ភរិយារបស់អតីតសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ រាជធានីភ្នំពេញ មកពីគណបក្សសង្រ្គោះជាតិ ឱ្យដឹងថា ដោយសារតែបញ្ហានយោបាយ ស្វាមីរបស់អ្នកស្រី ត្រូវរស់នៅជាជនមានពិការភាព មកទល់បច្ចុប្បន្ន នៅក្រោយពេលជនមិនស្គាល់មុខ បានលបវាយប្រហារដោយដុំថ្ម ស្របពេលគណបក្សប្រឆាំងដ៏ធំនេះ ត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងទៅ។
ជាស្រ្តីលក់បន្លែនៅក្នុងទីក្រុងភ្នំពេញ អ្នកស្រី ចាន់ អ៊ី ប្រាប់វីអូឌី នៅថ្ងៃសុក្រថា ស្វាមីរបស់អ្នកស្រីឈ្មោះ ឌិន វ៉ារិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលប់វាយនឹងដុំថ្មចំក្បាល ឱ្យរងរបួសធ្ងន់ កាលពី២ឆ្នាំមុន។ អ្នកស្រីឱ្យដឹងថា គេពិតជាទាល់គំនិតចំពោះអំហិង្សាដោយមនុស្សមិនធ្លាប់មានគំនុំនឹងគ្នាបែបនេះពីមុន។
បើតាមអ្នកស្រី ចាន់ អ៊ី រឿងរ៉ាវដែលកើតឡើងចំពោះស្វាមីរបស់អ្នកស្រីនេះ វាពិតជានឹកស្មានមិនដល់ ហើយក៏ជាហេតុការណ៍ដ៏គួរឱ្យសង្វេគណាស់ដែរ ក្នុងពេលដែលបញ្ហានេះកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែជនល្មើសនៅតែមិនអាចចាប់ខ្លួនបាន។
អ្នកស្រីបន្តថា៖«ចាស៎! សោកស្តាយដែរ តែមិនដឹងធ្វើម៉េចទេប្អូន ប្រៀបធៀបខ្ញុំជាមនុស្សស្រី ហើយរៀនបានតិចតួច ហើយក៏មិនសូវជាដឹងអ៊ីចឹងចុះ។ ខ្ញុំចេះតែខាងរកស៊ី ចេះរកតែរកស៊ីដើម្បីចិញ្ចឹមកូន និងប្តី »។
លោក អ៊ុំ សំអាន អតីតសមាជិកសភា មកពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ក្រោយគណបក្សប្រឆាំង ត្រូវបានគេកម្ចាត់ចេញពីសង្វៀននយោបាយ កាលពីចុងឆ្នាំ២០១៧ អំពើនៃការលបវាយប្រហារមកលើមន្រ្តីនយោបាយបក្សប្រឆាំង មានប្រមាណ៤០ ករណីមកហើយ។ ក៏ប៉ុន្តែគ្រប់សំណុំរឿងទាំងនោះ គ្មានអ្នកប្រព្រឹត្តិបទល្មើសណាមួយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដើម្បីយកទៅកាត់ទោសម្តងណាទេ។
ជាងនេះទៀត លោក អ៊ុំ សំអាន លើកឡើងថា ដោយឡែក លោក ឌិន វ៉ារិន ដែលត្រូវបានជនមិនស្គាល់មុខ លបវាយនឹងដុំថ្មចំក្បាល ថែមទាំងមានកាមេរ៉ាសុវត្ថិភាពផង ហើយអំពើវាយប្រហារនេះ បណ្តាលឱ្យរបួសធ្ងន់ រហូតក្លាយជាជនពិការដល់សព្វថ្ងៃ ក៏នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយដែរ។
គេសង្កេតឃើញថា តាមពិតទៅអំពើវាយប្រហារ ឬលបវាយពីក្រោយ ប្រឆាំងអ្នកគាំទ្រគណបក្សជំទាស់នេះ មិនមែនមានតែលោក ឌិន វ៉ារិន ជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យជាប់ឆ្នោត និងជាលេខាគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញម្នាក់ទេ។ នៅមានយុវជន ស៊ិន ខុន ដែលជាសកម្មជនគាំទ្រ បក្សក្រៅរដ្ឋាភិបាលមួយនេះម្នាក់ដែរ ត្រូវបានជនមិនស្គាល់មុខ ព្រួតគ្នាធ្វើឃាតរហូតដល់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ថ្មីៗនេះទៀត អំពើលបវាយប្រហារនេះ នៅតែបន្តកើតមាន។
