ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករ ពិសេសពលករដែលធ្វើការងារនៅកូរ៉េ មិនត្រូវជឿអបិយជំនឿដែលបំផុសបំផុលមិនសមហេតុផលនាំឱ្យខាតប្រយោជន៍ និងបាត់បង់ការងារ ក្រោយមានការឃោសនារឿងទឹកលិចពិភពលោក។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវដល់ពលករ ដែលស្នាក់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង សូមកុំជឿតាមការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប ដែលលោកទំនងសំដៅទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដោយថាការបោះបង់ចោលការងារ ហើយត្រលប់មកកម្ពុជាវិញភ្លាមៗបែបនេះ អាចប៉ះពាល់ដល់កេរិ៍្តឈ្មោះព្រមទាំងប្រាក់ចំណូលរបស់ពលករ ពិសេសនឹងបាត់បង់ឱកាសត្រលប់ទៅកូរ៉េវិញ។
លោកថា៖«ទាំងជនជាតិយើងក៏ដូចជាជនជាតិដទៃផ្សេងទៀត គេចង់បានឱកាសទៅធ្វើការនៅប្រទេសកូរ៉េ ឬ ជប៉ុន ប៉ុន្តែយើងបែរជាទៅដល់ ទីនោះហើយបែរជាត្រលប់មកវិញដោយ ឈរលើ អបិយជំនឿដែលមិនសមហេតុផលនេះគឺ វាជាការសោកស្ដាយ។ ដូច្នេះសូមអំពាវនាវ ដល់ពលរដ្ឋខ្មែរយកលក្ខណៈវិទ្យាសាស្ត្រ ធ្វើជាគោលហើយ សូមគិតពីផលប្រ យោជរបស់ខ្លួនជាគោល។ បើចេញមកទាំងបង្ខំ បែបនេះគឺ មិនមានច្បាប់ ដើម្បីវិលត្រឡប់ទៅប្រទេសកូរ៉េវិញទេដូច្នេះ វាធ្វើឱ្យបាត់បង់ឱកាសការងារដ៏ល្អនិងចំណូលសម្រាប់ទ្រទ្រង់គ្រួសារផងដែរ»។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានឱ្យដឹងថា ប្រសិនបើពិភពលោកនឹងជួបប្រទះគ្រោះមហន្តរាយទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់លើកឡើងមែន នោះអ្នកវិទ្យាសាស្ត្រនឹងប្រកាសអាសន្នទូទាំងពិភពលោក។ ជាមួយគ្នានេះ លោកថា បើតាមទិន្នន័យព្យាករអាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ គឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថា នឹងមានគ្រោះធម្មជាតិនៅខែសីហា និងកញ្ញានោះឡើយ។
កាលពីថ្ងៃទី២៦ ខែសីហានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីប្រកាសមួយ ដោយប្រាប់ទៅពលរដ្ឋ ពិសេសអ្នកដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ឱ្យពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំឱ្យបាត់បង់ផលប្រយោជន៍របស់ខ្លួន។
ស្ថានទូតខ្មែរ ហៅព័ត៌មានឃោសនារឿងអបិយជំនឿនោះថា ជាការឃោសនាភូតកុហក់ឬ ប្រជាភិថុដែលប្រាសចាកពីការពិត ប៉ុន្តែវាបានធ្វើឱ្យពលរដ្ឋរស់នៅ និងកំពុងធ្វើការងារនៅប្រទេសកូរ៉េមួយចំនួនមានភាពភ័យខ្លាច និងបោះបង់ការងារ ទ្រព្យសម្បត្តិ ហើយត្រលប់មកកម្ពុជាវិញយ៉ាងតក់ក្រហល់។
សេចក្តីប្រកាសណែនាំ៖ «ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុរបស់ជនអគតិមួយចំនួន ឱ្យបោះបង់ការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគតទៅថ្ងៃខាងមុខ»។
ការអំពាវនាវនេះ កើតឡើងក្រោយមានព័ត៌មានផ្សេងៗស្តីពីការសម្រុកត្រលប់មកកម្ពុជា វិញពីសំណាក់ពលករខ្មែរនៅប្រទេសកូរ៉េមួយចំនួន បន្ទាប់ពីប្រធានគណបក្ស LDP លោក ខឹម វាសនា បានប្រាប់ម្តងហើយម្តងទៀតឱ្យពលរដ្ឋ ពិសេសអ្នកគាំទ្រខ្លួន ប្រយ័ត្នបាតុភូតគ្រោះទឹកជំនន់លិចលង់ពិភពលោកទាំងមូល និងប្រញាប់ទៅចម្ការរបស់ខ្លួនដែលនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយថា មានតែសៀមរាបមួយទេដែលអាចសុខសាន្ត។
កាលពីថ្ងៃទី២៥ ខែសីហា ទំព័រហ្វេសប៊ុករបស់ លោក ខឹម វាសនា បានសរសេរប្រាប់ទៅពលរដ្ឋត្រូវទៅចម្ការសៀមរាបកុំបីខាន ដោយថា ទឹកនឹងលិចពិភពលោកហើយ និងប្រាប់កុំជឿអ្នកវិទ្យាសាស្រ្តអី ព្រោះលោកថា អ្នកវិទ្យាសាស្ត្រជាអ្នកធ្វើឱ្យទឹកលិចពិភពលោក។
ហ្វេសប៊ុក លោក ខឹម វាសនា លើកឡើងថា៖ ដូច្នេះធម្មជាតិកម្មមិនអោយពួកវាដឹងខ្លួនកើតទេ ពូប្រាប់ក្មួយហើយថា កាលណាអ្នកមានអារម្មណ៍ថា កម្លាំងដែលបង្កើតវិញ្ញាណដែលកំពុងតែវិលខុសនោះត្រូវ គឺវិញ្ញាណនោះត្រូវតែមានអារម្មណ៍នូវសញ្ញាត្រូវទាំងអស់ថាខុស សញ្ញាត្រូវគឺសញ្ញាផ្ទុះផែនដីនៅប្រទេសនេះ ទឹកលិចលង់នៅប្រទេសនេះ នេះសញ្ញារបស់ធម្មជាតិប្រាប់ថា ផែនដីជិតមានបញ្ហាធំហើយ»។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី កាលពីម្សិលមិញប្រាប់វីអូឌីថា ខាងក្រសួងមិនទាន់ដឹងថា ត្រូវឆ្លើយតបឬ មានវិធានការអ្វីលើបញ្ហានេះនៅឡើយទេ។
យ៉ាងណា មកទល់ពេលនេះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនៅមិនទាន់បង្ហាញវិធានច្បាប់ណាមួយនៅលើក្រុមដែលខ្លួនហៅថា ជាអ្នកញុះញង់ ឬជាជនអគតិនោះឡើយទេ ក្រៅតែពីប្រាប់ពលរដ្ឋកុំឱ្យជឿរឿងនេះតែប៉ុណ្ណោះ។
អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ អះអាងប្រាប់សារព័ត៌មានThmeyThmey ដែលចុះផ្សាយកាលពីម្សិលមិញថា គ្មានគ្រោះមហន្តរាយលិចលង់ពិភពលោកឡើយ ហើយការឃោសនាបែបនេះ គឺជារឿងមិនពិត និងមិនសមហេតុផល៕