ប្រាក់ដាំកូនឈើឡើងវិញលើដីព្រៃអភិរក្សនេះ ថ្វីបើការដោះដូរនេះប្រែប្រួលភ្លាមៗក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រី។

អ្នកជំនាញបារម្ភអំពីការដាំកូនឈើដែលមានលក្ខណៈប្រញាប់ប្រញាល់បែបនេះ នឹងមិនអាចជួយឱ្យប្រព័ន្ធអេកូឡូស៊ីវិលមកដូចសភាពដើមវិញបាននោះទេ ដែលកាលពីមុនធ្លាប់ជាព្រៃព័ទ្ធជុំវិញមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងធ្លាប់ជាកន្លែងសត្វព្រៃត្រូវបានគេដោះលែង។

ប៉ុន្តែបន្ទាប់ពីគម្រោងអភិវឌ្ឍន៍ព្រៃមានការផ្លាស់ប្ដូរភ្លាមៗបែបនេះ វាបានធ្វើឱ្យក្រុមសកម្មជន ក្រុមអ្នកអភិរក្ស និងក្រុមអ្នកវិភាគនយោបាយមានការចម្លែកចិត្តផងដែរ ទាក់ទិននឹងករណីព្រៃភ្នំតាម៉ៅនេះ។

ក្រុមអ្នកសុទិដ្ឋិនិយមសង្ឃឹមថា ការឆ្លើយតបរបស់នាយករដ្ឋមន្ត្រី គឺជាការសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តជាថ្មីរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ក្រុមអ្នកការនិយម (ដែលមានទស្សនៈផ្អែកលើហេតុការណ៍ជាក់ស្តែង) ស្ទាបស្ទង់ថា នេះគឺជាករណីសិក្សាអំពីកិច្ចការពារព្រៃឈើមួយ ដែលនិយាយពីភាពចាំបាច់នៃការគាំទ្រលើបណ្ដាញសង្គម ដើម្បីការពារតំបន់អភិរក្សជាច្រើនផ្សេងទៀត។ រីឯ ក្រុមអ្នកមជ្ឈធាតុនិយម (ដែលមានទស្សនៈមន្ទិលសង្ស័យ និងមិនសម្អាងលើហេតុផល និងហេតុការណ៍) ជឿថា សកម្មភាពរបស់រដ្ឋាភិបាលគឺជាឆាកល្ខោន ជាពិសេសដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ប្រតិកម្មមិនគាំទ្រនៅភ្នំតាម៉ៅ

មានការជជែកវែកញែកតាំងតែពីដើមមកម៉្លេះ អំពីរឿងដោះដូរដីព្រៃនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ និងមន្ត្រីរដ្ឋាភិបាល នៅតែមិនបានបកស្រាយអំពីគោលបំណងប្រើប្រាស់ដីព្រៃអភិរក្សនេះ។

ប៉ុន្តែមានឯកសារលេចធ្លាយដែលលាយឡំនឹងការបង្ហោះលើបណ្ដាញសង្គម និងផ្ទាំងប៉ាណូផ្សាយ​ពាណិជ្ជកម្ម បានបង្ហាញពីគម្រោងសាងសង់ទីក្រុងរណបថ្មី នៅជិតព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជា ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ​២០២៣ នឹងតភ្ជាប់ទៅភ្នំពេញតាមផ្លូវជាតិដែលទើបនឹងជួសជុលរួចរាល់ថ្មីៗនេះ ចម្ងាយត្រឹមតែ៤០គីឡូម៉ែត្រ ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមអភិរក្សជាច្រើន​ រួមមាន អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) និងអង្គការ Free the Bears បានបង្ហាញនូវការព្រួយបារម្ភ អំពីអនាគតសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដែលរាំងស្ទះដល់ការអភិវឌ្ឍ។ អង្គការទាំងនេះក៏ខ្វាយខ្វល់អំពីសុខុមាលភាពរបស់សត្វសង្គ្រោះជាច្រើនដែលត្រូវបានគេដោះលែងចូលទៅក្នុងព្រៃវិញ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ទោះបីជាមានការជំទាស់នឹងគម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ការកាប់ឆ្ការព្រៃទ្រង់ទ្រាយតូចបានចាប់ផ្តើមដំបូងនៅថ្ងៃទី៣១ ខែកក្កដា។ នេះបើយោងតាមការសន្និដ្ឋានដោយប្រៀបធៀបរវាងរូបភាពថតដោយផ្កាយរណប និងរូបភាពដែលថតផ្ទាល់ពីព្រៃដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅតំបន់នោះ។ ប៉ុន្មានថ្ងៃក្រោយមក គេឃើញមានសកម្មភាពឈូសឆាយដីព្រៃក្នុងសន្ទុះយ៉ាងលឿន អស់ប្រមាណ៦០០ហិកតា ដោយចំណាយត្រឹមតែមួយសប្តាហ៍ដំបូងនៃខែសីហា។