ក្នុងអំពើហិង្សាដែលកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប្រឆាំងលោក ស៊ិន ខុន វិញត្រូវបានអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាបន (Vitit Muntarbhorn) នៅបន្តលើកឡើងជាញឹកញាប់ ដោយចាត់ទុកថា នេះជាការបរាជ័យមួយក្នុងការស៊ើបអង្កេត រកជនប្រព្រឹត្តិបទល្មើសមិនឃើញ។
បើទោះជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ធ្លាប់ថ្លែងការពារអំពីលទ្ធផល នៃការស៊ើបអង្កេតរបស់សមត្ថកិច្ច រហូតឈានទៅចាប់ខ្លួនបានអ្នកពាក់ព័ន្ធក្តី ក៏សាច់ញាតិ និងUN ហាក់មិនឯកភាពចំពោះកិច្ចខិតខំប្រែងនោះទេ។ពួកគេនៅតែមានការសង្ស័យថា អ្នកដែលត្រូវចាប់ខ្លួនបានទាំងនោះ ក្រោយបើកការស៊ើបសង្កេតរបស់សមត្ថកិច្ច វាហាក់មិនស៊ីសង្វាក់គ្នាទៅនឹងអង្គហេតុទាល់តែសោះ។
ចំណែក លោក សោ ឡុងដេត ប្រធានក្រុមការងារ គណបក្សភ្លើងទៀនរាជធានីភ្នំពេញ ទទូចសុំឱ្យសមត្ថកិច្ចជំនាញ គួរបើកការស៊ើបអង្កេតដោយម៉ត់ចត់ និងជឿទុកចិត្ត ដើម្បីប្រាកដថា អ្នកប្រព្រឹត្តបទល្មើស មិនអាចមានវាសនារស់នៅក្រៅសំណាញ់ច្បាប់ដោយស្រួលបានបែបនេះទេ។ លោកបន្តថា តាមពិតទៅ ការវែកមុខជនល្មើស វាហាក់ដូចមិនស្មុគស្មាញប៉ុន្មានទេ ព្រោះជនល្មើសបានបន្សល់ទុកនូវភស្តុតាងជាច្រើន ជាតម្រុយក្នុងការស្រាវជ្រាវរួចទៅហើយ។
លោកបន្តថា៖«ចំពោះខ្ញុំ ខ្ញុំគិតថាអាជ្ញាធរគួរតែពន្លឿនការស្រាវជ្រាវរកជនដៃដល់ ពីព្រោះតាមឃ្លីបវីដេអូផ្សេងហ្នឹងយើងមានភស្តុតាងជាលេខម៉ូតូ និងជាស្អីៗហើយ។ អ៊ីចឹងមិនគួរណាអាជ្ញាធរមានសមត្ថកិច្ចនៅតែបណ្តែតបណ្តោយជនដែលប្រព្រឹត្តិបទល្មើសអំពើទៅលើសកម្មជនគណបក្សភ្លើងទៀនហ្នឹង បង្កដោយភាពអយុត្តិធម៌នោះទេ »។
គេសង្កេតឃើញថា រូបភាពហិង្សាខាងនយោបាយនេះ បានកើតឡើងក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ ជាពិសេសសារព្រមានជាញឹកញាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីការកម្ទេចសំបុកក្រុមប្រឆាំង ដែលលោកចាត់ទុកថា ក្រុមក្បត់ជាតិ។ ក្រៅពីចាប់ដាក់ពន្ធនាគារ និងចោទប្រកាន់ពីបទក្បត់ជាតិ និងរួមគំនិតក្បត់ជាតិ ប្រឆាំងក្រុមអ្នកនយោបាយ និងអ្នកគាំទ្ររបស់បក្សជំទាស់មួយចំនួននៅក្នុងមូលដ្ឋាន ក៏នៅមានមនុស្សចំនួនទៀត ត្រូវបាន ជនមិនស្គាល់មុខបន្តលបវាយប្រហារ ជាហូរហែមកដែរ។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានព្រមាន នៅក្នុងពិធីសម្ពោធមួយ កាលពីអំឡុងឆ្នាំ២០១៩ ប្រឆាំងអតីតមេដឹកនាំបក្សជំទាស់ ដែលទំនងលោកសំដៅលើលោក សម រង្ស៊ី។ តាមរយៈសារព្រមានរបស់លោក ហ៊ុន សែន នេះ ឆ្លើយតបទៅនឹងការអំពាវនាវឱ្យសហភាពអឺរ៉ុបផ្តាច់ជំនួយពីកម្ពុជា។ លោកបន្តថា ប្រសិនបើផែនការនេះ ត្រូវលេចចេញជារូបរាងមែន នោះវាសនាក្រុមអ្នកប្រឆាំង នៅក្នុងប្រទេសកម្ពុជា ក៏រស់នៅគ្មានសេចក្តីសុខដែរ។
លោកបន្តថា៖ «អ៊ីចឹងងអាណាត្រៀមខ្លួនរត់ត្រៀមទៅ។ បើថាអាហ្នឹងមកដល់[ទណ្ឌកម្មផ្តាច់ជំនួយ]អ្នកត្រៀមរត់ត្រូវត្រៀមឱ្យហើយទៅ។ ប៉ុន្តែខ្ញុំមិនទៅតាមចាប់ត្រឡប់ពីថៃមកវិញទេ។ ឯងត្រៀមរត់ទៅ។ ពិតហើយខ្ញុំនិយាយត្រឹមប៉ុណ្ណឹងល្មមយល់គ្រប់គ្នាហើយ។ បើចង់ឱ្យពួកប្រឆាំងងាប់ អាហ្នឹងកាត់ទៅ។ បើចង់ឱ្យពួកប្រឆាំងរស់អាហ្នឹងធ្វើ ហើយមកជជែកគ្នា។ កែលម្អសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នាជាដៃគូស្មើភាពលើការគោរពឯករាជ្យ និងអធិបតេយ្យ »។
