លោក​ ​សុខ​ ​ទូច​ រក​ឃើញ​ថា​​បទ​ល្មើស​នេសាទ​ក្នុង​រដូវ​ហាម​ឃាត់​នៅ​តែ​កើត​ឡើង​ក្នុង​ទ្រទ្រាយធំ​

ទិដ្ឋភាពស្បៃមុង ដែលជនល្មើសបានលួចដាក់នៅតំបន់បឹងទន្លេសាប ក្នុងរដូវហាមឃាត់ ហើយត្រូវបានលោកបណ្ឌិត សុខ ទូច បង្ហោះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក បណ្ឌិត សុខ ទូច)

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ការនេសាទខុសច្បាប់នៅរដូវហាមឃាត់កំពុងកើតឡើងជាទ្រទ្រាយធំនៅតំបន់បឹងទន្លេសាប ហើយលោកបានព្រមានវិធានការច្បាប់ចំពោះអ្នកនេសាទទាំងនោះ ប្រសិនបើពួកគេ​នៅតែនេសាទដោយខុសច្បាប់បន្តទៀត។  ​

ការស្នើរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច នេះ បន្ទាប់ក្រុមស្រាវជ្រាវនៃ​រាជបណ្ឌិត្យសភាកម្ពុជា បានវរកឃើញការប្រព្រឹត្តបទល្មើសនេសាទ​នៅក្នុងខេត្តចំនួន២ គឺខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលជាការនេសាទទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទ។  ​

បើតាមសំណេរនៅ​លើហ្វេសប៊ុករបស់ លោក សុខ ទូច  នៅថ្ងៃសៅរ៍នេះ ក៏បានបង្ហាញពីឈ្មោះបុគ្គលប្រព្រឹត្តចំនួន ៥៥នាក់ ដែលបានលួចរាយស្បៃមុងចាប់ត្រីជាទ្រង់ទ្រាយធំ ដោយក្នុងនោះ៣៩នាក់ ប្រព្រឹត្តសកម្មភាពក្នុងភូមិសាស្ត្រឃុំកំពង់លួង និងឃុំអន្សាចំបក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរបាំងសាច់អួនចំនួន ៤៧ខ្សែ។ ដោយឡែក ១៦នាក់ទៀត ប្រព្រឹត្តក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ។  

លោក សុខ ទូច លើកឡើងថា ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពល្មើសច្បាប់ទាំងនេះទេ ខាងលោកនឹងស្នើ​សុំដីកាពីតុលាការដើម្បីចាប់ខ្លួនតែម្តង។ ​

ហ្វេសប៊ុកលោក សុខ ទូច សរសេរថា៖« ប្រសិនបើក្នុងករណី ខាងក្រុមក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាចុះទៅឃើញប្រព្រឹត្តជាលើកទី២ យើងខ្ញុំនឹងស្នើសុំដីកាចាប់បញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់»។

លោក សុខ ទូច មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមថា អ្នកទាំងនោះ បានយកស្បៃមុងទៅរាយនៅកន្លែងត្រីពងកូន ដើម្បីយកលក់នៅទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅ។ លោកបញ្ជាក់ថា ការនេសាទខុសច្បាប់​នៅកន្លែងត្រីពងកូនបាន​កើតឡើងជាទ្រទ្រាយធំតែម្តង។

លោកមានប្រសាសន៍ថា៖«វាចូលលក្ខណៈគីឡូដី។ អ៊ីចឹងជាទ្រទ្រា​យធំហើយ ដែលយើងឱ្យឈ្មោះសុទ្ធតែគីឡូដីហើយ អត់មានតូចទេ។ គាត់[ជនល្មើស]រាយព័ទ្ធព្រៃលិចទឹកហើយចប់ហើយអត់មានស្អីទៀតទេ។ ត្រីចូលរកចំណីក៏អត់បាន ចូលពងក៏អត់បានបញ្ចប់តែម្ដងអាហ្នឹង។ ឱកាសហ្នឹង[ពួកគេ]រកលុយបានច្រើនពងត្រីមួយគីឡូប៉ុន្មាន​ យកមកលក់។ អ៊ីចឹង បានប្រជាជនយើងកុំហូបពងត្រីទៅ អាហ្នឹងហើយវាថ្លៃ ហើយថ្លៃហ្នឹងហើយដែលឱកាសមនុស្ស[ទៅរក]»។

នៅពេលសួរថា ចុះហេតុអ្វីបានជាមន្ត្រីជលផល ឬអាជ្ញាធរមូលដ្ឋានមិនទប់ស្កាត់ ចំពោះបទល្មើសនេសាទទាំងនេះ? លោកសុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យអ្នកសារព័ត៌មានសាកសួរជាមួយមន្ត្រីជលផល និងអាជ្ញាធរទាំងនោះផ្ទាល់វិញ។

