តុលាការ​កំពូល​បញ្ជូន​សំណុំ​រឿង​សូកប៉ាន់​ពាក់ព័ន្ធ​ប្អូនស្រី​ជីដូនមួយ​លោក ហ៊ុន សែន ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការកំពូលបានបញ្ជូនសំណុំរឿងអតីតអគ្គនាយករងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលដំបូងរាជធានីភ្នំពេញ ដោយផ្ដន្ទាទោសអតីតអគ្គនាយករងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក សេង យាន ដាក់ពន្ធនាគារ៤ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤ម៉ឺនដុល្លារ ពីបទ «ស៊ីសំណូក»។ ដោយមិនសុខចិត្តទៅនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញនេះ លោក សេង យាន ក៏បានប្ដឹងសាទុក្ខទៅតុលាការកំពូល។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន នៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសសាលដីកា ដោយបដិសេធសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ហើយបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញផងដែរ។

មេធាវីការពារក្ដីឱ្យលោក សេង យាន គឺលោក ហុង ច័ន្ទសុខា សាទរចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល។ លោកថា កូនក្ដីរបស់លោកត្រូវបានក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្ដឹងពីបទ «ស៊ីសំណូក» ប៉ុន្តែលោកសុំមិនបកស្រាយលម្អិត។

លោកថា៖ «ធម្មតា មេធាវី កាលណា​យើងការពារ ហើយត្រូវបានតុលាការ​សម្រេចអ៊ីចឹង យើងទទួលបានជោគជ័យ ហើយ​តែងតែពោលពាក្យតុលាការសម្រេចដោយយុត្តិធម៌»។

លោក សេង យាន អាយុ៦៣ឆ្នាំ ជាអតីតអគ្គនាយករងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកត្រូវបានបណ្តេញចេញពីក្របខណ្ឌការងារកាលពីឆ្នាំ២០១០ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញថា គាត់បានទទួលសំណូកពីលោកស្រី ឌី ប្រឹម ដែលជាពាណិជ្ជករ និងជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកស្រី ឌី ប្រឹម ក៏ត្រូវបានតុលាការចោទប្រកាន់ថាបានសូកលោក សេង យាន ដើម្បីឱ្យរត់ការធ្វើឯកសារដីធ្លីឱ្យលោកស្រី ឌី ប្រឹម ពាក់ព័ន្ធនឹងរឿងកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋម្នាក់ផ្សេងទៀត។ លោក សេង យាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ៦ខែ និងលោកស្រី ឌី ប្រឹម ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន៣០ខែ ព្រមទាំងពិន័យជាប្រាក់ចំនួន៤ម៉ឺនដុល្លារចូលថវិការដ្ឋ កាលពីឆ្នាំ២០១១។ ប៉ុន្តែតុលាការមិនបានចេញសាលក្រមឃុំខ្លួនអ្នកទាំងពីរនោះទេ រហូតដល់ពេលបច្ចុប្បន្ន។ លើសពីនេះ នៅក្នុងឆ្នាំ២០១៣ លោកស្រី ឌី ប្រឹម ថែមទាំងទទួលបានងារជាឧកញ៉ាទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