សម្រាប់អ្នកជំនាញផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ការព្យាយាមបញ្ចេះកំហឹង នាំឱ្យមានការកាប់សម្លាប់គ្នានេះ វាគឺជាអំពើអមនុស្សធម៌ ហើយសកម្មភាពបែបនេះ វាគឺជាអំពើនិទណ្ឌភាព ដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សង្គមកម្ពុជា ដែលត្រូវគេចាត់ទុកថា ប្រកាន់យកគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។
លោក អំ សំអាត នាយកទទួលបន្ទុកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា បញ្ហាអំពើនិទណ្ឌភាពនេះ សម្រាប់បរិបថកម្ពុជា គឺនៅតែមានទំហំធំ ដែលគួរឱ្យព្រួយបារម្ភ។ លោកបន្តថា អំពើនិទណ្ឌភាពនេះ វាមិនមែនត្រឹមតែការសម្លាប់ហើយរក អ្នកប្រព្រឹត្តិបទល្មើសមិនឃើញទេ ប៉ុន្តែការកាត់ទោសជនណាម្នាក់ ដោយគ្មានភស្តុតាង និងហេតុផលសមរម្យ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ឱ្យមានអំពើនិទណ្ឌភាពដែរ។
លោកបន្តថា៖«ខ្ញុំយល់ថា បញ្ហានិទណ្ឌភាពនេះនៅតែបន្តកើតមាននៅកម្ពុជាយើង។ យើងឃើញថា បញ្ហានិទណ្ឌភាពនេះកើតឡើងភាគច្រើនទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនធ្វើការងារសង្គម ហើយនិងសកម្មជនគណបក្សនយោបាយ »។
នៅក្នុងទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្ម ប្រឆាំងអ្នកសារព័ត៌មាន ដែលចាប់ផ្តើមពីថ្ងៃទី ១ ដល់ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា មកទល់បច្ចុប្បន្ននេះ ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព មិនត្រូវបានដំណើរការ ដើម្បីនាំជនល្មើស ដែលបានប្រព្រឹត្តបទឧក្រិដ្ឋមកធ្វើការជំនុំជម្រះនៅឡើយទេ។
នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ក៏ឯកភាពដែរថា រឿងនិទណ្ឌភាពនេះ វាហាក់មិនថមថយទេ ដោយសារបទល្មើសភាគច្រើនកើតលើអ្នកនយោបាយ និងសកម្មជនសង្គមដទៃទៀត គឺកម្រឃើញជនល្មើស ត្រូវបានគេនាំមកដោះស្រាយចំពោះមុខច្បាប់ណាស់។
លោកបន្តថា៖«បើយើងពិនិត្យមើលទៅយើងឃើញហើយថា នៅពេលដែលនិយាយដល់និទណ្ឌភាពនេះ នៅក្នុងសង្គមកម្ពុជាយើងនិយាយអំពីការដោះស្រាយហ្នឹងក៏ហាក់ដូចមិនទាន់មានវិធានការជាក់លាក់នៅឡើយ។ យើងឃើញករណីមួយចំនួនជាពិសេសជាមួយសកម្មជនសិទ្ធិមនុស្ស ឬក៏សកម្មជននយោបាយ ឬក៏អ្នកសារព័ត៌មានអីជាដើមហ្នឹងគឺត្រូវប្រឈមនៅឃាតកម្ម ឬក៏ប្រើប្រាស់នូវហិង្សាមួយចំនួនហ្នឹងដែលករណីទាំងអស់ហ្នឹងហាក់ដូចមិនទទួលបាននូវយុត្តិធម៌ស្ទើរតែគ្រប់ករណី »។
