ពលរដ្ឋ​រស់​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​២​​ត្អូញ​ត្អែរ​​ពី​ផល​​លំបាក​ដោយ​​សារ​ការ​ស្ថាបនា​ផ្លូវ​នេះ​អូស​បន្លាយ​ពេល​យូរ

ទិដ្ឋភាពគ្រឿងចក្រកំពុងសាងសង់ ជួសជុល និងបោសសម្អាតកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

នៅសៀលនាថ្ងៃមួយក្នុងខែសីហា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ២ ​ ក្នុងខេត្តកណ្តាល គ្រឿងចក្រប្រមាណ ១០គ្រឿង នៅតែបន្តធ្វើសកម្មភាព ចាក់កៅស៊ូលើថ្នល់ បោសសម្អាតផ្លូវ និងដឹកជញ្ជូនដី ដែលត្រូវគាស់កាយធ្វើសារជាថ្មី​បន្តបន្ទាប់។

ការអូសបន្លាយពេលយូរ នៃការជួសជួលផ្លូវជាតិលេ២នេះ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះត្អូញត្អែរពីផលលំបាក ព្រោះបានបាត់បង់ចំណូលប្រចាំថ្ងៃ ខកខានលក់ដូរ និងបារម្ភពីផលប៉ះពាល់សុខភាពដោយសារដីហុយ និងពិបាកធ្វើដំណើរដើម។

កំពុងអង្គុយនៅក្នុងផ្ទះរៀបចំបោកខោអាវ ពលរដ្ឋម្នាក់រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុក​កណ្តាល  អ្នកស្រី ឡាយ ម៉ារ៉ាត និយាយថា អ្នកស្រីបារម្ភពីសុខភាព ដោយសារតែដីហុយខ្លាំង និងពិបាករស់នៅ ក្នុងពេលដែលគ្រឿងចក្រនៅតែបន្តធ្វើសកម្មភាពស្ថាបនាផ្លូវជាតិមួយនេះ។

អ្នកស្រី ឡាយ ម៉ារ៉ាត និយាយថា ៖«ផលលំបាកចេះតែលំបាកហើយ តែធ្វើម៉េច ឱ្យតែបានផ្លូវស្រួលជិះទាំងអស់គ្នា។ ពិបាកវាហុយ កាលមុនហុយ ពាក់ម៉ាស់ផង ហើយក្នុងផ្ទះអី ពិបាករស់នៅណាស់ គេងអីចងមុង។ កាលមុនគេងអត់ចេះចងមុងទេ ដល់ពេលឥឡូវគេងចងមុនដីវានៅលើហ្នឹង វាហុយមហា ពិបាកនិយាយណាស់ហុយ តែធ្វើមិច គេធ្វើផ្លូវឱ្យជិះហើយ »។

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងសុំទោសប្រជាពលរដ្ឋ ក្នុងពេលដែលលោកបាន​ចុះទៅពិនិត្យបច្ចុប្បន្នភាពនៃការសាងសង់ផ្លូវជាតិលេខ​២ និង​លេខ២២។ លោកបញ្ជាក់ថា មន្រ្តីបច្ចេកទេសបានរកឃើញថា ចំណុចជាច្រើននៅលើកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ មិនមានស្តង់ដារនោះទេដោយទទួលបានតែចន្លោះពី៣៤០ ទៅ ៤២០ ប៉ុណ្ណោះ ខណៈដែលគុណភាពស្តង់ដារនៃសំណង់ផ្លូវថ្នល់ជាទូទៅត្រូវបានកំណត់កម្រិតបច្ចេកទេសគឺ៤៣០។

លោក ស៊ុន ចាន់ថុល ថ្លែងថា ៖ «ខ្ញុំសូមអភ័យទោសពីបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវលេខ២ លេខ២២ នេះ តែងតែលើកថាយូរណាស់ មិនងាយ ធ្វើនេះមិនទាន់ចប់វាអូសបន្លាយយូរ។ សូមជម្រាបថា ត្រូវហើយបងប្អូនលើកនេះ ត្រឹមត្រូវ ណាស់ខ្ញុំមានការពន្យារឱ្យ៤ខែហើយ។ ចាំមើល៤ខែនេះធ្វើបានឬមិនបាន ធ្វើតាមស្តង់ដារ ឬធ្វើឱ្យរួចពីដៃ! បើធ្វើឱ្យរួចពីដៃក្នុងខែសីហានេះខ្ញុំមិនទទួលដែរ»។