ល្បឿននិងទ្រង់ទ្រាយនៃការកាប់ឆ្ការព្រៃនេះបានបង្កឱ្យមានការឆ្លើយតបដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម។ វីដេអូបង្ហាញពីដីវាលរហោឋាន ត្រូវបានគេបង្ហោះដោយភ្ជាប់ជាមួយ hashtags ដូចជាពាក្យ #សង្គ្រោះភ្នំតាម៉ៅ #SavePhnomTamao បានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គមរាប់ពាន់នាក់នៅថ្ងៃដំបូង។

រដ្ឋបាលព្រៃឈើ នៃ​ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ ដែលគ្រប់គ្រងព្រៃនៅតំបន់ភ្នំតាម៉ៅ បានធ្វើឱ្យមហាជនដែលប្រើប្រាស់បណ្ដាញសង្គមមានប្រតិកម្មកាន់តែខ្លាំង ដោយសារតែ​ស្ថាប័ន​នេះ​បាន​ចេញសេចក្តីថ្លែងការណ៍គាំទ្រលើគម្រោង​អភិវឌ្ឍន៍​នោះ ដោយអះអាងថាមិនមានសត្វជិតផុតពូជនៅក្នុងព្រៃ​នេះ​ទេ ហើយបន្ថែមថាសត្វព្រៃនោះបានបង្កភាពរំខានដល់ប្រជាកសិករ។ ការអះអាងនោះត្រូវបានលោក ម៉ាក្ស និងព្រះសង្ឃនៅវត្តថ្មអន្ទង ស្ថិតនៅតំបន់ដីព្រៃខាងលើ បាននិយាយចំៗថា ការលើកឡើងរបស់ក្រសួងមិនមែនជាការពិតទេ

មួយថ្ងៃក្រោយពីនាយករដ្ឋមន្ត្រីចេញបញ្ជាឱ្យផ្អាកសកម្មភាពឈូសឆាយ ព្រះសង្ឃបានប្រមូលឈើពីព្រៃដែលគេឈូស ទុកសម្រាប់ប្រើប្រាស់។ (Andy Ball for Southeast Asia Globe)

ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស (Keo Omaliss) មិនបានធ្វើការឆ្លើយតបទៅនឹងសំណើជាច្រើនដង ដើម្បីទទួលបានការបំភ្លឺអំពីរឿងនេះ។ រីឯលោក ញឹក រតនៈពេជ្រ ប្រធាន​ឧទ្យាន​សួនសត្វ និងជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ​ភ្នំតាម៉ៅ បានបដិសេធក្នុងការផ្តល់មតិ។

មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសកម្មភាពឈូសឆាយបានចាប់ផ្តើម ហើយក៏មានការចែករំលែក មានការបញ្ចេញមតិលើបណ្តាញសង្គម និងមានអត្ថបទចុះផ្សាយយ៉ាងព្រោងព្រាតពាក់ព័ន្ធនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបង្ហោះលើបណ្តាញសង្គមឱ្យមានការបញ្ឈប់សកម្មភាពឈូសឆាយ ខណៈដែលការដោះដូរដីព្រៃសម្រាប់ការអភិវឌ្ឍនោះ ដើមឡើយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបើកភ្លើងខៀវ

