ឧកញ៉ា​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​មួយរូប​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ដែលកាលពីពេលកន្លងទៅ ធ្លាប់ត្រូវបានប្រមុខរដ្ឋាភិបាលបញ្ជាឱ្យចាត់វិធានការទាក់ទងនឹងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម បច្ចុប្បន្នត្រូវបានតែងតាំងជាជំនួយការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ២០១៦កន្លងទៅ ធ្លាប់បាន​បញ្ជា​ឱ្យ​បង្រ្កាប​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ទៅ​វៀតណាម ខណៈ​ការ​ស៊ើប​អង្កេតនៅ​ពេល​នោះ​បានរកឃើញថា ​លោក លីម ប៊ុណ្ណា និងឧកញ៉ាមួយរូបទៀត គឺជា​គោលដៅ​ចម្បង​នៃ​ការ​បង្ក្រាប​ពេលនោះ។ នេះបើតាមប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលរូបនេះក៏ធ្លាប់បានថ្លែងប្រាប់កាសែត ខេមបូឌា ដេលី ឱ្យដឹងដែរថា៖ «បុគ្គល​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​គិតថា​​​​ គេ​​​មិន​​​អាច​​​ប៉ះពាល់​​​បាន​​​​​​»។

លោក​​​​បន្តឱ្យដឹងនៅពេលនោះ​​​ថា ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ប្រមូល​​​ភស្តុតាង​​​ដែល​​​ពាក់ព័ន្ធ​នឹង​​​​អ្នក​​​ជំនួញ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​រួច​​​ហើយ​​​។

យោងតាមសេចក្ដីសម្រេចមួយរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា បានសម្រេចតែងតាំងលោក លីម ប៊ុណ្ណា ជាជំនួយការលោក ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។

ទាក់ទិន​ករណីនេះ សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ បានថ្លែងឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានស៊ើបអង្កេតការជួញដូរឈើរបស់លោក លីម ប៊ុណ្ណា អស់រយៈពេលជាយូរណាស់មកហើយ។ លោកបានអះអាងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ឧកញ៉ារូបនេះ ត្រូវបានធ្វើឡើងក្នុងទឹកដីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ពោធិ៍សាត់ និងស្ទឹងត្រែង ក៏ដូចជាដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីផងដែរ។

លោកបន្ថែម​ថា​៖ «​យើង​មើល​ឃើញ​ថា សកម្មភាព​នេះ [ការតែងតាំងជាជំនួយការលោកនាយករដ្ឋមន្រ្តី] គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ ហើយដោយសារតែការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ភាព​ធូររលុង ឧក្រិដ្ឋជន [ក្នុងបទល្មើសព្រៃឈើ] ទាំង​ឡាយ​មិន​ត្រូវ​បានយកមក​កាត់​ទោសឡើយ»។​

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុកការ​ចោទ​ប្រកាន់​នេះថា ជាការលើកឡើងដោយ​គ្មាន​មូលដ្ឋានច្បាស់លាស់។

លោកថា៖ «តាមរយៈការថ្លែងអះអាងទាំងនេះ តើពួកគេមានភស្តុតាងអ្វីយកមកបញ្ជាក់ដែរឬទេ? រាល់ការតែងតាំងទាំងឡាយ គឺ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល។ តើ​មានច្បាប់និង​សិទ្ធិ​អ្វី​ខ្លះ​ដែល​មិន​អនុញ្ញាត​ឱ្យ​យើង​តែងតាំង​? ការតែងតាំងគឺត្រូវបានធ្វើឡើងដោយសារតែពួកគេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ខណៈលោកនាយក​រដ្ឋមន្ត្រី​មិនមែនចេះតែតែងតាំងនោះទេ»។

លោកបន្តថា៖ «​ឧកញ៉ានិង​ឥស្សរជនទាំងឡាយ​ដែល​ទទួល​បាន​ការតែងតាំងតំណែងនេះ ​មិន​បាន​ធ្វើសកម្មភាព​ដូចអ្វី​ដែលគេ​បានលើកឡើងឡើយ។ ពេលខ្លះ ស្ថានភាព​គឺ​សទេ ប៉ុន្តែ​ពួកគេ​ [អ្នករិះគន់] បែជាថា​ខ្មៅទៅវិញ ដែលករណីនេះគឺជារឿងដែលមិន​អាច​ទទួល​យក​បាន​ឡើយ។ ប្រសិនបើគណបក្សប្រជាជន និងរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខុស នោះប្រជាពលរដ្ឋនឹងមិនបោះឆ្នោតដើម្បីឱ្យយើងបន្តកាន់កាប់តួនាទីតទៅទៀតឡើយ។ តើ​ប្អូនយល់​ទេ?»

នៅក្នុងសេចក្តីសម្រេចមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៨ ខែសីហា ដដែលនេះ ក្នុងនោះគេក៏សង្កេតឃើញលោក មាស ប៊ុនឡី ដែលជាមន្រ្តីយោធាជាន់ខ្ពស់មួយរូប ក៏ត្រូវបានតែងតាំងជាជំនួយការលោក ហ៊ុន សែន ផងដែរ។

មន្រ្តីយោធាជាន់ខ្ពស់ខាងលើនេះ​ កាលពីពេលកន្លងទៅ ក៏ធ្លាប់ជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន Today Bokor Development ប៉ុន្តែករណីនេះត្រូវបានដោះស្រាយក្រោមការសម្របសម្រួលពីលោក ដួង តារា ​ដែល​ជា​ជំនួយ​ការ​របស់​លោកនាយក​រដ្ឋមន្រ្តី។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក CEN។

ទោះជាយ៉ាងណា យោងតាមសារព័ត៌មានត្រយង បញ្ហាជម្លោះនេះក៏បានឈានទៅដល់ការចាប់ខ្លួនជនជាតិចិនមួយរូបឈ្មោះ Wang Zhigan អាយុ៤២ឆ្នាំ ពីបទក្លែងបន្លំផងដែរ។

បុគ្គលឈ្មោះ Wang Zhigan ​នេះក៏ធ្លាប់មានតួនាទីជាជំនួយការរបស់លោក ដួង តារា ដើម្បីជួយក្នុងការទំនាក់ទំនង និងជ្រើសរើសអ្នកវិនិយោគចិនផងដែរ។ នេះបើតាមឯកសារមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញកាលពីខែកក្កដា ឆ្នាំ២០២១៕


អត្ថបទដើមភាសាអង់គ្លេស៖ Timber Tycoon, Once Target of Crackdown, Made Hun Sen Adviser

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