ជាមួយគ្នានេះ លោក លោក ស៊ុន ចាន់ថុល ក៏បានឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងដែលទទួលសិទ្ធសាងសង់ផ្លូវជាតិមួយខ្សែនេះ ត្រួតពិនិត្យគុណភាពផ្លូវឡើងវិញចាប់ពីដើមផ្លូវរហូតដល់ចុងផ្លូវ ហើយគាស់កន្លែងណាដែលក្រសួងរកឃើញថា មិនមានគុណភាព ដើម្បីជួសជុលឡើងវិញ ដោយពន្យារពេលបន្តរយៈពេល៤ខែទៀតដើម្បីបញ្ចប់ការស្ថាបនា។

អ្នកស្រី ឡាយ ម៉ារ៉ាត គឺជាគ្រូពេទ្យជាង១០ឆ្នាំមកហើយ។ អ្នកស្រី ប្រាប់ថា អ្នកស្រីតែងតែទទួលអ្នកជំងឺដើម្បីមកសម្រាកព្យាបាលម្តងម្តាលក្នុងផ្ទះគាត់ ប៉ុន្តែដោយសារដីហុយខ្លាំងពេក អ្នកស្រីបើកលក់តែថ្នាំពេទ្យប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន។

អ្នកស្រីថា ៖ «កាលមុនអត់បើកលក់[ថ្នាំពេទ្យ]ផងវាហុយពេក»។

អ្នកស្រីឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា មន្រី្តបច្ចេកទេសនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរកឃើញថា នៅចំណុចភូមិចំបក់ដែលអ្នកស្រីរស់នៅនេះ ផ្លូវមានសភាពស្តើងខុសស្តង់ដារ ហើយគ្រឿងចក្រគាស់កាយធ្វើផ្លូវនៅមុខផ្ទះគាត់ប្រមាណ៣ដងហើយ។

អ្នកស្រីសង្កេតឃើញពីភាពយឺតយ៉ាវ នៃការស្ថាបនាផ្លូវជាតិលេខ២នេះ គឺដោយសារតែ គ្រឿងចក្រមានសភាពចាស់ និងមានចំនួនតិចដែលមិនអាចប្រើប្រាស់បានគ្រប់គ្រាន់។

អ្នកស្រី ឡាយ ម៉ារ៉ាត បន្តថា៖«គេ [បរទេស] គ្រឿងចក្រគេទំនើប ណាមួយគ្រឿងចក្រគេថ្មី ហើយនេះគ្រឿងចក្រយើងចាស់មែន ហើយវាតិច ជួនកាលកិន[ដី]វាអត់ដល់ស្តង់ដារក៏វាអត់សូវជាប់ដែរ»។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២  បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ និងគ្រោងបញ្ចប់ក្នុងរយៈពេល៣០ខែ ពោលគឺត្រូវសាងសង់ឱ្យរួចរាល់ក្នុងខែមេសា ឆ្នាំ២០២២។

ប៉ុន្តែ គម្រោងនេះមិនបានបញ្ចប់តាមផែនការកំណត់ទេ ក្រោយពេលមន្រ្តីបច្ចេកទេសនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរកឃើញពីភាពមិនប្រក្រតីនៅលើកំណាត់ផ្លូវនេះសាងសង់មិនស្របតាមស្តង់ដាបច្ចេកទេសរាប់រយកន្លែងមានសភាពស្តើង និងឆាប់ខូច។

ផ្លូវជាតិលេខ២មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ ខេត្តតាកែវ ដែលនៅតាមបណ្តោយផ្លូវនេះមានផ្ទះប្រជាពលរដ្ឋប្រកបមុខររបរលក់ដូរជាចំណីអាហារ ផ្លែឈើ គ្រឿងសំណង់ និងភេសជ្ជៈជាដើម។

ទិដ្ឋភាពពលរដ្ឋធ្វើដំណើរលើ​កំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ​ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​នៅ​សៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២​។ ​(ទួក ពិសិដ្ឋ)

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ភិន ចំរ៉ុង វ័យ៥២ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបរាប់ថា អ្នកស្រីខកខានលក់ទឹកអំពៅប្រមាណ ៥ខែមកហើយ ដោយសារតែដីហុយខ្លាំងពេក នៅពេលគ្រឿងចក្របន្តធ្វើសកម្មភាពបោសសម្អាតផ្លូវ។