ការបង្ហោះលើបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រី បានក្លាយទៅជាចំណាត់ការដែលផ្អាកការដោះដូរដី និងរំសាយចោលលិខិតអនុញ្ញាតឱ្យមានការអភិវឌ្ឍតំបន់អភិរក្សនេះបានយ៉ាងមានប្រសិទ្ធភាព។ សេចក្តីបង្គាប់របស់នាយករដ្ឋមន្ត្រីបានប្រគល់សិទ្ធិកាន់កាប់ដីទៅឱ្យខាងក្រសួង ជាមួយនឹងការណែនាំឱ្យការពារព្រៃជុំវិញសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។

លោក ហ៊ុន សែន បានបង្គាប់ឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាព ព្រមទាំងឱ្យធ្វើការដាំកូនឈើឡើងវិញនៅតំបន់ដែលត្រូវបានឈូសឆាយ។ លោកបានបង្ហោះសារថា «មានសំណូមពរជាច្រើនមកកាន់រាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃ» និងបានថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមផ្តល់ «យោបល់ប្រកបដោយការស្ថាបនា»។

សារបង្ហោះលើអនឡាញរបស់នាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា ការបញ្ជាផ្ទាល់នេះនឹងចូលជាធរមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។ ទន្ទឹមនឹងនេះដែរ លោក ម៉ាក្ស បានមើលឃើញថា គ្មានឯកសារផ្លូវការណាមួយផ្សេងក្រៅពីសារបង្ហោះរបស់នាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែគាត់បាននិយាយយ៉ាងជឿជាក់ថា «ព្រៃនៅភ្នំតាម៉ៅពេលនេះមានសុវត្ថិភាពហើយ»

ម៉ាក្ស បាននិយាយថា៖ «អារម្មណ៍របស់សាធារណជនពិតជាខ្លាំង ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីចេញអន្តរាគមន៍សង្គ្រោះព្រៃនេះ» នៅក្នុងវីដេអូដែលលោកអង្វរឱ្យមានការសង្គ្រោះភ្នំតាម៉ៅ មានចំនួនទស្សនាជាច្រើន​ម៉ឺន​ដង។ ឃ្លីបវីដេអូនេះ ក្រោយមកត្រូវបានលុបចេញពីទំព័រហ្វេសប៊ុករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហើយត្រូវបានជំនួសវិញដោយការបង្ហោះវីដេអូថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី និងសាធារណជនក្នុងការសង្គ្រោះសត្វព្រៃវិញ។

ព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហមុនី ទ្រង់បានឡាយព្រហស្តលើព្រះរាជក្រឹត្យនៅថ្ងៃទី១៩ ខែសីហា ស្តីពីការការពារព្រៃនៅភ្នំតាម៉ៅ។ ព្រះរាជក្រឹត្យនេះបានត្រាស់បង្គាប់ឱ្យមាននូវការការពារព្រៃដែលនៅសេសសល់ជាជម្រកសត្វព្រៃ និងប្រសិទ្ធនាមតំបន់ព្រៃឈូសឆាយដែលត្រូវបានដាំដើមឈើឡើងវិញជា «តំបន់សួនភូតគាម» ព្រមទាំងរក្សាតំបន់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ។

អ្នកមីង កឹម ឃីម ជាអ្នករស់នៅភូមិកណ្ដឹងតូច ដែលស្ថិតនៅជាប់ភ្នំតាម៉ៅ តាំងពីគាត់នៅក្មេងមក បាននិយាយថា គាត់មិនធ្លាប់ឃើញការអភិវឌ្ឍបែបនេះពីមុនមកទេ។

អ្នកមីង កឹម ឃីម បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា គេនឹងមិនឈូសឆាយដីនេះទៀតចុះ។ ខ្ញុំធូរទ្រូងណាស់ ដែលគម្រោងឈូសឆាយនេះបានបញ្ចប់ត្រឹមហ្នឹង មុនពេលផ្នែកផ្សេងនៃព្រៃនេះត្រូវបានបាត់បង់។ ខ្ញុំឃើញការដាំកូនឈើចាប់ផ្ដើម​អ៊ីចឹង ខ្ញុំសង្ឃឹមថានឹងឃើញដើមឈើអស់ទាំងនោះធំ ទោះបីជាយូរក៏ពិតមែន»។