វីអូឌី មិនអាចស្នើសុំការបញ្ជាក់បន្ថែមពី លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ នៅថ្ងៃសុក្រម្សិលមិញនេះ ក៏ប៉ុន្តែលោកធ្លាប់បានអះអាងជាញឹកញាប់ហើយថា សមត្ថកិច្ចមិនបានបោះបង់ការស៊ើបអង្កេតទេ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ អតីតប្រធានកងអង្គរក្សរបស់ លោក សម រង្ស៊ី គឺលោក ពូក ចិន្តា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលបវាយពីក្រោយបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ នៅពេលអង្គរក្សរូបនេះដើរត្រឡប់មកពីផ្សារម្នាក់ឯងបម្រុងទៅផ្ទះលោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
បីថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំដដែលនោះ អតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខ ២នាក់ ធាក់ផ្ដួលម៉ូតូ និងយកដំបងដែកដេញវាយសំពងរហូតបាក់ដៃឆ្វេង ពេលលោកកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៦A ម្តុំវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរូបភាពដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ជនដៃដល់មានពាក់មួកសុវត្ថិភាព និងមានកាំភ្លើងខ្លីនៅជាប់ចង្កេះទៀតផង ក្នុងពេលកំពុងដេញវាយលោក ស៊ិន បូណា ពេលនោះ។
ជាង ១ខែក្រោយមក អតីតក្រុមប្រឹក្សាសង្កាត់អូរឫស្សី២ អ្នកស្រី ហែម ស៊ីនួន បានក្លាយជាសកម្មជនអតីតបក្សប្រឆាំងមួយរូបទៀត ដែលត្រូវបានជនមិនស្គាល់មុខ ២នាក់ ធាក់ម៉ូតូពីក្រោយឱ្យដួលបោកក្បាលរងរបួសដៃ ជើង និងដងខ្លួន នៅចំថ្ងៃដែលលោក សម រង្សី ប្រកាសចូលស្រុក ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា ឆ្នាំ២០១៩។
ចូលដល់ដើមឆ្នាំ២០២០ ការវាយប្រហារមួយករណីទៀត ដែលបានកើតឡើងលើលោក ខៀវ ឌីន អតីតក្រុមប្រឹក្សាសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
លោក ខៀវ ឌីន ត្រូវបានជនដៃដល់២នាក់ពាក់មួកការពារសុវត្ថិភាព និងបិទកញ្ចក់មុខ ជិះម៉ូតូគ្មានស្លាកលេខតាមពីក្រោយវាយឱ្យរងរបួសក្បាលធ្ងន់ធ្ងរដេរចំនួន ១០ថ្នេរកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
ក្រោយមកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កូនប្រុសរបស់លោក កាក់ កុម្ភារ មន្រ្តីបក្សសង្គ្រោះជាតិដែលតុលាការរំលាយ គឺយុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋគប់លើបណ្តាលឱ្យរងរបួសក្បាល ពេលកំពុងជិះម៉ូតូដឹកម្តាយត្រឡប់ពីទិញដំឡូងក្បែរផ្ទះ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គ្រួសារជនរងគ្រោះ និងជនរងគ្រោះដោយអំពើវាយប្រហារទាំងនេះ ធ្លាប់បានអះអាងស្រដៀងគ្នាថា មកទល់ពេលនេះយុត្តិធម៌សម្រាប់ពួកគាត់នៅតែគ្មាន។
ត្រឡប់មកអ្នកស្រី ចាន់ អ៊ីន ដែលត្រូវជាភរិយាលោក ឌិន វ៉ារិន ជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យរបស់គណបក្សសង្រ្គោះជាតិវិញ លើកឡើងថា ស្វាមីរបស់អ្នកស្រីក្រៅពីមិនទទួលបាននូវយុត្តិធម៌ហើយ ថែមទាំងក្លាយជាជនពិការមួយជីវិតថែមទៀតផង ក្រោយមានហេតុការណ៍ជនមិនស្គាល់មុខលបវាយប្រហារ កាលពីឆ្នាំ២០២០។
អ្នកស្រីបន្តថា៖«ភ្នែកគាត់ខាងឆ្វេងមើលអីអត់ឃើញទេ ហើយច្រមុះអត់ធំក្លិនអីដូចមុនទៀតទេ។ កាលពីមុនដែលយើងមិនទាន់ឈឺអីហ្នឹង ច្រមុះវាធំក្លិន តែឥឡូវនេះ អ្វីក៏អត់មានធំក្លិនដែរ »៕