លោកថា៖«សូមឱ្យទៅសម្ភាសន៍ ព្រោះមានដាក់ភូមិឃុំអស់ហើយ ចៅហ្វាយស្រុកនៅណាភ្នែកគាត់។ អាអស់ហ្នឹងមិនមែនលបទៅដាក់ណា ហើយឃើញទេ សាច់អួនថ្មីចែស ដាក់ប្រហែល ២សប្ដាហ៍។ អ៊ីចឹងទៅសួរចៅហ្វាយស្រុកហ្នឹងគាត់ធ្វើអី»។

អភិបាលរងខេត្តពោធិ៍សាត់ លោក គិត សុផា សុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យអ្នកសារព័ត៌មានទាក់ទងទៅអ្នកទទួលបន្ទុកការងារនេះ។

លោកថា៖«អត់ដឹងទេ ធ្វើការ​អត់ព័ត៌មាន អត់មានអង្គុយចាំតែចុចយកព័ត៌មានអ៊ីចឹងកើតទេ។ ចុចទៅរកខ្លួនឯង ហើយចុះទៅសួរខ្លួនឯង»។

ដោយឡែក អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ   ដែលទទួលបន្ទុកការងារនេសាទនេះក៏មិនអាចទាក់ទងបានដែរនៅថ្ងៃសៅរ៍នេះ​។

ដោយឡែក អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ   មានប្រសា​សន៍ថា លោកបានឃើញរបាយការណ៍ដែលលោក សុខ ទូច បានផ្សព្វផ្សាយលើបណ្តាញសង្គម ហើយករណីនេះ  លោកបានចាត់ទៅមន្ត្រីឱ្យចុះពិនិត្យ និងតាមដានរួចហើយដែរ។

លោកថា៖«ខ្ញុំបានឱ្យព័ត៌មាននេះ ទៅគណៈបញ្ជាការស្រាលហើយ ព្រោះយើងមានបញ្ជាការស្រាលនៅកំពង់ធំនេះ។ ២ ខ្ញុំបានបញ្ជូនឈ្មោះនោះទៅហើយ ឱ្យគាត់ស្រាវជ្រាវ ហើយមានវិធានការអ៊ីចឹង។ ទ្រង់ទ្រាយធំ ខ្ញុំមិនដឹងថា ម៉េច ប៉ុន្តែយើងមានកម្លាំងបញ្ជាការនៅនោះ ឃើញរបាយការណ៍ល្ងាចឡើងមានសកម្មភាពបង្ក្រាប អប់រំអីហូហែរ។ អ៊ីចឹងចាំមើល ក្រោយពីខ្ញុំផ្ញើឈ្មោះទាំង ១៦ នាក់ទៅ ចាំមើលគាត់រាយការណ៍យ៉ាងម៉េច»។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ចំពោះរដូវបិទនេសាទទឹកសាបនៅឆ្នាំនេះ ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២ សម្រាប់ខេត្តជាប់បឹងទន្លេសាប និងទន្លេមេគ  ង្គលើ រហូតដល់មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ចំណែក រដូវបិទនេសាទត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា សម្រាប់ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាលដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

រដ្ឋបាលជលផលបញ្ជាក់ថា នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារដែលមានចែងក្នុងប្រកាស​ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ដូចជា ឧបករណ៍ ​លប សំណាញ់ ​ ម៉ង សន្ទូចផ្លែមួយ តុម អង្រុត និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត​។

ថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបការងារ​ឆ្នាំ​២០២១ និង​លើកទិសដៅអនុវត្តការងារ​ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ទៅ​​​កងទ័ពនិងកង​កម្លាំង​នគរ​បាលអាចប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាស ដើម្បីបង្ក្រាបបទល្មើសនេសាទ ប្រសិនបើជនល្មើស​តដៃ។

លោក​ ហ៊ុន សែន ក៏បានស្តីបន្ទោសទៅមន្ត្រីពាក់ព័ន្ធ​ថា បង្ក្រាប​បានតែបទល្មើសនេសាទតូចតាច​ ខណៈបទល្មើស​ធំៗ​ ដែលប្រព្រឹត្តដោយអ្នកមានលុយ មានអំណាចមិនត្រូវបានបង្ក្រាបឡើយ។ បញ្ហានេះ លោកក៏បានចោទជាសំណួរពាក់ព័ន្ធអំពើពុករលួយឬ ការស៊ីសំណូកសូកប៉ាន់រវាងមន្ត្រី និងជនល្មើសផងដែរ។

លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានពេលនោះដោយថា នឹងដកអភិបាលខេត្តជាប់បឹងទន្លេសាបចោល ប្រសិនបើបទល្មើសនេសាទនៅតែកើតមានឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានអភិបាលខេត្តណាមួយត្រូវបានដកចេញពីតំណែងឡើយ បើទោះបីជាបទល្មើសនេសាទតំបន់បឹងទន្លេសាបត្រូវបានគេរកឃើញថាបន្តកើតមានក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