ដូចទៅនឹងអ្នករស់នៅក្នុងភូមិដែរ អ្នកមីង ឃីម បានចំណាយពេលប៉ុន្មានថ្ងៃនេះ ប្រមូលអុសនៅព្រៃដែលគេកាប់ឆ្ការ បន្ទាប់ពីការអភិវឌ្ឍនេះត្រូវបានបញ្ឈប់។

អ្នកមីងបានបន្តថា៖ «គេឈូសព្រៃម្ដុំនេះអស់ហើយ អ៊ីចឹងពួកខ្ញុំមានតែយកឈើងាប់អស់ទាំងនេះ»។

អ្នកមីង កឹម ឃីម ជាអ្នករស់នៅក្នុងភូមិកណ្តឹងតូច ដែលស្ថិតនៅជាប់ភ្នំតាម៉ៅនេះតាំងពីតូច កំពុងតែប្រមូលឈើទុកសម្រាប់ធ្វើអុស ដែលសេសសល់ពីការឈូសឆាយ។ (ថតដោយ៖ Andy Ball and Anton L. Delgado for Southeast Asia Globe)

Caption: អ្នកមីង កឹម ឃីម ជាអ្នករស់នៅក្នុងភូមិកណ្តឹងតូច ដែលស្ថិតនៅជាប់ភ្នំតាម៉ៅនេះតាំងពីតូច កំពុងតែប្រមូលឈើទុកសម្រាប់ធ្វើអុស ដែលសេសសល់ពីការឈូសឆាយ។ ថតដោយ៖ Andy Ball and Anton L. Delgado for Southeast Asia Globe

លោក លី ចាន់ដារ៉ាវុធ ជាសកម្មជនមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) ដែលបានជួយធ្ធើសកម្មភាព និងធ្វើយុទ្ធនាការលើបណ្តាញសង្គមដើម្បីការពារព្រៃ បានទទួលស្គាល់ពីឥទ្ធិលពលនៃយុទ្ធនាការរបស់សកម្មជន អត្ថបទព័ត៌មាន និងការបញ្ចេញមតិលើបណ្តាញសង្គម ព្រមទាំងបានកត់សម្គាល់ពីកត្តាដ៏សំខាន់មួយផ្សេងទៀតផងដែរ។

លោក រ៉ាវុធ បាននិយាយថា៖ «កម្ពុជាមានការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តការពារព្រៃឈើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្តារប្រជាប្រិយភាពរបស់បក្សកាន់អំណាច»។

លោក សម សឿន ជាអ្នកវិភាគនយោបាយនៅវិទ្យាស្ថានរាជបណ្ឌិត្យសភាកម្ពុជា បានឯកភាពថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីបាននាំយក  «មុខមាត់ល្អ» ដល់គណបក្សប្រជាជនកម្ពុជា ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។

លោក សឿន បាននិយាយថា៖ «ប្រទេសកម្ពុជាយើងមានយុវជនជាច្រើន ហើយពួកគេស្ទើរតែទាំងអស់ជាអ្នកប្រើបណ្ដាញសង្គម។ បណ្តាញសង្គមមានឥទ្ធិពលណាស់ ព្រោះវាជាកន្លែង [វេទិកា] មួយដែលប្រជាជនទទួលបានព័ត៌មាន ហើយក៏ជាកន្លែងដែលមានទាំងរឿងល្អ និងរឿងអាក្រក់ផងដែរ»។