កំពុងអង្គុយលើគ្រែ ក្បែរទូរទឹកអំពៅដែលបានបញ្ឈរចោលនោះ អ្នកស្រីបានឱ្យដឹងថា នៅពេលដែលគាត់បើករបរលក់ទឹកអំពៅ និងភេសជ្ជៈផ្សេងៗ គាត់អាចរកចំណូលបាន ៤០ ០០០ រៀល ទៅ ៥០ ០០០ រៀលក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ បច្ចុប្បន្នអ្នកស្រីលក់តែភេសជ្ជៈ និងទឹកសុទ្ធតិចតួចប៉ុណ្ណោះដែលដាក់តាំងលក់ក្នុងធុងមុខផ្ទះរបស់គាត់។

អ្នកស្រី ភិន ចំរ៉ុង និយាយថា ៖«ហុយពេកខ្ញុំលែងលក់លែងអីទៅ ហុយចូលផ្ទះណែនៗ។ កាលមុនលក់ដែរ ដល់ពេលលគេឈូសផ្លូវហ្នឹងទៅ ហុយពេកឈប់លក់ លក់ទឹកអំពៅ ឥឡូវលែងលក់ទឹកអំពៅផ្អាកសិន»

ស្ត្រីសម្បុរសណ្តែកបាយរូបនេះ យល់ថា ការបន្តអូសបន្លាយពេលយូរបស់ក្រុមហ៊ុនកូរ៉េដែលទទួលសិទ្ធសាងសង់ផ្លូវនេះ គឺអាចជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិអំពើពុករលួយ។

អ្នកស្រី ភិន ចំរ៉ុង ថា៖«អាហ្នឹងគេអ្នកធ្វើចឹងហើយ គេធ្វើយូរបានលុយច្រើនហើយ គេថាមាន់ពងលើស្រូវគេយកខ្លះហើយវាមិនដែលអត់ទេ។ មាន់ពងលើស្រូវវាស៊ីស្រូវ តែគេធ្វើអីគេយកហ្នឹងហើយ»

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ  មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានVOD ជុំវិញដំណើរការ​​លទ្ធកម្ម ឬការទទួលបានសិទ្ធិអនុវត្តន៍គម្រោង ​និងវិធានការរបស់ក្រសួងជុំវិញភាពមិនប្រក្រតីដែលក្រុមហ៊ុនកូរ៉េទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២នេះទេ ។

យ៉ាងណាក្តី លោកគ្រាន់តែបញ្ជាក់ថា គិតត្រឹមតែសីហានេះ ផ្លូវជាតិលេខ២ ស្ថាបនារួចរាល់បានប្រមាណ៩០ភាគរយហើយ ប៉ុន្តែលោកថា ក្រសួងនឹងមិនទទួលយកទេ បើផ្លូវជាតិមួយខ្សែ​នេះត្រូវបានមន្រ្តីបច្ចេកទេស នៅតែរកឃើញថា មិនមានស្តង់ដារត្រឹមត្រូវតាមកិច្ចសន្យារវាងក្រុមហ៊ុន និងក្រសួងបានកំណត់នោះ។

លោកបញ្ជាក់ថា ៖ «វានៅតែមានការយឺតយ៉ាវខ្លះ។ ទោះជាយ៉ាងណាយើងបានផ្តល់ទំនួលខុសត្រូវជូនទៅភាគីក្រុមហ៊ុនដើម្បីធ្វើការងារ ចំណុចដែលខ្វះចន្លោះ ខ្វះខាត ឱ្យបានល្អសមស្របហើយក្រសួងនិងមិនទទួលយកទេ។ បើផ្លូវនេះធ្វើមិនបានសមាមាត្រគ្នា ជាមួយនឹងកិច្ចសន្យាទៅលើការឯកភាពគ្នាក្នុងពេលកន្លងទៅនោះ»

គម្រោងធ្វើឱ្យប្រសើរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២  ចំណាយថវិកាជាង ៥៦​លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩។

តាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ មាត្រា ៦៦ ចែងថា «អ្នកដេញថ្លៃអ្នកទទួលការ ឬអ្នកផ្គត់ផ្គង់ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ អំពើបន្លំ អំពើគប់គិត ឬអំពើបង្ខិតបង្ខំនៅក្នុងដំណើរការលទ្ធកម្មសាធារណៈ ឬផ្តល់ភស្តុតាង ក្លែងបន្លំ ឬមិនត្រឹមត្រូវក្នុងពេលដាក់ពាក្យប្តឹងតវ៉ា នៅក្នុងដំណើរការលទ្ធកម្មត្រូវបញ្ឍប់ជាបន្ទាន់ក្នុងលទ្ធកម្មសាធារណៈ ដែលកំពុងដំណើរការ នឹងត្រូវកត់ត្រាចូលបញ្ជីខ្មៅ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី  សង្កេតឃើញថា ការអនុវត្តន៍គម្រោងដេញថ្លៃដើម្បីទទួលបានសិទ្ធិជួសជុលផ្លូវជាតិ​លេខ២នេះ គឹហាក់មិនមានតម្លាភាពនោះទេ។ លោកបន្ថែមថា ផ្លូវជាតិលេខ២ គឺជាផ្លូវជាតិធំមួយនៅកម្ពុជា ហើយរដ្ឋាភិបាលបានចំណាយថវិការជាតិយ៉ាងច្រើនដើម្បីជួសជុលផ្លូវនេះឡើងវិញ។ ដូចច្នេះលោកថា គម្រោងនេះគួរតែត្រូវបានឆ្លងកាត់នីតិវិធីលទ្ធកម្មសាធារណៈយ៉ាងលម្អិត និងទាមទារឱ្យមានការប្រកួតប្រជែងជាសាធារណៈប្រកបដោយតម្លាភាព។

លោក ប៉ិច ពិសី លើកឡើងថា ៖«ការអនុវត្តគោលការណ៍លទ្ធកម្មសាធារណៈនៅកម្ពុជាហ្នឹង មិនទាន់មានតម្លាភាព មិនទាន់មានការបែងចែកព័ត៌មាន ហើយការធានាថា ការដេញថ្លៃហ្នឹង មិនមានការស៊ីសំណូកសូកប៉ាន់ អំពើពុករលួយហ្នឹង មិនត្រូវបានគេធានានៅឡើយទេ វាមានភាពស្រពិចស្រពិលអំពីនីតិវិធីនៃការដេញថ្លៃ »

លោក ប៉ិច ពិសី  បន្ថែមថា ភាពមិនប្រក្រតីនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានេះ នឹងធ្វើឱ្យរដ្ឋាភិបាលបាត់បង់ថវិការជាតិ ដែលជាចំណូលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលកាន់តែជំពាក់បំណុលបរទេស ជាពិសេសគឺប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។

លោកថា ៖« កាលណាការកសាងផ្លូវអត់ល្អ ខូចច្រើន ធ្វើមិនគ្រប់លក្ខខណ្ឌអ្នកខាតបង់គឺទីមួយគឹជាតិយើង ទីពី២ គឺប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ ហើយធ្វើឱ្យដំណើរការនៃការអនុវត្ត​សេដ្ឋកិច្ចសង្គមធ្លាក់ថយ»។

ទោះជាយ៉ាងណាក្តី ត្រលប់មក អ្នកស្រី ឡាយ ម៉ារ៉ាត វិញ បានរម្លឹកថា កាលពីមុននៅពេលដែលគាត់ឮថា មានគម្រោងជួលជុលផ្លូវជាតិលេខ២ ឱ្យល្អប្រសើឡើងវិញ គាត់រំពឹងថានិងទទួបានផ្លូវជាតិថ្មីមួយដែលមានគុណភាពល្អ ស្រួលធ្វើដំណើរ។ ប៉ុន្តែអ្នកស្រីថា ចាប់តាំងបើកការដ្ឋានសាងសង់ រហូតមកដល់បច្ចុប្បន្ននេះ អ្នកសង្កេតឃើញថាសកម្មភាពកសាងផ្លូវមួយជាតិខ្សែនេះដូច «បាយឡុកបាយឡ» ទៅវិញ។

អ្នកស្រីមានប្រសាសន៍ថា ៖«ការធ្វើ[ផ្លូវជាតិលេខ២]ដូចធ្វើណេះមួយចុប! ណោះមួយចុប! ដូចយើងលេងបាយឡុកបាយឡចឹង»៕

អត្ថបទរៀបរៀងដោយ លោក ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