ដោយកម្ពុជាមានប្រជាជនអាយុជាមធ្យមស្ថិតក្នុងវ័យ២០ឆ្នាំប្លាយ លោក សឿន បាននិយាយថា៖ «វាពិតជាមានសារៈសំខាន់ដល់់គណបក្សកាន់អំណាច និងគណបក្សនយោបាយផ្សេងទៀតណាស់ ដើម្បីស្វែងរកការគាំទ្រពីយុវជនជំនាន់ក្រោយ និងការគាំទ្រពីបណ្តាញសង្គម»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្វាគមន៍ «ជ័យជម្នះដ៏តូចមួយនេះ» ប៉ុន្តែក៏ខ្លាចថា «អន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រីមានតែមួយលើក» ដែលធ្វើឡើងដោយសារតែមានមតិជំទាស់ពីសាធារណជន ជាជាងការស្តែងចេញពីការផ្លាស់ប្តូរនៃអាទិភាពរបស់រដ្ឋាភិបាល។

លោក ចាន់ ឌី និងកម្មករជាច្រើននាក់ទៀតមកពីក្រុមហ៊ុន ម៉ុងឫទ្ធី កំពុងធ្វើការដាំកូនឈើនៅតំបន់ដែលឈូសឆាយនៅព្រៃភ្នំតាម៉ៅ។ តាមរបាយការណ៍ថា នៅចុងថ្ងៃដំបូងនៃការដាំកូនឈើឡើងវិញ មានកូនឈើច្រើនជាង៧ពាន់ដើមត្រូវបានគេដាំ។ (Anton L. Delgado for Southeast Asia Globe)

ចំណាត់ការឱ្យមានការដាំកូនឈើឡើងវិញនៅតំបន់នេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមនៅវេលាម៉ោង១០ព្រឹកថ្ងៃអាទិត្យ។ នៅថ្ងៃបន្ទាប់ ម៉ោង៨ព្រឹក សកម្មភាពដាំកូនឈើត្រូវបានចាប់ផ្តើម។

ការលើកឡើងដំបូងបង្អស់អំពីការដាំកូនឈើឡើងវិញនេះ បានធ្វើឡើងដោយលោក ឡេង ណាវ៉ាត្រា ជាអ្នកជំនួញស្ដុកស្ដម្ភម្នាក់ និងជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលធ្វើការឈូសឆាយព្រៃនេះ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានបង្ហោះបញ្ជាលើបណ្តាញសង្គម មិនដល់​១៥នាទីផង អ្នកឧកញ៉ារូបនេះបានអំពាវនាវលើបណ្ដាញសង្គមរបស់ខ្លួនឱ្យ «អ្នកស្រឡាញ់ដើមឈើ» ចូលរួមដាំកូនឈើជាមួយលោកនៅភ្នំតាម៉ៅ។ ប៉ុន្តែថ្មីៗនេះ សំណៅដើម​នៃ​សារបង្ហោះនោះត្រូវបានកែប្រែ ដោយលុបចោលរាល់​ពាក្យលើកឡើងអំពីការដាំកូនឈើឡើងវិញ។

មុនពេលឈានទៅដល់ការដាំកូនឈើរបស់អ្នកឧកញ៉ា មានការប្រើ hashtag #ឈប់គាំទ្ររាល់អាជីវកម្មឡេងណាវ៉ាត្រា #BoycottNavatra បានលេចឡើងលើបណ្ដាញសង្គម ដែលបានបង្ហាញពីការមិនពេញចិត្តរបស់សាធារណជន។

បើយោងតាមការបញ្ជាក់របស់រដ្ឋបាលព្រៃឈើ ជាច្រើនខែមុនមានសកម្មភាពកាប់ឆ្ការព្រៃ អ្នកឧកញ៉ារូបនេះដែលជាម្ចាស់ទីក្រុងរណប «ឆាយណាប៉ោយប៉ែត ស៊ែថឹឡាយថ៍ ស៊ីធី​ (China Poipet Satellite City)» ដែលស្ថិតនៅក្រុងប៉ោយប៉ែត និងជាម្ចាស់ក្រុមហ៊ុន «ឡេងណាវ៉ាត្រាគ្រុប» បានជួបជាមួយនឹងមន្ត្រីមូលដ្ឋាន ដើម្បីធ្វើការបញ្ចប់ការវាស់វែងដីព្រៃរបស់លោក។

ចាប់តាំងពីមានការបង្គាប់ឱ្យស្ដារឡើងវិញនូវកិច្ចការពារព្រៃឈើ អ្នកឧកញ៉ាបានប្តេជ្ញាបរិច្ចាគកូនឈើប្រហែលមួយពាន់ដើម សម្រាប់ដាំនៅព្រៃដែលគ្រឿងចក្របានឈូសឆាយ។

លោក លី ចាន់ដារ៉ាវុធ បាននិយាយថា៖ «ប្រសិនបើពួកគាត់មានចិត្តស្រឡាញ់ព្រៃនេះ និងចង់ទុកព្រៃនេះឱ្យដូចដើម ពួកគាត់មិនគួរកាប់ឆ្ការព្រៃនេះទេ»។

«ប្រជាជនបានជំទាស់ទៅនឹងការដោះដូរដីនេះ ចាប់តាំងពីពេលដែលសេចក្តីប្រកាសចេញមកម៉្លេះ។ ពួកគាត់គួរតែពិភាក្សាជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាជន ហើយពួកគាត់គួរតែស្តាប់តាមមតិសាធារណៈ»។

លោកនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដឹកនាំយុទ្ធនាការដាំកូនឈើឡើងវិញនេះ។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានមានប្រសាសន៍ថា លោកគ្រោងនឹងដាំកូនឈើលើដី៥០០ហិកតានេះ។

បុគ្គលិកមកពីក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានបញ្ជាក់ច្បាស់អំពីប្រភេទកូនឈើដែលបានដាំ ថានេះគឺជាប្រភេទឈើប្រណិត ដូចជា ដើមគ្រញូង ដើមបេង និងដើមធ្នង់។

បន្ទាប់ពីថ្ងៃដំបូងនៃការដាំកូនឈើត្រូវបានបញ្ចប់ មានសេចក្តីរាយការណ៍ដោយអះអាងថា កូនឈើច្រើនជាង៧ពាន់ដើមត្រូវបានដាំ។

លោក គីម សុបិន្ត ជាអគ្គនាយករង នៃនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន ដែលជាចំណុះរបស់រដ្ឋបាលព្រៃឈើ បានបដិសេធក្នុងការផ្តល់មតិ និងបានបញ្ជាក់ថា លោកមិនមានសិទ្ធិឆ្លើយតបសំណួរទាក់ទងនឹងប្រធានបទដ៏រសើបនេះទេ។ លោកបានគូសបញ្ជាក់ថា ថ្មីៗនេះ នាយកដ្ឋានរបស់លោកមិនបានពាក់ព័ន្ធនឹងបញ្ហានៅភ្នំតាម៉ៅទេ។

មិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីការដាំកូនឈើបានចាប់ផ្តើម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកចំនួនជិត១០០០នាក់ ឱ្យជួយសម្អាតដីព្រៃ និងរៀបចំដីសម្រាប់ដាំកូនឈើ។

បើយោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) សារសំឡេងពិសេសមានរយៈពេលជិត៧នាទីត្រូវបានបញ្ចេញ បន្ទាប់ពីសកម្មជន៤នាក់ និងអ្នកសារព័ត៌មានចំនួន៥នាក់ ត្រូវបានឃាត់ខ្លួននៅព្រៃភ្នំតាម៉ៅ ដោយសមាជិកកងអង្គរក្ស។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជានាម៉ោង១០ព្រឹកថ្ងៃអាទិត្យ ឱ្យមានការដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ ជាដីព្រៃដែលបានឈូសឆាយ។ មួយថ្ងៃក្រោយមក នៅម៉ោង៨ព្រឹក ការដាំកូនឈើបានចាប់ផ្តើម។ (Anton L. Delgado for Southeast Asia Globe)

លោក ស្ទេហ្វិន អ៊ីលាត (Stephen Elliott) ជាសហស្ថាបនិក និងជានាយកស្រាវជ្រាវនៃក្រុមសិក្សាស្រាវជ្រាវការស្តារព្រៃឈើ របស់សាកលវិទ្យាល័យឈៀងម៉ៃ បាននិយាយថា៖ «ការដាំដើមឈើឡើងវិញ គឺជាពាក្យដែលមានន័យទូលាយណាស់ ទាក់ទងនឹងការស្តារព្រៃឈើឡើងវិញ ប៉ុន្តែមិនមែនមានន័យថា វាគឺជាការស្ដារនូវអេកូឡូស៊ីរបស់ព្រៃទេ។ ប្រសិនបើយើងពិតជាចង់ស្តារព្រៃនេះឱ្យដូចទៅនឹងសភាពដើមមែន វាចំណាយពេលច្រើនណាស់ មិនមែនគ្រាន់តែយកដើមឈើមកញាត់ជិតគ្នានោះទេ»។

នៅភ្នំតាម៉ៅ ការដាំកូនឈើដ៏រហ័ស បូករួមនឹងអាកាសធាតុ ភាពចម្រុះនៃប្រភេទឈើ ចំនួនកូនឈើដែលគេបានដាំ និងគម្លាតរវាងដើមឈើ មានលក្ខណៈខុសពីបទពិសោធន៍ជិត៣០ឆ្នាំរបស់លោក ក្នុងការស្ដារព្រៃឈើនៅក្នុងតំបន់។

លោក អ៊ីលាត បានទស្សន៍ទាយថា កូនឈើពាក់កណ្តាលនឹងងាប់ នៅខែមីនា ឆ្នាំក្រោយ។

លោក អ៊ីលាត បានពន្យល់ថា កូនឈើត្រូវការទឹក និងពេលវេលាដើម្បីលូតលាស់ មុនពេលរដូវប្រាំង ក្ដៅរាំងមកដល់។ គាត់បានបន្ថែមថា «រឿងលំបាកបំផុត គឺត្រូវធ្វើយ៉ាងណាឆ្លងឱ្យផុតរដូវក្តៅដំបូងបង្អស់»។ ការដាំកូនឈើក្នុងខែសីហា គឺយឺតពេលទៅហើយ។

ភ្នំតាម៉ៅ គឺជាព្រៃរបោះដែលជ្រុះស្លឹកម្ដងក្នុងមួយឆ្នាំ (dipterocarp forest) និងជាប្រភេទព្រៃដែលសម្បូរជាងគេនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាព្រៃដែលមានដើមឈើជាង៨០ប្រភេទអាចលូតលាស់បាន។ ការដាំដើមឈើ ៣ប្រភេទ គឺ «ប្រសើរជាងមិនដាំអ្វីសោះ» ប៉ុន្តែការស្ដារប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃនឹងមានភាពយឺតយ៉ាវជាច្រើនទសវត្សរ៍។

លោក អ៊ីលាត បានស្នើឱ្យមានការដាំដើមឈើ ៣ពាន់ដើមក្នុងមួយហិកតា ជាជាងដាំដើមឈើ ២០៤ដើមក្នុងមួយហិកតានៃផែនការដាំរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ហើយលោកបានហៅបរិមាណនោះថា «តិចពេក ប្រៀបដូចជាការបន្តក់ទឹកចូលក្នុងមហាសមុទ្រអ៊ីចឹង (a drop in the ocean)»

លោក អ៊ីលាត បានបន្តថា ការដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ គឺជាការដាំឈើលក្ខណៈពាណិជ្ជកម្ម ដើម្បីបង្កើតចម្ការឈើ ដែលលោក អ៊ីលាត បាននិយាយថា «អ្នកណាទទួលបានអាជ្ញាបណ្ណកាប់ឈើកន្លែងនោះ អ្នកនោះនឹងមានលាភតែម្តង បើសិនជាដើមឈើទាំងអស់នេះនៅរស់បានមែន»។

លោក ចាន់ ឌី មកពីក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ធ្វើការដាំកូនឈើក្នុងតំបន់ព្រៃឈូសឆាយនៅភ្នំតាម៉ៅ។ (Anton L. Delgado for Southeast Asia Globe)

Caption: លោក ចាន់ ឌី មកពីក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ធ្វើការដាំកូនឈើក្នុងតំបន់ព្រៃឈូសឆាយនៅភ្នំតាម៉ៅ។ Photo by Anton L. Delgado for Southeast Asia Globe

បើយោងតាមអង្គការឃ្លាំមើលព្រៃឈើសាកល (Global Forest Watch) បានឱ្យដឹងថា ដីព្រៃនៅប្រទេសកម្ពុជាបានក្លាយទៅជាមានន័យដូច ទៅនឹងពាក្យ «ការកាប់បំផ្លាញព្រៃឈើ» នាប៉ុន្មានទសវត្សរ៍នេះ។ ប្រទេសកម្ពុជាបានបាត់បង់ព្រៃជិត២២ ០០០គីឡូម៉ែត្រការ៉េ ប្រមាណជា២០ភាគរយ ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩។

អ្នកការពារបរិស្ថានកំពុងវាយតម្លៃ ថាតើតួនាទីរបស់ប្រជាជនទាក់ទងនឹងការអភិរក្សភ្នំតាម៉ៅ អាចធ្វើជាគំរូសម្រាប់ការពារតំបន់អភិរក្សផ្សេងទៀតបានឬក៏យ៉ាងណា។

លោក យាំង សុខភា ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ ដែលសិក្សាពីគណនេយ្យភាពបរិស្ថាន និងសកម្មភាពសមូហភាពនៅកម្ពុជា បាននិយាយថា រូបភាពនៃការបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅត្រូវបានបង្ហោះលើបណ្តាញសង្គម ដែលញ៉ាំងឱ្យមាន «សកម្មភាពជាក់ស្តែងមួយ ដែលធ្វើឱ្យអ្នកស្រឡាញ់ព្រៃឈើមានចិត្តអាឡោះអាល័យ និងធ្វើការដាក់សម្ពាធដល់ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលទទួលខុសត្រូវលើរឿងនេះ»

ត្បិតតែការកាប់ឆ្ការព្រៃមួយចំនួនស្ថិតនៅឆ្ងាយដាច់ស្រយាល ហើយមានព្រៃខ្លះទៀត ចំណាយពេលធ្វើដំណើរតែកន្លះម៉ោងពីក្រុងភ្នំពេញ លោក សុខភា ជឿថា រូបថតនិងការប្រើប្រាស់បណ្តាញសង្គមអាចញ៉ាំងឱ្យមានសកម្មភាពតវ៉ានាថ្ងៃមុខ។

រីឯលោក ចាន់ដារ៉ាវុធ បានរៀបរាប់ថា យុទ្ធនាការដ៏រហ័សក្នុងការសង្គ្រោះភ្នំតាម៉ៅ គឺជាករណីសិក្សាមួយស្តែងចេញពី «អំណាចប្រជាជន» ដើម្បីសង្គ្រោះបរិស្ថាន។

លោកបានបន្ថែមថា៖ «ក្នុងកិច្ចការពារសម្បត្តិធម្មជាតិ យើងត្រូវតែមានវិធីថ្មីៗ ធ្វើយ៉ាងណាឱ្យមនុស្សឈឺឆ្អាលពីបរិស្ថាននិងធនធានធម្មជាតិដែលយើងកំពុងតែការពារ។ នៅពេលដែលមនុស្សយកចិត្តទុកដាក់គ្រប់គ្រាន់ហើយ រដ្ឋាភិបាលនឹងស្តាប់តាមពួកគាត់ជាមិនខាន»៕


រាយការណ៍បន្ថែមដោយ៖ ឡាយ សុផាន់ណា


អត្ថបទនេះត្រូវបានផលិតឡើងដោយមានការសហការគ្នាជាមួយ “បណ្តាញស៊ើបអង្កេតព្រៃទឹកភ្លៀង (Rainforest Investigations Network)” របស់មជ្ឈមណ្ឌល Pulitzer ។ អត្ថបទដើមជាភាសាអ​ង់គ្លេសត្រូវបានផ្សព្វផ្សាយ​នៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